ភ្នំពេញ៖ សាលារៀន​ជាង ១០០​ នៅ​ទូទាំងប្រទេស​កម្ពុជា នៅតែ​ប្រឈម​នឹង​បញ្ហា​នេះ ដោយ​នៅ​បន្ដ​មាន​សំណង់​លំនៅឋាន​​​ប្រជាពលរដ្ឋ​ស្ថិតនៅក្នុង​បរិវេណនោះ​។ នេះ​បើ​យោងតាម​លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា (MoEYS)​។​


ការ​រស់នៅ​លើ​ទីតាំង​កន្លែង​​អប់រំ​ទាំងនេះ​បាន​បង្កើត​ឧបសគ្គ​យ៉ាង​ខ្លាំង​​សម្រាប់​ប្រព័ន្ធ​អប់រំ​របស់​ប្រទេស ដោយរំខាន​ទាំង​បរិយាកាស​នៃការ​សិក្សា ការ​បង្រៀន និង​បរិស្ថាន​​។​

លោកស្រី វិច្ឆិកា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​ដោយមាន​កិច្ចសហការ​ពី​ថ្នាក់​គ្រប់គ្រង និង​អ្នកពាក់ព័ន្ធ​ទាំងអស់ យើង​បាន​ដោះស្រាយ​បញ្ហា​នេះ​ជា​បណ្តើរៗ​ហើយ»​។​


សម្រាប់​គ្រួសារ​ខ្មែរ​ជាច្រើន ដែល​រង​នូវ​ទុក្ខវេទនា​ក្រោម​របប​​​សម័យ​ខ្មែរក្រហម ពួកគេ​បាត់បង់ទាំង​សាច់​ញាតិ និង​ទ្រព្យ​សម្បត្ដិ ដោយ​អ្នក​ខ្លះ​​​កាន់កាប់​ទ្រព្យសម្បត្តិ​របស់​រដ្ឋ ជាពិសេស​សាលារៀន សម្រាប់​ការ​​រស់នៅ​កន្លែង​ទាំងនេះ​បន្ទាប់ពី​របប​ប៉ុលពត​ដួលរលំ​។​

លោក ហែម ស៊ីណា​រ៉េត ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ បាន​កត់សម្គាល់ថា សាលារៀន​មួយចំនួន​ក្នុង​រាជធានី​ត្រូវបាន​ប្រជាពលរដ្ឋ​កាន់កាប់​តាំងពី​ឆ្នាំ ១៩៧៩ មកម្ល៉េះ ដែល​បង្កើតជា​ឧបសគ្គ​សម្រាប់​វិស័យ​អប់រំ​ក្នុងការ​ប្រើប្រាស់​ទ្រព្យសម្បត្តិ​ទាំងនេះ​ឱ្យបាន​ពេញលេញ​។​


លោក ស៊ីណារ៉េត បាន​និយាយថា​៖ ​«​​សម្រាប់​សាលា​នៅក្នុង​រាជធានី​ភ្នំពេញ ក្រោយ​ថ្ងៃ​រំដោះ​ឆ្នាំ​១៩៧៩ សាលារៀន​មួយចំនួន បាន​ជួប​នូវ​ការចូល​ស្នាក់នៅ​របស់​ប្រជាពលរដ្ឋ»​។

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ថា​៖ «​ករណីនេះ​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ បាន​កសាង​ឯកសារ​ផ្ញើ​ជូនទៅ​ក្រសួង​អប់រំ យុវជន និង​កីឡា ជ្រាប​អំពី​ស្ថានភាព​ស្នាក់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​សាលា​ទាំងនោះ​»។

សំណង់លំនៅឋានសង់ពីស័ង្កសី និងហ៊ុំព័ទ្ធរបងលួសបន្លាសម្រាប់បែងចែករវាងសាលារៀន និងលំនៅឋាន។ រូបថត ហុង រស្មី

លោក ស៊ីណារ៉េត ​បាន​ឱ្យដឹងថា ​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ បាន​ផ្ដល់នូវ​អត្ថប្រយោជន៍​យ៉ាងសំខាន់ ចំពោះ​ការប្រើប្រាស់ និង​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​របស់​រដ្ឋ។

លោកបន្ដថា កន្លងមក​ក្រសួង​អប់រំ យុវជន និង​កីឡា ក៏​ធ្លាប់បាន​ដោះស្រាយ​ជា​គោលនយោបាយ ដើម្បី​ឱ្យ​​ប្រជាពលរដ្ឋ​ស្នាក់នៅ​ក្នុង​សាលា​ទាំងនោះ ទៅរក​ទីលំនៅ​ថ្មី ឱ្យបាន​សមរម្យ​ហើយ​ប្រគល់​កន្លែង​ស្នាក់នៅ​មកឱ្យ​​សាលា​វិញ​។

ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​ស្តីពី «​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ និង​សំណង់​» ធ្វើឡើង​ក្រោម​អធិបតីភាព រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​ប្រតិភូ​មកពី​មន្ទីរ​នានា​ខេត្ត បានបង្ហាញ​​ពី​សារៈសំខាន់​នៃ​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុង​ការជួយ​ដល់​ការអភិវឌ្ឍន៍​វិស័យ​អប់រំ​នៅ​កម្ពុជា​។​

នៅក្នុង​សុន្ទរកថា​​ក្នុង​ពិធី​បិទ​កាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា លោក​រដ្ឋមន្ត្រី ហង់ ជួនណា​រ៉ុ​ន បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​វគ្គ​បណ្តុះបណ្តាល​នេះ​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ក្នុងការ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ ជាពិសេស​ក្នុង​យុគសម័យ​ឌីជីថល​។​

វគ្គ​បណ្តុះបណ្តាល​នេះ​ស្របតាម​កម្មវិធី​កំណែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ដ៏​ទូលំទូលាយ​របស់​ក្រសួង ដែល​ត្រូវបាន​រៀបចំឡើង​ដើម្បី​ជំរុញ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ​តាម​វិមជ្ឈការ និង​លទ្ធកម្ម ស្របតាម​ស្តង់ដា​អន្តរជាតិ និង​ការអនុវត្ត​ល្អ​បំផុត​។​

លោកបាន​ថ្លែងថា​៖ «​ខ្ញុំ​បាន​លើកទឹកចិត្ត​ឱ្យ​ក្រុមការងារ​ពាក់ព័ន្ធ មាន​គោលការណ៍​ច្បាស់លាស់ ត្រូវ​ស្វែងរក​នូវ​ដំណោះស្រាយ​ផ្សេងៗ ជាពិសេស​មានការ​រៀប​ចំ​ប្លង់រឹង មានប​ញ្ជីសារពើភ័ណ្ឌ​និង​និតិ​វិធី​ឱ្យបាន​ត្រឹមត្រូវ»។

លោកបន្ដថា​៖ «ខ្ញុំ​ក៏បាន​ស្នើ​សុំឱ្យ​អង្គភាព​ចាត់វិធានការ​ក្នុងការ​ពង្រឹង​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ​ឱ្យមាន​ប្រសិទ្ធភាព​និង​តម្លាភាព ដែលជា​ស្ពាន​ឈានទៅដល់​ការពង្រឹង​គុណភាព​វិស័យ​អប់រំ ជាពិសេស​ការលើកកម្ពស់ និង​ជួយ​គាំទ្រ​លើ​ចក្ខុវិស័យ​របស់​ក្រសួង​ក្នុងការ​ប្រែក្លាយ​សាលារៀន​ទូទៅ​ឱ្យទៅជា​សាលារៀន​គំរូ​»។​

លោករដ្ឋមន្ដ្រី​បាន​ឱ្យ​ពិនិត្យ​អស់​លទ្ធភាព ដើម្បី​កែច្នៃ និង​ប្រើប្រាស់​ឡើងវិញ​នូវ​ធនធាន និង​ទ្រព្យសម្បត្តិ​រដ្ឋ​ណា​ដែល​បាក់បែក ខូចខាត ឬ​បាត់បង់​សមត្ថភាព​មុខងារ​តាមរយៈ​គោលការណ៍ «​សន្សំសំចៃ​ធនធាន និង​ការ​ទាញ​អត្ថប្រយោជន៍​ធនធាន​សម្រាប់​ប្រើប្រាស់​ឱ្យអស់​សក្តានុពល​» និង «​លុបបំបាត់​គំនិត​ខ្ជះខ្ជាយ​និយម​លើ​ការគ្រប់គ្រង ការប្រើប្រាស់ និង​ការចាត់ចែង​លើ​ទ្រព្យសម្បត្តិ​រដ្ឋ។

​ចំពោះ​ការអនុវត្ត​ស្តង់ដា​សាលារៀន​គំរូ ក្រសួង​ ក៏ដូចជា ​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ បាន​និង​កំពុង​ជំរុញ​លើកទឹកចិត្ត​ឱ្យ​សាលា​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ​យក​អស់​លទ្ធភាព​ចូលរួម​អនុវត្ត​នូវ​ស្តង់ដារ​សាលារៀន​គំរូ ដែលមាន​លក្ខខណ្ឌ និង​សូចនាករ ដែល​ក្រសួង​បានកំណត់​។

លោក​ ស៊ីណារ៉េត បាន​ថ្លែងថា​៖ ជាក់ស្ដែង​ឆ្នាំ​សិក្សា​កន្លងមក យើង​បាន​បញ្ចូល​សាលារៀន​ទាំង​សា​លាម​ត្តេ​យ្យ​សិក្សា បឋមសិក្សា និង​មធ្យមសិក្សា ចូលក្នុង​បញ្ជី​សាលា​ដែល​បាន​អនុវត្ត​ស្តង់ដា​សាលារៀន​គំរូ​»។

លោក​បាន​បន្ដថា ​ឆ្នាំ​បន្តបន្ទាប់ មន្ទីរ​ក៏បាន​ត្រៀម​ដាក់បញ្ចូល​ប​ន្ថែ​ម​ក្នុង​បញ្ជី​សាលា​អនុវត្ត​ស្តង់ដា​សាលារៀន​គំរូ​ដោយបាន​ចុះ​ធ្វើ​អធិការកិច្ច​ជួយ​ជំរុញ​ដល់​សាលា​ដែលមាន​សក្តានុពល ជាពិសេស​បំពេញ​តាម​លក្ខខណ្ឌ​ស្តង់ដា សូចនាករ របស់​ស្តង់ដា​សាលារៀន​គំរូ ដែល​ក្រសួង​បានកំណត់​។

ចំពោះ​សាលារៀន​ដែលមាន​ស្ថានភាព និង​ការអនុវត្ត​មិនទាន់បាន​សមស្រប​តាម​ស្តង់ដាសាលារៀន​គំរូ ក្រុមការងារ​របស់​ម​ន្ទីរ បាន​និង​កំពុង​ចុះ​បន្ត​ពង្រឹង​ការអនុវត្ត​តួនាទី​ភារកិច្ច ទាំង​ការងារ​គ្រប់គ្រង ទាំង​ការងាររដ្ឋបាល ទាំង​ការងារ​បង្រៀន ​និង​រៀន ទាំង​ការងារ​បរិស្ថាន និង​ទំនាក់ទំនង​សហគមន៍៕ ​