លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាង​ថា ទោះបី​មិន​ឃើញ​រដ្ឋាភិបាល​ឆ្លើយ​ឆ្លង​តាម​ហ្វេសប៊ុក​រឿង​កោះ​គុត​ក៏​ដោយ​ ក៏​រដ្ឋាភិបាល​មិន​នៅ​ស្ងៀម​នោះ​ទេ ពាក់​ព័ន្ធ​នឹង​ការ​ការពារ​បូរណភាព​ទឹក​ដី​កម្ពុជា ខណៈ​ដែល​ក្រុម​អ្នក​ប្រឆាំង​ត្រៀម​ធ្វើ​បាតុកម្ម​នៅ​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ទី១៩​ ខែ​មករា ករណី​កោះ​គុត។


លោក ហ៊ុន ម៉ាណែត ថ្លែង​នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ដល់​និស្សិត​នៃ​សាកល​វិទ្យាល័យ​ធនធាន​មនុស្ស​នៅ​ថ្ងៃ​ទី២៦ ខែ​ធ្នូ​នេះ​ថា មាន​អ្នក​រិះ​គន់​ថា​រដ្ឋា​មិន​ឃើញ​ឆ្លើយ​តប​នៅ​ពេល​មាន​ការ​ចោទ​ប្រកាន់​រឿង​បាត់​ដី។

លោក​ថា៖ «ខ្ញុំ​ឆ្លើយ​តែ​មួយ​ម៉ាត់​ទេ រដ្ឋាភិបាល​មិន​ឆ្លើយ​ឆ្លង​តាម​ហ្វេសប៊ុក​មិន​មែន​បាន​ន័យ​ថា រដ្ឋាភិបាល​មិន​ធ្វើ​ការ​ដើម្បី​ការពារ​ កសាង​ ពង្រឹង​បូរណភាព​ទឹកដី​ និង​ជំរុញ​ការ​អភិវឌ្ឍ​ប្រទេស​របស់​យើង​លើក​កម្ពស់​ជាតិ​យើង​លើ​ឆាក​អន្តរជាតិ​នោះ​ទេ យើង​ធ្វើ​រាល់​ថ្ងៃ»។


លោក​​បន្ត​ថា៖ «យើង​មិន​ចាំ​បាច់​មួយ​ថ្ងៃៗ​លើក​គ្រវី​ទង់ជ័យ​ហើយ​ស្រែក ហើយ​លើក​គ្នា​ប្រឆាំង​នេះ​ប្រឆាំង​នោះ មិន​បាច់​ទេ គឺ​យើង​លើក​គ្នា​ធ្វើ​ការ»។

ការ​លើក​ឡើង​របស់​លោក ហ៊ុន ម៉ាណែត ឆ្លើយតប​ទៅ​នឹង​ការ​រិះ​គន់​ជា​បន្ត​បន្ទាប់ ជា​ពិសេស​ពី​សំណាក់​ក្រុម​អ្នក​ដែល​ប្រឆាំង​មាន​មូលដ្ឋាន​នៅ​ក្រៅ​ប្រទេស លើ​បញ្ហា​អធិបតេយ្យភាព​នៃ​កោះ​គុត ដែល​ភាគី​កម្ពុជា​នឹង​ថៃ​ទាមទារ​អធិបតេយ្យភាព ជា​ពិសេស​នៅ​ពេល​មាន​ការ​ចុះ​ផ្សាយ​ថា ភាគី​ថៃ​អះអាង​ថា កោះ​នេះ​ជា​របស់​ខ្លួន។


ក្រុម​អ្នក​ប្រឆាំង​នៅ​សហរដ្ឋ​អាមេរិក គ្រោង​ធ្វើ​បាតុកម្ម​​«ការពារ​កោះ​គុត»​ នៅ​ទីក្រុង​ឡងប៊ិច រដ្ឋកាលី​ហ្វ័រញ៉ា នៅ​ថ្ងៃ​ទី១៩ ខែ​មករា ខាង​មុខ​នេះ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ជាក់​ថា «មួយ​ផ្នែក​នៃ​កោះគុត​ជា​កម្មសិទ្ធិ​របស់​ខ្មែរ» ព្រម​ទាំង​ចង់​ឲ្យ​កម្ពុជា​យក​បញ្ហា​នេះ​ឡើង​ទៅ​តុលាការ​អន្តរជាតិ ICJ។

លោក ប៉ា ច័ន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា យល់​ឃើញ​ថា បញ្ហា​ព្រំដែន​និង​ទឹក​ដី​គឺ​ជា​បញ្ហា​ក្ដៅ​ទាំង​សម្រាប់​ពលរដ្ឋ​ខ្មែរ និង​សម្រាប់​ពលរដ្ឋ​ថៃ ដូច្នេះ​ពលរដ្ឋ​តែង​តែ​បារម្ភ ហើយ​បញ្ចេញ​មតិ​នានា។ លោក​ថា ​អ្វី​ដែល​រដ្ឋាភិបាល​គួរ​ធ្វើ​គឺ​បញ្ជាក់​ពី​ភាព​ច្បាស់​លាស់ បង្ហាញ​ពី​វិធីសាស្ត្រ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ ដោយ​បង្ហាញ​ពី​ពេល​វេលា និង​ដំណើរ​ការ​នៃ​ការ​ចរចា និង​ធ្វើ​បច្ចុប្បន្នភាព​អំពី​បញ្ហា​នេះ​ឲ្យ​ពលរដ្ឋ​អស់​មន្ទិល។

លោក​ថ្លែង​ថា៖ «ខ្ញុំ​មើល​ឃើញ​មេរៀន​ពី​រឿង​ CLV-DTA ដែល​រដ្ឋាភិបាល​បាន​ប្រើ​ប្រាស់​យន្តការ​ផ្ដល់​ព័ត៌មាន​ជា​បន្ត​បន្ទាប់​រួម​មាន​ដូចជា កិច្ច​ព្រមព្រៀង និង​ដំណើរ​ការ​នៃ​កិច្ច​សហប្រតិបត្តិការ​អំពី​គម្រោង​នោះ​ដល់​ប្រជាជន និង​មាន​កម្មវិធី​ដំណើរ​កម្សាន្ត​ឲ្យ​ពលរដ្ឋ​បាន​ឃើញ​តំបន់​ព្រំដែន​ដែល​ជា​កម្មវត្ថុ​នៃ​ការ​សង្ស័យ​របស់​ពលរដ្ឋ»។

លោក​បន្ត​ថា៖ «សម្រាប់​ករណី​កោះ​គុត វិញ ការ​ខ្វះ​ព័ត៌មាន​គឺ​ជា​ចំណែក​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​មន្ទិល​សង្ស័យ​ មាន​ការបារម្ភ។ ដូច្នេះ​ រដ្ឋាភិបាល​គួរ​តែ​មាន​ការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ ដើម្បី​ឲ្យ​ពលរដ្ឋ​បាន​ដឹង។ បើ​ថា កោះ​គុត ជា​តំបន់​ត្រួត​ស៊ីគ្នា តើ​រដ្ឋាភិបាល​អាច​បើក​ឲ្យ​ពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​លេង​តំបន់​នោះ​បាន​ដែរ​ឬ​អត់។ បើ​ថៃ​ទៅ​បាន តើ​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​បាន​ឬ​អត់ ព្រោះ​កោះ​នោះ​នៅ​តែ​ជា​តំបន់​មិន​ទាន់​ដាច់​ស្រេច»។

លោក យង់ ពៅ អគ្គលេខាធិការ​រាជបណ្ឌិត្យ​សភា​កម្ពុជា យល់​ថា ទោះ​បី​ជា​ពលរដ្ឋ​ ឬ ក្រុម​អ្នក​ប្រឆាំង​មាន​ទឹកចិត្ត​ស្នេហា​ជាតិ​យ៉ាង​ណា​ក៏​ដោយ ក៏​មិន​គួរ​ធ្វើ​អ្វី​ជ្រុល​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រយោជន៍​កម្ពុជា​នោះ​ទេ។ លោក​លើក​ទឹក​ចិត្ត​ឲ្យ​ភាគី​ទាំង​អស់​ស្រាវជ្រាវ​លើ​ឯកសារ​ពាក់​ព័ន្ធ​នានា​ ដើម្បី​កុំ​ឲ្យ​ការ​ធ្វើ​អត្ថាធិប្បាយ​ណា​មួយ​ខាត​ប្រយោជន៍។

លោក​ថ្លែង​ថា៖ «រឿង​ទឹកដី គ្រប់​ពលរដ្ឋ​កម្ពុជា​ត្រូវ​តម្កល់​ប្រយោជន៍​ជាតិ​រួម។ ទោះ​អស់​លោក​មួយ​ចំនួន​ប្រឆាំង​រដ្ឋាភិបាល​ក្ដី ឬ​នៅ​ក្នុង​រដ្ឋាភិបាល​ក្ដី បើ​រឿង​ហ្នឹង​ប៉ះពាល់​ដល់​ប្រយោជន៍​ជាតិ​ខ្មែរ​ទាំង​មូល គួរ​តែ​កុំ​ធ្វើ​លក្ខណៈ​ដោយ​ឡែក។ សូម​គិត​ថា បញ្ហា​ទឹកដី អធិបតេយ្យភាព ត្រូវ​តែ​មាន​ទស្សន​ឯកភាព​គ្នា​ក្នុង​នាម​ជា​ជាតិ​សាសន៍​មួយ​ដើម្បី​តទល់​នឹង​ជាតិ​សាសន៍​ផ្សេង​ទៀត»។

លោក​ស្នើ​ថា រាល់​ការ​ចូលរួម​ក្នុង​កិច្ច​ការពារ​ទឹកដី ត្រូវ​មាន​ភាព​វ័យ​ឆ្លាត និង​បត់​បែន ចៀសវាង​ការ​ចូលរួម​តាម​បែប​មួយ​ដែល​ជា​ការ​ហុច​ដង​ដាវ​ទៅ​ឲ្យ​ដៃ​គូ ឬ​សត្រូវ ឬ​ឲ្យ​អ្នក​នយោបាយ​ណា​ម្នាក់​ ដែល​ធ្វើ​ឲ្យ​ខូច​ប្រយោជន៍​របស់​ខ្មែរ៕