ភ្នំពេញ៖ មាន​ការ​ផ្សព្វផ្សាយ​តាម​សារព័ត៌មាន​នានា​ថា កម្ពុជា​នឹង​មាន​ថ្នាំ​ចាក់​បង្ការ​មេរោគ​អេដស៍​នៅដើម​ឆ្នាំ ២០២៥ ខាង​មុខ​នេះ​។


ព័ត៌មាន​នេះ​បាន​ធ្វើ​ឱ្យ​មហាជន​ជា​ច្រើន​មាន​ការ​ភាន់​ច្រឡំ​ថា ពួកគេនឹង​លែង​បារម្ភ​ពីការ​ឆ្លង​ជំងឺ​អេដស៍​ទៀត​ក្រោយ​ការ​ចាក់​ថ្នាំ​បង្ការ​នេះ​រួច​។

យ៉ាងណាមិញ អ្នក​ជំនាញ​ផ្នែក​សុខភាព​បាន​ឱ្យដឹងថា ថ្នាំ​ចាក់​បង្ការ​មេរោគ​អេដស៍នេះ គ្រាន់តែ​ជា​មធ្យោបាយ​មួយ​ផ្សេង​ទៀត ក្រៅពី​ស្រោម​អនាម័យ និង​ថ្នាំ​លេប​។ ​


វេជ្ជបណ្ឌិត អ៊ុក វិជ្ជា ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ សើ​ស្បែក និង​កាមរោគ បានឱ្យដឹងថា ក្រសួងសុខាភិបាល​នឹងដាក់​ឱ្យប្រើ​ប្រាស់​ថ្នាំ​ព្រឹព (PrEP) សម្រាប់បង្ការ​មុនពេល​ប្រឈម​នឹង​ការឆ្លង​មេរោគ​អេដស៍ ជា​ប្រភេទ​ថ្នាំ​ចាក់ ប៉ុន្តែមិនមែនជា​ប្រភេទ​វ៉ាក់សាំង​ប្រឆាំង​មេរោគ​អេដស៍​ទេ​។​

លោក​បានបញ្ជាក់​ដល់​ម​ហា​ជន​តាមរយៈ​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​រហូតមក​ពេលនេះ ទាក់ទង​នឹង​ជំងឺអេដស៍ ពិភពលោក​មិនទាន់​រកឃើញ​វ៉ាក់សាំង​នៅឡើយ​ទេ​»​។


លោក​បាន​បន្ដថា​៖ «​ដោយ​ចាប់ផ្ដើម​នៅ​ត្រីមាស​ទី ១ ឆ្នាំ ២០២៥ ក្រសួងសុខាភិបាល និង​តាម​ការណែនាំ​របស់​ឯក​ឧត្ដម​សាស្ដ្រាចារ្យ​រដ្ឋមន្ដ្រី នឹង​នាំចូល ដាក់ឱ្យ​ប្រើប្រាស់​ថ្នាំ​ព្រឹព Pre-Exposure Prophylaxis (PrEP) ឬ​មានន័យថា ការដាក់ឱ្យ​ប្រើប្រាស់​ថ្នាំ​បង្ការ មុនពេល​ប្រឈម​នឹង​ការឆ្លង​មេរោគ​អេដស៍​»​។​

វា​ជា​ប្រភេទ​ថ្នាំ​ចាក់​ឈ្មោះ Cabotegravir ដែល​ត្រូវ​ចាក់​រៀងរាល់ ២​ខែម្តង សម្រាប់​បង្ការ​ការឆ្លង​មេរោគ​អេដស៍​មុនពេល​ប្រឈម ក្រុម​ប្រជាជន​គន្លឹះ​ដែលមាន​ការប្រព្រឹត្ត​ប្រឈម​ខ្ពស់​នឹង​ការឆ្លង​មេរោគ​អេដស៍ ដូចជា អ្នក​ដៃគូ​រួមភេទ​ច្រើន អ្នក​រួមភេទ​មិន​ប្រើ​ស្រោមអនាម័យ ក្រុម​ស្ត្រី​បម្រើសេវា​កម្សាន្ដ ក្រុម​បុរស​រួមភេទ​ជាមួយ​បុរស ក្រុម​អ្នក​ប្លែងភេទ និង​ក្រុម​អ្នកប្រើប្រាស់​គ្រឿងញៀន​។​

​វេជ្ជបណ្ឌិត អ៊ុក វិជ្ជា បាន​ថ្លែងថា ប្រទេស​កម្ពុជា​បាន​អនុវត្ដ​ការប្រើប្រាស់​ថ្នាំ​ព្រឹព​លេប មុនពេល​ប្រឈម សម្រាប់​បង្ការ​មេរោគ​អេដស៍​នេះ​តាំងពី​ឆ្នាំ​២០១៩ មក​ម្លេះ ហើយ​ក្រសួងសុខាភិបាល​នាំចូល​ជា​ប្រភេទ​ថ្នាំ​ចាក់​មួយទៀត ដែល​មិនមែនជា​វ៉ាក់សាំង​នោះទេ​។

អ្នកស្ម័គ្រចិត្ដចែកចាយខិតបណ្ណស្ដីពីជំងឺអេដស៍ និងជំងឺឆ្លងតាមការរួមភេទដល់សាធារណជន។ រូបថត ភ្នំពេញប៉ុស្ដិ៍

​លោក​នៅតែ​លើកទឹកចិត្ដដ​ល់​អ្នកមាន​ដៃគូ​រួមភេទ​ច្រើន ឱ្យប្រើ​ប្រាស់​ស្រោមអនាម័យ ពីព្រោះ​ទាំង​ថ្នាក់​លេប និង​ថ្នាំ​ចាក់​បង្ការ​មុនពេល​ប្រឈម​មេរោគ​អេដស៍​នេះ មិនអាច​ការពារ​ជំងឺ​កាមរោគ ឬ​ជំងឺ​ឆ្លងតាម​ការរួម​ភេទ​ដទៃទៀត​នោះទេ​។

លោក​បាន​លើកឡើងថា​៖ «​បច្ចុប្បន្ននេះ មានការ​ផ្ទុះឡើង​នូវ​ជំងឺ​កាមរោគ ជំងឺស្វាយ ប្រមេះ​ច្រើន ដែល​ទាមទារ​ឱ្យមាន​ការព្យាបាល​ជំងឺ​កាមរោគ ជាមួយ​គ្រូពេទ្យ​ជំនាញ​ត្រឹមត្រូវ  ជាជាង​ការទិញ​ឱសថ​ប្រើប្រាស់​នៅតាម​ឱសថស្ថាន​ដោយ​ខ្លួនឯង ដោយសារ​ជំងឺ​ប្រមេះទឹកបាយ​ក៏​ស៊ាំ​ង​នឹង​ថ្នាំ​ច្រើន​ដែរ​»​។

ការប្រើប្រាស់​ស្រោមអនាម័យ​ជា​វិធី​ដ៏​ប្រសើរ​បំផុត​ក្នុងការ​ការពារ​ការឆ្លង​ជំងឺអេដស៍ ជំងឺ​កាមរោគ និង​ការ​មានកូន​។

លោក​វេជ្ជបណ្ឌិត បាន​បន្ដថា  ការដាក់​ឱ្យមាន​ថ្នាំ​ព្រឹព​លេប និង​ព្រឹព​ចាក់​នេះ គឺ​ក្នុង​គោលបំណង​ផ្តល់​ជា​ជម្រើស សម្រាប់​ក្រុម​ប្រឈមមុខ​ខ្ពស់​នឹង​ការឆ្លង​មេរោគ​អេដស៍ ហើយ​មិនបាន​ប្រើប្រាស់​ស្រោមអនាម័យ នៅ​កាលៈទេសៈ ឬ​ជាមួយ​ដៃគូ​ពិសេស​ណាមួយ ពីព្រោះ​​ពិភពលោក​រកឃើញថា ការពាក់​ស្រោមអនាម័យ​តែមួយ​មុខ​មិន​គ្រប់គ្រាន់​ទេ ក្នុងការ​កាត់បន្ថយ​ការឆ្លង​ថ្មី​នៃ​មេរោគ​អេដស៍ នៅក្នុង​ប្រជា​ជាន​មួយចំនួន​។

លោក​វេជ្ជបណ្ឌិត វិជ្ជា បាន​បន្ថែមថា ថ្នាំ​នេះ​មាន​ប្រសិទ្ធភាព​ក្នុងការ​បង្ការ​ការចម្លង​មេរោគ​អេដស៍​បាន​ក្នុង​កម្រិត​ចន្លោះ​ពី ៩២ ទៅ ៩៥​ភាគរយ​។​
​លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​យើង​រំ​រំពឹងថា វិធីសាស្ត្រ​នេះ​នឹង​អាចជួយ​កាត់បន្ថយ​ករណី​ឆ្លង​ថ្មី​នៃ​មេរោគ​អេដស៍​នៅ​ប្រទេស​កម្ពុជា​ឱ្យ​ថយចុះ​បន្ថែមទៀត​»​។​

យោងតាម​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ឱ្យដឹងថា ឱសថ Cabotegravir ​ត្រូវ​បានអនុម័ត​ដោយ​រដ្ឋបាល​ចំណីអាហារ និង​ឱសថ​សហរដ្ឋអាមេរិក (FDA) នៅ​ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១​។

វា​ជា​ថ្នាំចាក់​​រៀងរាល់ ២ ខែម្តង ហើយ​អាចចាក់​​ដល់ ​មនុស្សពេញវ័យ និង​ក្មេង​ជំទង់​ដែលមាន​ទម្ងន់​យ៉ាងហោចណាស់ ៣៥ គីឡូក្រាម ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការឆ្លង​មេរោគ​អេដស៍​។​

ការឆ្លង​មេរោគ​អេដស៍​ថ្មី​នៅ​កម្ពុជា​បាន​ធ្លាក់​ចុះមក​ត្រឹម ១២០០ នាក់​ក្នុង​ឆ្នាំ ២០២៣ ​ពី ១៣០០ ក្នុង​ឆ្នាំ ២០២២ ដូចដែល​បាន​រាយការណ៍​នៅក្នុងសេចក្ដីថ្លែងការណ៍​​រួមគ្នាកាលពី​​ខែកក្កដា ឆ្នាំ ២០២៤ ដោយ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ និង​អង្គការ UNAIDS​។​

ការធ្លាក់ចុះ​នេះ​ត្រូវបាន​សន្មត់​ថា​ជាកិច្ច​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំងក្នុង​ការ​ទប់​ស្កាត់​​​​របស់​កម្ពុជា​​ចំពោះ​មេរោគ​អេដស៍​/​ជំងឺអេដស៍​។ អត្រា​ឆ្លង​ពី​ម្តាយ​ទៅ​កូន​ក៏​ធ្លាក់ចុះ​ពី ១១ភាគរយ​ មក ៨​ភាគរយ​ ក្នុងអំឡុងពេល​ដូចគ្នានេះ​។​

ទោះបីជា​យ៉ាងណាក៏ដោយ បញ្ហា​ប្រឈម​នៅតែមាន រួមទាំង​ការឆ្លង​ថ្មី​ក្នុងចំណោម​ក្រុម​ដែលមាន​ហានិភ័យ​ខ្ពស់ ដូចជា​បុ រស​ដែល​រួមភេទ​ជាមួយ​បុរស ស្ត្រី​កែ​ភេទ នារី​ក្នុង​វិស័យ​កម្សាន្ត និង​អ្នកប្រើប្រាស់​គ្រឿងញៀន​។​

ការឆ្លង​ថ្មី​ភាគច្រើន​ត្រូវបាន​រាយការណ៍​ចំពោះ​ក្រុម​មនុស្ស​មាន​អាយុ​ពី ១៥-២៤ ឆ្នាំ ដែល​បង្ហាញ​ពី​ការថយចុះ​ការយល់ដឹង​នៅក្នុង​ប្រជាសាស្ត្រ​នេះ​។​
UNAIDS ប៉ាន់ប្រមាណ​ថា ប្រជាជន​កម្ពុជា​ចំនួន ៧៦០០០​នាក់ កំពុង​រស់នៅ​ជាមួយ​មេរោគ​អេដស៍​/​ជំងឺអេដស៍ ក្នុង​ឆ្នាំ​២០២៣ ដោយមាន ៦៨​១៥១​នាក់ បានទទួល​ការព្យាបាល​ដោយ​ថ្នាំ​ប្រឆាំង​មេរោគ​អេដស៍​។​

​នៅ​ឆ្នាំ២០២២ បុគ្គល​ជាង ១ម៉ឺននាក់​មិន​បានដឹងខ្លួន​ឯង​កំពុង​រស់​នៅជាមួយ​​មេរោគ​អេដស៍​​។ ទោះបីជា​មានការ​រីកចម្រើន​ក៏ដោយ ការសម្រេចបាន​នូវ​គោលដៅ​ឆ្នាំ២០២៥ នៃ​ការឆ្លង​ថ្មី​តិចជាង ២០០ករណី​ ជា​រៀងរាល់ឆ្នាំ​នៅតែ​ជា​បញ្ហា​ប្រឈម​៕