មណ្ឌលគិរីៈ យ៉ាងហោចណាស់ឈើជាង១៦០សន្លឹក/កំណត់ត្រូវបានរកឃើញ ក្រោយពីជនសង្ស័យបានលួចកប់លាក់​ទុក​​នៅ​​ក្នុងអតីតដី​សម្បទាន​សេដ្ឋកិច្ច​មួយ​កន្លែង ស្ថិតក្នុងភូមិជីក្លប់ ឃុំសុខសាន្ត ស្រុកកោះ​ញែកអស់​រយៈពេល​ជា​ច្រើន​ឆ្នាំមកហើយ។


អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យាបានឱ្យដឹងនៅថ្ងៃទី២០ ខែធ្នូនេះថា មន្ត្រី​ឧទ្យានុរក្សបរិស្ថាន នៃ​ដែន​ជម្រក​សត្វព្រៃភ្នំព្រេច និង​អាជ្ញាធរ​មូល​ដ្ឋានបានរកឃើញទីតាំងលាក់ឈើខុសច្បាប់ចំនួន៣ន្លែង ដែលជន​សង្ស័យ​បាន​លួចលាក់កប់យ៉ាងជ្រៅក្នុងដី ស្ថិតក្នុងអតីតដីសម្បទានសេដ្ឋកិច្ចមួយកន្លែង។ 

ក្រុមមន្រ្តីបានចុះបង្ក្រាបករណីសន្និធិឈើខុសច្បាប់នេះ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់​ពីមាន​សេចក្តី​រាយ​ការណ៍​អំពីការលួចសន្និធិឈើខុសច្បាប់នៅចំណុចស្រែតាអង។​ 


មន្រ្តីឧទ្យានុរក្សនៃការិយាល័យ ដែនជម្រក​សត្វព្រៃ​ភ្នំ​ព្រេច-លំផាត់ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន​ចុះ​ទៅដល់ទីកន្លែង​កើតហេតុខាង​លើ​ ហើយ​បានរក​ឃើញ​ទី​តាំង​លាក់ឈើមានចំនួន៣ន្លែង។

លោកបានបញ្ជាក់ថា៖«សមត្ថកិច្ចមានការសង្ស័យក្នុងជំហានដំបូង ថាជនល្មើសអាចកប់ចោលឈើក្នុងដី ក្នុងកំ​ឡុងពេល​ដែលមានគណៈកម្មធិការថ្នាក់ជាតិចុះការបង្ក្រាបកាលពីឆ្នាំ២០១៥»។ 


ក្រុមការងារបានបង្ក្រាប និងដកហូតឈើនៅ ទីតាំងទី១ ដែលជនសង្ស័យបានទុកចោលក្នុងព្រៃល្បោះ ​មាន​ឈើ​មូល​ប្រ​ភេទឈ្លីជ ចំនួន ១២កំណាត់ ស្មើនឹង១,៩២ម៉ែត្រត្រីគុណ។ ឈើនេះមានស្ថានភាពពុកផុយ គុណភាពប្រមាណ ២០ ទៅ​២៥​ ភាគរយ។

នៅទីតាំងទី២ គឺជាអតីតរោងស្នាក់នៅរបស់កម្មកររបស់អតីតក្រុមហ៊ុនសម្បទាន បានរកឃើញ​ឈើអារប្រភេទសុក្រម ចំនួន ១៣០សន្លឹក ស្មើ៣,៥២ម៉ែត្រត្រីគុណ។ ឈើនេះ មានស្ថានភាពពុកផុយ គុណភាពប្រមាណ៣០ ភាគរយ។

នៅទីតាំងចុងក្រោយ ក្រុមការងារ​បានធ្វើការ​ជីក​ក​កាយ​រក​ឃើញ​ឈើ​មូល​ចម្រុះ​ចំ​នួន​១៩​កំណាត់​ស្មើនឹ​ង​១,​៣៨​៣ម៉ែ​ត្រត្រីគុណ ដែលខូចគុណភាពប្រមាណ២០ ភាគរយ។

លោកអាទិត្យាបានឱ្យដឹងថា ក្នុង​ពេលចុះ​ធ្វើប្រតិបត្តិការ​កម្លាំង​សមត្ថកិច្ចពុំ​បាន​ប្រទះ​ឃើញ​ជន​សង្ស័យ​នៅក​ន្លែ​ងកើ​ត​ហេ​តុនោះ​​។ ក្រុមការងារបានប្រមូល វត្ថុតាង មករក្សាទុកនៅស្នាក់ការរងនៃដែនជម្រកសត្វព្រៃភ្នំព្រេច ដើម្បី​បន្ត​ចាត់​ការ​តាមនីតិវិធី។

លោកបានលើកឡើងថា ក្រសួងបរិស្ថាន បានដាក់ចេញនូវវិធានការស្នូល ចំនួន៤ចំណុច ដើម្បី​គ្រប់​គ្រង​ធ​នធា​ន​ធ​ម្មជាតិ ការអភិរក្សជីវៈចម្រុះ ការលើកកម្ពស់ជីវភាពប្រជាសហគមន៍ តាមរយៈការអភិវឌ្ឍគម្រោងលំហែបៃតង។ ការ​ពង្រឹ​ង​វិធានការទាំងនេះ ធ្វើឱ្យបទល្មើសព្រៃឈើត្រូវបានគ្រប់គ្រងបាន ជាពិសេស ការឃ្លុំដីទុក នៅក្នុង​ ប្រតិប​ត្តិកា​រ​កន្លងមក ហើយករណី ដែលត្រូវបានបញ្ជូនទៅតុលាការក៏មានច្រើនផងដែរ។ 

ប្រធានសមាគម​យុវជន​ស្រលាញ់​ធម្មជាតិ លោកតាន់ គឹមសួរ និងអាជ្ញាធរពាក់ព័ន្ធក៏បានសហ​ការ​គ្នាចុះ​បង្រ្កាប​បទ​ដឹក​ជញ្ជូន និងលាក់ទុកឈើនេះជាច្រើនករណីផងដែរ ក្នុងខេត្តមណ្ឌលគិរី នាពេលថ្មីៗនេះ។ 

លោកគឹមសួរបានលើកឡើងថា លោកធ្លាប់តែឃើញឈើ ដែលក្រុមឈ្មួញបានយកទៅលាក់ក្នុងព្រៃ ឬក្នុងទឹក។ ប៉ុន្តែ ម្តងនេះ ពួកគេបានលាក់ទុកនៅក្នុងដី ដែលជារឿងមួយ មិនគួរឱ្យជឿនោះទេ។

លោកបានសរសេរនៅលើបណ្តាញសង្គមដូច្នេះថា៖«ពិតជាមាន IQ ខ្ពស់មែន សូមសរសើរដល់ក្រុមឈ្មួញ ដែល​មាន​ការវៃឆ្លាតក្នុងការខិតខំស្វះស្វែងរិះរកគ្រប់មធ្យោបាយ ក្នុងការបំផ្លិចបំផ្លាញធនធានធម្មជាតិ ដែលជាសម្បត្តិរបស់រដ្ឋ របស់រួម ធ្វើយ៉ាងណាឱ្យតែខ្លួនមាន ខ្លួនបាន មិន​គិត​ពី​អ្វីទាំ​ងអស់ ប៉ុន្តែ​ទោះជាយ៉ាង​នេះក្តីអាថ៌​កំបាំងគ្មាន​ទេនៅ​លើ​លោក​នេះ»៕