ភ្នំពេញ៖ និស្សិត​ឱសថសាស្ដ្រ​ចំនួន ៣ក្រុម​ បាន​ក្លាយជា​ម្ចាស់​ជ័យ​លាភី​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​គីណាល់ ឆ្នាំ​២០២៤ លើកទី ១២ ស្ដីពី​ «អត្ថប្រយោជន៍នៃផ្លែញ ឬ ផ្លែ ញ ទុកឱ្យទ្បើងមេដើម្បីគ្រប់គ្រងការឈឺចាប់ ឬបញ្ហាសុខភាពផ្សេងទៀត» កាល​ពី​រសៀល​ថ្ងៃទី ១៨ ខែធ្នូ​ម្សិលមិញ។ 

លោក​ ពាស់ មូស្លីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បាន​ថ្លែង​ក្នុង​ពេល​ប្រគល់​រង្វាន់​ដល់​ក្រុម​និស្សិត​ជាប់​ជ័យលាភី​ថា និស្សិត​ឱសថសាស្ដ្រ ១២៩ នាក់ ដែលមាន​ ២២​ក្រុម មកពី​គ្រឹះស្ថាន​ឧត្ដម​សុខាភិបាល​ចំនួន​ ៩។ 

លោក​បាន​ថ្លែងថា​៖ «តាម​រយៈ​និក្ខេបបទ ស្រាវជ្រាវ​ដែល​និស្សិត​បាន​ចងក្រង​នេះ មាន​លក្ខណៈ​បែប​វិទ្យា​សាស្ដ្រ មាន​ឯកសារ​យោង​ និង​ទទួល​ស្គាល់​ពី​គណកម្មាធិការ​ជាតិ​ក្រម​សីលធម៌​សម្រាប់​ការ​ស្រាវជ្រាវ​អំពី​សុខភាព​នៃ​ក្រសួង​សុខាភិបាល»​។ 

លោក មូស្លីម ទទួល​ស្គាល់ថា ការ​ស្រាវជ្រាវ​អំពី​ឱសថ​នៅ​កម្ពុជា​នៅមាន​កម្រិត ជា​កត្ដា​ជំរុញ​ឱ្យ​និស្សិត​បន្ដ​ខិតខំ​ប្រឹង​ប្រែង​បន្ថែម​ទៀត​ ដែល​ទាញ​ប្រយោជន៍​ពី​ផ្លែ​ញ​ដើម្បី​ផលិត​ជា​ឱសថ​ជាផ្លូវការ​។


លោកបានបន្ដថា ផលិតផល​សុខភាព​ដែល​ផលិត​ពី​ផ្លែញ​របស់​ក្រុមហ៊ុន​ឱសថ​ ប៉េប៉េអឹម ត្រូវបាន​ទទួល​ស្គាល់​ពី​ក្រសួង​សុខាភិបាល​ ដោយសារតែមាន​ឯកសារ​យោង​សមស្រប​។ 

លោក សាកេត​ សុភសីលា នាយក​ក្រុមហ៊ុន​ ប៉េប៉េអឹម-ខនហ្វីរេល​ បាន​ឱ្យ​ដឹងថា៖ «ផ្លែ «ញ» គឺជារុក្ខជាតិឱសថខ្មែរ ដែលមានសមត្ថភាពព្យាបាលជំងឺផ្សេងៗ យ៉ាងពូកែស័ក្តិសិទ្ធិ។ បុព្វបុរសខ្មែរយើង បានប្រើប្រាស់​រុក្ខជាតិឱសថជាច្រើន តាំងពីសម័យអង្គរមកម្ល៉េះ។ តើមានមនុស្សប៉ុន្មាននាក់ ដែលបានដឹងពីអាថ៌កំបាំង នៃរុក្ខជាតិឱសថទាំងនេះ?»។

លោកបន្ដថា​៖ «​ខ្ញុំគិតថា ព្រឹត្តិការណ៍ថ្ងៃនេះ ប្រៀបបាននឹងពិធីបុណ្យមួយ ដែលយើងរួមគ្នាអបអរសាទរ និងលើកតម្កើង មរតករុក្ខជាតិឱសថរបស់យើង ជាកេរដំណែលដូនតាខ្មែរ ដែលមានប្រសិទ្ធភាពព្យាបាលជំងឺ តាំងពីសម័យអង្គរមក។ ហើយឥឡូវនេះ កំពុងត្រូវបានបន្ត និងអភិវឌ្ឍ ដោយអ្នកស្រាវជ្រាវវ័យក្មេងរបស់យើង ប្រកបដោយសក្តានុពលគ្មានដែនកំណត់»។ 

ជាក្រុម​និស្សិត​ទទួល​ជ័យ​លាភី​លេខ ១ មាន​អារម្មណ៍​រំភើប​រីករាយ​ដែល​ក្រុម​របស់​ពួកគេ​ទទួល​បាន​ចំណាត់​ថ្នាក់ ដោយ​មិន​ត្រឹម​តែ​ទទួល​បាន​ប្រាក់​រង្វាន់​ ៤​លាន​រៀល​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែមទាំង​បង្ហាញ​ពី​សមត្ថភាព​ច្នៃ​ប្រឌិត​ឱសថ​ពី​ផ្លែ​ញ​ បើ​ទោះបីជា​ពួកគេ​នៅ​បន្ដ​ការ​សិក្សា​ក៏ដោយ​។ 

កញ្ញា សុធី សុនិកា តំណាង​ក្រុម​ដែល​ទទួល​បាន​ម្ចាស់​ជ័យ​លាភីលេខ ១​ បាន​និយាយថា​៖ «​នេះជា​លើក​ទីមួយ​ដែល​ពួកយើង​បាន​ចូលរួម​កម្មវិធី​ប្រកួត​ប្រជែង​នេះ​ស្ដីពីការ​ស្រាវជ្រាវ​អំពី​អត្ថប្រយោជន៍​ផ្លែ​ញ​»។

ក្រុមនិស្សិតម្ចាស់ជយលាភីលេខ ១ ដែលទទួលបានប្រាក់រង្វាន់ ៤លានរៀល។ រូបថត សហការី

និស្សិត​រូប​នេះ​​បាន​បន្ដថា មូលនិធិ ​គីណាល់ ដែល​រៀបចំ​ការ​ប្រកួត​ប្រជែង​នេះ​បានផ្ដល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​និស្សិត​ពេទ្យ ដែល​មាន​ចំណាប់​អារម្មណ៍​លើ​ការ​ស្រាវជ្រាវ​ឱសថ​ប្រកប​ដោយ​សុវត្ថិភាព​។ 

កញ្ញា សេង សាយ៉ាណា និស្សិត​ឱសថសាស្ដ្រ ឆ្នាំទី ៥ មកពីសាកលវិទ្យាល័យ​វិទ្យាសាស្ដ្រ​សុខាភិបាល តំណាងក្រុម​ ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ២ បាន​ឱ្យដឹងថា​ ក្រុម​ដែលមានសមាជិក ៦នាក់ ផ្ដោតលើ​មុខវិទ្យា​​សិក្សាសក្ដានុពល​របស់​ផ្លែញ​ទៅលើ​ប្រជាជន​រស់​នៅ​ភូមិ​ព្រះដាក់ ស្រុក​បន្ទាយស្រី ​ខេត្ដ​សៀមរាប។

កញ្ញាបាន​និយាយថា​៖ «​ក្រុមរបស់​យើង​ខ្ញុំ​បានជួប​ការ​លំបាក​ដូច​គ្នា​ដែរ​ទៅលើ​ការ​រៀបចំ​ពេលវេលា ដោយ​សារ​​នៅ​ឆ្នាំទី ៥ យើង​ត្រូវ​ប្រឡង​លើ​មុខ​វិទ្យា​ទ្រឹស្ដី និង​កម្មវិធីផ្សេងៗ​ ក៏ដូចជា​ការ​បែងចែក​ពេល​វេលា​ទៅលើ​ការ​ស្រាវជ្រាវ​ឱសថ​នេះ​»។ 

ក្រុម​ជ័យ​លាភីលេខ ២ ដែល​ទទួល​បាន​ប្រាក់​រង្វាន់ ២លាន​រៀល បាន​បន្ដថា ការ​ប្រកួត​ប្រជែង​នេះ បាន​បង្ហាញ​ពីសមត្ថភាព​និស្សិត​ឱសថ​សាស្ដ្រ​កម្ពុជា​ដ៏​មាន​សក្ដានុពល​ និងជា​ធានធន​ផ្នែក​សុខាភិបាល​របស់​កម្ពុជា​។ 

តំណាង​ក្រុម​ជ័យលាភីលេខ ៣ កញ្ញា ហេង សិរី​លក្ខិណា ជា​និស្សិត​ឆ្នាំ​ទី៤ មកពីវិទ្យាស្ថាន​វិទ្យា​សាស្ដ្រ​សុខាភិបាលខេមរៈ​ភូមិន្ទ​ បាន​ឱ្យដឹងថា សាមគ្គីភាព​ក្នុង​ក្រុម​គឺជា​កត្ដា​នាំ​ឈាន​ទៅរក​ភាព​ជោគជ័យ​។ 

​ក្រុម​ជ័យលាភីលេខ ៣ ដែលទទួល​ប្រាក់​រង្វាន់ ១,២​លាន​រៀល បាន​បន្ដថា ពួកគេ​ស្រាវជ្រាវ​លើ​ឱសថ​ធម្មជាតិ​ផលិតពី​ផ្លែ​ញ ដោយ​ផ្ដោតលើ​ជំងឺ​រលាក​សន្លាក់។

កញ្ញា សិរី​លក្ខិណា បាន​និយាយថា​៖ «​យើងចង់ឱ្យ​ប្អូនៗ​និស្សិត​ជំនាន់​ក្រោយ​សាក​ល្បង​ចូលរួម​ប្រកួត​ពាន​រង្វាន់​គីណាល់​នេះ ដែលផ្ដល់​អត្ថប្រយោជន៍​ជាច្រើន​ដើម្បី​ឱ្យ​យល់​ដឹង​អំពីការ​ស្រាវជ្រាវ​ ទំនាក់ទំនង និង​ពង្រឹង​ការងារជា​ក្រុម​»។ 

លោក ​សុភសីលា បាន​រំឭក​អំពី​ឱសថបណ្ឌិតលោក​ កុក សុខគីម អំឡុង​ទសវត្សរ៍ឆ្នាំ១៩៦០ ថាជា​បុគ្គល​បង្កើតប្រវត្តិសាស្ត្រថ្មីមួយ ដោយសារលោកជាអ្នកវិទ្យាសាស្ត្រខ្មែរដំបូងគេ ដែលបានបង្កើតឱសថ 'គីណាល់' ជាថ្នាំបំបាត់ការឈឺចុកចាប់ដំបូងគេ នៅកម្ពុជា។

លោក សុភសីលា បាន​ឱ្យដឹងថា ឱសថ​បំបាត់​ការ​ឈឺ​ចាប់​នេះ ​មិនត្រឹមតែជួយប្រជាជនខ្មែរប៉ុណ្ណោះទេ ថែមទាំងបានក្លាយជានិមិត្តរូប នៃមោទនភាពជាតិខ្មែរទៀតផង។ 

លោក​បាន​ណែនាំ​ឱ្យ​និស្សិត​ពេទ្យ​ដែលបាន​ចូលរួម​ការ​ប្រកួត​ប្រជែង​ថា ការ​​ស្រាវជ្រាវអំពីផ្លែញ ក៏កំពុងតែដើរតាមគន្លង នៃលោកឱសថបណ្ឌិត កុក សុខគីម ដោយបន្តប្រើប្រាស់ចំណេះដឹង និងបច្ចេកវិទ្យា ដើម្បីស្វែងរកដំណោះស្រាយ សម្រាប់បញ្ហាសុខភាព។

លោក​បាន​ឱ្យដឹងថា​៖ «​បច្ចុប្បន្ននេះ ឱសថ​កម្ពុជា​​នេះ​ត្រូវបាន​ដាក់​​លក់​នៅ​ ១៦ ប្រទេស​ដែល​បម្រើប្រជាជន ៣៥០ លាននាក់នៅ​ជំវិញ​ពិភពលោក​ក្នុងឆ្នាំ​២០២៤។ ​យើងរំពឹងថា នៅឆ្នាំ ២០២៥ យើងឈានដល់គោលដៅថ្មី  គឺរហូតដល់ ៤០០ លាននាក់»។ 

នោះ​ជាមូលហេតុដែល​មូលនិធិគីណាល់ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០១៣ សម្រាប់​ជា​វេទិកា​ប្រកួត​ប្រជែង​ស្រាវជ្រាវ​ឱសថ​នៅកម្ពុជា​៕ ​