ភ្នំពេញៈ ដីព្រៃលិចទឹកបឹងទន្លេសាបក្នុងតំបន់៣ និងតំបន់២​​ យ៉ាងហោចណាស់ ជិត៤ម៉ឺនហិកតា ត្រូវបានមនុស្ស​ចំនួន​១៧៦នាក់ រំលោភយក​ដោយខុសច្បាប់ ហើយអង្គភាពជំនាញកំពុងតែពិភាក្សារកដំណោះស្រាយ ចំពោះ​អ្នកមិន​ព្រម​ប្រ​គល់ដីនោះជូនរដ្ឋវិញ។


អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានរកឃើញថា ដីព្រៃលិចទឹកជុំវិញបឹងទន្លេសាប តំបន់ ៣ និងតំបន់ ២ ស្ថិត​នៅក្នុង​​ខេត្តកំពង់​ធំ ត្រូវ​បាន​មនុស្ស​រហូត​ដល់​ទៅ ១៧៦នាក់ កាន់កាប់ក្នុងទ្រង់ទ្រាយធំ ដោយខុសច្បាប់។ 

ក្នុងនោះ មាន​១៥២​នាក់ បាន​ស្ម័គ្រ​ចិត្ត​ប្រគល់​ដីជូន​រដ្ឋ​វិញ ដែលមានផ្ទៃដី៣០ ១០៩ ហិកតា។ នេះបើយោង​សេចក្តីជូនដំណឹង​របស់ ​ក្រុម​ប្រឹក្សា​​ជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) ស្តីពី ការបើកកិច្ចប្រជុំ លើកទី៤១ អាណត្តិទី៣​កាលពី​សប្តាហ៍​មុន។


អ.ប.ពបានបញ្ជាក់ថា៖«ហើយ២៤នាក់ កាន់កាប់ខុសច្បាប់ ៩ ៤៦៣ ហិកតា ដែលអ្នកខ្លះកាន់កាប់រហូតដល់ ២ ៥០០ ហិកតា បានប្រកែកមិនព្រមប្រគល់ដីជូនរដ្ឋវិញ»។

លោកសយ ច័ន្ទវិចិត្ត អ្នកនាំពាក្យ អង្គភាពប្រឆាំងអំពើពុករលួយ បានលើកឡើងថា ចំណាត់ការបន្តទៀត ទៅលើបញ្ហា​ដីធ្លី​នៅ​​​បឹង​ទន្លេសាបនេះ គឺកំពុងតែស្ថិតនៅក្នុងការពិភាក្សាផ្ទៃក្នុង ដែលមិនទាន់អាចផ្តល់ជាព័ត៌មានជាសា​ធារ​ណៈ​បាន​​នោះ​ទេ​។


លោកបានបញ្ជាក់ថា៖«យើងស្ថិតក្នុងចំណាត់ការផ្ទៃក្នុង អញ្ជឹងរឿង​ជាច្រើនរក្សាការសំងាត់​សិន។ ការងារ​នេះ​គឺយើង​ធ្វើ​ទៅ​លើខេត្ត ដែលនៅជាប់បឹងទន្លេសាប ប៉ុន្តែព័ត៌មានដែលយើងបានរំលេចទៅ​ដំបូ​ង​ហ្នឹង គឺតែខេត្តកំពង់ធំមុនគេ»។

លោកបានបន្ថែមថា កន្លងមក មានមនុស្សមួយចំនួនហើយ ដែលត្រូវ​បាន ​អ.ប​.ព ​ធ្វើ​កា​រ​ឃា​ត់ខ្លួន បញ្ជូនទៅតុលាការ ពាក់ព័ន្ធ​ទៅនឹង​ការ​ទន្រ្ទានយកដីនៅបឹងទន្លេសាបនេះ។  

ក្នុងពិធី បិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំបន្ត របស់​ក្រសួងដែនដី នគរូប​នីយ​កម្ម និងសំណង់ កាលពីសប្តាហ៍មុន លោកនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត បានប្រកាសជំហសាជាថ្មី ចំពោះការការពារ​បឹ​ងទ​ន្លេ​សា​ប សម្រាប់បម្រើផលប្រយោជន៍ប្រជាពលរដ្ឋទូទាំងប្រទេសទាំងពេលបច្ចុប្បន្ន និងអនាគត។ 

ក្នុងនោះ រួម​ទាំងការបញ្ឈប់ ការកែសម្រួលព្រំប្រទល់ ឬកាត់ឆ្វៀលដីបឹងទន្លេសាបបន្ថែមទៀត​ ក្រោយពី ផ្ទៃដី​ប្រមា​ណ​ជា៨​ម៉ឺ​នហិ​ក​​តា ត្រូវបានកាត់រួចហើយនាពេលថ្មីនេះៗ។ ប្រមុខរដ្ឋាភិបាលក៏បានអះអាងពីការមិនខ្លាចអនុវត្តច្បាប់ ចំពោះអ្នក​ ដែលទ​ន្រ្ទាន​យក​ដីបឹងទន្លេសាបនោះដែរ។

លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ដូច្នេះថា៖«យើងមិនខ្លាចអនុវត្តច្បាប់នៅក្នុងកិច្ចការងារនេះទេ។ កន្លង​ទៅ​ACUបានចាប់ អនុវត្តច្បាប់ ចាប់ដាក់គុកប៉ុន្មាននាក់ រួមទាំងអភិបាលរងស្រុកអីផង។ នៅក្នុងខេត្តក៏មានដែរ មន្ទីរ រដ្ឋ​បាលអីដែលពាក់ព័ន្ធ»។

ក្រសួងដែនដី ក៏បានបដិសេធចំពោះសំណើសុំកាត់ដីបឹងទន្លេសាប ក្នុងតំបន់៣ មក​ជា​តំបន់​២ផងដែរ និងប្តេជ្ញា អនុវត្ត​ច្បាប់​តឹងរឹងចំពោះករណីទន្ទ្រានដីរដ្ឋនៅតំបន់នោះ។

ប្រឹក្សា​​ជាតិប្រឆាំងអំពើពុករលួយក៏បានឱ្យដឹងផងដែរថា អ.ប.ព. ក៏បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេច លើ​ពាក្យប្ដឹង ដែលមានក្នុងខែវិច្ឆិកា សរុបចំនួន៣៦ពាក្យប្ដឹង និងបានបញ្ជូនសំណុំរឿងចំនួន៤ ដែលមានជនសង្ស័យចំនួន ៩រូប ទៅសាលាដំបូងខេត្តតាកែវ និងរាជធានីភ្នំពេញផងដែរ។

ករណីក្នុងខេត្តតាកែវនោះផងដែរ អ.ប.ព. បានចាត់ការផ្លូវច្បាប់ទៅលើ ឈ្មោះ ហេង វុទ្ធី នាយកទីចាត់ការផែនការ និងវិនិយោគ នៃសាលាខេត្តតាកែវ និងបក្សពួក ២នាក់ទៀត ពាក់ព័ន្ធទៅនឹង ការរំលោភអំណាចក្នុងការងារលទ្ធកម្ម កិបកេងប្រាក់ជាង ១ពាន់លានរៀល ពីគម្រោង អភិវឌ្ឍន៍ តាមឃុំភូមិ។

ក្នុងខែ វិច្ឆិកាកន្លងមកនេះ អ.ប.ពក៏មានចំណាត់ការផ្លូវច្បាប់ ចំពោះ​ ការប្រើឥទ្ធិពលទៅលើរដ្ឋបាលខេត្តកំពង់ឆ្នាំង ក្នុង​កា​រ​ដោះ​ដូរ​ដីពន្ធនាគារចាស់ សាងសង់ពន្ធនាគារថ្មី៕