មហាសន្និបាតនៃអង្គការសហប្រជាជាតិ នៅ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២៤​ នេះ​បានអនុម័ត​សេចក្តី​សម្រេច A/៧៩/L.៤៩ សម្រាប់​ការចាកចេញ​របស់​ប្រទេស​កម្ពុជា​ពី​ក្រុមប្រទេសអភិវឌ្ឍតិចតួច ឬ LDC។ កម្ពុជា​នឹង​ចាក​ចេញពី​ប្រទេស​ក្រីក្រ ចាប់​ពី​ថ្ងៃ​ទី១៩ ខែ​ធ្នូ ឆ្នាំ​២០២៩ បន្ទាប់​ពី​រយៈ​ពេល​៥​ឆ្នាំ​ដែល​ផ្ដល់​ឲ្យ​សម្រាប់​ការ​ត្រៀម​ចាក​ចេញ​ដោយ​រលូន។


ប្រទេស​ដែល​ត្រូវ​ចាក​ចេញ​ពី​ក្រុមប្រទេសអភិវឌ្ឍតិចតួច ឬ ប្រទេស​ក្រីក្រ​ជាមួយ​និង​កម្ពុជា គឺ​ប្រទេស​សេណេហ្គាល់។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​មហា​សន្និបាត​នៃ​អង្គការ​សហប្រជាជាតិ ថ្លែង​ថា៖ «ប្រទេស​ទាំង​ពីរ​នឺង​ត្រូវ​ចាក​ចេញ​ពី​​​ក្រុម​ប្រទេស​អភិវឌ្ឍ​តិច​តួច នៅ​ថ្ងៃ​ទី១៩ ខែធ្នូ ឆ្នាំ២០២៩ បន្ទាប់​ពី​ទទួល​បាន​​រយៈ​ពេល​សម្រាប់​ការ​ត្រៀម​ខ្លួន​ ៥ ឆ្នាំ ដោយ​គោលការណ៍​លើក​លែង ដែល​ជា​ធម្មតា ពេល​វេលា​សម្រាប់​ត្រៀម​មាន​រយៈ​ពេល​តែ ៣​ឆ្នាំប៉ុណ្ណោះ ដើម្បី​ឲ្យ​ប្រទេស​នានា​ត្រៀម​ខ្លួន​ដោយ​ប្រសិទ្ធភាព និង​ធានា​បាន​​នូវ​ការ​ចាក​ចេញ​ពី​ក្រុម​ប្រទេស​ទាំង​នេះ​ដោយ​រលូន»។


ប្រទេស​កម្ពុជា ត្រូវ​បាន​ចាត់​ចូល​ក្នុង​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច ឬ​ប្រទេស​ក្រីក្រ​នៅ​ឆ្នាំ​១៩៩១។

ការ​ចាត់​ចូល​ក្នុង​ចំណាត់​ថ្នាក់​នៃ​ក្រុម​ប្រទេស​នេះ ជួយ​ឲ្យ​កម្ពុជា​ទទួល​បាន​ផល​ប្រយោជន៍​ជាច្រើន​ ជាពិសេស​ការ​អនុគ្រោះ​ពន្ធ ដូចជា ករណី​ EBA របស់​សហភាព​អឺរ៉ុប និង ប្រព័ន្ធ​ GSP របស់​សហរដ្ឋ​អាមេរិក​ និង​ប្រទេស​ផ្សេង​ទៀត ក៏​ដូចជា​ ជំនួយ​អភិវឌ្ឍន៍​នានា។


យ៉ាង​ណា​ក៏​ដោយ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ថ្លែង​ថា កម្ពុជា​បាន​និង​កំពុង​ត្រៀម​ខ្លួន​ដើម្បី​ចាក​ចេញ​ពី​ឋានៈ​ប្រទេស​អភិវឌ្ឍន៍​តិចតួច ដោយ​រដ្ឋាភិបាលបាន​ដាក់​ចេញ​យន្តការ​ និង គោលនយោបាយ​ពាក់​ព័ន្ធ​ជា​ច្រើន៕