ភ្នំពេញៈ ករណីក្មេងទំនើង ជាង២ពាន់ ត្រូវបានបញ្ជូនទៅតុលាការរាជធានី ខេត្ត ដើម្បីចាត់វិធានការផ្លូវច្បាប់ ក្នុងរយៈពេលជាង៧ខែមកនេះ ដែលធ្វើឱ្យស្ថានភាពក្មេងទំនើងមានការថយចុះប្រមាណជា៤៥ភាគរយ ក្នុងនោះរាជធានីភ្នំពេញមានករណីក្មេងទំនើងច្រើនជាងគេ ខណៈដែលខេត្តស្ទឹងត្រែងបានក្លាយជាខេត្តគំរូ ដែលគ្មានបញ្ហាក្មេងទំនើងសោះ។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោកជិន ម៉ាលីនបានថ្លែងក្នុង សន្និសីទសារព័ត៌មានពាក់ព័ន្ធ “ករណីក្រុមក្មេងទំនើង” នាថ្ងៃពុធ ទី២៥ ខែធ្នូនេះថា អនុវត្តទៅតាមបញ្ជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងការណែនាំរបស់ក្រសួងយុត្តិធម៌ តុលាការរាជធានី ខេត្តបានទទួលចាត់ការសំណុំរឿងក្មេងទំនើងចំនួន២ ១១៥កណី ចាប់ពីថ្ងៃទី២៣ ខែឧសភាកន្លងមក ។ ក្នុងនោះ ជនដៃដល់ និងអ្នកពាក់ព័ន្ធដទៃទៀតសរុប២ ៨៤៩រូប ត្រូវបានឃុំខ្លួន។
លោកម៉ាលីនបញ្ជាក់ថា៖«ក្រោយការដាក់ចេញនូវិធានការណ៍ម៉ឺងមាត់ ពាក់ព័ន្ធនឹងករណីក្មេងទំនើងនេះ គឺមានការថយចុះ។ បើយើងប្រៀបធៀបសំណុំរឿងក្នុងខែដំបូងនៃការចាប់ផ្តើមអនុវត្តបទបញ្ជា មានចំនួន៦២៩សំណុំរឿង និងខែចុងក្រោយមកដល់ពេលនេះ មានចំនួនតែ៣៤២សំណុំរឿងប៉ុណ្ណោះ»។
លោកបន្ថែមថា កាលពីពេលចាប់ផ្តើមដំបូង ក្នុងមួយថ្ងៃមានសំណុំរឿងក្មេងទំនើងនេះ យ៉ាងហោចណាស់ពី១០ទៅ២០ ហើយមនុស្សរាប់រយនាក់ត្រូវបានឃាត់ខ្លួន។ ប៉ុន្តែនាពេលបច្ចុប្បន្ននេះ ក្នុងមួយថ្ងៃមានប្រហែលជា៤ទៅ៥សំណុំរឿងប៉ុណ្នោះ ហើយថ្ងៃខ្លះ ក៏មិនមានផងដែរ។
លោកបន្តថា ស្ថាប័នតុលាការ និងអយ្យការបានចាត់វិធានការណ៍យ៉ាងម៉ឺងមាត់ចំពោះករណីក្មេងទំនើងនេះ។ ក្នុងនោះ ភាគច្រើនត្រូវបានចោទប្រកាន់ និងផ្តន្ទាទោសពីបទ ធ្វើឱ្យខូចខាតដោយចេតនា, ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទំងន់ទោស, ហិង្សាដោយចេតនា, ហិង្សាដោយចេតនាមានស្ថានទំងន់ទោស និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាតជាដើម។
ចំពោះមូលហេតុ ដែលបណ្តាលឱ្យមានបទល្មើស គឺពាក់ព័ន្ធភាគច្រើនមកពីការសេពគប់មិត្តខុស ដើរលេងស៊ីផឹកពេលយប់ គំនុំគុំគួន ទំនាស់ស្នេហា និងការប្រើប្រាស់គ្រឿងញៀនជាដើម។
ករណីក្មេងទំនើងនេះ ត្រូវបានដាក់បញ្ជូលទៅក្នុងសំណុំរឿងអាទិភាព ដែលស្ថានប័នតុលាការ ត្រូវតែអនុវត្តច្បាប់ឱ្យបានម៉ឺងមាត់ ក្នុងការទប់ស្កាត់ និងបង្រ្កាប ដើម្បីការពារថែរក្សាសណ្តាប់ធ្នាប់ សាធារណសន្តិសុខសង្គម ជាពិសេសភាពសុខសាន្តរបស់ប្រជាជន។ ក្នុងនោះរួមមាន សំណុំរឿងគ្រឿងញៀន ក្មេងទំនើង ចរាចរណ៍ និងអាត្រានុកូលដ្ឋាន។
រដ្ឋលេខាធិការក្រសួងយុត្តិធម៌ កេង សុម៉ារិទ្ធក៏បានឱ្យដឹងក្នុងឱកាសនោះដែរថា ក្នុងរយៈពេល២១២ថ្ងៃ គិតចាប់ពីថ្ងៃទី២៣ ឧសភា ដល់ថ្ងៃទី២០ ធ្នូនេះ មានសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធក្មេងទំនើង ដែលបានបញ្ជូនទៅអយ្យការអមសាលាដំបូងនៅទូទាំងប្រទេស ចំនួន៧២០រឿង។
ក្នុងនោះសំណុំរឿងចំនួន៧១៥ត្រូវបានចាត់វិធានការច្បាប់រួចរាល់។ សំណុំរឿង ដែលស្ថិតក្នុងដំណាក់កាលអយ្យកានេះ មានការឃាត់ខ្លួនអ្នកដែលពាក់ព័ន្ធនឹងក្មេងទំនើងមាន៣ ៣០០នាក់ផងដែរ។
លោកបានឱ្យដឹងថា សាលាដំបូង និងអយ្យការសាលាដំបូង ដែលមានសំណុំរឿងក្មេងទំនើងច្រើនជាងគេបំផុតគឺរាជធានីភ្នំពេញ, ខេត្តកំពង់ស្ពឺ ទី២, តាកែវ ទី៣, បន្ទាយមានជ័យទី៤ និង ខេត្តសៀមរាប ទី៥។
លោកបញ្ជាក់ថា៖«បើនិយាយពីខេត្ត ដែលមានសំណុំរឿងតិចជាងគេបំផុតគឺខេត្តស្ទឹងត្រែង ដែលមានសូន្យករណី។ ខេត្តស្ទឹងត្រែងនេះ គឺជាខេត្តគំរូមួយ ដែលពុំមានករណីពាក់ព័ន្ធនឹងក្មេងទំនើងកើតឡើងនោះទេ ដែលខេត្តផ្សេងមើលពីលំនាំនៃការរៀបចំការងាររបស់គាត់»។ លោកបន្តថា បន្ទាប់មកមានខេត្ត កែប, បៃលិន និងព្រះវិហារ។
ទោះយ៉ាងណា លោកជិន ម៉ាលីនបានលើកឡើថា នាពេលថ្មីៗនេះ ករណីក្មេងទំនើង ដ៏សាហាវបានកក្រើកឡើងវិញដូចជានៅខេត្តតាកែវជាដើម ដែលត្រូវបន្តមានវិធានការតទៅទៀត ដោយគ្មានការលើកលែង។
ហេតុនេះ ក្រសួងយុត្តិធម៌បានរៀបចំសន្និសីទនេះឡើង ដើម្បីបង្ហាញសាធារណជនថា វិធានការទប់ស្កាត់ គឺជាវិធានការក្តៅ ម៉ឺងមាត់ ដោយគ្មានការលើកលែងចំពោះក្រុមក្មេងទំនើង។
ក្រៅពីនោះ ក៏ដើម្បីធ្វើការអំពាវនាវ ដល់អាណាព្យាបាល ឱ្យ យកចិត្តទុកដាក់តាមដានសកម្មភាពកូនរបស់ខ្លួន ហើយធ្វើការអប់រំ ទូន្មានប្រៀនប្រដៅ កុំឱ្យពួកគេដើរក្នុងផ្លូវខុស ព្រោះថា បើពាក់ព័ន្ធនឹងក្មេងទំនើង គឺមានអំពើហិង្សាហើយ ដែលមានគ្រោះថ្នាក់ដល់ជីវិតខ្លួនឯងផង បង្កបញ្ហាដល់គ្រួសារផង និងសង្គមជាតិផង។
លើសពីនោះ គឺដើម្បីដាស់តឿនទៅដល់ក្មេងៗជាយុវជន ទាំងក្មេងទំនើងផងដែរ ត្រូវកសាង និង កែប្រែខ្លួន កុំប្រព្រឹត្តនូវអំពើខុសច្បាប់ អំពើមិនគប្បីតទៅទៀត ហើយក្មេងៗដទៃទៀតកុំយកគំរូតាម ព្រោះបើពាក់ព័ន្ធនឹងក្មេងទំនើងនេះហើយ គឺថា មិនអាចរួចផុតពីសំណាញ់ច្បាប់នោះទេ។
លោកក៏បានអំពាវនាវដល់សាធារណជន ឱ្យចូលរួមសហការណ៍ ដោយធ្វើការរាយការណ៍ទៅដល់អាជ្ញាធរមានសមត្ថកិច្ច នៅពេលដែលឃើញមានបញ្ហាក្មេងទំនើងកើតមានឡើង ដើម្បីមានចំណាត់ការទាន់ពេលវេលា៕