អភិបាល​ខេត្ត​កណ្ដាល លោក គួច ចំរើន លើក​ទឹក​ចិត្ត​ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​ចម្លាក់​ប្រាក់​ស្ពាន់​បង្កើត​ជា​សមាគម​អ្នក​ផលិត​ចម្លាក់​ប្រាក់​ស្ពាន់​ខេត្ត​កណ្តាល ដើម្បី​ទទួល​បាន​ទីផ្សារ​កាន់​តែ​ទូលំទូលាយ និង​មាន​ការ​ប្រកួត​ប្រជែង​ស្នាដៃ។


ការ​លើក​ទឹក​ចិត្ត​នេះ​ធ្វើ​ឡើង​នៅ​ពេល​លោក​ជួប​ជាមួយ​​ប្រជាពលរដ្ឋ​នៅ​ភូមិ​កោះ​ចិន ឃុំ​កោះ​ចិន ស្រុក​ពញាឮ ខេត្ត​កណ្ដាល​ប្រមាណ ២០០​នាក់​ដែល​ប្រកប​របរ​ចម្លាក់​ប្រាក់ ស្ពាន់ នៅ​ថ្ងៃ​ទី២៤ ខែ​ធ្នូ​នេះ។ នេះ​បើ​តាម​រដ្ឋបាល​ខេត្ត​កណ្ដាល។

នៅ​ក្នុង​ពេល​ជួប​សំណេះ​សំណាល​នេះ លោក​លើក​ទឹក​ចិត្ត​ឲ្យ​ពលរដ្ឋ​ជា​ជាង​ចម្លាក់​ប្រាក់ ស្ពាន់​ទាំង​អស់​បង្កើន​ស្នាដៃ​ឲ្យ​កាន់​តែ​មាន​គុណភាព​ខ្ពស់ មាន​ក្បួន​ខ្នាត​ត្រឹម​ត្រូវ មាន​រចនាបថ​ថ្មីៗ​ស្រប​ទៅ​តាម​តម្រូវ​ការ​ទីផ្សារ ដើម្បី​បង្កើន​ប្រាក់​ចំណូល បាន​កាន់​តែ​បាន​ប្រសើរ​ថែម​ទៀត និង​រក្សា​រចនាបថ​ខ្មែរ។


រដ្ឋបាល​ខេត្ត​កណ្ដាល​បាន​បញ្ជក់​ថា លោក គួច ចំរើន «បាន​ស្នើ​ដល់​អាជ្ញាធរ និង​មន្ទីរ​ពាក់​ព័ន្ធ​ឲ្យ​រៀប​ចំ​មាន​ការ​ប្រឡង​យក​ស្នាដៃ​ចម្លាក់​ប្រាក់​ស្ពាន់ ដើម្បី​ជ្រើស​រើស​រក​ស្នាដៃ​ដែល​លេច​ធ្លោ​ជាង​គេ ត្រឹមត្រូវ​ស្រប​ទៅ​តាម​ក្បួនខ្នាត​បុរាណ​ខ្មែរ ហើយ​រដ្ឋបាល​ខេត្ត​នឹង​ចេញ​វិញ្ញាបណ្ណប័ត្រ​ទទួល​ស្គាល់​ស្នាដៃ​នោះ»។

លោក​ គួច ចំរើន ថ្លែង​ថា ការ​ប្រឡង​ប្រជែង​យក​ស្នាដៃ​នេះ​គឺ​ដើម្បី​លើក​ស្ទួយ​វិស័យ​ចម្លាក់​ប្រាក់ ស្ពាន់ របស់​ខេត្ត​នេះ​ឲ្យ​កាន់​តែ​រីក​ចម្រើន មាន​ទីផ្សារ​ រក្សា​វប្បធម៌ កេរដំណែល​ពី​ដូនតា​កុំ​ឲ្យ​បាត់បង់។


លោក​បន្ត​ថា រដ្ឋបាល​ខេត្ត និង​មន្ទីរ​អង្គភាព​របស់​ខេត្ត​ទាំង​អស់ នឹង​យក​ចម្លាក់​ស្ពាន់​ក្នុង​ភូមិ​កោះ​ចិន​នេះ ដើម្បី​ធ្វើ​ជា​វត្ថុ​អនុស្សាវរីយ៍ សម្រាប់​ជូន​ដល់​ភ្ញៀវកិត្តិយស​ជាតិ និង​អន្តរជាតិ​ដើម្បី​ចូល​រួម​ចំណែក​ជួយ​លើក​ស្ទួយ​វិស័យ​ចម្លាក់​ប្រាក់​ស្ពាន់​ឲ្យ​កាន់​តែ​ទូលំទូលាយ និង​មាន​ការ​រីក​ចម្រើន​ឡើង​ថែម​មួយ​កម្រិត​ទៀត។

ស្រុក​ពញាឮ មាន​ប្រជាពលរដ្ឋ​ផលិត​ចម្លាក់​ប្រាក់​ ស្ពាន់ ចំនួន​១៨៩​គ្រួសារ ក្នុង​ក្នុង​នោះ​ឃុំកោះ​ចិន មាន​ចំនួន​ច្រើន​ជាង​គេ​រហូត​ដល់​ទៅ​ ១៥០​គ្រួសារ។ នេះ​បើ​តាម​លោក ថន សុវណ្ណា អភិបាល​ស្រុក​ពញាឮ៕