អ្នក​វិភាគ​ក្នុង​វិស័យ​សារព័ត៌មាន​ថ្លែង​ថា ច្បាប់​ស្ដី​ពី​របប​សារព័ត៌មាន ដែល​បង្កើត​តាំង​ពី​ឆ្នាំ​ ១៩៩៥ នៅ​តែ​មិន​ត្រូវ​បាន​យក​មក​ប្រើ​ នៅ​ពេល​អ្នកសារព័ត៌មាន​រង​បណ្ដឹង​ពាក់​ព័ន្ធ​នឹង​កំហុស​ក្រម​សីលធម៌ វិជ្ជា​ជីវៈ។


ការ​ថ្លែង​បែប​នេះ​ធ្វើ​ឡើង​ភ្ជាប់​ទៅ​នឹង​បណ្ដឹង​របស់​លោក សួស ឡា ប្រធាន​តុលាការ​ខេត្ត​កំពង់​ចាម​ ទៅ​លើ​លោក ផាត់ ហ៊ន ដែល​គេ​ស្គាល់​នៅ​លើ​បណ្ដាញ​សង្គម​ថា​ឈ្មោះ​ ពូ ហ៊ន ដែលត្រូវ​បាន​ផ្ទេរ​ពី​តុលាការ​សាម៉ី​ខេត្ត​កំពង់​ចាម មក​ទី​ក្រុង​ភ្នំពេញ ពាក់​ព័ន្ធ​នឹង​ការ​ផ្សាយ​របស់​លោក ផាត់ ហ៊ន ដែល​លោក​ទទួល​ស្គាល់​ថា ខុស​ពី​ការ​ពិត។

កាល​ពី​ថ្ងៃ​ទី២០ ខែ​វិច្ឆិកា លោក ផាត់ ហ៊ន បាន​ផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ឈ្មោះ KH Plus News អំពី​ជម្លោះ​ដី​ធ្លី​មួយ​នៅ​ឃុំ​ហាន់ជ័យ ស្រុក​​កំពង់សៀម ខេត្ត​កំពង់​ចាម ដោយ​លោក​សម្ភាស​ភាគី​ម្ខាង​នៃ​ជម្លោះ​ដែល​អះអាង​ថា​ខ្លួន​បាន​ចាញ់​ក្ដី​ដោយសារ​តែ​តុលាការ​ច្រាន​ចោល​ពាក្យ​បណ្ដឹង​របស់​លោក​ហើយ​លោក​បាន​ក្លាយ​ជា​ជន​រងគ្រោះ ខណៈ​ដែល​ភាគី​ម្ខាង​ទៀត​បាន​អះអាងថា​​ខ្លួន​ជា​អ្នក​ឈ្នះ ហើយ​បាន​សាង​សង់​បង្គន់​លើ​ដី​មាន​ទំនាស់។


ដោយ​ផ្អែក​លើ​​ការ​អះអាង​របស់​ភាគី​តែ​ម្ខាង​នៃ​ជម្លោះ ​លោក ផាត់ ហ៊ន បាន​ផ្សាយ​ផ្ទាល់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ដោយ​មាន​ពាក្យ​រិះគន់​ទាំង​ទៅ​លើ​ស្ថាប័ន​តុលាការ និង​លើ​អាជ្ញាធរ​មូលដ្ឋាន។ 

នៅ​ថ្ងៃ​ទី២១ ខែ​វិច្ឆិកា មួយ​​ថ្ងៃ​​បន្ទាប់​ពី​ការ​ផ្សព្វផ្សាយ​នោះ សាលា​ដំបូង​ខេត្ត​កំពង់​ចាម បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ ដោយ​បំភ្លឺ​ថា តុលាការ​មិន​ដែល​បាន​ឈាន​ដល់​ការ​សម្រេច​លើ​ជម្លោះ​ដីធ្លី​នោះ​ទេ។


អ្នក​នាំពាក្យ​សាលាដំបូង និង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កំពង់​ចាម ចាត់​ទុក​ការ​ផ្សព្វផ្សាយ​របស់​លោក ផាត់ ហ៊ន ថា​ជា​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត មិន​គ្រប់​ជ្រុង​ជ្រោយ និង​ការ​ប្រើប្រាស់​ពាក្យ​ពេចន៍​ប្រមាថ​ធ្ងន់ធ្ងរ ហើយ​ចាត់​ទុក​ថា​ជា «បទ​ល្មើស​ព្រហ្មទណ្ឌ»។

នៅ​ថ្ងៃ​ទី២៧ ខែ​វិច្ឆិកា លោក សួស ឡា ប្រធាន​សាលា​ដំបូង​ខេត្ត​កំពង់​ចាម បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កំពង់​ចាម​ ដោយ​ប្ដឹង​លោក ផាត់ ហ៊ន ពី​បទ «បរិហារ​កេរ្តិ៍​ជា​សាធារណៈ ការ​ប្រមាថ​លើ​ស្ថាប័ន ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត​បង្ខូច​ឈ្មោះ​ស្ថាប័ន​តុលាការ និង​ការ​រិះ​គន់​លើ​សេចក្ដី​សម្រេច​របស់​តុលាការ​ពាក់​ព័ន្ធ​នឹង​ការ​លើក​ចោល​ដីកា​សម្រេច​រក្សា​ការពារ»។

នៅ​ថ្ងៃ​ទី១៩ ខែ​ធ្នូ លោក ផាត់ ហ៊ន បាន​ចូល​បំភ្លឺ​នៅ​តុលាការ​តាម​ការ​កោះ​ហៅ​ដើម្បី​សាក​សួរ​លើ​ «សំណុំ​រឿង​ព្រហ្មទណ្ឌ» ដែល​លោក សួស ឡា ​បាន​ប្ដឹង​លើ​រូប​លោក។ 

លោក​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ការ​សាកសួរ​ថា លោក​ទទួល​ស្គាល់​កំហុស និង​សុំ​ទោស​ដល់​តុលាការ និង​ភាគី​ពាក់​ព័ន្ធ ដោយ​សារ​តែ​ការ​ប្រមូល​ព័ត៌មាន​មិន​គ្រប់​ជ្រុង​ជ្រោយ សម្ភាស​ភាគី​តែ​ម្ខាង និង​​ការ​ប្រើ​ពាក្យ​សម្ដី​មិន​សមរម្យ​លើ​ស្ថាប័ន​តុលាការ និង​អាជ្ញាធរ។

យ៉ាងណា​ក៏​ដោយ សំណុំ​រឿង​លើ​រូប​លោក​ ត្រូវ​បាន​ផ្ទេរ​មក​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​រួចហើយ តាម​ការ​សម្រេច​របស់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ចុះ​ថ្ងៃ​ទី២៣ ខែធ្នូ ដើម្បី​បន្ត​នីតិវិធី។

យោង​តាម​មាត្រា ១០ នៃ​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​ ការ​អះអាង​ ទម្លាក់​កំហុស​ដែល​អ្នក​សារព័ត៌មាន​ផ្សាយ​ខុស​ពី​ការពិត​ទៅ​លើ​បុគ្គល​សាធារណៈ​ក្នុង​ន័យ​បំផ្លាញ​បុគ្គល​នោះ គឺ​ជា​ការ​មួល​បង្កាច់​ដែល​ច្បាប់​ហាម​ឃាត់។ 

ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា ការ​ផ្សាយ​នោះ​ពិត​ជា​ខុសពី​ការពិត​ ដូច​អ្វី​ដែល​ «ដើម​បណ្ដឹង​រដ្ឋប្បវេណី» ​បាន​អះអាង អ្នកសារព័ត៌មាន ត្រូវ​បាន​តម្រូវ​ឲ្យ​ចុះ​ផ្សាយ​កែ​តម្រូវ និង​សង​ជំងឺ​ចិត្ត។

ចំណោះ​ជន​ដែល​មិន​មែន​ជា​បុគ្គល​សាធារណៈ ពួក​គេ​អាច​ប្ដឹង​អ្នក​សារព័ត៌មាន​ពី​បទ​​បរិហារកេរ្តិ៍ ឬ​ជេរ​ប្រមាថ ប្រសិន​បើ​អ្នកសារព័ត៌មាន​នោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​និង​សេចក្ដី​ថ្លៃ​ថ្នូរ​របស់​ខ្លួន ហើយ​អ្នក​សារព័ត៌មាន​ត្រូវ​កែតម្រូវ​ការ​ចុះ​ផ្សាយ​របស់​ខ្លួន​ក្នុង​រយៈ​ពេល​ ៧ ថ្ងៃ។

យ៉ាង​ណា​ក៏​ដោយ ករណី​របស់​លោក ផាត់ ហ៊ន ត្រូវ​បាន​តុលាការ​ខេត្ត​កំពង់​ចាម ​កំណត់​តាំង​ពី​ដំបូង​​ថា​ជា​បណ្ដឹង «ព្រហ្មទណ្ឌ» ព្រម​ទាំង​បាន​អះអាង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី២១ ខែ​ធ្នូ​ថា ករណី​នេះ «មាន​តម្រុយ​ព្រហ្មទណ្ឌ»។

លោក ផាត់ ហ៊ន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ទី២៤ ធ្នូ នេះ​ថា លោក​ពិត​ជា​បាន​ផ្សាយ​ខុស​ដោយ​សារ​តែ​ការ​ប្រាប់​ព័ត៌មាន​ខុស​ពី​ការពិត​របស់​ប្រភព​ព័ត៌មាន។ លោក​បាន​ទទួល​ស្គាល់​កំហុស និង​បាន​សុំ​ទោស​នៅ​មុខ​តុលាការ​រួច​ហើយ។ 

ខណៈ​ដែល​សំណុំ​រឿង​នេះ​ត្រូវ​ផ្ទេរ​មក​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក​កំពុង​សរសេរ​លិខិត​ទៅ​ក្រសួង​យុត្តិធម៌​ដើម្បី​បញ្ជាក់​ពី​ការ​ទទួល​កំហុស និង​សុំទោស​ចំពោះ​ការ​ចុះ​ផ្សាយ​ខុស។

លោក ទេព អស្នារិទ្ធ អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន ថ្លែង​នៅ​ថ្ងៃ​ទី២៤ ខែ​ធ្នូ​ថា ការ​ការពារ​ផ្នែក​ច្បាប់​សម្រាប់​អ្នក​សារព័ត៌មាន​ គឺ​ជា​អាទិភាព​យ​របស់​ក្រសួង​ព័ត៌មាន​ដែល​បាន​អនុវត្ត​ចាប់​តាំង​ពី​ដើម​អាណត្តិ សម្រាប់​អ្នក​សារព័ត៌មាន​ចុះ​បញ្ជី​នៅ​ក្រសួង​ព័ត៌មាន​ ហើយ​បាន​អនុវត្ត​ការងារ​ខ្លួន​ដោយ​គោរព​ប្រតិបត្តិ​ក្រមសីលធម៌​វិជ្ជាជីវៈ​ត្រឹម​ត្រូវ។

លោក​ថា បើ​មាន​សំណើ​ពី​អ្នកសារព័ត៌មាន​ ដែល​សមស្រប​និង​មាន​អនុលោម​ភាព ក្រសួង​ផ្តល់​ការ​សម្រប​សម្រួល​ក្នុង​ដំណើរ​ការ​នីតិវិធី ប្រឹក្សា​ផ្នែក​ច្បាប់ ឬ​ផ្តល់​មេធាវី​ដើម្បី​ការពារ​ក្តី។

យ៉ាង​ណា​ក៏​ដោយ លោក​ថ្លែង​ថា៖ « សម្រាប់​អ្នក​សារព័ត៌មាន​ដែល​ប្រព្រឹត្ត​កំហុស​វិជ្ជាជីវៈ​ក្នុង​ក្របខណ្ឌ​នៃ​ច្បាប់​ស្តី​ពី​របប​សារព័ត៌មាន ជា​សត្យានុម័ត​គឺ​ច្បាប់​ស្តីពី​របប​សារព័ត៌មាន​ត្រូវ​បាន​អនុវត្ត។ 

ផ្ទុយ​ទៅ​វិញ​ ច្បាប់​នេះ​មិន​អាច​ការ​ពារ​បាន​ទេ​ចំពោះ ​អ្នក​ដែល​មិន​គោរព​ក្រម​សីលធម៌ អនុវត្ត​សកម្មភាព​របស់​ខ្លួន​ហួស​ដែន​ដែល​ច្បាប់​កំណត់»។

លោក​ស្នើ​ឲ្យ​អ្នកសារព័ត៌មាន​ជានិច្ចកាល ​ពង្រឹង​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​អនុវត្ត​ការងារ និង​ត្រូវ​បង្កើន​ការ​ស្វែង​យល់ និង​ពិភាក្សា​ឱ្យ​បាន​ស៊ីជម្រៅ​បន្ថែម​អំពី​សិទ្ធិ តួនាទី និង​ករណីយកិច្ច​របស់​ខ្លួន។

លោក មឿន ឈានណារិទ្ធ សាស្ត្រាចារ្យ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​សាកល​វិទ្យាល័យ​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា វា​ជា​រឿង​សោក​ស្ដាយ​ដែល​អ្នកសារព័ត៌មាន​ប្រព្រឹត្តិ​កំហុស​វិជ្ជាជីវៈ និង​មិន​បាន​គោរព​ក្រម​សីលធម៌។ លោក​ជំរុញ ឲ្យ​អ្នក​សារព័ត៌មាន​ទាំង​អស់​អនុវត្ត​តាម​វិជ្ជាជីវៈ និង​គោរព​ក្រម​សីលធម៌​ឲ្យ​បាន​ខ្ជាប់​ខ្ជួន។

លោក​បន្ត​ថា ចំពោះ​ករណី​លោក ផាត់​ ហ៊ន ​ទម្រង់​នៃ​កំហុស​របស់​គាត់​មិន​​ធ្ងន់ធ្ងរ​នោះ​ទេ គួរ​តែ​ផ្ដល់​ឱកាស​ឲ្យ​គាត់​កែ​តម្រូវ និង​សុំ​ទោស។ 

លោក​ស្នើ​ឲ្យ​អាជ្ញាធរ​ទាំង​អស់​​មាន​ការ​អត់​ធ្មត់​ចំពោះ​កំហុស​វិជ្ជាជីវៈ​របស់​អ្នក​សារព័ត៌មាន ក្នុង​ពេល​ដែល​មនុស្ស​ទាំង​អស់​កំពុង​លើក​តម្កើង​វិជ្ជា​ជីវៈ​ និង​ក្រម​សីលធម៌​របស់​អ្នក​សារព័ត៌មាន។

លោក​ថ្លែង​ថា៖ «កន្លង​មក​ យើង​កម្រ​ឃើញ​មាន​ការ​យក​ច្បាប់​សារព័ត៌មាន​ទៅ​អនុវត្ត​ ជំនុំ​ជម្រះ​ទោស​កំហុស​អ្នក​សារព័ត៌មាន​ដែល​ប្រព្រឹត្ត​ខុស​វិជ្ជាជីវៈ​ណាស់។ បើសិន​គេ​យក​ច្បាប់​សារព័ត៌មាន​ទៅ​ប្រើប្រាស់​​នោះ យើង​អាច​ថា ស្ទើរ​តែ​គ្មាន​អ្នក​សារព័ត៌មាន​ណា​ម្នាក់​ដែល​ជាប់​ពន្ធនាគារ​នោះ​ទេ។ នេះ​បើ​យោង​តាម​មាត្រា ២០ នៃ​ច្បាប់​ស្ដី​ពី​របប​សារព័ត៌មាន ដែល​ចែង​ថា គ្មាន​ជន​ណា​ម្នាក់​ត្រូវ​បាន​ចាប់​ចង ឬ​ជាប់​ពន្ធនាគារ​ដោយ​ការ​បញ្ចេញ​មតិ​នោះ​ឡើយ»។

លោក ណុប វី ប្រធាន​សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ថ្លែង​ថា ច្បាប់​សារព័ត៌មាន​មិន​ដែល​ត្រូវ​បាន​យក​មក​ប្រើ​ទេ ផ្ទុយ​ទៅ​វិញ នៅ​ពេល​មាន​កំហុស​វិជ្ជាជីវៈ​របស់​អ្នក​សារព័ត៌មាន​ ក្រម​ព្រហ្មទណ្ឌ​ត្រូវ​បាន​យក​មក​ប្រើ។

លោក​ថ្លែង​ថា៖ «យើង​ឃើញ​ថា ស្ថាប័ន​រដ្ឋ​នៅ​តែ​មាន​ឥទ្ធិពល​ទៅ​លើ​ការងារ​របស់​អ្នក​សារព័ត៌មាន។ នៅ​ប្រទេស​មួយ​ចំនួន​គេ​មាន​ក្រុមប្រឹក្សា​ក្រមសីលធម៌ ដែល​ឯករាជ្យ ដែល​ជា​អ្នក​ណែនាំ និង​ដាក់​ពិន័យ​ដល់​អ្នក​សារព័ត៌មាន​ ដើម្បី​ចៀសវាង​ការប្រើ​ប្រាស់​អំណាច​ពី​សំណាក់​ស្ថាប័ន​រដ្ឋាភិបាល»។
​​
លោក​មើល​ឃើញ​ពី​រួម​ចំណែក​​​របស់​អ្នកសារព័ត៌មាន​នៅ​តាម​មូលដ្ឋាន ក្នុង​ការ​រាយការណ៍​បញ្ហា​ក្នុង​សហគមន៍ និង​​​រឿង​អយុត្តិធម៌​សង្គម ទោះ​បី​ជា​ការ​រាយការណ៍​របស់​ពួក​គេ​មិន​សូវ​គោរព​ទៅ​តាម​វិជ្ជាជីវៈ និង​ក្រម​សីលធម៌​ក៏​ដោយ៕