កណ្តាល/បន្ទាយមានជ័យៈ ជនជាតិ​ឥណ្ឌា​ម្នាក់ ត្រូវ បាន ឃុំខ្លួន ហើយ​បក្ស​ពួក​២នាក់​ផ្សេង​ទៀត​កំពុង​តែ​ត្រូវបាន​តាម​រក​ចាប់ខ្លួន ក្រោយ​ពី កន្លែង​ផលិត​គ្រឿង​របស់ពួកគេ​មួយកន្លែង ត្រូវបាន​រកឃើញ ជាមួយ​នឹង​គ្រឿង​ញៀនជាង​១តោន។  


កន្លែងផលិតគ្រឿង ដែលស្ថិតក្នុងភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅត្រូវបានរកឃើញ បន្ទាប់ពី​ទីតាំ​ង​នេះ​ត្រូ​វ​​បានភ្លើងឆេះ ហើយសមត្ថកិច្ចមូលដ្ឋានបានចុះទៅពន្លត់។ 

ប្រតិបត្តិការបង្ក្រាបក្នុងសំណុំរឿងនេះ សម​ត្ថកិច្ច​ដក​ហូត​វត្ថុតាងជាច្រើនដូចជា៖ គ្រឿងញៀនប្រភេទ MDMA ថ្នាំគ្រាប់ ទម្ងន់ ជាង​១តោន (១.៤២៤.១៥០ ក្រាម), គ្រឿង​ញៀនប្រភេទ MDMA ម្សៅ ទម្ងន់ ជាង ១១៤គីឡូ និងសារធាតុគីមី Cellulose ទម្ងន់ ៥៩៣ គីឡូក្រាម រួម​ជាមួ​យឧ​បក​រ​ណ៍ស​ម្រា​ប់ផលិត និងកែច្នៃគ្រឿងញៀនមួយចំនួន។ នេះបើយោងតាម​ សេចក្តី​ប្រកាសព័ត៌​មាន​របស់​តុលា​ការ​ខេត្ត​ក​ណ្តា​ល ដែលបានផ្សព្វផ្សាយជាសាធារណៈ នាថ្ងៃទី២ ខែធ្នូ។


ប្រភពដដែលលបានឱ្យដឹងថា នៅថ្ងៃទី១ ខែធ្នូនេះ សាលាដំបូងខេត្តបានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌ ដែលមានជនត្រូវចោទ​ចំនួន​៣​នាក់​។

ក្នុងនោះ មានឈ្មោះ SARABJIT ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិឥណ្ឌា ត្រូវ​បាន​ឃាត់​ខ្លួននៅកន្លែងកើតហេតុ កាល​​ពីយប់ថ្ងៃទី២៧ ខែវិច្ឆិកាកន្លងមក។ 


បុរសរូបនេះ ត្រូវចោទ​ប្រកាន់ពីបទ ផលិត រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវ សារធាតុញៀន តាមបញ្ញត្តិមាត្រា ៣៩, មាត្រា ៤០ និងមាត្រា ៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

បុរសជាជនត្រូវចោទ២នាក់ផ្សេងទៀត ដែលបានរត់គេចខ្លួនមានឈ្មោះ SEWAK SINGH អាយុប្រហែល ២២ឆ្នាំ  ជនជាតិឥណ្ឌា និងឈ្មោះ MONCHI អាយុប្រហែល ២៤ឆ្នាំ ជនជាតិប៉ាគីស្ថាន។

ពួកគេ ត្រូវចោទ ប្រកាន់ពីបទ ផលិត រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន តាមមាត្រា ៣៩ និងមាត្រា ៤០ នៃច្បាប់​ស្តីពីការ​ត្រួតពិនិត្យ​គ្រឿង​ញៀន។

តុលាការបញ្ជាក់ថា៖«បន្ទាប់ពីបានពិនិត្យផ្ទៀងផ្ទាត់លើឯកសារ និងភស្តុតាងនានា ដែលមាននៅក្នុងសំណុំរឿង ចៅ​ក្រម​ស៊ើប​សួរ នៃសាលាដំបូងខេត្តកណ្តាល បានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទឈ្មោះ SARABJIT នៅ​ពន្ធនាគារ ខេត្តកណ្តាល ដើម្បីបន្តកិច្ចស៊ើបសួរតាមនីតិវិធីច្បាប់»។

ទាក់ទងនឹងបទល្មើសគ្រឿងញៀននេះដែរ ជនជាតិថៃ១០នាក់ត្រូវបានបញ្ជូនទៅតុលាការខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​អង្គារ ទី៣ ខែធ្នូនេះ ​ពាក់ព័ន្ធនឹងង​សារធាតុញៀនជាង១ម៉ឺនគ្រាប់ ដែលត្រូវបានបង្រ្កាប នៅអគារថ្មីមួយកន្លែង ស្ថិត​នៅ​ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត កាលពីយប់ថ្ងៃទី៣០ខែវិច្ឆិកា។

អគ្គ​ស្នងការ​ដ្ឋាន​នគរ​បាល​ជាតិបានឱ្យដឹងថា គ្រឿងញៀន ជាវត្ថុតាង ដែល​ត្រូវបាន​ឆែក​ឆេរ​រក​ឃើញមាន​ជា​ច្រើន​ប្រ​ភេ​ទ ដូចជា៖​ថ្នាំគ្រាប់ពណ៌ក្រហម អក្សរWY ចំនួន៩ ៥៨០គ្រាប់, ថ្នាំគ្រាប់ពណ៌ទឹកក្រូចអក្សរ WY ចំនួន ១ ១៣០​គ្រាប់,​ ថ្នាំ​គ្រាប់ពណ៌​បៃតងអក្សរ WY​ចំនួន ៣៨គ្រាប់ និងម្សៅក្រាមស ដែលសង្ស័យជា​សារធាតុ​ញៀន​ចំនួន​២៦​ថង់​ផង​ដែរ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឱ្យដឹងថា ក្នុងរយៈពេល ១ខែ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ សា​លាដំបូង និងអយ្យការអមសាលា​ដំបូងរាជ​ធានី ខេត្ត បានទទួលចាត់ការ​លើសំណុំរឿងពាក់​ព័ន្ធនឹងគ្រឿង​ញៀន​សរុប​ចំនួន ៣៥៤ ករណី។ ដែលក្នុងនោះ មាន​ជន​សង្ស័យចំនួន ៩៩១ នាក់ និងត្រូវបានឃាត់ខ្លួនចំនួន ៧៤៩ នាក់៕