ភ្នំពេញ៖ ពានរង្វាន់ឌីជីថល​កម្ពុជា​ឆ្នាំ​២០២៤​​ បានបង្ហាញ​ពី​ការចាប់អារម្មណ៍​លើ​អ្នក​ច្នៃប្រឌិត​ឌីជីថល​របស់​ប្រទេស ខណៈពេល​​ផែនការ​ម​ហិ​ច្ឆិ​តា​ក្នុងការ​ផ្លាស់ប្តូរ​ទិដ្ឋភាព​ឌីជីថល​របស់​កម្ពុជា​កាន់តែ​ខិត​ជិត​មក​ដល់​។​


រៀបចំឡើង​ដោយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ (​ក​.​ប​.​ទ​.) ក្រោម​ប្រធានបទ គាំទ្រ​ដល់​ពលរដ្ឋ​កម្ពុជា​ក្នុងការ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​ដើម្បី​អនាគត​កាន់តែ​ល្អ» ព្រឹត្តិការណ៍​នេះ​បាន​ប្រារព្ធ​ឡើង​នូវ​សមិទ្ធផល​ឆ្នើម​ក្នុងការ​ច្នៃប្រឌិត​ឌីជីថល​លើ​គ្រប់​វិស័យ​។​

ជា​អធិបតី​ក្នុង​ពិធី​នេះ លោក ជា វ៉ាន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានប្រកាស​ផែនការ​នាំយក​អ៊ី​ន​ធឺ​ណេ​តល្បឿន​លឿន​ទៅកាន់​ឃុំ​ចំនួន ១៦០០​នៅ​ឆ្នាំ ២០២៧ ​ជា​ផ្នែក​មួយ​នៃ​ការជំរុញ​ដ៏​ទូលំទូលាយ​របស់​រដ្ឋាភិបាល​សម្រាប់​ការផ្លាស់ប្តូរ​ឌីជីថល​។​


ដោយ​បានកត់សម្គាល់​ដោយ​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការផ្សារភ្ជាប់​ការបែងចែក​ទីក្រុង​-​ជនបទ​ លោក​បាន​ថ្លែង​ថា​៖ «​​ការតភ្ជាប់​បណ្ដាញ​អ៊ីនធឺណិត​មិនមែន​គ្រាន់តែ​ជា​សមិទ្ធផល​បច្ចេកទេស​ប៉ុណ្ណោះ​ទេ វា​ជា​ខ្សែជីវិត​សម្រាប់​ការអប់រំ ការថែទាំ​សុខភាព និង​ឱកាស​សេដ្ឋកិច្ច​»។ ​​

បន្ថែម​ពីលើ​ការផ្តល់ពាន​រង្វាន់​​ដល់​គំនិត​ផ្តួចផ្តើម​គំរូ​ចំនួន​ប្រាំមួយ ព្រឹត្តិការណ៍​នេះ​បានលើកឡើង​ពី​តួនាទី​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល ការអភិវឌ្ឍន៍​ជំនាញ និង​ការច្នៃប្រឌិត​ក្នុង​ការកសាង​ប្រទេស​កម្ពុជា​ដែលមាន​ទំនាក់ទំនង​កាន់តែច្រើន​។​


ក្រសួង​ក៏មាន​គម្រោង​បណ្តុះបណ្តាល​ប្រជាជន​កម្ពុជា​ដែលមាន​ជំនាញ​ឌីជីថល​ចំនួន ១០​ម៉ឺន​នាក់​នៅ​ឆ្នាំ ២០៣០​ ដោយ​ផ្តោតលើ​វិស័យ​កម្រិត​ខ្ពស់ ​ដូចជា សន្តិសុខ​តាម​អ៊ីនធឺណិត វិទ្យាសាស្ត្រ​ទិន្នន័យ និង​បញ្ញា​សិប្បនិម្មិត​។​

ផែនទី​បង្ហាញផ្លូវ​អភិវឌ្ឍន៍​ជំនាញ​ឌីជីថល ២០២៤​-២០៣៥​ នឹង​បម្រើ​ជា​មគ្គុទ្ទេសក៍​ដើម្បី​បំពាក់​ជូន​ប្រជាពលរដ្ឋ​នូវ​ឧបករណ៍​ដែល​ត្រូវការ​ដើម្បី​រីកចម្រើន​ក្នុង​សេដ្ឋកិច្ច​ឌីជីថល​។​

​ផ្នែក​សំខាន់​នៃ​យុទ្ធសាស្ត្រ​គឺ​ការធានា​នូវ​អក្ខរកម្ម​ឌីជីថល ១០០​ភាគរយ​ ក្នុងចំណោម​និស្សិត​បញ្ចប់​វិទ្យាល័យ​នៅ​ឆ្នាំ ២០៣០​ និង​បង្កើន​អក្ខរកម្ម​ឌីជីថល​របស់​ប្រជាជន​ទូទៅ​ដល់ ៥០​ភាគរយ​។​

ក្រុមនិស្សិតបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ធ្វើបទបង្ហាញងំពីផលិតផលម៉ាស៊ីនបកប្រែភាសាពិការភ្នែក។ រូបថត ហុង រស្មី

នេះ​រួមបញ្ចូល​ទាំង​បរិយាប័ន្ន​នៃ​​ការអប់រំ​ឌីជីថល​ទៅក្នុង​កម្មវិធីសិក្សា និង​បំពាក់​សាលារៀន​ជាមួយនឹង​បច្ចេកវិទ្យា​សំខាន់ៗ​។​សាល​ធំ​នៃ Hyatt Regency Phnom Penh បាន​បង្កើត​ជា​សំឡេង​លាន់​រំពង​​ ខណៈមាន​ការ​ប្រកាស​ម្ចាស់​ពាន​រង្វាន់​ឌីជីថល​កម្ពុជា​ឆ្នាំ​២០២៤​ ​ជា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​ដែល​បានធ្វើ​ឡើង​នៅ​ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៤​ ដែល​ផ្តល់​កិត្តិយស​ដល់​អ្នកត្រួសត្រាយ​ផ្នែក​ឌីជីថល​របស់​ប្រទេស​។​

លោក​រដ្ឋមន្ត្រី ជា វ៉ាន់​ដេ​ត បាន​ថ្លែង​ក្នុង​កម្មវិធី​នោះ​ថា៖ ​«​កម្មវិធី ពាន​រង្វាន់​ឌីជីថល​កម្ពុជា​ ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​លើកកម្ពស់​ការផ្លាស់ប្តូរ​ឌីជីថល​តាមរបៀប​វិជ្ជមាន តាមរយៈ​ការលើកទឹកចិត្ត​ដល់​ការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល និង​ការច្នៃប្រឌិត​នៅ​កម្ពុជា»​។​

លោក​បាន​បន្ដថា​៖ «​​ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការខិតខំ​ប្រឹងប្រែង និង​ការសហការ​គ្នា​របស់​អ្នកពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​ថ្នាក់ដឹកនាំ និង​អង្គភាព​ក្រោម​ឱវាទ​របស់​ក្រសួង ក្រុមការងារ​រៀបចំ​កម្មវិធី និង​អ្នក​ឧបត្ថម្ភ​របស់​យើង​»។​

លោក វ៉ាន់ដេត ​បានលើកឡើង​ពី​ការបោះ​ជំហាន​ទៅមុខ​របស់​កម្ពុជា​ក្នុងការ​ច្នៃប្រឌិត​ឌីជីថល រួមទាំង​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​អ៊ីនធឺណិត កម្មវិធី​អក្ខរកម្ម​ឌីជីថល និង​ការខិតខំ​ប្រឹងប្រែង​ក្នុងការ​រួមបញ្ចូល​បញ្ញា​សិប្បនិម្មិត​។​

លោក​ក៏បាន​គូសបញ្ជាក់​ផងដែរ​អំពី​លក្ខណៈ​រួមបញ្ចូល​នៃ​ពានរង្វាន់ ដែល​ទទួលស្គាល់​សមិទ្ធ​ផល​នានា​នៅ​ទូទាំង​ស្ថាប័ន​រដ្ឋាភិបាល ក្រុមហ៊ុន​ឯកជន និង​ការចាប់ផ្តើម​អាជីវកម្ម ខណៈពេលដែល​ជើងឯក​ស្ត្រី​ក្នុង​វិស័យ​បច្ចេកវិទ្យា​។​

ពិធី​នៅ​ឆ្នាំនេះ គឺជា​ខួប​លើក​ទី​១០ នៃ​ពានរង្វាន់ឌីជីថល​កម្ពុជា ជា​ដំណើរ​ដ៏​វែងឆ្ងាយ​មួយ​ទសវត្សរ៍​ ដែល​ជំរុញឱ្យមាន​ការបង្កើត​ថ្មី និង​ភាពជា​សហគ្រិន។ នេះ​បើ​យោងតាម​លោក  សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។​

លោក សិទ្ធិសេរី បាន​ឱ្យដឹងថា​៖ «​​ឆ្នាំនេះ យើង​មិន​ត្រឹមតែ​ប្រារព្ធ​ខួប​លើក​ទី ១០​ របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏មាន​ការគាំទ្រ​ខ្លាំង​បំផុត​ផងដែរ​។ យើង​មាន​បេក្ខជន​ឆ្នើម​ចំនួន ៦៤ នាក់ ដែល​ធ្វើឱ្យ​​វា​ពិបាក​សម្រាប់​ចៅក្រម​របស់​យើង​ក្នុងការ​ជ្រើសរើស​អ្នកឈ្នះ​»​។​

ជាងនេះទៅទៀត រង្វាន់​ទទួលបាន ៣​ម៉ឺន​ដុល្លារ កើនឡើងពាក់​កណ្ដាល​ធៀប​នឹង​ឆ្នាំមុន ដោយសារ​ការរួមចំណែក​របស់លោក​​រដ្ឋមន្ត្រី​។ ​នៅក្នុង​កម្មវិធីប្រកាស​ពាន​រង្វាន់​នេះ​​ លោក វ៉ាន់​ដេ​ត បានប្រកាស​ពី​គំនិត​ផ្តួចផ្តើម​សំខាន់ៗ ដើម្បី​ជំរុញ​ការផ្លាស់ប្តូរ​ឌីជីថល​របស់​ប្រទេសជាតិ គោលបំណង​លើកកម្ពស់​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល អភិវឌ្ឍ​កម្លាំង​ពលកម្ម​ជំនាញ និង​ជំរុញ​ចំណេះដឹង​ផ្នែក​ឌីជីថល​ទូទាំងប្រទេស​។​

លោក​ម​រដ្ឋមន្ត្រី​ក៏បាន​សង្កត់ធ្ងន់​ទៅលើ Tenbox ​ជា​អ្នកឈ្នះ​ពានរង្វាន់កាលពី​ឆ្នាំមុន ដែលជា​សក្ខីភាព​នៃ​ឥទ្ធិពល​របស់​កម្មវិធី​ទៅលើ​អ្នក​ច្នៃប្រឌិត​ក្នុងស្រុក​។ ​​

ចាប់តាំងពី​ការ​ឈ្នះ​របស់ខ្លួន Tenbox បាន​ប្រកួតប្រជែង​នៅឯ​កិច្ចប្រជុំ​កំពូល​វិនិយោគ SelectUSA នៅ​វ៉ាស៊ីនតោន​ឌី​ស៊ី និង Francotech 2024 នៅ​ទីក្រុង​ប៉ារីស​។ វា​ក៏បាន​ក្លាយជា​បេក្ខភាព​ចុងក្រោយ​សម្រាប់​ពានរង្វាន់ ASEAN Digital Awards 2025 ដែល​ពង្រឹង​កេរ្តិ៍ឈ្មោះ​របស់ខ្លួន​ក្នុងនាម​ជា​អ្នក​នាំមុខគេ​ក្នុងការ​ច្នៃប្រឌិត​។​

លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រគល់ពានរង្វាន់ឌីជីថលកម្ពុជាឆ្នាំ២០២៤ ដល់បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា សម្រាប់ផលិតផលម៉ាស៊ីនបកប្រែភាសាពិការភ្នែក។ រូបថត សហការី

ជ័យលាភី​ទាំង ៦​ប្រភេទ​ពានរង្វាន់ និង​ប្រាក់រង្វាន់​សម្រាប់​ជ័យលាភី នៅ​ឆ្នាំនេះ​រួមមាន​៖

១. ស្ថាប័នឯកជន​ល្អ​បំផុត​ប្រចាំឆ្នាំ ជាមួយនឹង​ប្រាក់រង្វាន់​ចំនួន ២៥០០​ ដុល្លារ​ បាន​ឈ្នះ​ទៅលើ​​ក្រុមហ៊ុន Wing Inter Logistics Technologies Co., Ltd សម្រាប់​ផលិតផល Wingagri។

២. បរិ​យាប​ន្ន​ឌីជីថល​ល្អ​បំផុត​ប្រចាំឆ្នាំ ជាមួយនឹង​ប្រាក់រង្វាន់​ចំនួន ២៥០០ ដុល្លារ​​ ត្រូវបាន​ផ្តល់​ឱ្យ​​ក្រុមហ៊ុន Solar Green Energy (Cambodia) Co., Ltd សម្រាប់​ផលិតផល Solar Smart Irrigation System, Solar Irrigation Station។

៣. មាតិកា​ឌីជីថល​ល្អ​បំផុត​ប្រចាំឆ្នាំ ជាមួយនឹង​ប្រាក់រង្វាន់​ចំនួន ២៥០០​ ដុល្លារ​ ត្រូវបាន​ប្រគល់​ឱ្យ​​ក្រុមហ៊ុន 606 Digital សម្រាប់​ផលិតផល Sampi TV។

៤. ពានរង្វាន់​រដ្ឋមន្ត្រី​សម្រាប់​ធុរកិច្ច​ថ្មី​ឌីជីថល​ល្អ​បំផុត​ប្រចាំឆ្នាំ ជាមួយនឹង​ប្រាក់រង្វាន់​ចំនួន ១៥០០០ ដុល្លារ​ បាន​ឈ្នះ​ទៅលើ​​ក្រុមហ៊ុន Jalat Logistics សម្រាប់​ផលិតផល Jalat Logistics។

៥. ពាន​រង្វាន់​ការស្រាវជ្រាវ ​និង​នវានុវត្តន៍​ឌីជីថល​ល្អ​បំផុត​ប្រចាំឆ្នាំ ជាមួយនឹង​ប្រាក់រង្វាន់​ចំនួន ៧៥០០​ដុល្លារ​អាម៉េរិក ត្រូវបាន​ផ្តល់​ឱ្យ​​បណ្ឌិត្យ​សភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា សម្រាប់​ផលិតផលម៉ាស៊ីន​បក​ប្រែ​ភាសា​ពិការភ្នែក​។ ​

៦. ពានរង្វាន់​កិត្តិយស​ស្ត្រី​ឆ្នើម​បច្ចេកវិទ្យា​ប្រចាំឆ្នាំ បាន​ឈ្នះ​ទៅលើ​អ្នក​ស្រី រស់ ពេជ្រ​ហេ​មី មកពី​ក្រុមហ៊ុនមេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា​៕