ភ្នំពេញ៖ លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភាកម្ពុជា​ បាន​ថ្លែង​ថា​ លោក​​ស្វាគមន៍​ការ​ដង្ហែ​​ព្រះ​បរម​សារីរិកធាតុ​របស់​គោតមពុទ្ធ រួមទាំង​​សត្វ​ខ្លា​ឥណ្ឌា​ពី​ប្រទេស​ឥណ្ឌា​​មកដល់​កម្ពុជា​នាពេលឆាប់ៗ​ខាងមុខ​។  


ការ​ថ្លែង​ស្វាគមន៍​នេះ​ត្រូវបាន​ឡើង​ក្នុង​ជំនួប​​សម្ដែង​ការគួរសម និង​ជម្រាបលាដែល​លោកស្រី​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ឥណ្ឌាប្រចាំ​កម្ពុជា ដេ​វី​យ៉ា​នី អ៊ុ​តាំ ខូ​ប្រា​ហ្គេ​ត (Devyani Uttam Khobragade) នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៥ ខែធ្នូ ឆ្នាំ​២០២៤ នៅ​វិមាន​ព្រឹទ្ធសភា។

យោងតាម​ហ្វេសប៊ុករបស់​លោក ហ៊ុន សែន បាន​ឱ្យដឹងថា​៖ «​សម្តេច​តេ​ជោ បាន​ស្វាគមន៍​ចំពោះ​សត្វ​ខ្លា​ឥណ្ឌា និង​ព្រះ​បរម​សារីរិកធាតុ​របស់​គោតមពុទ្ធ ដែល​នឹង​មកដល់​កម្ពុជា​នាពេលខាងមុខ»​។  


នៅក្នុង​ជំនួប​នោះ ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​ បាន​លើកឡើង​ពី​សមិទ្ធផល​ជាច្រើន​របស់​លោកស្រី ខូ​ប្រា​ហ្គេ​ត ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ឥណ្ឌា​ប្រចាំ​​​កម្ពុជាសម្រេច​បាន​ក្នុង​រយៈ​ពេល ៤​ឆ្នាំ​នៃ​អាណត្ដិ​របស់​លោកស្រី​។

លោក ហ៊ុន សែន បាន​សរសេរ​សារ​នៅលើ​បណ្ដាញសង្គម​អំពី​ភាព​ជោគជ័យ​សំខាន់​ៗ​ចំពោះ​ទំនាក់ទំនង​រវាង​កម្ពុជា និង​ឥណ្ឌា។


លោក​បាន​ឱ្យដឹងថា​​ ក​ម្ពុ​ជា​-​ឥណ្ឌាពង្រឹង​កិច្ចសហប្រតិបត្តិការ​ខ្ពស់​ ជាពិសេស​នៅក្នុង​ដំណាក់កាល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ភាព​ជោគជ័យ​នៃ​ព្រះរាជទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ព្រះមហាក្សត្រ​ ក៏ដូចជា​ភាព​​ជោគជ័យ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ ហ៊ុន ម៉ា​ណែ​ត ក្នុងតួនាទី​ជា​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​នៅ​ឥណ្ឌា ក្នុងឱកាស​អបអរសាទ​រ​ខួប​លើក​ទី​៧០ នៃ​ការបង្កើត​ចំណង​ការទូត​កម្ពុជា​-​ឥណ្ឌា​។

លោក​បានថ្លែង​ថា​៖ «​នៅ​​ដើម​អាណត្តិ​ការទូត លោកជំទាវ​ឯកអគ្គរដ្ឋទូត បាន​បន្ត​រំឭក​អំពី​ចក្ខុវិស័យ ​និង​ភារកិច្ច​ធំ​ចំនួន​បួន​ដែល​សម្តេច​តេ​ជោ បាន​ណែនាំ ​រួមមាន ការបញ្ជូន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ឱ្យបាន​ទាន់ពេលវេលា សន្ធិសញ្ញា​វិនិយោគ​ទ្វេភាគី ការតភ្ជាប់​ជើងហោះហើរ​ត្រង់​ពី​រាជធានី​ភ្នំពេញ​ទៅ​រដ្ឋធានី​ញូវដែលី និង​ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​គង្គា ទៅ​កម្រិត​កំពូល»​។

លោក​បាន​លើកឡើងថា​៖ «ការតភ្ជាប់​ការហោះហើរ​ត្រង់​របស់​ប្រទេស​យើង​ទាំងពីរ មិន​ត្រឹមតែ​ជំរុញ​ទេសចរណ៍វប្បធម៌ ធម្មជាតិ​ប៉ុណ្ណោះ​ទេ ថែមទាំង​ទេសចរណ៍​សាសនា​ផងដែរ​»។

លោក ហ៊ុន សែន បាន​បន្ដថា កម្ពុជា​បាន​សម្របសម្រួល​គោ​លន​យោ​បានការ​បរទេស​ជាមួយនឹង​បណ្តា​ប្រទេស Global South ក្នុងការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ដើ​ម្បី​ពង្រឹង​សណ្តាប់ធ្នាប់​ពិភពលោក ក៏ដូចជា កិច្ចសហប្រតិបត្តិការ​អាស៊ាន​-​ឥណ្ឌា​ផងដែរ​។​

យោង​តាម​ហ្វេសប៊ុករបស់​ប្រធានព្រឹទ្ធ​សភាព​កម្ពុជា​ បាន​បង្ហាញថា លោកស្រី ខូ​ប្រា​ហ្គេ​ត ក៏​បាន​លើកឡើង​ពី​សមិទ្ធផល​សំខាន់ៗ​របស់​លោកស្រី​ដែលបាន​សម្រេច​ជាមួយ​កម្ពុជា​ក្នុង​នាម​ជា​ឯកអគ្គរដ្ឋទូត​​សាធារណរដ្ឋ​ឥណ្ឌា​ប្រចាំ​​កម្ពុជា។

លោកស្រី​បាន​ឱ្យដឹងថា​៖ «​​ឥណ្ឌា​បាននិងកំពុង​​ជួយ​ដល់​កម្ពុជាក្នុង​គម្រោង​មួយ​ចំនួន ដូចជា ​គម្រោង​អភិរក្ស​ប្រាសាទ​អង្គរវត្ត ប្រាសាទព្រះវិហារ ការកសាង​សមត្ថភាព និង​ទំនាក់ទំនង​ផ្នែក​ពុទ្ធសាសនា ការបញ្ជូន​សត្វ​ខ្លា និង​ព្រះ​បរម​សារីរិកធាតុ​របស់​គោតមពុទ្ធ​មក​កម្ពុជា​នាពេល​ដ៏​ខ្លី​ខាងមុខ»​។

នៅក្នុង​សកម្មភាព​មីន លោកស្រី​ឯកអគ្គរដ្ឋទូត បាន​​កោតសរសើរ​ចំពោះការ​រៀបចំ​កិច្ចប្រជុំ​កំពូល​សៀមរាប​-​អង្គរ ស្តីពី​ពិភពលោក​មួយ​ដែល​គ្មាន​មីន។ ​​

លោកស្រី​ បាន​បន្ត​ថា លោក​ ណារិន​ដ្រា ម៉ូ​ឌី នាយករដ្ឋមន្ត្រី​ឥណ្ឌា មាន​បំណង​មក​ទស្សនកិច្ច​នៅ​កម្ពុជា និង​រំពឹង​ថា លោក ហ៊ុន សែន និង​លោក​នាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត​ នឹង​បំពេញ​ទស្សនកិច្ច​នៅ​ឥណ្ឌា​នាពេល​វេលា​សមស្រប​ខាងមុខ ដើម្បី​ជា​កម្លាំងចលករ​ក្នុងការ​ធ្វើឱ្យ​ស៊ីជម្រៅ​នៃ​ទំនាក់ទំនង​ប្រទេស​​ទាំងពីរ​។  

យ៉ាងណាមិញ នៅថ្ងៃនេះ ភ្នំពេញប៉ុស្ដិ៍ មិន​ទាន់​ទាក់ទង​ខាង​ស្ថានទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា​បង្ហាញ​ព័ត៌មាន​លម្អិត​អំពើ​ការ​ដង្ហែ​ព្រះ​​​បរម​សារីរិកធាតុ​របស់​គោតមពុទ្ធ និង​ខ្លា​ឥណ្ឌា​នោះទបាន​។

គួរ​បញ្ជាក់ថា ការនាំចេញ​របស់​កម្ពុ​ជា​ទៅកាន់​ប្រទេស​ឥណ្ឌា​បាន​កើនឡើង​ជិត ៥០ភាគរយ​ ក្នុង​ឆ្នាំ២០២៣ កើនឡើង​ដល់​ជាង ២៩៣​ លាន​ដុល្លារ ខណៈដែល​ការ​នាំចូល​ថយចុះ ២០,៨ភាគរយ​​ ដែល​បណ្តាលឱ្យ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​មាន​ចំនួន ៤៨៥,៧ លាន​ដុល្លារ​។

យោងតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ (GDCE) បានឱ្យដឹងថា ចំនួន​នេះ​បាន​កើនឡើង ១០,៤ភាគរយ​​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ជាមួយនឹង​អតិរេក​ពាណិជ្ជកម្ម​របស់​កម្ពុជា​កើនឡើង​ដល់ ១០០,៤២ លាន​ដុល្លារ​។​

លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា  ​​​បានលើកឡើង​ពី​សមត្ថភាព​ផលិតកម្ម និង​ចំនួន​ប្រជាជន​ដ៏​ច្រើន​របស់​ប្រទេស​ឥណ្ឌា ​ជា​ឱកាស​សម្រាប់​កម្ពុជា​ក្នុងការ​ជំរុញ​ការនាំចេញ​កសិផល​។ លោក​បាន​កត់សម្គាល់ថា គុណភាព​អំណោយផល តម្លៃ និង​កេរ្តិ៍ឈ្មោះ​អាចនាំ​​យក​ផលិតផល​កម្ពុជា​ទៅ​​ក្នុង​ទីផ្សារ​ប្រទេស​ឥណ្ឌា​៕