ភ្នំពេញៈ ផលនេសាទ និងវារីវប្បកម្មសរុបសម្រាប់ឆ្នាំ២០២៤មានចំនួន ៩២៦ ៩៣៤តោន កើនឡើង ៦០ ៦៨៤តោន ស្មើនឹង៧ ភាគរយ បើធៀបទៅនឹង ឆ្នាំ២០២៣។
ក្នុងនោះ ផលនេសាទទឹកសាបទទួលបាន ៤៦៧ ៣៤៤តោន ផលនេសាទសមុទ្រទទួលបាន ១៣៩ ៣១០តោន និងផលវារីវប្បកម្ម ៣២០ ២៨០តោន។ នេះបើយោងតាមរបាយការណ៍សង្ខេប អំពីលទ្ធផលការងារអនុវិស័យជលផលក្នុងឆ្នាំ២០២៤ កាលពីថ្ងៃទី២៥ ខែធ្នូនេះ។
ក្នុងឆ្នាំ២០២៤នេះផងដែរ សត្វផ្សោតទន្លេមេគង្គក៏បានកើតចំនួន៩ក្បាលផងដែរ ប៉ុន្តែ៤ក្បាលបានស្លាប់ទៅវិញ ដែល នាំឱ្យផ្សោតសរុបមានចំនួន១០៤ក្បាល។
របាយការណ៍ដែលត្រូវបានបង្ហាញ ក្នុងកិច្ចប្រជុំបូកសរុបការងារអនុវិស័យជលផល ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្ត ឆ្នាំ២០២៥ នៃរដ្ឋបាលជលផលបញ្ជាក់ដែរថា៖«ឆ្នាំ២០២៤នេះ ជ្រូកទឹកជាច្រើនមានវត្តមានឡើងវិញ បន្ទាប់ពីបាត់ខ្លួនជាង១០ឆ្នាំកន្លងមក ជាមួយគ្នានេះ ផ្សោតឃ្លៀច (ផ្សោតពណ៌ផ្កាឈូក) និងផ្សោតក្បាលត្រឡោកក៏កើនឡើងច្រើនផងដែរ ប្រមាណជាង១០០ក្បាល ដែលតែងតែមាន វត្តមានជាញឹកញាប់នៅតំបន់ឆ្នេរ ជាពិសេសខេត្តកំពតនិងកែប»។
បន្ថែមពីនោះ ក៏មានការរកឃើញសំបុកអណ្ដើកសមុទ្រ ៣កន្លែងនៅកោះប៉ូឡូវៃ ក្នុងខេត្តព្រះសីហនុ ដែលញាស់បានកូន៩០ផងដែរ។
រដ្ឋបាលជលផល ក៏បានលែងប្រភេទធនធានជលផលកម្ររួមមាន ត្រីរាជ១៦ក្បាល ត្រីគល់រាំង៣៣ក្បាល បបែលយក្សទឹកសាប១ក្បាល កន្ធាយក្បាលកង្កែប២៣ក្បាល អណ្តើកហ្លួង៤០ក្បាល និងអណ្តើកសមុទ្រ៤៤ក្បាល ទៅក្នុងដែនទឹកធម្មជាតិវិញ។
ជាងនេះទៀត មហាជនក៏បានចូលរួមយ៉ាងច្រើនក្នុងការ ប្រលែងនូវត្រីមេពូជ និងវារីសត្វកម្រជាច្រើនផងដែរ។
ចំពោះការបង្ក្រាបបទល្មើសជលផលក្នុងឆ្នាំ២០២៤នេះវិញ មានចំនួន៣ ១៩៤ករណី ក្នុងនោះ បទល្មើសសមុទ្រមាន១៤៨ករណី។ បើធៀបឆ្នាំ២០២៣ មានការកើន១៤០ករណី ដោយសារមានការចូលរួមពីកម្លាំងអន្តរាគមន៍ថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ សហគមន៍នេសាទ និងមានការគាំទ្រពីមហាជនផងដែរ។
រដ្ឋបាលជលផល ក៏បានស្រាវជ្រាវ ថែបំប៉ន និងបង្កាត់ភ្ញាស់នូវប្រភេទវារីសត្វកម្រ និងមានតម្លៃសេដ្ឋកិច្ចដូចជា អណ្តើកហ្លួង ត្រីគល់រាំង ត្រីខ្សា ត្រីខឹ្ចង ត្រីគ្រំ ត្រីតុកកែ ក្តាមសេះ និងក្តាមថ្ម ដែលបានទទួលលទ្ធផលគួរជាទីមោទនៈ។
បន្ថែមពីនោះ ក៏បានសិក្សាស្រាវជ្រាវជីវសាស្ត្រវារីសត្វ តាមដានប្រភេទកូនត្រី ការបន្លាស់ទី និងការពងកូនរបស់ត្រីនៅតំបន់ ទន្លេមេគង្គលើ ដោយសហការជាមួយដៃគូអភិវឌ្ឍន៍។
ជាងនេះទៅទៀត រដ្ឋបាលជលផលក៏បានគាំទ្រនិងផ្តល់នូវត្រីនិងវារីសត្វកម្រជាច្រើនប្រភេទដល់សួនសត្វអង្គរវ៉ាយដ៏ឡាយហ្វី និងអាហ្វារៀម(Angkor wildlife and Aquarium)ក្នុងខេត្តសៀមរាប សម្រាប់បង្ហាញជូនសាធារណជនចូលទស្សនា និងស្វែងយល់។
របាយការណ៍បានលើកឡើងថា៖«ទន្ទឹមនិងសមិទ្ធផល ដែលសម្រេចបាននេះ ការគ្រប់គ្រងធនធានជលផលក៏នៅមានបញ្ហាប្រឈមមួយចំនួន ផងដែរ ដូចជាការធ្វើនេសាទដោយប្រើឧបករណ៍នេសាទខុសច្បាប់ ធ្វើនេសាទក្នុងតំបន់ហាមឃាត់ និងការទន្ទ្រាន កាន់កាប់ដីព្រៃលិចទឹកនិងព្រៃកោងកាងនៅតែបន្ត»។
ក្នុងពិធីបិទកិច្ចប្រជុំនេះ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកឌិត ទីណា បានកោតសរសើរ និងវាយតម្លៃខ្ពស់ នូវកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់អនុវត្តការងារជាក់ស្តែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃរដ្ឋបាលជលផល។
ជាពិសេសការងារអភិរក្សធនធានជលផល និងធនធានកម្រទឹកសាប និងសមុទ្រ រហូតទទួលបានលទ្ធផលជាវិជ្ជមាន តាមរយៈការវិលត្រលប់មកវិញនូវអណ្តើកហ្លួង ផ្សោតទន្លេមេគង្គ ផ្សោតឃ្លៀច ផ្សោតផ្កាឈូក ជ្រូកទឹកជាដើម ដែលសុទ្ធសឹងតែជាធនធានជលផលកម្រ និងខ្លះកំពុងរងគ្រោះជិតផុតពូជ។
លោករដ្ឋមន្ដ្រីបានណែនាំថា រដ្ឋបាលជលផល ត្រូវស្វែងយល់ និងកំណត់ទិសដៅ ពីដំណាក់កាលនីមួយៗឱ្យបានច្បាស់លាស់ និងត្រូវចេះច្នៃប្រឌិត ក្នុងគោលដៅជួយលើកកម្ពស់ប្រជានេសាទ ឱ្យមានហូបគ្រប់គ្រាន់តាមរយៈការធ្វើនេសាទ និងមានបានតាមរយៈការជំរុញការងារវារីវប្បកម្ម ព្រមទាំងអាចកែច្នៃផលិតផល ប្រកបដោយគុណភាពល្អ មានអនាម័យ សុវត្ថិភាព និងមានតម្លៃបន្ថែមខ្ពស់។
លោករដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងដៃគូភាគីពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមសហការគ្នា ក្នុងការបង្រ្កាបបទល្មើសខុសច្បាប់នានា។
ក្នុងនោះ មានទាំងសកម្មភាពជាក់ស្តែង និងនៅតាមទីផ្សារ ដោយ ត្រូវធ្វើការណែនាំដល់ប្រជានេសាទ ផ្លាស់ប្តូរទម្លាប់មកជាការនេសាទស្របច្បាប់ មានការកំណត់ឧបករណ៍ត្រឹមត្រូវ យល់ដឹងពីការព្រលែងនូវប្រភេទសត្វកម្រ និងការនេសាទឆ្ងាយពីតំបន់ត្រីមេពូជ ដើម្បីនិរន្តរភាពធនធានជលផល និងជាគុណប្រយោជន៍របស់ប្រជាពលរដ្ឋទូទាំងប្រទេស។
លោកបញ្ជាក់ថា៖«ការថ្លឹងថ្លែងពីតម្រូវការ និងការផ្គត់ផ្គង់ឱ្យបានច្បាស់លាស់ត្រឹមត្រូវ ពង្រឹងនូវខ្សែចង្វាក់តម្លៃដោយផ្សាភ្ជាប់ជាមួយវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និងទីតាំងម្ហូបអាហារនានា ក៏ជាការងារសំខាន់ដែលរដ្ឋបាលជលផលត្រូវយកចិត្តទុកដាក់ផងដែរ»។
ទាក់ទងនឹងការសត្វផ្សោតនេះផងដែរ ក្រុមអ្នកអភិរក្សបានរៀបចំយុទ្ធនាការ«ហែលទឹក»ចំងាយ១២០គីឡូម៉ែត្រ ក្នុងរយៈពេល៤ថ្ងៃ នៅក្នុងខែមីនា ខាងមុខ ដើម្បីរ៉ៃអង្គាសថវិកា សម្រាប់ជួយអភិរក្សសត្វផ្សោត ដែលកំពុងតែរងគ្រោះជិតផុតពូជ ក្នុងទន្លេមេគង្គ និងក្នុងសមុទ្រកម្ពុជា។
សេចក្តីប្រកាសព័ត៌មានរួមរបស់រដ្ឋបាលជលផល, អង្គការសាមគ្គី (Samaky Organization) និង កម្មវិធីស្រាវជ្រាវសត្វផ្សោត Sarasota (Sarasota Dolphin Research Program)បានឱ្យដឹងថា ដើម្បីទទួលបានការគាំទ្រលើផ្សោតក្បាលត្រឡោក (Orcaella brevirostris) អ្នកហែលទឹកមួយក្រុម នឹងត្រូវធ្វើការហែលឆ្លាស់គ្នា។
ក្រុមអ្នកហែលទឹកប្រមូលផ្តុំដោយអ្នកដែល ស្រលាញ់ការអភិរក្ស ក៏ដូចជាអ្នកវិទ្យាសាស្ត្រជាតិនិង អន្តរជាតិដែលនឹង ត្រូវចំណាយពេល៤ថ្ងៃសម្រាប់ការហែលទឹករយៈចំងាយ១២០គីឡូម៉ែត្រពី ខេត្តស្ទឹងត្រែង ទៅខេត្តក្រចេះ ដែលជាតំបន់បេះដូងនៃជម្រកសត្វផ្សោតទន្លេមេគង្គ។
សេចក្តីប្រកាសបានសរសេរថា៖«ផ្សោតក្បាលត្រឡោកនៅក្នុងទន្លេមេគង្គ កំពុងឈានទៅរកការផុតពូជ។ ផ្សោត ក្បាលត្រឡោកនៅតំបន់ឆ្នេរសមុទ្រក៏កំពុងមានហានិភ័យដូចគ្នា ដោយស្ថិត ក្នុងស្ថានភាពកំពុងរងគ្រោះទូទាំងពិភពលោក ហើយការគំរាមកំហែងលើ ពួកគេគឺបណ្តាលមកពីការនេសាទចាប់ដោយចៃដន្យ ដូចនេះសកម្មភាព ដែលយើងត្រូវធ្វើគឺអនុវត្តយុទ្ធសាស្ត្រ ដើម្បីកាត់បន្ថយការចាប់ ដោយចៃដន្យ»។
ក្រុមអ្នកអភិរក្សបានលើកទឹកចិត្តឱ្យសាធារណជនចូលរួមបរិច្ចាក ដែលនឹងជួយដល់ការអភិរក្សផ្សោតកម្ពុជា ក្នុងទិសដៅពង្រឹងក្រុមល្បាត ដើម្បីបង្ការការនេសាទខុសច្បាប់, ជំរុញការស្រាវជ្រាវលើការកាត់បន្ថយការចាប់ដោយចៃដន្យ និងចូលរួមការការពារលើចំនួនផ្សោតក្បាលត្រឡោកក្នុងទន្លេ និងសមុទ្រទូទាំងប្រទេស៕