ភ្នំពេញ៖ សារមន្ទីរ​សេដ្ឋកិច្ច និង​រូបិយវត្ថុ ព្រះ​ស្រី​ឦសាន​វរ្ម័ន (​​សារមន្ទីរ ស​.​ស​.​រ​) របស់​ធនាគារជាតិ​នៃ​កម្ពុជា កាលពី​ថ្ងៃទី២៦ ខែធ្នូ បាន​ប្រកាស​​អនុវត្ត​ប្រកបដោយ​ជោគជ័យ​នូវ​កម្មវិធី​លើកកម្ពស់​ការយល់ដឹង​ផ្នែក​សេដ្ឋកិច្ច ដែល​បានចាប់ផ្ដើម​ដំណើរការ​កាលពី​ខែមីនា ឆ្នាំ​២០២៤។


កម្មវិធីនេះ​ បាន​ផ្តល់​ឱកាស​សិក្សា​រៀនសូត្រ​ដល់​សិស្សានុសិស្ស​ជាង ៩០០០​នាក់ មកពី​សាលា​រដ្ឋ​ទាំងអស់ តាម​រយៈ​​ការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​មួយ​ជាមួយ​សមាគម​ធនាគារ​នៅ​កម្ពុជា (ABC) និង​ការជួយជ្រោមជ្រែង​ពី​ដៃគូ​ធនាគារ​សំខាន់ៗ ព្រមទាំង​តំណាង​នៅ​នឹង​មូលដ្ឋាន​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​។​

យោងតាម​(​សារមន្ទីរ ស​.​ស​.​រ​) បាន​ឱ្យដឹងថា​៖ សិស្សានុសិស្ស​ទាំង​នោះ​ទទួល​បាន​នូវ​ចំណេះដឹង​អំពី​វប្បធម៌​ និង​ការយល់ដឹង​អំពី​ប្រវត្តិ​រូបិយវត្ថុ និង​សេដ្ឋកិច្ច​របស់​កម្ពុជា​យ៉ាងច្រើន​​។ សូមបញ្ជាក់​ជូន​ថា នៅក្នុង​គម្រោង​នេះ ធនាគារឯកជន​កម្ពុជា​បាន​ចូល​ជា​ថវិកា​រួមគ្នា ដើម្បី​ប្រើប្រាស់​សម្រាប់​ចំណាយ​លើ​ថ្លៃ​ដឹកជញ្ជូន និង​ការ​ទស្សនា​សារមន្ទីរ​»។


សារមន្ទីរ​បាន​បន្ដថា៖ «​បន្ទាប់ពី​បានផ្តល់​អត្ថប្រយោជន៍​ដល់​សិស្សសាលា​រដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ និង​តំបន់​ជាយក្រុង​មក បច្ចុប្បន្ន កម្មវិធី​នេះ ត្រូវបាន​ពង្រីក​យ៉ាង​ជោគជ័យ​ដល់​សាលា​រដ្ឋ​នៅ​ខេត្តកំពង់ធំ ពោលគឺ​ត្រូវបាន​ពង្រីក​ដល់ទី​ជនបទ​ទៀតផង»​។

នេះ​បង្ហាញ​ពី​ការប្តេជ្ញា​របស់​វិស័យ​ធនាគារ​កម្ពុជា ក្នុងការ​ផ្តល់នូវ​ឱកាស​អប់រំ​ពាក់ព័ន្ធ​នានា និង​ប្រកប​ដោយ​​គុណភាព​ខ្ពស់ ដល់​សិស្សានុសិស្ស​ទាំងអស់ ដោយ​មិន​គិតពី​មធ្យោបាយ​ហិរញ្ញវត្ថុ សាវតា​សង្គម ឬ​ភូមិសាស្ត្រ​ស្រុកភូមិ​របស់​ពួកគេ​នោះឡើយ។ គម្រោង​នេះ​បានបង្ហាញ​ពី​កម្លាំង​នៃ​ភាពជា​ដៃគូ​អន្តរ​វិស័យ​នៅក្នុង​ការលើកកម្ពស់​ប​រិ​យាប​ន្ន​សង្គម​ពិតប្រាកដ​មែន​។​


កិច្ចខិតខំ​ប្រឹងប្រែង​រួម​នេះ មិន​ត្រឹមតែ​ពង្រឹងការ​ទទួល​​ខុសត្រូវ​សង្គម​របស់​ដៃគូ​ពាក់ព័ន្ធ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បានអនុញ្ញាត​ឱ្យ​សិស្សសាលា​រដ្ឋ​រាប់ពាន់នាក់​ទទួលបាន​នូវ​ធនធាន​អប់រំ​សំខាន់ៗ និង​អនុវត្ត​សកម្មភាព​អប់រំ​បន្ថែម​លើ​កម្មវិធីសិក្សា​ផងដែរ​។​

បន្ទាប់ពីបានផ្តល់អត្ថប្រយោជន៍ដល់សិស្សសាលារដ្ឋក្នុងរាជធានីភ្នំពេញ និងតំបន់ជាយក្រុងមក បច្ចុប្បន្ន កម្មវិធីនេះ ត្រូវបានពង្រីកយ៉ាងជោគជ័យដល់សាលារដ្ឋនៅខេត្តកំពង់ធំ។ រូបថត សហការី

លោក ប្លែ​ស គី​លី​យ៉ង់ សហប្រធាន​នៃ​សារមន្ទីរ ស​.​ស​.​រ បាន​ឱ្យដឹង​​ថា​៖ «យើងខ្ញុំ​ពិតជា​ពេញចិត្ត​យ៉ាងខ្លាំង​ចំពោះ​ភាពជោគជ័យ​នៃ​កម្មវិធី​នេះ និង​ចំពោះ​ការឆ្លើយតប​ជា​វិជ្ជមាន​ពី​សិស្សានុសិស្ស លោកគ្រូ​អ្នកគ្រូ និង​អ្នកពាក់ព័ន្ធ​ទាំងអស់​។ ដោយ​បន្ត​ទទួលបាន​កិច្ចសហការ​ពី​ដៃគូ​របស់​យើង ទាំង​ផ្នែក​ធនាគារ និង​វិស័យ​ឯកជន យើង​សង្ឃឹមថា នឹង​បន្ត​ពង្រឹង​អក្ខរកម្ម​ផ្នែក​សេដ្ឋកិច្ច ព្រមទាំង​ផ្ដល់នូវ​ចំណេះដឹង​ផ្នែក​វប្បធម៌ ជូន​យុវជន​កម្ពុជា និង​កសាង​មូលដ្ឋានគ្រឹះ​សម្រាប់​កំណើន​ប្រកបដោយ​បរិ​យាប​ន្ន»​។​

សារមន្ទីរ ស​.​ស​.​រ និង​ដៃគូ​របស់ខ្លួន ពិតជា​មានគំនិត​សុទិដ្ឋិនិយម​ចំពោះ​អនាគត​នៃ​កម្មវិធី​នេះ ហើយ​មាន​ផែនការ​បន្ត និង​ពង្រីក​គម្រោង​នេះ​នៅ​ឆ្នាំ​២០២៥ ដោយមាន​គោលដៅ​ផ្ដល់ឱកាស​ជូន​សិស្សានុសិស្ស​កាន់តែច្រើន​ឡើង​នៅ​ទូទាំងប្រទេស​។​

ដោយឡែក លោក រ័ត្ន សោភ័ណ ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា (ABC) បាន​​លើកឡើង​ថា​៖ កិច្ចសហការ​រវាង​សមាគម​ធនាគារ​នៅ​កម្ពុជា (ABC) និង​សារមន្ទីរ ស​.​ស​.​រ បង្ហាញ​ពី​ការប្តេជ្ញា​រួមគ្នា​របស់​យើង ក្នុងការ​ផ្តល់ឱ្យ​យុវជន​កម្ពុជា​នូវ​ការអប់រំ​ជាក់ស្តែង​ផ្នែក​សេដ្ឋកិច្ច​។ នៅពេល​ទៅ​ទស្សនា​សារមន្ទីរ ស​.​ស​.​រ សិស្សានុសិស្ស​អាច​ភ្ជាប់​អ្វីដែល​ពួកគេ​បាន​រៀន​នៅក្នុង​សាលា ទៅនឹង​សេដ្ឋកិច្ច​ពិតប្រាកដ ដូច្នេះហើយ​ធ្វើឱ្យ​ការសិក្សា​រៀនសូត្រ​របស់​ពួកគេ​កាន់តែ​មានន័យ​»។​

យោងតាម​​សារមន្ទី ស​.​ស​.​រ បង្ហាញថា ខ្លួន​នឹង​បន្ត​ភាពជា​ដៃគូ​ប្រកបដោយ​ផ្លែផ្កា​នេះ ហើយ​ធានាថា យុវជន​កម្ពុជា​កាន់តែ​ច្រើន នឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​កម្មវិធី​អប់រំ​នេះ​នៅ​បណ្ដា​ឆ្នាំ​ខាងមុខ​។​

បង្កើតឡើង​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា សារមន្ទីរ​សេដ្ឋកិច្ច និង​រូបិយវត្ថុ ព្រះ​ស្រី​ឦសាន​វរ្ម័ន (​សារមន្ទីរ ស​.​ស​.​រ​) ផ្ដោតលើ​ការអប់រំ​សាធារណជន​អំពី​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា​ពី​ជ្រុង​សេដ្ឋកិច្ច និង​រូបិយវត្ថុ តាមរយៈ​ការដាក់​តាំង​វត្ថុ​បុរាណ និង​ពិព័រណ៍​ដែល​ប្រើ​បច្ចេកវិទ្យា​ទំនើប​នៃ​វិទ្យាសាស្ត្រ​ការរៀបចំ​សារមន្ទីរ​។

កាលពីពេល​ថ្មីៗ​នេះ សារមន្ទីរ​ទទួលបាន​ភ្ញៀវ​ចូល​ទស្សនា​រហូតដល់​ទៅ​១០​ម៉ឺន​នាក់ តាំងពី​សារមន្ទីរ​នេះ​បាន​បើកទ្វារ​កាលពី​ឆ្នាំ​២០១៩​មក​៕