ភ្នំពេញ៖ ចាងហ្វាងសារព័ត៌មានអនឡាញ KH Plus News ឈ្មោះ ផាត់ ហ៊ន ហៅ ពូ ហ៊ន បានរួចផុតការចោទប្រកាន់ «ព្រហ្មទណ្ឌ» ពិបទបរិហាកេរ្ដិ៍តាមសារព័ត៌មាន និងបទធ្វើឱ្យបាត់ជំនឿលើសេចក្ដីសម្រេចរបស់តុលាការ ក្រោយដើមបណ្ដឹងជាប្រធានសាលាដំបូងខេត្ដកំពង់ចាម ឈ្មោះ សួស ឡា បានសម្រេចដកពាក្យបណ្ដឹងវិញនៅថ្ងៃទី ២៤ ខែធ្នូម្សិលមិញនេះ។
ការដកពាក្យបណ្ដឹងរបស់ប្រធានតុលាការខេត្ដកំពង់ចាមលើអ្នកសារព័ត៌មាននេះ ត្រូវបានធ្វើឡើងក្រោមការសម្របសម្រួលរវាងរដ្ឋមន្ដ្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ដ្រា និងលោក កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌។
លោក កើត រិទ្ធ បានបង្ហោះសារលើបណ្ដាញសង្គម ដោយភ្ជាប់ជាមួយឯកសារផ្លូវច្បាប់មួយចំនួនថា៖ «ថ្ងៃនេះ តាមរយៈឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ខ្ញុំបានទទួលលិខិតរបស់អ្នកកាសែតឈ្មោះ ផាត់ ហ៊ន ហៅ ពូ ហ៊ន ដែលបានបង្ហាញនូវសុទ្ធចិត្តទទួលស្គាល់កំហុសរបស់ខ្លួនទាក់ទងនឹងរឿងរ៉ាវនៃការផ្សាយព័ត៌មាន និងការធ្វើអត្ថាធិប្បាយព័ត៌មាន ដោយប្រើប្រាស់ពាក្យសម្ដីមិនសមរម្យ ជេរប្រមាថចំពោះស្ថាប័នតុលាការ ព្រមទាំងបានផ្សាយព័ត៌មានមិនពិត»។
លោកបានបន្ដថា៖ «វាបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសនៃស្ថាប័នតុលាការខេត្តកំពង់ចាម ហើយតាមរយៈនេះ អ្នកកាសែត ដែលមហាជនស្គាល់ឈ្មោះថា ពូ ហ៊ន ក៏បានធ្វើការសុំទោសជាសាធារណៈចំពោះកំហុសនេះ»។
លោកបានរដ្ឋមន្ដ្រីយុត្ដិធម៌ បានឱ្យដឹងថា ក្រោយរដ្ឋមន្ដ្រីព័ត៌មានទាក់ទងពិភាក្សាស្វែងរកដំណោះស្រាយបញ្ចប់ករណីនេះ ជាពិសេស ដើម្បីលើកកម្ពស់កិច្ចសហការល្អរវាងស្ថាប័នតុលាការ និងការអនុវត្តវិជ្ជាជីវៈសារព័ត៌មាន លោកបានសម្របសម្រួល និងស្នើឱ្យប្រធានសាលាដំបូងខេត្ដកំពង់ចាមដកពាក្យបណ្ដឹង។
លោក កើត រិទ្ធ បានបញ្ជាក់ថា៖ «ប្រសិនបើតុលាការដែលជាស្ថាប័នរកយុត្តិធម៌ជូនប្រជាពលរដ្ឋ បែរជាធ្វើការសម្រេចចិត្តប្តឹងបុគ្គលណាម្នាក់ ឬអង្គភាពណាមួយ ដើម្បីឱ្យទទួលខុសត្រូវចំពោះមុខច្បាប់ គឺច្បាស់ណាស់ ជាការសម្រេចចិត្តដ៏លំបាក និងដោយសារពុំមានជម្រើសណាល្អផ្សេងពីនេះ»។
លោកបានបន្ថែមថា៖ «ហើយការប្តឹងទៀតសោត គឺពុំមានគោលបំណងអ្វីក្រៅពីការរកយុត្តិធម៌ឱ្យខ្លួនឯង ទៅតាមគន្លងក្នុងសង្គមនីតិរដ្ឋ ពិសេស គឺការការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ថាប័នរបស់ខ្លួនប៉ុណ្ណោះ»។
យោងតាមសេចក្ដីសម្រេចលើសំណើផ្ទេរសមត្ថកិច្ចក្នុងការចាត់ការសំណុំរឿងព្រហ្មទណ្ឌដែលលោក សួស ឡា បានប្ដឹងអ្នកសារព័ត៌មានឈ្មោះ ផាត់ ហ៊ន ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ ការប្រមាថលើស្ថាប័ន ការផ្សាយព័ត៌មានមិនពិតបង្អួចឈ្មោះស្ថាប័នតុលាការ និងការិះគន់លើសេចក្តីសម្រេចរបស់តុលាការពាក់ព័ន្ធ នឹងការលើកចោលដីកាសម្រេចរក្សាការពារ» គឺជាបទចោទព្រហ្មទណ្ឌ។
តុលាការខេត្តកំពង់ចាម កំណត់តាំងពីដំបូងថា ករណីរបស់លោក ផាត់ ហ៊ន ជាបណ្ដឹង «ព្រហ្មទណ្ឌ» ព្រមទាំងបានអះអាងនៅក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី២១ ខែធ្នូថា ករណីនេះ «មានតម្រុយព្រហ្មទណ្ឌ» បើទោះជាលោក មឿន ឈានណារិទ្ធ សាស្ត្រាចារ្យផ្នែកប្រព័ន្ធផ្សព្វផ្សាយនៅសាកលវិទ្យាល័យកម្ពុជា បានឱ្យដឹងថា ករណីនេះមិនធ្ងន់ធ្ងរយ៉ាងណាក៏ដោយ។
យ៉ាងណាមិញ រឿងរ៉ាវក្ដីក្ដាំងរវាងប្រធានតុលាការខេត្ដកំពង់ចាម និងចាងហ្វាងសារព័ត៌មាន KH Plus News ក្រោយលោក ផាត់ ហ៊ន បានធ្វើការសូមទោសលោក សួស ឡា ក្រោមការសម្រួបសម្រួលរបស់រដ្ឋមន្ដ្រីទាំងពីរ។
លោក កើត រិទ្ធ បានបន្ដថា៖ «ក្រោយភ្លៀង មេឃស្រឡះ។ ខ្ញុំសូមឆ្លៀតឱកាសនេះ ស្នើសុំអ្នកសារព័ត៌មានទាំងអស់ មេត្តាផ្សព្វផ្សាយព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ដែលជាយ័ន្តគាថាការពារខ្លួនដ៏ស័ក្តិសិទ្ធិតាមផ្លូវច្បាប់»។
លោកបានលើកឡើងថា ក្នុងករណីដែលមិនអាចក្តាប់ព័ត៌មានបានគ្រប់ជ្រុងជ្រោយ អ្នកសារព័ត៌មានបន្ដសាកសួរព័ត៌មានទៅអ្នកនាំពាក្យរបស់ស្ថាប័នអយ្យការ និងស្ថាប័នតុលាការ ដើម្បីចៀសវាងការផ្សាយព័ត៌មានមិនពិត ឬព័ត៌មានដែលធ្វើអោយសាធារណជនមានការភ័ន្តច្រឡំ។
លោកបានបញ្ចប់ថា៖ «ជាមួយគ្នានេះ ខ្ញុំស្នើដល់អ្នកនាំពាក្យនៃស្ថាប័នអយ្យការ និងតុលាការ យកចិត្តទុកដាក់ខ្ពស់ ក្នុងការសហការផ្តល់ព័ត៌មានចាំបាច់នានា ក្នុងក្របខ័ណ្ឌនៃការប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈក្នុងស្ថាប័ន ការមិនធ្វើអោយប៉ះពាល់ដល់ជីវិតឯកជននៃបុគ្គលក្នុងសំណុំរឿង និងការគោរពគោលការណ៍សម្ងាត់នៃចំណាត់ការនីតិវិធីរបស់តុលាការ ដែលត្រូវបានការពារដោយច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា»។
កាលពីថ្ងៃទី២០ ខែវិច្ឆិកា លោក ផាត់ ហ៊ន បានផ្សាយនៅលើទំព័រហ្វេសប៊ុក KH Plus News អំពីជម្លោះដីធ្លីមួយនៅឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយលោកបានរិះគន់ទាំងទៅលើស្ថាប័នតុលាការ និងលើអាជ្ញាធរមូលដ្ឋាន ខណៈសាលាដំបូងខេត្តកំពង់ចាម បានបំភ្លឺថា តុលាការមិនដែលបានឈានដល់ការសម្រេចលើជម្លោះដីធ្លីនោះទេ។
លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន ថ្លែងនៅថ្ងៃទី២៤ ខែធ្នូថា អ្នកសារព័ត៌មានជានិច្ចកាល ពង្រឹងការប្រុងប្រយ័ត្នក្នុងការអនុវត្តការងារ និងត្រូវបង្កើនការស្វែងយល់ ក៏ដូចជាពិភាក្សាឱ្យបានស៊ីជម្រៅបន្ថែមអំពីសិទ្ធិ តួនាទី និងករណីកិច្ចរបស់ខ្លួន៕