ភ្នំពេញៈ ផែនការសកម្មភាពសម្រាប់ពង្រឹងការអភិរក្សនិងស្តារសត្វក្តាន់ឆ្នាំ២០២៥-២០៣៥ នៅក្នុងប្រទេសកម្ពុជាកំពុងតែត្រូវបានព្រាងឡើង ដើម្បីទប់ស្កាត់ កុំឱ្យសត្វប្រភេទនេះផុតពូជពីកម្ពុជា ក្រោយពីប្រទេសជិតខាង និងក្នុងតំបន់មួយចំនួនបានផុតពូជប្រភេទសត្វនេះទៅហើយ។
ក្រសួងបរិស្ថានបានឱ្យដឹងនាថ្ងៃអង្គារទី២៤ ខែធ្នូនេះថា កម្ពុជាកំពុងពង្រឹងផែនការសកម្មភាព សម្រាប់ការអភិរក្ស និងស្តារសត្វក្តាន់ ដែលកំពុងរងគ្រោះថ្នាក់ជិតផុតពូជនៅលើពិភពលោក។
ប្រភេទសត្វនេះត្រូវបានចាត់ទុកជាប្រភេទកំពុងរងគ្រោះថ្នាក់ជិតផុតពូជ នៅក្នុងបញ្ជីក្រហម នៃអង្គការសហភាពអន្តរជាតិ សម្រាប់ការពារធម្មជាតិ (IUCN)។
ក្រសួងបានបញ្ជាក់ថា សត្វក្តាន់មានវត្តមាននៅក្នុងប្រទេសកម្ពុជាប្រមាណ ១០០ក្បាលប៉ុណ្ណោះ នៅក្នុងដែនជម្រកសត្វព្រៃព្រែកប្រសព្វ នៃខេត្តក្រចេះ និងនៅតាមតំបន់ការពារធម្មជាតិ មួយចំនួនទៀតមាននៅក្នុងភូមិសាស្រ្តខេត្តកោះកុង។
អង្គការ WWF-កម្ពុជាក៏បានឱ្យដឹងផងដែរថា សត្វក្តាន់ គឺជាប្រភេទថនិកសត្វ ដែលធ្លាប់រស់នៅតំបន់ដីសើម និងវាលស្មៅនៅអាស៊ីអាគ្នេយ៍។
អង្គការបានលើកឡើងថា៖«ជាក់ស្តែងមានកត្តាប្រឈមជាច្រើន ដូចជាការបាត់បង់ទីជម្រក ការធ្លាក់ចុះនៃចំនួនសត្វក្តាន់ និងការបរបាញ់ បានជំរុញឱ្យសត្វក្តាន់ ឈានដល់ការផុតពូជនៅក្នុងប្រទេសថៃ ឡាវ វៀតណាម និងចិន»។
នៅប្រទេសកម្ពុជាវិញ ក៏ត្រូវបានសន្និដ្ឋានថា បានផុតពូជផងដែរ រហូតដល់មានការរកឃើញឡើងវិញ នៃវត្តមានសត្វក្តាន់របស់វា នៅខេត្តក្រចេះក្នុងឆ្នាំ ២០០៦ និងខេត្តកោះកុងក្នុងឆ្នាំ ២០០៨ ដែលបានក្លាយក្តីសង្ឃឹមថ្មីសម្រាប់ការរស់រានមានជីវិតរបស់ពួកវា។
អង្គការWWF-កម្ពុជា បានបញ្ជាក់ថា នៅសល់សត្វក្តាន់ តិចជាង ១០០ ក្បាល តាមរយៈការស្រាវជ្រាវ ដែលកំពុងបន្តលើសត្វក្តាន់នៅខេត្តក្រចេះ ចាប់តាំងពីឆ្នាំ ២០២០។
អង្គការបានលើកឡើងថា វិធានការបន្ទាន់ត្រូវបានធ្វើឡើង ដើម្បីកុំឱ្យប្រភេទសត្វក្តាន់នេះផុតពូជនៅកម្ពុជា។
អង្គការកំពុងធ្វើការរួមគ្នាជាមួយ ក្រសួងពាក់ព័ន្ធ និងអង្គការដៃគូ ក្នុងកិច្ចខិតខំប្រឹងប្រែងការអភិរក្សសត្វក្តាន់ ជាមួយនឹងយុទ្ធសាស្រ្ត និងសកម្មភាពបន្ថែមទៀត។
ដើម្បីពង្រឹងការគ្រប់គ្រងនិងស្តារប្រភេទសត្វក្តាន់នេះ ក្រសួងបរិស្ថាន ក្រោមកិច្ចសហការជាមួយអង្គការWWF-កម្ពុជាបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី«ការរៀបចំផែនការសកម្មភាពសម្រាប់ការអភិរក្ស និងស្តារសត្វក្តាន់ ២០២៥-២០៣៥ នៅក្នុងប្រទេសកម្ពុជា»នាថ្ងៃទី២៣ ខែធ្នូនេះ ក្នុងខេត្តសៀមរាប។
សិក្ខាសាលាពិគ្រោះយោបល់នេះមានការចូលរួមពី ថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងបរិស្ថាន តំណាងគណៈអភិបាលខេត្តក្រចេះ តំណាងនាយកដ្ឋានចំណុះ នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ មន្ទីរបរិស្ថានខេត្តក្រចេះ មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង តំណាងសហគមន៍មូលដ្ឋាន និងអង្គការដៃគូពាក់ព័ន្ធមួយចំនួនទៀត។
អគ្គនាយក នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នៃក្រសួងបរិស្ថាន លោកស្រី ស៊ុនលាង បានលើកឡើងក្នុងឱកាសនោះថា ការរៀបចំផែនការសកម្មភាពសម្រាប់ការអភិរក្ស និងស្តារសត្វក្តាន់នេះ គឺស្របទៅនឹងគោលដៅរបស់យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន២០២៣-២០២៨។
ផែនការនេះ ជាផែនការយុទ្ធសាស្ត្ររយៈពេលវែង ក្នុងការការពារប្រភេទសត្វកំពុងរងគ្រោះថ្នាក់ជិតផុតពូជ និងជាសម្បត្តិធម្មជាតិដ៏មានតម្លៃរបស់ប្រទេសកម្ពុជា និងពិភពលោក។
លោកបានបញ្ជាក់ថា៖«ផែនការការសកម្មភាពនេះក៏ស្របទៅនឹងផែនការយុទ្ធសាស្រ្តជាតិសម្រាប់ជីវៈចម្រុះរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្តេជ្ញាចិត្តការការពារធនធានជីវៈចម្រុះ ដូចជា ប្រភេទសត្វក្តាន់ និងទីជម្រករបស់វាមិនឱ្យបាត់បង់។ ជាពិសេសការរៀបចំនៃកម្មវិធីស្តារឡើងវិញ គឺជួយធានាបាននូវការរក្សាសេនេទិច ប្រភេទនេះបានគង់វង្សយូរអង្វែង»៕