លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងប្រាប់មន្ត្រីជាន់ខ្ពស់សន្តិសុខជាតិជប៉ុនថា កម្ពុជាគាំទ្រយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិកសេរីនិងបើកចំហរបស់ជប៉ុន ហើយនឹងអនុញ្ញាតឲ្យនាវាជប៉ុនចូលចតនៅកំពង់ផែរាមមុនគេ នៅពេលកំពង់ផែនេះ សាងសង់រួចរាល់។
លោកថ្លែងដូច្នេះ នៅក្នុងជំនួបជាមួយ Akiba Takeo ទីប្រឹក្សាសន្តិសុខជាតិ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានសន្តិសុខជាតិជប៉ុន នៅព្រឹកថ្ងៃទី២០ ខែធ្នូនេះ នៅវិមានព្រឹទ្ធសភា។ នេះបើតាមព័ត៌មាននៅលើទំព័រហ្វេសប៊ុករបស់លោក។
លោក Akiba Takeo បានថ្លែងប្រាប់លោក ហ៊ុន សែន ថា យុទ្ធសាស្រ្តសន្តិសុខជាតិរបស់ជប៉ុន ធ្វើឡើងដើម្បីឱ្យស្របទៅតាមការវិវឌ្ឍសភាពការណ៍របស់តំបន់ ដោយផ្តោតទៅលើការពង្រឹងកិច្ចសន្ទនាស្ថាបនាជាមួយប្រទេសដៃគូ និងប្រទេសមហាអំណាចធំៗ ដូចជាប្រទេសចិនជាដើម។
លោកថា បើគ្មានកិច្ចសន្ទនា និងកិច្ចសហការរវាងគ្នា ជាពិសេសជាមួយប្រទេសចិននោះទេ ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍនានា ក៏នឹងមិនអាចសម្រេចបានដែរ។
លោកបន្តថា ជប៉ុនប្ដេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាមួយអាស៊ាន និងបណ្តាប្រទេសមហាអំណាចនានា ដើម្បីស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់។
លោក ហ៊ុន សែន ថ្លែងថា យុទ្ធសាស្រ្តសន្តិសុខជាតិរបស់ជប៉ុន ក៏មិនខុសគ្នាអំពីទស្សនទានរបស់កម្ពុជាដែរ ពោលគឺប្រទេសទាំងពីរមានបំណងប្រាថ្នាពង្រឹងសន្តិភាពដូចគ្នា។
លោកក៏បានលើកឡើងពីភាពល្អប្រសើរនៃទំនាក់ទំនងនៅក្នុងវិស័យការពារជាតិ ទាំងជើងទឹក និងជើងគោក ដែលឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។
ជប៉ុនគិតគូពីផលប្រយោជន៍ប្រទេសនៅក្នុងតំបន់ គោរពមជ្ឈភាពអាស៊ាន និងជាដៃគូរបស់ប្រទេសជាច្រើនក្នុងតំបន់។
ទំព័រហ្វេសប៊ុកលោក ហ៊ុន សែន បញ្ជាក់ថា៖ «នៅក្នុងន័យនេះ សម្តេចតេជោ បានលើកឡើងអំពីការគាំទ្ររបស់កម្ពុជាចំពោះយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហរបស់ជប៉ុន»។
ទំព័រហ្វេសប៊ុកដដែលបន្តថា កម្ពុជានឹងគាំទ្រនូវរាល់យុទ្ធសាស្រ្តនិងគំនិតផ្តួចផ្តើមនានា ឱ្យតែយុទ្ធសាស្រ្តនិងគំនិតផ្តួចផ្តើមទាំងនោះបម្រើឱ្យសន្តិភាព ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ មិនបម្រើឱ្យការច្បាំងគ្នា។
លើសពីនេះទៀត យុទ្ធសាស្ត្រនោះមិនមែនជាឧបករណ៍ប្រឆាំងនឹងប្រទេសណាមួយ និង ត្រូវគោរពមជ្ឈភាពរបស់អាស៊ាន។
លោក ហ៊ុន សែន ក៏បានបានលើកទឹកចិត្តឱ្យមានការសន្ទានាឱ្យបានច្រើនរវាងជប៉ុន និងចិន ដើម្បីបង្កើននូវការជឿទុកចិត្តគ្នាទៅវិញទៅមក។កាលពីសប្ដាហ៍មុន ជប៉ុនបានផ្ដល់ជំនួយឥតសំណងជា ទូកល្បាតសមុទ្រចំនួន ៤ គ្រឿង ទៅដល់នាយកដ្ឋាននគរបាលការពារព្រំដែនទឹករបស់កម្ពុជា ដែលមានទឹកប្រាក់ជាង ៧ លានដុល្លា។
ជំនួយនេះក៏ជាផ្នែកមួយរបស់ផែនការ យុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិកសេរីនិងបើកចំហរបស់ជប៉ុន ហើយកម្ពុជាគឺជាប្រទេសទីមួយនៅអាស៊ានដែលបានទទួលជំនួយបែបនេះ៕