របាយការណ៍​ស្រាវជ្រាវ​មួយ​​របស់​អង្គការ​យូណេស្កូរក​ឃើញ​ថា ២​ភាគ៣​នៃ​អ្នក​ផលិត​មាតិកា​នៅលើ​បណ្ដាញ​សង្គម​មិន​បាន​ផ្ទៀងផ្ទាត់​ព័ត៌មានថា​អ្វី​ដែល​ពួក​គេ​បង្ហោះ​ជា​ការពិត​ឬ​មិន​ពិត។អ្នក​ដែល​ត្រូវ​បាន​សម្ភាស​៧៣​ភាគរយ​ចង់​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​អំពី​ការ​ផ្ទៀង​ផ្ទាត់​ព័ត៌មាន។


របាយការណ៍ស្ទង់មតិ​ដែល​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​ទី២៦ ខែវិច្ឆិកា​នេះ បាន​សម្ភាស​តាម​អនឡាញ​ជាមួយ​អ្នក​បង្កើត​មាតិកា​ចំនួន ៥០០​នាក់ មក​ពី​ប្រទេស​និង​ដែនដី​ចំនួន​៤៥ និង​តាម​រយៈ​ការ​សម្ភាស​ស៊ីជម្រៅ​​ផ្ទាល់​ជាមួយ​អ្នក​ផលិត​មាតិកា​ឌីជីថល​ចំនួន ២០​នាក់​ ដើម្បី​យល់​ដឹង​អំពី​សកម្មភាព​នៃ​ការ​ផលិត​មាតិកា​របស់​ពួកគេ ក៏ដូច​ជា​ដើម្បី​យល់​ដឹង​ពី​បញ្ហា​ប្រឈម​ដែល​ពួក​គេ​មាន។

ការ​ស្ទង់មតិ​ដដែល​បាន​រក​ឃើញ​ថា អ្នក​ផលិត​មាតិកា​មាន​ការ​លំបាក​ក្នុង​គោលការណ៍​ដើម្បី​វិភាគ​ទៅ​លើ​ភាព​ជឿ​ទុកចិត្ត​បាន​នៃ​ព័ត៌មាន​ដែល​ពួក​គេ​បាន​ឃើញ​នៅ​លើ​អន​ឡាញ មុន​នឹង​យក​ទៅ​ផ្សព្វផ្សាយ​បន្ត។ រហូត​ទៅ​ដល់ ៤២​ភាគរយ​នៃ​អ្នក​ដែល​បាន​សម្ភាស​និយាយ​ថា ពួក​គេ​ចំនួន​អ្នក​ like និង share លើ​រឿង​អ្វី​មួយ​គឺ​ជា​កត្តា​កំណត់​ថា រឿង​នោះ​ជា​រឿង​ពិត។


កា​រស្ទង់​មតិ​​បង្ហាញ​ថា រហូត​ដល់​ទៅ​៥៩​ភាគ​រយ​នៃ​ពួក​គេ មិន​ធ្លាប់​បាន​ដឹង​ឮ​ក្របខណ្ឌ​ច្បាប់​និង​និយាមការ​អន្តរជាតិ​ទាក់​ទិន​នឹង​ឌីជីថល។ មាន​អ្នក​ឆ្លើយ​តប​តែ ជាង​ពាក់​កណ្ដាល​និយាយ​ថា ពួក​គេ​បាន​ដឹង​ពី​វគ្គ​បណ្ដុះ​បណ្ដាល​លើ​រឿង​នេះ ប៉ុន្តែ មាន​តែ ១៣,៩ ភាគរយ​ប៉ុណ្ណោះ​ចង់​ចូលរួម​វគ្គ​បណ្ដុះ​បណ្ដាល។

ការ​មិនដឹង​​អំពី​របៀប​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​ អាច​ធ្វើ​ឲ្យ​អ្នក​ផលិត​មាតិកា​ខ្លះ​ប្រឈម​នឹង​ភាព​មិន​ច្បាស់​លាស់​ពាក់ព័ន្ធ​នឹង​ផ្លូវ​ច្បាប់ ដែល​អាច​ធ្វើ​ឲ្យ​ពួក​គេ​ប្រឈមនឹង​វិធានការ ឬ ការ​កាត់​ទោស​នៅ​ប្រទេស​មួយ​ចំនួន។


អ្នក​ឆ្លើយ​តប​នឹង​ការ​ស្ទង់​មតិ​នេះ​២៦​ភាគរយ និយាយ​ថា​ពួក​គេ​ធ្វើ​មាតិកា​ដើម្បី​ចែក​រំលែក​ចំណេះ​ដឹង ២៣,៨​ភាគរយ​ថា​ដើម្បី​រក​ប្រាក់​ចំណូល និង​២៣,៤​ភាគរយ​ថា ដើម្បី​ជា​ការ​កម្សាន្ត​សម្រាប់​អ្នក​ទស្សនា។

ព័ត៌មាន​ដែលពួក​គេ​ចែក​រំលែក​គឺ​ជា​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន (៥៨,១​ភាគរយ) ការ​ស្រាវ​ជ្រាវ​ផ្ទាល់​ខ្លួន (៣៨,៧ភាគរយ) និង​ជាង ៣៦​ភាគរយ​និយាយ​ថា ពួក​គេយក​ប្រភព​ពី​សារព័ត៌មាន។

មាតិកា​ដែល​ពួកគេ​ផលិត​ភាគ​ច្រើន​អំពី​សម្រស់ និង ជីវិត ដំណើរ​កម្សាន្ត និង​អាហារ និង ហ្គេម។ បណ្ដាញ​សង្គម​ដែល​ពួក​គេ​ប្រើ​គឺ អ៊ីនស្តាក្រាម (៣៤%) ហ្វេសប៊ុក (២៥%) ទិកតុក (១៦,៤%) និង​យូធ្យូប (៩%)។​

លោកស្រី Audrey Azoulay អគ្គនាយក​អង្គការ​យូណេស្កូ បានថ្លែង​ថា៖ «អ្នក​ផលិត​មាតិកា​ឌីជីថលទទួល​បាន​នូវ​សារៈសំខាន់​នៅ​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី​ព័ត៌មាន ដោយ​​បាន​ភ្ជាប់​ទំនាក់​ទំនង​ផ្នែក​វប្បធម៌ សង្គម និង​នយោបាយ ​ជាមួយ​មនុស្ស​រាប់​លាន​នាក់។ ប៉ុន្តែ​ពួកគេ​ជា​ច្រើន​កំពុង​ជួប​ការ​លំបាក​ដោយ​សារ​តែ​មាន​ការ​ផ្សព្វផ្សាយ​ព័ត៌មានក្លែង​ក្លាយ និង​សម្ដី​គួរ​ឲ្យ​ស្អប់​ខ្ពើម​នៅ​លើ​អនឡាញ ហើយ​ពួកគេ​ក៏​ស្នើ​ឲ្យ​មាន​វគ្គបណ្ដុះ​បណ្ដាល»។

លោកស្រី Audrey Azoulay អគ្គនាយក​អង្គការ​យូណេស្កូ។ UNESCO

លោកស្រី​បន្ត​ថា យូណេស្កូ នឹង​ជួយ​គាំទ្រ​ដល់​ពួកគេ​ដែល​ចង់​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​អំពី​ការ​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​មុន​នឹង​បង្ហោះ។

បើ​តាម​យូណេស្កូ វគ្គបណ្ដុះ​បណ្ដាល​នេះ​ត្រូវ​បាន​បើក​ហើយ នៅ​ក្នុង​ខែ​នេះ ដែល​ជា​វគ្គបណ្ដុះ​បណ្ដាល​កម្រិត​សកល​លើក​ដំបូង មាន​អ្នកចុះ​ឈ្មោះ​​ចូលរួម​៩០០០​នាក់ នៅ​ក្នុង​ប្រទេស​ចំនួន ១៦០។

លោក​ ណុប វី នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ហៅកាត់ថា ខេមបូចា ថ្លែង​ថា នៅ​កម្ពុជា​មិន​មាន​ការ​ស្ទង់​មតិ​ជាក់​លាក់​ទេ ប៉ុន្តែ​ការ​ស្ទង់​មតិ​ដែល​ចេញ​ផ្សាយ​ដោយ​យូណេស្កូ ហាក់​ដូច​ជា​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​នៅ​កម្ពុជា​ដែរ ដែល​ពលរដ្ឋ​មាន​ចំណេះ​ដឹង​ផ្នែក​ឌីជីថល មាន​ប្រមាណ ៣០​ភាគរយ ដែល​ជា​តួលេខ​ទាប។ 

អត្រា​ចំណេះ​ដឹង​ទាប​នេះ ធ្វើ​ឲ្យ​មាន​ក្ដី​បារម្ភ​ពាក់​ព័ន្ធ​នឹង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន ឬ​ចែក​រំលែក​ព័ត៌មាន​នូវ​មាតិកា​ដែល​មិន​បាន​ផ្ទៀងផ្ទាត់​ព័ត៌មាន បន្ទាប់​ពី​អ្នក​បង្កើត​មាតិកា​ខ្លួន​ឯង​ក៏​មិន​បាន​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​ដែរ។

លោក​បន្ត​ថា៖ «ការ​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​មិន​ងាយ​ស្រួល​ទេ​ ជា​ពិសេស​នៅ​ពេល​កម្ពុជា​មិន​ទាន់មាន​ចាប់​ទទួល​បាន​ព័ត៌មាន បូករួម​និង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​សាធារណៈ​នៅ​មាន​កម្រិត។ ដូច្នេះ​ហើយ​ខ្ញុំ​គិត​ថា សម្រាប់​អ្នក​ផលិត​មាតិកា ឬ​អ្នក​មាន​ឥទ្ធិពល​លើ​បណ្ដាញ​សង្គម គាត់​មិន​មាន​លទ្ធភាព​ និង​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការ​ផ្ទៀង​ផ្ទាត់​ទេ។ នៅ​កម្ពុជា ខ្ញុំ​យល់​ថា អ្នក​ផលិតមាតិកា ឬ​អ្នក​មាន​ឥទ្ធិពល​លើ​បណ្ដាញ​សង្គម​ហាក់​ដូច​ជា​ធ្វើ​ឲ្យ​ខ្លួន​ឯង​ល្បីល្បាញ តែ​មិន​បាន​គិត​ពី​គុណវិបត្តិ​ដែល​កើត​ឡើង​ចេញពី​មាតិការ​របស់​ពួកគេ»។

លោក ឈត ប៊ុនថង អ្នក​ស្រាវជ្រាវ​ផ្នែក​វប្បធម៌ អប់រំ និង​ទេសចរណ៍ ថ្លែង​ថា តាម​ការ​អង្កេត​របស់​លោក នៅ​កម្ពុជា​មាន​មាតិកា​ច្រើន​ប្រភេទ ទាំង​មាតិកា​ដើម ឬ មាតិកា​ចម្លង​ពី​គេ មាន​ជា​ទម្រង់​ព័ត៌មាន ​រឿង​កំប្លែង និង​រឿង​អប់រំ។

លោក​បន្ត​ថា ខណៈ​ដែល​មានតិកា​ខ្លះ​អាច​ទទួល​យកបាន ដូចជា​ការ​ប្រមូល​ព័ត៌មាន​ច្បាស់​ហើយ​ចែក​រំលែក​ជា​ចំណេះ​ដឹង ក៏​មាន​មាតិកា​ខ្លះ​មិន​អាច​ទទួល​យក​បាន​ទេ ព្រោះ​ខុស​ពី​ការ​ពិត ឬ​ជា​ការ​ញុះញង់​ឲ្យ​សង្គម​មាន​អសីលធម៌។ មាតិកា​ខ្លះ​គឺ​ជា​មាតិកា​ចម្លែកៗ​ដែល​មិន​កើត​មាន​ឡើង​ក្នុង​សង្គម​ជាក់​ស្ដែង ដូចជា​ស៊ី​អាចម៍គោ ឬ ស៊ី​ស្បែក​ជើង​ជា​ដើម ដែល​សុទ្ធ​តែ​គ្មាន​តម្លៃ​សម្រាប់​សង្គម។

ក្រប​មុខ​នៃ​របាយការណ៍​យូណេស្កូ​ស្ដី​ពី​អ្នក​ផលិតមាតិកា​​នៅ​លើ​បណ្ដាញ​សង្គម។ UNESCO

ក្រៅ​ពី​នេះ​ក៏​មាន​មាតិកា​អំពី​រឿង​សង្គម​ នយោបាយ ដូច​ជា​រឿង​ CLV-DTA រឿង​កោះគុត ជាដើម​ដែល​សុទ្ធ​តែ​ជា​រឿង​ជាតិ។ ការ​ធ្វើ​មាតិកា​លើ​បញ្ហា​ទាំង​នេះ​ត្រូវ​ផ្អែក​លើ​ការពិត ជាជាង​លើ​អារម្មណ៍​ជាត​និយម ឬ កំហឹង ដែល​ធ្វើ​ឲ្យ​សង្គម​វឹកវរ។

លោក​ ប៊ុនថង ក៏​កត់​សម្គាល់​ឃើញ​ដែរ​ថា មាតិកា​មួយចំនួន​អះអាង​ថា​ជា​ការ​អប់រំរឿង​ហិង្សា ឬ រំលោភ​ផ្លូវ​ភេទ ប៉ុន្តែ ឈុត​របស់​ពួក​គេ​ចេញ​តែ​រឿង​អំពើ​ហិង្សា និង​ការ​រំលោភ​ផ្លូវ​ភេទ ដោយ​មិន​បាន​បង្ហាញ​ពី​ផល​វិបាក​​នៃ​អំពើ​ហិង្សា​ទាំង​នោះ។

លោក​ថ្លែង​ថា៖ «មាតិកា​ខ្លះ​ឃើញ​បង្ហាញតែ​ពួក​ម៉ាក​ទៅ​បៀតបៀន​ប្រពន្ធ​ពួក​ម៉ា ឬ​ទៅ​សាហាយ​ស្មន់​ជាមួយ​ប្រពន្ធ​ពួក​ម៉ាក​អី​ជា​ដើម។ យើង​ឃើញ​តែ​ប៉ុណ្ណឹង អត់​ឃើញ​មាន​ការ​អប់រំ​អី​លើស​ពី​នេះ»។

លោក​បន្ត​ថា មាតិកា​ខ្លះ​មានប្រយោជន៍ ប៉ុន្តែ មិន​មាន​ប្រពភ​ច្បាស់​លាស់ ដូច​ជា​ការ​រក​ឃើញថ្នាំ ឬ ​វិធី​ព្យបាល​អ្វី​មួយ។ ប៉ុន្តែ​មាតិកា​សុខភាព​ខ្លះ​មិន​មាន​ប្រភព​ច្បាស់​លាស់​ដែល​អាច​បង្ក​ឲ្យ​មាន​ហានិភ័យ​ដល់​សុខភាព​អ្នក​ប្រើប្រាស់ ជា​ពិសេស​អ្នក​ដែល​មាន​ជំងឺ​យូរ​ហើយ។

លោក ទេព អស្នារិទ្ធ អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា បច្ចុប្បន្ន មាន​ប្រជាពលរដ្ឋ​ច្រើន​ឡើង​បាន​ចាប់​យក​មធ្យោបាយ​ឌីជីថល​ដើម្បី​ទទួល​ព័ត៌មាន​ប្រចាំ​ថ្ងៃ ដែល​និន្នាការ​នេះ​បាន​បង្ហាញ​ថា​កម្ពុជា​មាន​សិទ្ធិ​និង​សេរីភាព​ពេញ​លេញ ក្នុង​ការ​ទទួល​បាន​អ៊ីនធឺណិត​ប្រើ​ប្រាស់​នៅ​ទូទាំង​ប្រទេស។

លោក​ថា ស្រប​ពេល​ដែល​ការ​រីក​ចម្រើននៃ​នៃ​បច្ចេកវិទ្យា​បាន​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ វា​ក៏​បាន​នាំ​មក​នូវ​ផលវិបាក​ជាច្រើន​ផង​ដែរ ព្រោះ​ការ​ចែក​ចាយ​នូវ​ព័ត៌មាន​នានា រាប់​ទាំង​ព័ត៌មាន​មិន​ពិត​ផង​ មាន​ភាព​លឿន​ឆាប់​ដល់​ដៃ​ប្រជាពលរដ្ឋ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ដូចជា​ហ្វេសប៊ុក តិកតុក យូធ្យូប និង​មធ្យោបាយ​អនឡាញ​ផ្សេងទៀត ជាជាង​តាម​កាសែត ទូរទស្សន៍ វិទ្យុ ជាដើម ឬ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​វិជ្ជាជីវៈ​ផ្សេង​ទៀត។

នៅ​កម្ពុជា លោក​សង្កេត​ឃើញ​មាន​មាន​ផ្សព្វ​ផ្សាយ​តាម​បណ្តាញ​ទំនាក់​ទំនង​សង្គម​មួយ​ចំនួន​ខ្វះ​ក្រម​សីលធម៌ ដែល​ធ្វើឱ្យ​ប៉ះ​ពាល់​ដល់​ការ​ជឿ​ទុក​ចិត្ត​លើ​សារព័ត៌មាន ជះ​ឥទ្ធិពល​អវិជ្ជមាន​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែ​បប្រពៃណី និង​អ្នក​ដែល​អនុវត្ត​ការងារ​តាម​វិជ្ជាជីវៈ​សារព័ត៌មាន​ត្រឹមត្រូវ។

បើ​តាម​លោក អស្នា​រិទ្ធ អ្នក​ប្រើ​ប្រាស់បណ្ដាញ​សង្គ​ហ្វេសប៊ុកនៅ​កម្ពុជា​បាន​កើន​ឡើង​ដល់​ប្រមាណ ១៣លាន​គណនី ហើយ​អ្នក​ប្រើ​ទិកតុក​មាន​ជិត​១០លាន​គណនី។​ 

ដោយឡែក​ អង្គភាព​សារព័ត៌មាន​អនឡាញ​ដែល​បាន​ចុះ​បញ្ជី​នៅ​ក្រសួងព័ត៌មាន​ផ្អែក​តាម​ទិន្នន័យ​ក្នុង​ឆ្នាំ ២០២៤ មាន​ចំនួន ជាង​១៤០០​អង្គភាព។ ប៉ុន្តែ​ចំនួន​អ្នក​ផលិត​មាតិកា​អនឡាញ​គឺ​មាន​ចំនួន​ច្រើន​ជាង​នេះ។

លោក​លើក​ទឹក​ចិត្ត​ឲ្យ​អ្នកបង្កើតមាតិកាបណ្តាញ​សង្គម ដែល​គេ​ហៅ​ថា MMO និង​អ្នក​ប្រើ​ប្រាស់​បណ្តាញ​ទំនាក់​ទំនង​សង្គម​ទាំង​ឡាយ​ ចូលរួម​ក្នុង​​លើក​កម្ពស់​សីលធម៌​សង្គម សណ្តាប់​ធ្នាប់​សាធារណៈ ការគោរពសិទ្ធិ កិត្តិយស និង​សេចក្តី​ថ្លៃ​ថ្នូរ​របស់​អ្នក​ដទៃ​ និង​ការ​ថែ​រក្សា​វប្បធម៌ ប្រពៃណី​ល្អ​ក្នុង​ការរស់​នៅ​ប្រាស្រ័យ​ទាក់​ទង​គ្នា​ជា​ប្រចាំ​របស់​ប្រជាជន​កម្ពុជា។

លោក​ថ្លែង​ដូច្នេះ​ថា៖ «អ្នក​ប្រើប្រាស់​បណ្តាញ​ទំនាក់​ទំនង​សង្គម​ និង​អ្នក​ផលិត​មាតិកា​ទាំងឡាយ​មិន​ត្រូវ​ដើរ​ប្រាស​ចាស​ពី​គន្លង​នៃ​ក្រមសីលធម៌​វិជ្ជាជីវៈ ក្រមសីលធម៌​ក្នុង​ការ​រស់​នៅ​ក្នុង​សង្គម។ ក្នុង​បរិបទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​ឌីជីថល ​មាន​ជន​មួយ​ចំនួន ​ក្នុង​ចំណោម​អ្នក​ទាំង​នេះ ​ដោយសារ​តែ​មហិច្ឆតា​ក្នុង​ការ​ស្វែង​រក​ផលប្រយោជន៍​ផ្ទាល់​ខ្លួន ឬ​ស្វែង​រក​ប្រជាប្រិយភាព​សម្រាប់​ខ្លួន​ឯង​ បែរ​ជា​ភ្លេច​ខ្លួន​ទៅ​បំពាន​ក្រមសីលធម៌​បុគ្គល​ បំពាន​ក្រមសីលធម៌​នៃ​ការ​ប្រើ​ប្រាស់​បណ្តាញ​ទំនាក់​ទំនង​សង្គម និង​បំពាន​ក្រម​សីលធម៌​វិជ្ជាជីវៈ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​និង​ចែក​ចាយ​ព័ត៌មាន»។

លោក​បាន​លើក​ជា​ឧទាហរណ៍​ថា ការ​បំពាន​ក្រម​សីលធម៌​ទាំង​នោះ​មាន​ដូច​ជា ប្រភេទ​ព័ត៌មាន​ភ្ជាប់​ជា​មួយ​រូបភាព​ដ៏​សាហាវ​ឃោរឃៅ​ដែល​ប៉ះ​ពាល់​ដល់​ឯកជន​ភាព ​សិទ្ធិ និង​សេចក្តី​ថ្លៃ​ថ្នូរ​របស់​អ្នក​ដទៃ និង​ថែម​ទាំង​អាច​បង្ក​ហានិភ័យ និង​ព្យសនកម្ម​ជាយថាហេតុ៕