អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ដែលវិនិយោគដោយក្រុមហ៊ុន Costal Airport Investment Co. Ltd(CAI) បានចាប់ផ្តើមបើកដំណើរការសាកល្បងនាព្រឹកថ្ងៃទី២៦ ខែធ្នូនេះ ជាមួយនឹងការមកដល់របស់ជើងហោះហើរជួល(Charter)ដែលចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ជាមួយនឹងអ្នកដំណើរជាង ៥០នាក់។
អាកាសយានដ្ឋានអន្តរជាតិតារាសាគរ មានទីតាំងស្ថិតនៅស្រុកគិរីសាគរ និងបុទុមសាគរ ខេត្តកោះកុង ក្រោមការវិនិយោគរបស់ក្រុមហ៊ុន Coastal Airport Investment ក្នុងទឹកប្រាក់ ២០០ លានដុល្លារ។
នៅក្នុងដំណាក់កាលទី១ ក្រុមហ៊ុនបានធ្វើការអភិវឌ្ឍលើផ្ទៃដីទំហំ ២១៨ ហិកតា និងនៅជំហានបន្ទាប់ក្រុមហ៊ុនក៏ត្រៀមបម្រុងដីសម្រាប់ការអភិវឌ្ឍបន្ថែមចំនួន ១ ពាន់ហិកតា។ អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ស្ថិតលើដីនៃគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន Union Development Group។
រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ម៉ៅ ហាវណ្ណាល់ ដែលបានអញ្ជើញចូលរួមក្នុងពិធី«ស្វាគមន៍ការហោះហើរក្នុងស្រុកដំបូងជាលក្ខណៈជួលមកកាន់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ» បានថ្លែងថា សមិទ្ធផលនេះគឺកើតចេញពីកិច្ចសហការដ៏ល្អរវាងក្រុមការងាររបស់ក្រុមហ៊ុន CAI ជាមួយនឹងថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេសនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។
នេះជាការចុះចតសាកល្បងលើកដំបូង។ លោកបន្តថា ស្ថិរភាពនយោបាយក្នុងរយៈពេលជាង ២ ទសវត្សរ៍កន្លងមកនេះ បានធ្វើឱ្យប្រទេសកម្ពុជារីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យអាកាសចរណ៍ក៏កំពុងបោះជំហានទៅមុខយ៉ាងលឿនផងដែរ។
លោកបានថ្លែងថា៖«អាកាសយានដ្ឋានអន្តរជាតិតារាសាគរ នឹងដើរតួនាទីជាហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ខេត្តកោះកុង ទៅកាន់អាកាសយានដ្ឋានដទៃទៀតទាំងក្នុងស្រុក និងអន្តរជាតិ ហើយវាក៏នឹងជួយលើកកម្ពស់តំបន់ទេសចរណ៍ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៅទូទាំងប្រទេសកម្ពុជាផងដែរ»។
បន្ថែមពីលើនេះ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា អាកាសយានដ្ឋានអន្តរជាតិនេះនឹងបើកជើងហោះក្នុងស្រុកពេញលេញ ស្របតាមអនុលោមភាព លក្ខខណ្ឌតម្រូវ និងបទដ្ឋានបច្ចេកទេសនាពេលខាងមុខ។
លោកថ្លែងថា៖«នេះជាការសាកល្បងដើម្បីឈានទៅធ្វើការហោះហើរជាផ្លូវការនៅពេលខាងមុខ ប្រសិនបើមានទីផ្សារជាក់លាក់ ប៉ុន្តែសម្រាប់ពេលនេះគឺមិនទាន់មានត្រូវការច្រើននៅឡើយទេ»។
បើតាមលោក ចាន់សិរីវុត្ថា យន្តហោះដែលគេជួលហោះមកកាន់អាកាសយានដ្ឋានតារាសាគរ នាពេលនេះ គឺជារបស់ក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air (Air Cambodia)។ ភាគច្រើននៃអ្នកដំណើរលើយន្តហោះ គឺជាបុគ្គលិកក្រុមហ៊ុន CAI មន្ត្រីរាជដ្ឋាភិបាល និងតំណាងសមាគម/ក្រុមហ៊ុនទេសចរណ៍។
បើតាមក្រុមហ៊ុន CAI អាកាសយានដ្ឋាននេះរំពឹងទទួលបានអ្នកដំណើរប្រមាណ ៧ លាននាក់ និងទំនិញប្រមាណ ១ ម៉ឺនតោនក្នុង ១ ឆ្នាំ ព្រមទាំងបន្តកើនអ្នកដំណើរដល់ ២០ លាននាក់ និងទំនិញ ៦ ម៉ឺនតោនក្នុង ១ ឆ្នាំ ចាប់ពីឆ្នាំ ២០៣០-២០៥០។
ប្រធានក្រុមប្រឹក្សាភិបាលសមាគមទេសចរណ៍កម្ពុជា លោក ហូ វណ្ឌី (Board chairman at Cambodia Tourism Association-CATA, Ho Vandy) បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការបង្កើតឱ្យមានអាកាសយានដ្ឋាន ឬផ្លូវហោះហើរទោះក្នុងស្រុក ឬក្រៅស្រុក សុទ្ធតែនាំផលវិជ្ជមានសម្រាប់សេដ្ឋកិច្ចជាតិ ក៏ដូចជាវិស័យទេសចរណ៍។
លោកបន្តថា ជើងហោះហើរគឺជាជម្រើសដ៏ល្អសម្រាប់អ្នកដំណើរ ឬភ្ញៀវទេសចរណា ដែលមិនមានពេលវេលាច្រើន។ លោកបន្តថា សម្រាប់ភ្ញៀវទេសចរ ពិសេសជនបរទេសគឺគេអាចប្រើពេលខ្លីក្នុងការទៅទស្សនាប្រាសាទបុរាណក្នុងខេត្តសៀមរាប និងតំបន់មាត់សមុទ្រ។
លោកបាននិយាយថា៖«ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ អាកាសយានដ្ឋាន កំពង់ផែ ល្អ នឹងជួយបង្កើនសក្តានុពលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យធ្វើដំណើរកម្សាន្តកាន់តែច្រើន»។
កន្លងមកអាកាសយានដ្ឋាននេះធ្លាប់មានផែនការបើកឱ្យមានការហោះហើរក្នុងឆ្នាំ ២០២២ ប៉ុន្តែត្រូវបានពន្យាពេលជាបន្តបន្ទាប់ ដោយសារវិបត្តិផ្សេងៗ ពិសេសវិបត្តិជំងឺកូវីដ១៩។
ក្រៅពីអាកាសយានដ្ឋានអន្តរជាតិតារាសាគរ នៅក្នុងអំឡុងខែកក្កដា ឆ្នាំ ២០២៥ ខាងមុខ កម្ពុជាក៏គ្រោងនឹងបើកសម្ពោធជាផ្លូវការនូវអាកាសយានដ្ឋានអន្តរជាតិតេជោ(TIA)ផងដែរ ខណៈបច្ចុប្បន្នការសាងសង់សម្រេចបានជាង ៩២ភាគរយ។
អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាអាកាសយានដ្ឋាន Greenfield ដែលមានផ្ទៃដីសរុប ២ ៦០០ ហិកតា ស្ថិតនៅចម្ងាយ ១៩ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ការសាងសង់ត្រូវចែកចេញជា ៣ ដំណាក់កាល ដោយដំណាក់កាលទី ១ ក្រុមហ៊ុនសាងសង់ផ្លូវរត់ចម្ងាយ ៤ គីឡូម៉ែត្រសម្រាប់ចុះចតយន្តហោះខា្នតធំប្រភេទ 4F ដែលមានសមត្ថភាពទទួលអ្នកដំណើរបានជាង ១៥ លាននាក់ក្នុង ១ ឆ្នាំ នៅត្រឹមឆ្នាំ ២០៣០។
ចំណែកដំណាក់កាលទី ២ ក្រុមហ៊ុននឹងពង្រីកសាងសង់ផ្លូវរត់ចំនួន ២ ស្របគ្នាដែលអាចទទួលអ្នកដំណើរបានរហូតដល់ ៣០ លាននាក់ ក្នុង ១ ឆ្នាំ នៅឆ្នាំ ២០៥០ និងដំណាក់កាលទី ៣ ចាប់ពីឆ្នាំ ២០៥០ តទៅ ក្រុមហ៊ុននឹងបន្តបន្ថែមសាងសង់ផ្លូវរត់ទី ៣ ដើម្បីទទួលអ្នកដំណើរឱ្យបាន ៤៥ លាននាក់ក្នុង ១ ឆ្នាំ។
អាកាសយានដ្ឋាននេះ ជាប្រភេទ 4F ដែលអនុញ្ញាតឱ្យយន្តហោះធំៗហោះឆ្លងទ្វីបដូចជា Airbus A380-800 និង Boeing 747-800 ចុះចតបាន។