អាជ្ញាធរ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍កម្ពុជារំពឹងថានឹងមានភ្ញៀវទេសចរជាតិ និងអន្តជាតិជាច្រើនចូលរួមក្នុងពិធីបុណ្យសមុទ្រដែលនឹងប្រព្រឹត្តរយៈពេល ៤ ថ្ងៃក្នុងខេត្តកំពត នាចុងសប្តាហ៍ក្រោយ ក្រោមប្រធានបទ«អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ»។
រាជរដ្ឋាភិបាលកម្ពុជាបានសម្រចរៀបចំពិធីបុណ្យសមុទ្រលើកទី ១១ នៅខេត្តកំពត ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៤។ នេះជាលើកទី ៣ ហើយសម្រាប់ខេត្តកំពតដែលបានជាម្ចាស់ផ្ទះ ដោយលើកទី ១ ក្នុងឆ្នាំ ២០១៥ និងលើកទី ២ ក្នុងឆ្នាំ ២០១៩។
កម្ពុជាបានរៀបចំពិធីបុណ្យសមុទ្រវិលជុំតាំងពីឆ្នាំ ២០១១ (លើកលែងអំឡុងពេលការរីករាលដាលជំងឺកូវីដ១៩) នៅតាមបណ្តាខេត្តជាប់មាត់សមុទ្រចំនួន ៤ គឺខេត្តព្រះសីហនុ កែប កោះកុង និងខេត្តកំពត ដើម្បីលើកកម្ពស់សក្ដានុពលទេសចរណ៍នៅតំបន់ឆ្នេរ ព្រមទាំងផ្សព្វផ្សាយសារនៃការអភិរក្សធនធានសមុទ្រ និងបរិស្ថានឆ្នេរ។
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី៣ ខែធ្នូថា ដំណើរការនៃការរៀបចំសោភណ្ឌភាព សន្តិសុខ សណ្តាប់ធ្នាប់ ... និងទីតាំងដើម្បីត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី១១ កំពុងដំណើរការទៅមុខដោយរលូន។
លោករំពឹងថានឹងមានភ្ញៀវជាតិ និងអន្តរជាតិជាច្រើនមកចូលរួមក្នុងពិធីបុណ្យសមុទ្រនៅខេត្តកំពត។ លោកបន្តថា សម្រាប់សេវាកម្មស្នាក់នៅ(សណ្ឋាគារ និងផ្ទះសំណាក់)ក្នុងខេត្តកំពតនាពេលនេះ គឺមានប្រមាណ ៣៣២ កន្លែង ស្មើនឹង ៥ ០៦៩បន្ទប់ និងសេវាកម្មម្ហូបអាហារ មានប្រមាណ ១៣០ទីតាំង។
លោកបាននិយាយថា៖«ខ្ញុំមានសុទិដ្ឋិនិយមថាពិធីបុណ្យសមុទ្រលើកនេះនឹងអាចទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិជាច្រើនឱ្យធ្វើដំណើរមកកម្សាន្តក្នុងខេត្តកំពត ព្រោះខេត្តកំពតក្រៅពីមានឆ្នេរសមុទ្រដ៏ស្រស់ស្អាត នៅទីនេះក៏មានតំបន់ទេសចរណ៍បែបធម្មជាតិ ដូចជា ភ្នំ ទឹកជ្រោះ និងតំបន់កសិ-ឧស្សាហកម្មជាច្រើនផងដែរ»។
យោងតាមលោក ស៊ីណុល ការកក់កន្លែងស្នាក់ក្នុងខេត្តកំពត គឺមានជាហូរហែរ ដោយមកដល់ពេលនេះមានជាង ៣០ភាគយត្រូវបានអតិថិជនកក់រួចរាល់។ ជានិច្ចកាលអាជ្ញាធរខេត្ត ក៏ដូចជាមន្ទីរទេសចរណ៍ តែងតែចុះធ្វើការអប់រំ និងណែនាំដល់អាជីវករ និងអ្នកពាក់ព័ន្ធឱ្យរៀបចំទីតាំងរបស់ខ្លួនឱ្យបានស្អាត មានអនាម័យ និងមិនត្រូវដំឡើងតម្លៃទំនិញខុសពីពេលធម្មតាឡើយ។
បុគ្គលិកផ្នែកទទួលភ្ញៀវនៅ Kampot River Bungalow បានប្រាប់និយាយថា ក្នុងចំណោមផ្ទះស្នាក់នៅទាំង ១៥ គឺមានជាង ១០ ដែលអតិថិជនបានកក់សម្រាប់អំឡុងពេលពិធីបុណ្យសមុទ្រខាងមុខ ដោយផ្ទះលំហែរគ្រែ ១ មានតម្លៃ ៣៨ ដុល្លារសម្រាប់ការស្នាក់នៅ ១យប់ និងគ្រែ ២ តម្លៃ ៤៨ ដុល្លារ។ តម្លៃនេះគឺមានរួមបញ្ចូលទាំងអាហារពេលព្រឹកផងដែរ។
បុគ្គលិកខាងលើបាននិយាយថា៖«ខ្ញុំគិតថាពេលបុណ្យសមុទ្រនឹងមានភ្ញៀវច្រើនមកលេងនៅខេត្តកំពត ព្រោះខេត្តកំពតមានឆ្នេរសមុទ្រស្អាត និងមានតំបន់ទេសចរណ៍ធម្មជាតិជាច្រើនទៀត»។
បើតាមបុគ្គលិកខាងលើ ទោះមានភ្ញៀវមកដើរលេងកម្សន្តច្រើន ក៏មិនមានបញ្ហាខ្វះកន្លែងស្នាក់នៅដែរ ព្រោះកត្តាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ល្អប្រសើរ គឺអាចជួយឱ្យភ្ញៀវធ្វើដំណើរទៅកាន់គោលដៅផ្សេងៗនៅជិតខេត្តកំពតដូចជា ខេត្តកែប ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ បានងាយស្រួល។
ដើម្បីសម្រួលដល់ការស្នាក់នៅរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកកម្សាន្តនៅខេត្តកំពត ជាពិសេសចូលរួមកម្សាន្តពិធីបុណ្យសមុទ្រនាពេលខាងមុខ ក្រសួងទេសចរណ៍សហការជាមួយរដ្ឋបាលខេត្តកំពត កាលពីថ្ងៃទី២៨ ខែវិច្ឆិកា បានចេញនូវសេចក្តីជូនដំណឹងមួយ (មាន ៣ ភាសា គឺខ្មែរ អង់គ្លេស និងភាសាចិន) ស្តីពីការរៀបចំសេវាកម្មស្នាក់នៅសម្រាប់ពិធីបុណ្យសមុទ្រ លើកទី១១ ជុំទី៣ ឆ្នាំ២០២៤ តាមរយៈការស្គែន QR Code ដើម្បីទទួលបានព័ត៌មានលម្អិត។
លិខិតបានសរសេរថា៖«ដើម្បីសម្រួលដល់ការស្នាក់នៅរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកកម្សាន្តនៅខេត្តកំពត ជាពិសេសចូលរួមកម្សាន្តក្នុងពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣-១៥ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តកំពត ក្រសួងទេសចរណ៍សហការជាមួយរដ្ឋបាលខេត្តកំពតបានចុះពង្រឹងគុណភាព សេវាកម្មទេសចរណ៍គ្រប់ប្រភេទ និងបានរៀបចំជាតារាងសេវាកម្មស្នាក់នៅ ដោយមានឈ្មោះអាជីវកម្ម អាសយដ្ឋានលេខទំនាក់ទំនង និងតម្លៃបន្ទប់»។
យោងតាមកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី១១ ឆ្នាំ២០២៤ នៅខេត្តកំពត កាលពីថ្ងៃទី១ ខែវិច្ឆិកា រវាង លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ម៉ៅ ធនិន អភិបាលខេត្តកំពត គឺក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១១ នឹងមានរៀបចំកម្មវិធីជាច្រើនដូចជា ការសម្តែងសិល្បៈ ការប្រគុំតន្ត្រី ការអុជកាំជ្រួច ការប្រកួតកីឡាច្រើនប្រភេទ ការតាំងពិព័រណ៍ផលិតផលទេសចរណ៍ និងផលិតផលទូទៅ ព្រមទាំងមានស្តង់លក់ម្ហូបអាហារ ភេសជ្ជៈ ជាដើម។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ក្នុងកិច្ចប្រជុំនេះបានលើកឡើងថា ខេត្តកំពត គឺជាគោលដៅទេសចរណ៍បេតិកភណ្ឌវប្បធម៌ និងកសិទេសចរណ៍តំបន់ឆ្នេរដ៏ល្អនៅកម្ពុជា។
ព្រឹត្តិការណ៍នេះនឹងជួយផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍តំបន់ឆ្នេរសមុទ្រកម្ពុជា និងជំរុញការយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធក្នុងការអភិរក្សនិងអភិវឌ្ឍតំបន់ឆ្នេរប្រកបដោយចីរភាព ជាពិសេសការពង្រឹងនិងលើកកម្ពស់គុណភាពសេវាកម្មនានាក្នុងឧស្សាហកម្មទេសចរណ៍។
កាលពីឆ្នាំ២០២៣ ពិធីបុណ្យសមុទ្រលើកទី១០ ត្រូវបានរៀបចំឡើងនៅខេត្តកែប ក្រោមប្រធានបទ “រួមគ្នាដើម្បីទេសចរណ៍”។
នៅកម្ពុជាក្រៅពីបុណ្យសមុទ្រ ក៏មានរៀបចំបុណ្យទន្លេនៅមានបណ្តាខេត្តនៅជាប់ទន្លេផងដែរ។ ពិធីបុណ្យទន្លេ ធ្វើឡើងក្នុងគោលបំណងដើម្បីជំរុញលើកតម្លៃ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តនានា តាមដងទន្លេ ជាពិសេស លើកទឹកចិត្តដល់ប្រជាជន នៅតាមបណ្តាខេត្តទាំងនោះឱ្យចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍទីក្រុងជាប់ដងទន្លេ ការងារអភិវឌ្ឍទេសចរណ៍សហគមន៍៕