ក្រសួង​យុត្តិធម៌​កំពុង​រៀបចំ​ច្បាប់​ស្តីពី​ការ​ប្រឆាំង​ការ​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈ​កាល​នៃ​កម្ពុជា​ប្រជាធិបតេយ្យ ក្នុង​គោល​បំពង​ផ្តល់​យុត្តិធម៌​ដល់​ជន​រងគ្រោះ និង​ទប់​ស្កាត់​កុំ​ឱ្យ​ឧក្រិដ្ឋកម្ម​ទាំង​នេះ​វិល​ត្រឡប់​មក​វិញ​នៅ​កម្ពុជា។


សេចក្ដី​ព្រាង​ច្បាប់​នេះ មាន​ ៧ មាត្រា ត្រូវ​បាន​ព្រាង​រួច​ហើយ និង​បាន​ឈាន​ដល់​ដំណាក់​កាល​ពិនិត្យ​ពិភាក្សា​ចុង​ក្រោយ​នៅ​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី កាល​ពី​ថ្ងៃ​ទី២៥ ខែ​ធ្នូ​នេះ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ស្ដីការ​គណៈ​រដ្ឋមន្ត្រី ច្បាប់​នេះ «កំណត់​អំពី​ការ​ផ្ដន្ទាទោស​ចំពោះ​បុគ្គល​ទាំង​ឡាយ​ដែល​មិន​ទទួល​ស្គាល់​ ឬ​សម្រាល ​ឬ ​បដិសេធ ​ឬ​ជំទាស់​អត្ថិភាព​នៃ​ឧក្រិដ្ឋកម្ម ឬ​លើក​តម្កើង​ឧក្រិដ្ឋកម្ម ​ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈ​កាល​នៃ​កម្ពុជា​ប្រជាធិបតេយ្យ និង​ដែល​អត្ថិភាព​នៃ​ឧក្រិដ្ឋកម្ម​ទាំង​នេះ​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​សេចក្ដី​សម្រេច​ស្ថាពរ ឬ​នៅ​ក្នុង​កិច្ច​ដំណើរការ​នីតិវិធី​របស់​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា»។


កាល​ពី​ឆ្នាំ​ ២០១៣ កម្ពុជា​បាន​បង្កើត​ច្បាប់​មួយ​ឈ្មោះ​ថា «ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈ​កាល​នៃ​កម្ពុជា​ប្រជាធិបតេយ្យ» ដែល​មាន​៥​មាត្រា។ 

ច្បាប់​នេះ​កំណត់​ផ្ដន្ទាទោស​អ្នក​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​នៅ​សម័យ​ខ្មែរ​ក្រហម​​ដាក់​ពន្ធនាគារ​ពី​ ៦ខែ ទៅ​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ពី​១​លាន​រៀល ទៅ​៤​លាន​រៀល។


ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី បាន​ថ្លែង​ថា សេចក្ដី​ព្រាង​ច្បាប់​ថ្មី​នេះ នឹង​ទៅ​ជំនួស​ច្បាប់​ចាស់​ខាង​លើ​ដោយ​បាន​ធ្វើ​សង្គតិភាព ធ្វើ​ឲ្យ​មាន​ភាព​គ្រប់​ជ្រុង​ជ្រោយ ស្រប​ទៅ​តាម​បរិការណ៍​ជាក់​ស្ដែង​នៃ​សង្គម​សេដ្ឋកិច្ច​កម្ពុជា។

ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ រួមមាន ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ និង​ការ​រំលោភ​បំពាន​ធ្ងន់ធ្ងរ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ​ ឆ្នាំ​១៩៤៩ ដែល​ជា​ការ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើច្បាប់​ព្រហ្មទណ្ឌ​កម្ពុជា ការ​រំលោភ​ទៅ​លើ​ច្បាប់​មនុស្សធម៌​អន្តរជាតិ​និង​ទម្លាប់​អន្តរជាតិ ព្រម​ទាំង​ការរំលោភ​លើ​អនុសញ្ញា​អន្ដរជាតិ​ដែល​កម្ពុជា​ទទួល​ស្គាល់។

លោក វង្សី វិស្សុត (ឆ្វេង) ឧបនាយករដ្ឋមន្រ្តីប្រចាំការ និង​ លោក កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ដឹកនាំ​កិច្ច​ប្រជុំ​ពិនិត្យ​ពិភាក្សា​លើសេច​ក្ដី​ព្រាង​​ច្បាប់​នេះ កាល​ពី​ថ្ងៃទី២៥ ខែធ្នូ ២០២៤។ ទីស្ដីការ​គណៈរដ្ឋមន្ត្រី

ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​បញ្ជាក់​ដូច្នេះ​ថា៖ « ការ​មិន​ទទួល​ស្គាល់ ឬ​ការ​សម្រាល ឬ​ការ​បដិសេធ ឬ​ការ​ជំទាស់​នឹង​អត្ថិភាព​នៃ​ឧក្រិដ្ឋកម្ម​ទាំង​បី​ខាង​លើ​មិន​មែន​ជា​ការ​អនុវត្ដ​នូវ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​នោះ​ទេ ប៉ុន្ដែ​ផ្ទុយ​ទៅ​វិញ​ ទង្វើ​នេះ​គឺ​ជា​ការ​ប្រមាថ​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​ពលី និង​ដែល​បាន​បាត់​បង់​ជីវិត​នៅ​ក្នុង​សម័យ​ដ៏​ខ្មៅ​ងងឹត​ និង​ធ្វើ​ឱ្យ​មាន​ការ​ឈឺ​ចាប់​ដល់​គ្រួសារ​ជន​រងគ្រោះ​ដែល​នៅ​រស់​រាន​មាន​ជីវិត​រហូត​ដល់​សព្វ​ថ្ងៃ​នេះ»។

យ៉ាងណា​ក៏​ដោយ ខ្លឹមសារ​នៃ​សេចក្ដី​ព្រាង​ច្បាប់​នេះ​មិន​ត្រូវ​បាន​បញ្ចេញ​ឲ្យ​ដឹង​នៅ​ក្នុង​ដំណាក់​កាល​ពិនិត្យ​ពិភាក្សា​នេះ​ទេ។

មនុស្ស​ចន្លោះ​ពី ១​លាន​នាក់​ទៅ ៣​លាន់​នាក់ ត្រូវ​បាន​ស្លាប់ និង​សម្លាប់​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ពី​ថ្ងៃទី១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃ​ទី៦ មករា ឆ្នាំ​១៩៧៩។ 

មេដឹក​នាំ​ខ្មែរ​ក្រហម​មួយ​ចំនួន​ត្រូវ​បាន​កាត់​ទោស ខណៈ​មួយ​ចំនួន​ទៀត​បាន​ស្លាប់​ក្នុង​អំឡុង​ពេល​នៃ​នីតិវិធី​របស់​សាលា​ក្ដី​ខ្មែរ​ក្រហម ដែល​មាន​ឈ្មោះ​ជា​ផ្លូវការ​ថា «អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា» (អ.វ.ត.ក.) ដែល​បាន​បិទ​បញ្ចប់​កាល​ពី​ចុង​ឆ្នាំ​២០២២។

លោក លោក ​ផេង ពង្សរាស៊ី នាយក​កម្មវិធី​ស្ដីពី​ការអប់រំ​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​កម្ពុជា និង​ជា​នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​សាខា​ខេត្ត​ព្រៃវែង និង​ខេត្ត​តាកែវ បាន​ថ្លែង​ថា លោក​គាំទ្រ​ការ​បង្កើត​ច្បាប់​នេះ​ដើម្បី​ចៀស​វាង​ការ​បំភ្លៃ​ប្រវត្តិសាស្ត្រ​ និង​ដើម្បី​កុំ​ឲ្យ​មាន​បុគ្គល​ណា​ម្នាក់​អូសទាញ​អ្នក​ដទៃ​ឲ្យ​ជឿ​លើ​ការ​បំភ្លៃ​ប្រវត្តិសាស្ត្រ។

លោក​បន្ត​ថា ប្រសិន​បើ​មាន​មនុស្ស​មួយ​ចំនួន​អះអាង​ថា របប​ខ្មែរ​ក្រហម​មិន​បាន​កើត​ឡើង​ទេ នោះ​វា​នឹង​ធ្វើ​ឲ្យ​សតិអារម្មណ៍​អ្នក​រស់រាន​មាន​ជីវិត ឬ​អ្នក​រងគ្រោះ​ឈឺចាប់​កាន់​តែ​ខ្លាំង។ 

លោក​ថា លោក​ដែល​ជា​អ្នក​អប់រំ​អំពី​របប​នោះ ​បាន​លើក​ពី​ឧទាហរណ៍​ជាក់​ស្ដែង​ដើម្បី​ពន្យល់​ដល់​មនុស្ស​ជំនាន់​ក្រោយ ដែល​ភស្តុតាង​ទាំង​នោះ​គឺ​អ្នក​រស់​រាន​មាន​ជីវិត ដែល​ក្រោយ​របប​ខ្មែរ​ក្រហម​មាន​ប្រមាណ ៥​លាន​នាក់ អម​ដោយ​ជាមួយ​នឹង​ឯកសារ​ពាក់​ព័ន្ធ។

លោក​ថ្លែង​ថា៖ «ច្បាប់​នេះ​ក្នុង​នាម​ខ្ញុំ​ជា​អ្នក​ប្រវត្តិសាស្ត្រ​ និង ជា​អ្នក​អប់រំ ខ្ញុំ​សាទរ​ដែរ ព្រោះ​ថា​វា​ជួយ​ឲ្យ​រឿងរ៉ាវ​ពិត ប្រវត្តិសាស្ត្រ​ពិត​របស់​យើង​មាន​ភាព​ច្បាស់​លាស់ ហើយ​មនុស្ស​គ្រប់​រូប​នៅ​កម្ពុជា​ជឿ​ជាក់​ថា របប​ខ្មែរ​ក្រហម ពិត​ជា​បាន​កើត​ឡើង​មែន»៕