ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នាពេលថ្មីៗ បានដាក់ដំណើរការ​ម៉ាស៊ីនបកប្រែ TranslateKh នៅលើវេបសាយ និង TranslateKH_bot របស់តេឡេក្រាម ​ដោយឥតគិតថ្លៃ។


ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីបកប្រែ TranslateKh ជាកម្មវិធីជំនួយការឆ្លាតសម្រាប់បកប្រែពាក្យ ឃ្លា ប្រយោគ ឬអត្ថបទពីភាសាខ្មែរ ទៅ ភាសាអង់គ្លេស និងពីភាសាអង់គ្លេស ត្រឡប់មកភាសាខ្មែរវិញ ដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI) និងបច្ចេកវិទ្យាសិក្សាស៊ីជម្រៅ (Deep Learning)។

TranslateKH ត្រូវបាន​បង្កើតឡើង​ដោយ​ផ្ដោតលើ​សមត្ថភាព​បកប្រែ​លើ​វិស័យ​ជាក់លាក់ ដូចជា ​ផ្នែក​ច្បាប់ ប្រព័ន្ធ​ផ្សព្វផ្សាយ និង​បច្ចេកទេស ជាដើម​​។​


លោក ឡាយ អជឌីក​ អ្នក​អភិវឌ្ឍ​កម្មវិធី TranslateKH ម្នាក់ចំណោម ៥​នាក់ បាន​ឱ្យដឹងថា៖ «គោលដៅរបស់​យើង​គឺ​ចង់​ដោះស្រាយ​បញ្ហា​ជាក់​លាក់​មួយ​ចំនួន ដែល​ Google Translate អត់​មាន។ ទីមួយ​ ចំពោះ​ Google Translate បើ​យើង​ឃើញ​ពាក្យ​ពេចន៍​ខុស យើង​មិនអាច​កែ​វាបាន​ទេ​។ ប៉ុន្ដែ​ចំពោះ TranslateKH ពេល​អ្នក​ប្រើ​ប្រាស់​ដាក់​ស្នើ​កែ​សម្រួល យើង​នឹង​ធ្វើ​ការ​កែប្រើ​បាន​ឆាប់​រហ័ស​ ដោយ​សារ​យើង​ធ្វើ​ការ​នៅ​ក្នុង​ស្រុក​»។

ចំពោះ​អ្នក​ប្រើ​ប្រាស់ ដែលមាន​បំណង​ចង់​កែ​ពាក្យ​ពេចន៍​ ដែល​ TranslateKH បក​ខុស​ និង​ចង់​ឱ្យ​បក​ត្រឹម​ត្រូវនៅពេល​ក្រោយ ពួកគេ​អាច​ធ្វើ​ការ​កែផ្ទាល់​នៅលើ​ផ្ទាំង​បក​ប្រែ ឬ​ចូល​ទៅកាន់​ Telegram @TRANSLATEKH_MPTC ដើម្បី​ស្នើ​សុំ​កែសម្រួល។


រូបភាពកម្មវិធីបកប្រែ TranslateKH នៅលើ Telegram។ រូបថត សហការី

សមត្ថភាព​បកប្រែ​របស់ Google Translate បង្ហាញ​ខ្លឹមសារ​ជាទូទៅ ខណៈ​ TranslateKH ត្រូវបាន​ប្រើ​ប្រាស់​សម្រាប់​ការ​បក​ប្រែ​ទៅលើ​វិស័យ​ណាមួយ​ជាក់​លាក់​។

លោក អជឌីក​ បាន​លើក​ឧទាហរណ៍ថា ក្រុម​ការងារ​ធ្វើការ​ជាមួយ​ស្ថាប័ន​ខាង​ច្បាប់ ដើម្បី​ទទួល​បាន​ឯកសារ​ និង​ទិន្នន័យ​សម្រាប់​បង្វឹក​នៅលើ​កម្មវិធី​ ដែល​សមត្ថភាព​នៃការ​បកប្រែ​មាន​ភាព​ត្រឹម​ត្រូវ​ និង​ជាក់​លាក់​។

មន្ដ្រី​ក្រសួង​ប្រៃសណីយ៍ ដែលបញ្ចប់​ការ​សិក្សា​មកពី​ចក្រ​ភព​អង់គ្លេស​រូប​នេះ ​បាន​អះអាងថា នៅពេល​ពួកគេ​ប្រើ​ប្រាស់​ Google Translate រហូត​ដល់​ ១៥​នាទី ការ​ប្រើ​ប្រាស់ TranslateKH អាច​ប្រើ​ពេល​តែ ៥ នាទីប៉ុណ្ណោះ​។

លោកបាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ថា​៖ «​យើង​កំពុង​តែ​ធ្វើលើ​កិច្ចការ​ទាំង​អស់​នេះ​ ហើយ​បច្ចុប្បន្ន​នេះ យើងកំពុងតែ​ដាក់បញ្ចូល​ទិន្នន័យ​ទាក់ទង​នឹង​អនុក្រឹត​»។

រូបភាពកម្មវិធីបកប្រែ TranslateKH នៅលើវេបសាយ។ រូបថត សហការី

លោក​ទទួល​ស្គាល់​ថា សមត្ថភាព​ឱ្យ​ធ្វើ​ការ​បកប្រែម្ដង​ ៣០០០ characters វា​នៅមាន​កម្រិត​ ដោយសារ​តែ​សមត្ថភាព​នៃការ​ផ្ទុក​ទិន្នន័យ​។ 
បច្ចុប្បន្ន កម្មវិធីនេះ ត្រូវបានបង្កើតឡើងជាមួយទិន្នន័យប្រមាណជា ១៥លានឃ្លាបកប្រែ ដែលពាក់ព័ន្ធនឹងកិច្ចសន្ទនាទូទៅ និងសារព័ត៌មានជាតិ-អន្តរជាតិ ព្រមទាំងទទួលបានលទ្ធផលតេស្តប្រមាណ ៩៧ភាគរយ​លើសុក្រឹតភាពនៃលទ្ធផល។

យោងតាម​អគ្គនាយកដ្ឋាន​បច្ចេក​វិទ្យា​គមនាគមន៍ ​និង​ព័ត៌មាន របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនា គមន៍ បានឱ្យដឹងថា​៖ «​ការ​អាប់​ដេ​ត​នាពេល​អនាគត ក៏​នឹង​រួមបញ្ចូល​មុខងារ​ដែល​បាន​ពង្រីក​ផងដែរ ដូចជា​ការបកប្រែ​ដោយ​សំឡេង ដែល​នឹង​ធ្វើឱ្យ​បទពិសោធន៍​អ្នកប្រើប្រាស់​កាន់តែ​សម្បូរបែប​ថែមទៀត​។ ចូលរួម​ជាមួយ​យើង​ក្នុង​ដំណើរ​នេះ នៅពេលដែល TranslateKH បើក​នូវ​លទ្ធភាព​ថ្មីៗ​សម្រាប់​ភាសា​ខ្មែរ​ក្នុង​យុគសម័យ​ឌីជីថល​!»​៕