ការ​ផលិត​ស៊ីម៉ងត៍​នៅ​កម្ពុជា​ ក្នុង​រយៈ​ពេល ១០​ ខែ​ដើម​ឆ្នាំ ​២០២៤ ​បាន​បរិមាណ​ជិត ៧ លាន​តោន កើន​ឡើង​បន្តិចបន្តួច​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​​​ឆ្នាំ ២០២៣ ខណៈ​តម្លៃ​ស៊ីម៉ងត៍​ បាន​ធ្លាក់​ចុះ​បន្តិចបន្តួច​។

ទិន្នន័យ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​ពី​សមាគម​ឧស្សាហកម្ម​ស៊ីម៉ងត៍​កម្ពុជា​(CCMA)​ក្នុង​ថ្ងៃ​ទី​៣ ខែ​ធ្នូ ឱ្យ​ដឹង​ថា ចាប់​ពី​ខែ​មករា ដល់​ខែ​តុលា ឆ្នាំ​២០២៤ ការ​ផលិត​ស៊ីម៉ងត៍​នៅ​កម្ពុជា​សម្រេច​បាន​ ៦,៨៤ លាន​តោន កើន​ឡើងប្រមាណ ២ ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២៣។


អគ្គលេខាធិការ​នៃ​សមាគម​ឧស្សាហកម្ម​ស៊ីម៉ងត៍​កម្ពុជា (CCMA) លោក ពុត ចន្តារិទ្ធ បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី​៣ ខែ​ធ្នូ​ថា នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​រោង​ចក្រ​ផលិត​ស៊ីម៉ងត៍​ចំនួន ៥ កំពុង​ដំណើរការ និង​មាន​ ១ កំពុង​សាងសង់​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ។ 

បរិមាណ​ផលិតកម្ម​ស៊ីម៉ងត៍​ដែល​ផលិត​បាន​នា​រយៈ​ពេល ១០ ខែ​ដើម​ឆ្នាំ​នេះបាន​កើន​ឡើង​តិច​តួច​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ឆ្នាំ​មុន ហើយ​ចំនួន​នេះ​នឹង​មាន​កំណើន​ថែម​ទៀត​​នៅ​ឆ្នាំ​ក្រោយ​ប្រសិន​បើ​វិស័យ​សំណង់​កម្ពុជា​មាន​សម្ទុះ​ឡើង​វិញ។​ 


លោក​បន្ថែម​ថា បច្ចុប្បន្ន​ស៊ីម៉ងត៍​ផលិត​ក្នុង​ស្រុក​ត្រូវ​បាន​ប្រើ​ប្រាស់​យ៉ាង​ច្រើន​នៅ​តាម​ការដ្ឋាន​សំណង់​ទូទាំង​ប្រទេស ដែល​ខុស​ប្លែក​យ៉ាង​ខ្លាំង​បើ​ធៀប​នឹង​ ១ ទសវត្សរ៍​មុន ដែល​ស៊ីម៉ងត៍​ស្ទើរ​ទាំង​អស់​ត្រូវ​បាន​នាំ​ចូល​ពី​ក្រៅ​ប្រទេស។

លោក​បាន​ថ្លែង​ថា៖​«បច្ចុប្បន្ន​ផលិតផល​ស៊ីម៉ងត៍​ក្នុង​ស្រុក​អាច​ផ្គត់​ផ្គង់​ឱ្យ​តម្រូវការ​ក្នុង​ស្រុក​ចន្លោះ​ពី ៨០-៩០ ភាគ​រយ​នៃ​តម្រូវ​ការ​ប្រើ​ប្រាស់​ប្រចាំ​ឆ្នាំ។ នៅ​ឆ្នាំ​ក្រោយ​បរិមាណ​ផលិត​នឹង​កើន​ខ្ពស់​ជាង​ឆ្នាំ​នេះ»។

ម្ចាស់​ការដ្ឋាន​សំណង់​លំនៅឋាន​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ លោក ទិត្យ សម្បត្តិ បាន​និយាយ​ថា បច្ចុប្បន្ន​ស៊ីម៉ងត៍​ផលិត​ក្នុង​ស្រុក​ត្រូវ​បាន​ប្រើប្រាស់​ស្ទើតែ ១០០​ ភាគរយ​នៅ​តាម​ការដ្ឋាន​សំណង់​នីមួយៗ។ សម្រាប់​តម្លៃ​ក្នុង​ឆ្នាំ ​២០២៤ នេះ​គឺ​ស្ថិត​ក្នុង​ចន្លោះ​ពី​ ៩០-១០០​ ដុល្លារ​ក្នុង​ ១​តោន ធ្លាក់​ចុះ​ចន្លោះ​ពី ៣-៥ ដុល្លារ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២៣។

លោក​និយាយ​ថា៖​«កត្តា​គុណភាព និង​តម្លៃ បាន​ធ្វើ​ឱ្យ​តម្រូវការ​ផលិតតផល​ស៊ីម៉ងត៍​ក្នុង​ស្រុក​មាន​កាន់​តែ​ច្រើន»។

បើតាមលោក សម្បត្តិ កន្លងមក​កម្ពុជា​បាន​នាំចូល​ស៊ីម៉ងត៍​ជា​ច្រើន​លាន​តោន​ក្នុង ១​ឆ្នាំៗ​ពី​ប្រទេស​មួយ​ចំនួន​ដូចជា វៀតណាម ថៃ និង​ចិន ជាដើម។​

នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​រោងចក្រ​ផលិត​ស៊ីម៉ងត៍​ចំនួន ៥ កំពុង​ដំណើរការ គឺ ៤ ស្ថិត​ក្នុង​ខេត្ត​កំពត រួមមាន រោងចក្រ​ស៊ីម៉ងត៍​កំពត ស៊ីមេន ខូអិលធីឌី ដែល​មាន​សមត្ថភាព​ផលិត ២ លាន​តោន​ក្នុង​មួយ​ឆ្នាំ, រោងចក្រ​ស៊ីម៉ងត៍​កម្ពុជា​ចក្រីទីង មាន​សមត្ថភាព​ផលិត ១,៣ លាន​តោន, រោងចក្រ​ស៊ីម៉ងត៍ ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេស៊ិន មាន​សមត្ថភាព​ផលិត ២ លាន​តោន, និង​រោងចក្រ​ស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង អាច​ផលិត​បាន ១ លាន​តោន។ ចំណែក​រោងចក្រ​ស៊ីម៉ងត៍ បាត់ដំបង ខនស៍ ស៊ីមេន លីមីធីត មាន​សមត្ថភាព​ផលិត​បាន​ជិត ២,១ លាន​តោន។

កាល​ពី​ចុង​ខែ​សីហា កន្លង​មក​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន​មក​ពី​ប្រទេស​ចិន Jiangxi Provincial Building Material Group., Ltd. បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ក្នុង​ការ​បណ្តាក់​ទុន​លើ​រោងចក្រ​ផលិត​ស៊ីម៉ងត៍​នៅ​កម្ពុជា។

ព័ត៌មាន​នេះ​ត្រូវ​បាន​លោក Wensheng Chen ប្រធានក្រុមហ៊ុន Jiangxi Provincial Building Material Group., Ltd. លើក​ឡើង​ក្នុង​ឱកាស​នៃ​ជំនួប​ពិភាក្សា​ជាមួយនឹង​លោក ជា វុទ្ធី អគ្គ​លេខាធិការ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា ដើម្បី​សុំ​ការ​ណែនាំ និង​ទទួល​ព័ត៌មាន​សំខាន់ៗ​បន្ថែម ដើម្បី​ជា​មូលដ្ឋាន​សម្រាប់​ក្រុមហ៊ុន​ពិនិត្យ និង​សម្រេច​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា។

លោក Wensheng Chen បាន​ឱ្យ​ដឹង​ថា Jiangxi Provincial Building Material Group., Ltd. គឺ​ជា​ក្រុមហ៊ុន​វិនិយោគ​ក្នុង​វិស័យ​ផលិត​ស៊ីម៉ងត៍​នៅ​ប្រទេស​ចិន។ គោល​បំណង​នៃ​ដំណើរទស្សនកិច្ច​នៅ​កម្ពុជា​គឺ​ដើម្បី​សិក្សា​ស្វែង​យល់​បន្ថែម​អំពី​បរិស្ថាន​វិនិយោគ​នៅ​កម្ពុជា ជា​ពិសេស​ការ​គិតគូរ​ពី​គម្រោង​បង្កើត​រោងចក្រ​ផលិត​ស៊ីម៉ងត៍​នៅ​កម្ពុជា​។

ជា​ការ​ឆ្លើយតប​លោក ជា វុទ្ធី បាន​សម្តែង​ការ​ស្វាគមន៍​ចំពោះ​គម្រោង​វិនិយោគ​បង្កើត​រោងចក្រ​ផលិត​ស៊ីម៉ងត៍​នៅ​កម្ពុជា ដែល​នឹង​ចូលរួម​ចំណែក​ជំរុញ​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​កម្ពុជា ជា​ពិសេស​វិស័យ​សំណង់ និង​បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន​ត្រូវ​មាន​ការ​គិតគូរ​ពីការ​ចូលរួម​កាត់​បន្ថយ​ការ​បំពុល​បរិស្ថាន​ជា​អតិបរមា​តាម​រយៈ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប ក៏​ដូចជា​ការ​ប្រើប្រាស់​ថាមពល​ស្អាត។ ជាមួយ​គ្នា​នេះ​គណៈ​កម្មាធិការ​វិនិយោគ​កម្ពុជា​រង់​ចាំ​ដោយ​ក្តី​រីករាយ​ក្នុង​ការ​ផ្តល់​កិច្ច​សម្រប​សម្រួល​គ្រប់​បែប​យ៉ាង​ជូន​ក្រុមហ៊ុន​ក្នុង​ការ​បណ្តាក់​ទុន​វិនិយោគ​ផ្ទាល់​នៅ​កម្ពុជា៕