ភ្នំពេញៈ ក្រុមការងាររបស់អន្តរក្រសួងបាននឹងកំពុងតែរៀបចំបង្កើតគោលការណ៍ នៃការប្រើប្រាស់ដីក្នុងតំបន់បឹងទន្លេសាប ជាពិសេសពាក់ព័ន្ធទៅនឹង លក្ខខណ្ឌ នៃការប្រើប្រាស់ជី និងថ្នាំគីមី បន្ទាប់ពីការវាស់វែងកំណត់ផ្ទៃដីបឹងនេះ ត្រូវបានបញ្ចប់ ដែលមានទំហំជាង១,៤លានហិកតាក្នុងខេត្តទាំង៦។
អនុប្រធានក្តាប់រួម នៃអាជ្ញាធរទន្លេសាប លោកហ៊ែល តូនីបានឱ្យដឹងថា ការបង្កើតគោលការណ៍នេះ គឺធ្វើឡើងទៅតាមការណែនាំរបស់ប្រមុខរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត ដើម្បីកំណត់ បែងចែកការគ្រប់គ្រង និងការប្រើប្រាស់ដីក្នុងតំបន់បឹងទន្លេសាប ក្នុងទិសដៅការធានាបាននូវការការពារ ថែរក្សា ទប់ស្កាត់ និងគ្រប់គ្រងតំបន់បឹងទន្លេសាប ប្រកបដោយចីរភាព និងនិរន្តរភាព។
លោកមានប្រសាសន៍ថា៖«អន្តរក្រសួងកំពុងតែដំណើរការធ្វើកិច្ចការងារនេះហើយ ទៅតាមការណែនាំរបស់សម្តេច ដើម្បីរៀបចំចេញជាក្រម នៅក្នុងការប្រើប្រាស់ដី នៅតំបន់បឹងទន្លេសាប តំបន់១ប្រើប្រាស់អី មានលក្ខខណ្ឌនៅក្នុងការប្រើប្រាស់ជីគីមី យ៉ាងម៉េចអីម៉េច»។
ក្រុមការងារ និងមន្រ្តីបច្ចេកទេសនៃក្រសួងជំនាញពាក់ព័ន្ធទាំងនោះមានដូចជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងបរិស្ថាន និងអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាបជាដើម។
បឹងទន្លេសាបត្រូវបានចែកជា៣តំបន់សំខាន់ៗ។ ក្នុងនោះ តំបន់១ ជាតំបន់សម្រាប់លំនៅដ្ឋាន និងស្រែចំការរបស់ប្រជាពលរដ្ឋ។
ពួកគាត់ទទួលបានសិទ្ធិកាន់កាប់ស្របច្បាប់។ តំបន់២ ជាតំបន់ប្រើប្រាស់អាស្រ័យផល និងរក្សាទុកជាតំបន់ទ្រនាប់ការពារ ហើយ តំបន់៣វិញ ជាតំបន់ដែនព្រៃលិចទឹក ដែលហាមប៉ះពាល់ និងត្រូវការពារជាដាច់ខាត។ តំបន់ទាំងនេះ ស្ថិតក្នុងខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងកំពង់ធំ។
ការធ្វើបច្ចុប្បន្នភាពផែនទី នៃទំហំផ្ទៃដីតំបន់ទាំង៣ នៃបឹងទន្លេសាប ក្នុងខេត្តទាំង៦ ក្រោយពីពិនិត្យឡើងវិញ និងចុះផ្ទៀងផ្ទាត់ទីតាំងជាក់ស្តែងនៅដំណាក់កាលទី៣ ឃើញថា ទំហំផ្ទៃដីតំបន់១មានចំនួន ៤៣៦ ៨៧៩,១១ ហិកតា, តំបន់២មានចំនួន ៤១៣ ៤៨៨,០៨ ហិកតា និង តំបន់៣មានចំនួន ៥៦១ ៦៣៤,៦០ ហិកតា។ នេះបើយោងតាមក្រសួងធនធាន ទឹក និងឧតុនិយម។
ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី កាលពីខែវិច្ឆិកា កន្លងមក លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ការងារបន្ទាប់ ក្រោយពីបោះបង្គោលកំណត់ នៃផ្ទៃដីបឹងទន្លេសាបរួចហើយនោះ គឺការបង្កើតគោលការណ៍ និងលក្ខខណ្ឌ នៃការប្រើប្រាស់ដី។
លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍ដូច្នេះថា៖«ឥលូវកំណត់ព្រំច្បាស់ហើយ ត្រូវធ្វើការចុះផ្សព្វផ្សាយឱ្យប្រជាជន បានដឹង ត្រូវកំណត់គោលការណ៍ លក្ខខណ្ឌឱ្យបានច្បាស់ ថាតើ តំបន់នេះអាចធ្វើអី មិនអាចធ្វើអី។ តំបន់១ធ្វើអី តំបន់២ ធ្វើអី និងតំបន់៣ហាមយ៉ាងម៉េច ឱ្យស្របទៅនឹងតថភាពជាក់ស្តែងនៅលើដី។ ឯកភាពគ្នាហើយ ត្រូវធ្វើ ដែលនេះជាកិច្ចការចំាបាច់»។
លោកបានណែនាំដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវធ្វើការការពារបឹងទន្លេសាប ក៏ដូចជា ធានានូវតុល្យភាព រវាងតម្រូវការ នៃការរស់នៅរបស់ប្រជាពលរដ្ឋ ជាមួយនឹងការការពារធនធានធម្មជាតិ ដើម្បីផលប្រយោជន៍រួមទាំងអស់គ្នា។
ប្រមុខរដ្ឋាភិបាលបញ្ជាក់ថា៖«ធ្វើកសិកម្ម ក៏ធ្វើ ប៉ុន្តែត្រូវមានព្រំដែន។ កុំប្រើជីប្រភេទណា ដែលអាចបំផ្លាញជីវចម្រុះ ឬមួយបំផ្លាញដី។ អាហ្នឹងត្រូវតែរស់ទាំងស់គ្នា។ បើយើងធ្វើមិនស្រួលទេ វាធ្វើឱ្យខូចដីយើង។ ពេលទឹកឡើងមក គឺសម្លាប់អាជីវចម្រុះទាំងអស់។ ត្រី ក៏នៅមិនបាន។ អញ្ជឹងសុំគោលការណ៍នេះ យើងនឹងចេញគោលការនេះ និងអនុវត្តឱ្យបានម៉ឺងមាត់»។
លោកហ៊ែល តូនីក៏បានឱ្យដឹងផងដែរថា អាជ្ញាធរទន្លេសាបបាននឹងកំពុងតែចុះធ្វើការប្រជុំផ្សព្វផ្សាយ អំពីវិធានការ នៃការចូលរួមការពារ ទប់ស្កាត់ និងគ្រប់គ្រងតំបន់បឹងទន្លេសាប ដល់មន្ទីរអង្គភាពជំនាញ កងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរដែនដីជាដើម។
ការប្រជុំជាបន្តបន្ទាប់ ដែលធ្វើឡើងជាមួយនឹងអាជ្ញាធរខេត្តទាំង៦ និងខេត្តជុំវិញបឹងទន្លេសាបទាំង២ ដូចជាកណ្តាល និងខេត្តកំពង់ចាម គឺដើម្បីឱ្យពួកគាត់ យកទៅផ្សព្វផ្សាយបន្ត ទៅដល់ពលរដ្ឋ និងសហគមន៍មូលដ្ឋាន ក្នុងការចូលរួម ធានាបាននូវប្រសិទ្ធភាព អនុវត្តដល់ការគ្រប់គ្រង និងការប្រើប្រាស់ដីធ្លី និងធនធានធម្មជាតិក្នុងតំបន់បឹងទន្លេសាប ប្រកបដោយចីរភាព និងនិរន្តរភាព៕