ភ្នំពេញៈ យ៉ាងហោចណាស់ព័ត៌មានក្លែងក្លាយជាង១០ ដែលពាក់ព័ន្ធនឹងការប៉ុនប៉ងបំផ្លាញសន្តិភាព ការបង្ក​ចលា​ចល និងការស្អប់ខ្ពើមជាតិសាសន៍ ត្រូវបានបង្កើតឡើងយ៉ាងពេញទំហឹង ក្នុងមួយថ្ងៃៗ នៅកម្ពុជា ជាពិ​សេ​ស​​​​គឺទាក់ទងទៅនឹងបញ្ហាព្រំដែន។ នេះជាការលើកឡើងរបស់ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកនេត្រ ភក្ត្រា។


លោករដ្ឋមន្រ្តីបានថ្លែង ក្នុងសន្និសីទស្តីពីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយលើកទី២ នាថ្ងៃ​ទី១​៩ ខែ​ធ្នូ​នេះថា​ ព័ត៌​មានក្លែងក្លាយទាំងនោះ គឺពាក់ព័ន្ធទៅនឹងអាយុជីវិតរបស់ប្រទេសជាតិ ដែលភាគច្រើនបង្កើត​ឡើង​ដោយ​អ្នក​នៅ​ខាងក្រៅប្រទេស​ តាមរយៈ ការប្រើប្រាស់ បណ្តាញទំនាក់ទំនងសង្គម ដើម្បីបង្កើត ការ​ញុះ​ញ​ង់។

លោកបញ្ជាក់ថា៖«បើនិយាយពីលទ្ធិប្រជាធិបតេយ្យ ពីសិទ្ធិមនុស្ស សេរីភាព នៃការបញ្ចេញមតិ ក៏​យើង​ត្រូវ​និយាយអំពីនិតិរដ្ឋ ដើម្បីការពារបាន នូវសេរីភាព ប្រជាធិបតេយ្យ និងទប់ស្កាត់មិនឱ្យប្រជាធិបតេយ្យ ទៅ​ជា​អ​ណាធិបតេយ្យ និងទប់ស្កាត់ការជ្រក ក្រោមឆ័ត្រសេរីភាពនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន បង្កើត​ព័ត៌​មានក្លែងក្លាយ បំភ្លៃបំផ្លើស បង្កើតការញុះញង់ រើសអើង បង្កអសនិ្តសុខ ប៉ះ​ពាល់​ដល់​សន្តិ​សុខ​សា​ធារ​ណៈ ហើយទិសដៅចុងក្រោយគឺ ពួកគេប្រើប្រាស់ ព័ត៌មានបង្កចលាចល»។


លោកបានលើកជាឧទាហរណ៏ថា កន្លងទៅថ្មីៗនេះ ការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ដើម្បីបំផ្លើស និងបំភ្លៃ ដែលធ្វើឱ្យមានការព្រួយបារម្ភ និងការសង្ស័យរបស់ប្រជាពលរដ្ឋ នៅពេលដែលរឿងនោះ វា​មិន​មែន​ជារឿ​ងពិតសោះ។ នោះគឺករណី CLV-DTA។

លោកថ្លែងដូច្នេះថា៖«នេះបានឈានទៅដល់កម្រិតមួយ ដែលយើងអាចកត់សម្គាល់ បានថា វាគឺជាចរិត​នៃ​ការ​ប្រើប្រាស់ ព័ត៌មានបំពុលសង្គម ដើម្បីផ្តួលរំលំរដ្ឋាភិបាលតាមរយៈបដិវត្តពណ៌»។ លើសពីនោះ លោក​រដ្ឋ​មន្រ្តី​បា​នអះអាងថា គ្រាន់តែព្រឹកថ្ងៃទី១៩ ខែធ្នូនេះ មិនតិចជាង២០ព័ត៌មានទេ ដែល​ខាង​ក្រុម​មួយចំ​នួន​ បាន​បង្កើតព័ត៌មានក្លែងក្លាយឡើង ដើម្បីញុះញង់ប្រជាពលរដ្ឋ ដោយ​ព្យាយាម​ដុត​ពាក់​ព័ន្ធ​នឹង​ស្ថាន​ភាព​កោះ​គុត​។​


ក្នុងរយៈពេល២ខែចុងក្រោយ គឺខែតុលា និងវិច្ឆិកា ឆ្នាំ២០២៤នេះ គណៈកម្មការតាមដាន​ការ​ផ្សព្វផ្សាយ​ព័ត៌​មានក្លែងក្លាយ នៃក្រសួងព័ត៌មាន បានកត់ត្រាករណីព័ត៌មានក្លែងក្លាយសរុបចំនួន ៦៥១។ ក្នុងត្រីមាសទី៣ ឆ្នាំនេះ ក្រសួងក៏បានកត់ត្រាករណីព័ត៌មានក្លែងក្លាយចំនួន ៩៨៥ករណីផងដែរ ហើយ​បើ​ធៀប​នឹង​ត្រីមា​ស​ទី​២ គឺមានការកើនចំនួន១១ ភាគរយ។ នេះបើយោងតាម AKP នាថ្ងៃទី ១៩ ខែធ្នូនេះ។

ជាវាគ្មិនម្នាក់ នៅក្នុងវគ្គពិភាក្សា ក្នុងសន្និសីទនេះ លោកមេធាវី លោក សេក សោភ័ណ​បានលើក​ឡើង​ពីសេរី​ភាព​សារ​ព័ត៌មាន ឬសិទ្ធិសម្តែងមតិ ដែលមានកម្រិតព្រំដែន។ ចំណុចនេះចែងក្នុងកតិកា ស​ញ្ញា​អន្តរជាតិ ស្តីពី​សិទ្ធិ​ពល​​រដ្ឋ និង​សិទ្ធិនយោបាយ(ICCPR) ត្រង់មាត្រា១៩​ ដែលពាក់ព័ន្ធទៅនឹងកិត្តយស សេចក្តីថ្លៃថ្នូបុគ្គល ឬ​អ្នក​ដទៃ សណ្តាប់​ធ្នាប់សាធារណៈ សណ្តាប់ធ្នាប់សង្គម, សុខភាព និងសីលធម៌សាធារណៈ។

លោកមេធាវីបានថ្លែងថា៖«អង្គការសហប្រជាជាតិបកស្រាយថា សណ្តាប់ធ្នាប់សាធារណៈហ្នឹង មិនមែន​តែ​១ភូមិ ឬក៏បាតុកម្មអីតិចតួចហ្នឹងសណ្តាប់ធ្នាប់ទេ​ គឺទាល់តែប៉ះពាល់​ដល់​សមត្ថភាព​រដ្ឋ​ក្នុង​ការ​បន្ត​និរន្តរ​ភាព​ជា​រដ្ឋ​»។

អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន លោកប្រាក់ ថាវអមិដា បានលើកឡើងក្នុងឱកាសនោះថា ​រដ្ឋាភិបាល​ក៏​ដូច​ជាក្រសួងមិនមានចេតនា យកបណ្តាញសង្គម ជាកន្លែងដែល តាមចាប់កំហុសអ្នកណាម្នាក់នោះទេ។​លើក​​​លែង​តែ អ្នកដែលឈរលើគោលការណ៍ ដែលផ្តល់ព័ត៌មានមិនពិតប៉ុណ្ណោះ។

លោកToby Mandel នាយកមជ្ឈមណ្ឌលច្បាប់ និងលទ្ធិប្រជាធិបតេយ្យ ក៏បានថ្លែងផងដែរថា ​ការ​ប្រើប្រា​ស់​បណ្តា​ញ​សង្គម ដូចជាហ្វេសប៊ុក និងតិកតុកជាដើមនេះ គួរតែមានច្បាប់​គ្រប់​គ្រង​ឱ្យ​បាន​ត្រឹម​ត្រូវ​ទៅ​តាម​បរិ​បទ​នៅក្នុ​ងប្រទេសនីមួយៗ។ ប៉ុន្តែលោកបានបញ្ជាក់ប្រាប់ថា គ្មានវិធីណា ដែលអាចបញ្ឈប់​មនុស្ស​មិន​ឱ្យ​«កុហ​ក»បាននោះទេ។

លោកបន្តថា មនុស្សនៅតែកុហកទាំងនៅលើអនឡាញ និង នៅកន្លែងផ្សេងទៀត បើទោះបីជាមាន​ច្បាប់​ក្នុងការដាក់ពិន័យ ឬដាក់ទោសទណ្ឌ ចំពោះការចែករំលែកព័ត៌មានមិនត្រឹមត្រូវនោះ។ ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ គេ​ត្រូវ​មើ​ល​ទៅ​លើ​ដំណោះ​ស្រាយជាប្រព័ន្ធ ដែលមានការចូលរួមពីស្ថាប័នពាក់ព័ន្ធ។

លោករដ្ឋមន្ត្រី លោកនេត្រ ភក្ត្រា ក៏បានលើកឡើងពីលទ្ធផល​ នៃ​របាយការណ៍ស្ទង់មតិរបស់ក្រសួងព័ត៌មាន ស្តី​ពី​ស្ថាន​ភាព​សេរីភាពសារព័ត៌មាននៅកម្ពុជា ដែលបានចេញផ្សាយកាលពីខែមេសាកន្លងមក។ ​អ្នក​សារ​ព័ត៌មានចំនួន ៣៤១នាក់នៅទូទាំងប្រទេស ត្រូវបានជួបសំភាស ដែលជាផ្នែកមួយ នៃការធ្វើរបាយការណ៍​នេះ។ ក្នុង​នោះ​​ គឺមាន ៧៩,៨ភាគរយបានលើកឡើងថា សេរីភាពសារព័ត៌មាននៅកម្ពុជា មាន​ភាព​ល្អ​ប្រ​សើរ​។​

ដោយយោងទៅលើ លទ្ធផលនេះ លោករដ្ឋមន្រ្តីបានស្នើឱ្យអ្នករិះគន់សូម​«មើលព្រៃទាំងមូល​ ក៏ប៉ុន្តែ​ មិន​មើលតែឈើ១ដើម​ នៅ​ក្នុង​ស្ថា​នភាព នៃក្របខណ្ឌ នៃស្ថានភាពសារព័ត៌មាននោះទេ»។ ការ​អនុ​វត្ត​ច្បាប់​ចំពោះ អ្នកសារព័​ត៌​មាន ​ដែ​លកំហែងយកប្រាក់ គឺមិនមែនរឹតត្បិតសេរីភាព នៃការបញ្ចេញមតិនោះទេ។

លោករដ្ឋមន្រ្តីថ្លែងដូច្នេះថា៖«ពាក់ព័ន្ធនឹងអ្វីដែលយើងឃើញជាមួយស្ថានភាព នៃសេរីភាពសារព័ត៌មាន កម្ពុជាយើងវាមិនល្អឥតខ្ចោះនោះទេ ក៏ប៉ុន្តែ បើយើងប្រៀបធៀបជាមួយនឹងបណ្តា​ប្រទេសនៅ​ក្នុងតំបន់​របស់​យើង កម្ពុជាមិនមែនជាសិស្សអាក្រក់ទេ ក៏ប៉ុន្តែគឺជាសិស្សល្អមួយ នៅ​ក្នុង​ក្របខណ្ឌ​ នៃសេរីភាព​នៃ​ការ​បញ្ចេញមតិ និងសេរីភាពសារព័ត៌មាន»។

លោក ថាវអមិដា ក៏បានឱ្យដឹងផងដែរថា ក្រសួងក៏គ្រោងនឹងបើយុទ្ធនាការមួយប្រ​ឆាំង​នឹ​ងព័​ត៌​មា​ន​ក្លែង​ក្លា​យ​នេះ​ដែ​រ ហើយលោករដ្ឋមន្រ្តីបានអំពាវនាវដល់ប្រទេសក្នុងតំបន់​អាស៊ី​ប៉ាស៊ី​ហ្វិ​ក​ ដើម្បី​ចូលរួ​ម​ក្នុង​យុទ្ធ​ការ​នេះ​ផងដែរ។ ទោះយ៉ាងណា លោកមិនទាន់អាចបញ្ជាក់លំអិតពីយុទ្ធនាការនេះបាននៅឡើយទេ៕