តុលាការខេត្តកណ្តាលកាលពីថ្ងៃទី ២ ខែធ្នូ បានកាត់ទោសស្រ្តីជនជាតិហ្វីលីពីន ១៣ នាក់ដាក់ពន្ធនាគាររយៈពេល ៤ ឆ្នាំ ប៉ុន្តែព្យួរទោសរយៈពេល ២ ឆ្នាំ ពាក់ព័ន្ធនឹងករណីពពោះ។ អ្នកស្រីជនជាតិខ្មែរម្នាក់ដែលជាអ្នកសម្អាត ក៏ត្រូវបានកាត់ទោសដែរ ដោយសារមិនរាយការណ៍អំពីបទល្មើសនេះ។
ស្រ្តីហ្វីលីពីនទាំង ១៣ នាក់ត្រូវបានចាប់ខ្លួនក្នុងខែតុលា នៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល និងត្រូវបានចោទប្រកាន់ពីបទ «ប៉ុនប៉ងក្នុងអំពើលក់ដូរមនុស្សសម្រាប់នាំឆ្លងដែន» ស្របតាមមាត្រា ១៦ នៃច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទនិងមាត្រា ២៧ នៃក្រមព្រហ្មទណ្ឌ។
សេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល បានថ្លែងកាលពីថ្ងៃទី ២ ខែធ្នូ ថា៖«ក្រោយពីបញ្ចប់កិច្ចពិភាក្សាដេញដោលនាពេលសវនាការ ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងខេត្តកណ្តាល បានពិនិត្យ និងពិចារណាយ៉ាងល្អិតល្អន់លើអង្គហេតុ អង្គច្បាប់ និងភស្តុតាងនានាក្នុងសំណុំរឿង ដោយសម្រេចផ្ដន្ទាទោសជនជាប់ចោទជាស្ត្រីជនជាតិហ្វីលីពីនចំនួន ១៣នាក់ ដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់រយៈពេល ៤ ឆ្នាំ តែអនុវត្តទោសក្នុងពន្ធនាគាររយៈពេល២ឆ្នាំ ទោសដែលនៅសល់ត្រូវព្យួរធម្មតាពីបទ ប៉ុនប៉ងក្នុងអំពើលក់-ដូរមនុស្សសម្រាប់នាំឆ្លងដែន»។
ចំណែកអ្នកស្រីជនជាតិខ្មែរ ដែលជាអ្នកសម្អាតផ្ទះ និងរៀបចំម្ហូប ហើយត្រូវបានចោទពីបទរួមគំនិតនៃអំពើខាងលើ ត្រូវបានតុលាការប្ដូរបទចោទទៅជា «មិនប្ដឹងបរិហារបទឧក្រិដ្ឋ» ហើយត្រូវបានកាត់ទោសដាក់ពន្ធនាគារ ៦ ខែ ដោយត្រូវអនុវត្តទោស ២ ខែ ១ ថ្ងៃ ទោសដែលនៅសល់ត្រូវបានព្យួរ។
អ្នកនាំពាក្យរបស់តុលាការបានបញ្ជាក់ថា អំពើពពោះ ដែលភាសាផ្លូវច្បាប់ហៅថា «អំពើលក់ដូរមនុស្សសម្រាប់នាំឆ្លងដែន» គឺជាឧក្រិដ្ឋកម្មនៅកម្ពុជា។ វាប៉ះពាល់ដល់សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ រួមទាំង «ប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិរបស់ទារក និងកុមារ ដែលត្រូវបានការពារតាមច្បាប់ជាតិ និងអន្តរជាតិ»។
អ្នកនាំពាក្យតុលាការបន្តថា តាមច្បាប់ ស្រ្តីដែលសម្រាលកូន គឺជាម្តាយរបស់ទារក។ ប៉ុន្តែនៅក្នុងករណីលើ មានភស្តុតាងច្បាស់បង្ហាញថា ស្រ្តីហ្វីលីពីន ១៣ នាក់ បានព្យាយាមសម្រាលកូន សម្រាប់លក់ឆ្លងព្រំដែនទៅភាគីទីបី ជាថ្នូរនឹងប្រាក់។
អ្នកនាំពាក្យតុលាការថ្លែងដូច្នេះថា៖ «ហេតុដូច្នេះ ស្ត្រីដែលពពោះជំនួសក្នុងគោលបំណងបង្កើតកូន ដើម្បីលក់ដូរ ទទួលបានប្រាក់កម្រៃ ត្រូវចាត់ទុកជាជនល្មើសតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា»។
លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រឆាំងជួញដូរមនុស្ស បានថ្លែងនៅខែវិច្ឆិកាថា ករណីពពោះពាក់ព័ន្ធស្រ្តីខ្មែរ ដែលធ្លាប់កើតមានជាច្រើនករណីកាលពីប៉ុន្មានឆ្នាំមុន បានស្ងប់ស្ងាត់ហើយ បន្ទាប់ពីមានការបង្ក្រាបជាបន្តបន្ទាប់។
ប៉ុន្តែ ករណីពពោះនេះ បែរជាត្រូវបានអនុវត្តដោយស្ត្រីដែលជាជនបរទេសដោយលួចលាក់នៅកម្ពុជា។ ក្នុងករណីដូចនេះ កម្ពុជានិងប្រទេសពាក់ព័ន្ធបានសហការបញ្ជូនស្ត្រីទាំងនោះចេញ ប៉ុន្តែ ប្រទេសមួយចំនួនបានបញ្ចេញព័ត៌មានអំពីរឿងនេះ ហើយចោទប្រកាន់និងធ្វើឲ្យប៉ះពាល់ដល់មុខមាត់កម្ពុជា៕