ភ្នំពេញៈ រដ្ឋបាល​រាជធានី​ភ្នំពេញ បានកែ​សម្រួល​ការធ្វើ​ចរាចរ​របស់រថយន្ត​ដឹកជញ្ជូន​ធុនធ្ងន់​គ្រប់ប្រភេទ​ចេញ-ចូល​រាជធានីភ្នំពេញ និងបាន​ព្រមាន​ឃាត់ទុក ដោយគ្មានកាលកំណត់ ដើម្បីអប់រំ​ណែនាំ​ដល់ម្ចាស់​រថយន្តណា ដែល មិន​អនុវត្តតាមការកែសម្រួលនេះ។ 


សេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញចុះថ្ងៃទី២ ខែធ្នូបានលើកឡើងថា កន្លងមករដ្ឋបាលរាជធានីភ្នំពេញ បាន​ដាក់ចេញនូវគោលការណ៍ណែនាំជាបន្តបន្ទាប់។ 

ក្នុងនោះបានកំណត់តម្រាយផ្លូវ និង​ពេលវេលាធ្វើចរាចរសម្រាប់​រថ​យន្តដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទ ចេញ-ចូលក្នុងរាជធានីភ្នំពេញ ដើម្បីធានា និងរក្សា​បាននូ​វសណ្តាប់​ធ្នាប់​របៀប រៀប​រយសាធារណៈ កាត់បន្ថយនូវការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ ។ 


រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ថា៖«ផ្អែកតាមស្ថានភាពបច្ចុប្បន្ននេះ ចំនួនប្រជាពលរដ្ឋក៏​ដូច​ជាប​រិ​មាណ​យា​នយ​ន្ត​ក្នុង​រាជ​ធានី​ភ្នំពេញ មាន​​ការ​កើនឡើងខ្ពស់គួរឱ្យកត់សម្គាល់។ នេះធ្វើឱ្យតំបន់មួយចំនួន និងតម្រាយផ្លូវនៅក្នុង ភូមិ​សាស្ត្រ​ជាយ​រាជ​ធានីភ្នំពេញ ដែលពីមុនមានសភាពស្ងប់ស្ងាត់ ចរាចរមិនសូវមមាញឹក ក៏បានប្រែក្លាយ​ទៅជាតំបន់​មាន​ ពល​រដ្ឋ​រស់​នៅច្រើនកុះករ ហើយការធ្វើដំណើរលើដងផ្លូវមាន ការកកស្ទះ និងកើតមាននូវគ្រោះថ្នាក់ចរាចរជាញឹកញាប់ ដែល​ភាគ​ច្រើនបង្កឡើងដោយរថយន្ត ធុនធ្ងន់»។

ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ រដ្ឋបាលរាជធានីភ្នំពេញ ចាំបាច់ត្រូវធ្វើការកែ សម្រួលឡើងវិញ នូវតម្រាយផ្លូវ ពេល​​វេលា និងប្រភេទរថយន្តដឹកជញ្ជូនធុនធ្ងន់ចេញ-ចូលក្នុង ភូមិសាស្រ្តរាជធានីភ្នំពេញ។ 


សេចក្តីណែនាំបានសរសេរថា រថយន្តដឹកជញ្ជូនធុនធ្ងន់ត្រូវបានកំណត់ជា ២ ប្រភេទ។ ប្រភេទទី១ គឺ រថយន្តដឹក​ជ​ញ្ជូនធុនធ្ងន់ ដែលមានភ្លៅ២ កម្រិតទម្ងន់សរុបអនុញ្ញាត អតិបរមា​របស់រថយន្តកំណត់ត្រឹម១៦តោន អាច​ធ្វើ​ចរាច​រ​ចេញ-ចូលរាជធានីភ្នំពេញ បាននៅពេលថ្ងៃ និងពេលយប់។

ប៉ុន្តែត្រូវហាមការធ្វើដំណើរនៅវេលាម៉ោង ៥:០០ ដល់​៩:០០ព្រឹក និង១៦:០០ ដល២១:០០ល្ងាច ក្នុងខណ្ឌដូនពេញ ចំការមន ៧មករា ទួលគោក និងបឹងកេងកង។

ប្រភេទទី២ គឺ រថយន្តដឹកជញ្ជូនធុនធ្ងន់ដែលមានភ្លៅ៣ ឡើងទៅ កម្រិតទម្ងន់សរុប​អនុញ្ញាតអតិបរមា​របស់រថយន្ត​កំ​ណត់ចាប់ពី២១តោន ឡើងទៅ ត្រូវបានអនុញ្ញាតឱ្យធ្វើចរាចរបានពេលថ្ងៃ និងពេលយប់នៅលើផ្លូវក្រវាត់ក្រុងទី៣ និង​អាចធ្វើចរាចរចេញ-ចូលរាជធានីភ្នំពេញនៅ ពេលយប់ចាប់ពីម៉ោង ០៩:០០ នាទីយប់ រហូតដល់ ម៉ោង ០៥:០០ នាទី​ព្រឹក។ 

ប៉ុន្តែហាមធ្វើចរាចរ ទាំងថ្ងៃ និងយប់ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ៧មករា ចំការមន បឹងកេងកង និង​ទួល​គោក ព្រមទាំងផ្លូវ និងស្ពានមួយចំនួនទៀត ក្នុងរាជធានីភ្នំពេញ។

សេចក្តីណែនាំបានបន្តថា ដោយឡែកចំពោះរថយន្តដឹកជញ្ជូនផ្គត់ផ្គង់ការដ្ឋានសំណង់ និងការដ្ឋានជួសជុលស្ថាបនា ផ្លូវ លូ រួមមាន រថយន្តដឹកខ្សាច់ ដី ថ្ម និងបេតុង រដ្ឋបាលរាជធានីភ្នំពេញ នឹង​ផ្ដល់​លិខិត​អនុញ្ញតជា​អាទិភាព​ដោយ​ឡែក ដោយមានការកំណត់ពេលវេលា និងតម្រាយផ្លូវឆ្ពោះទៅកាន់ការដ្ឋាននីមួយៗ ដែលម្ចាស់​យានយន្ត​បានស្នើ​សុំមក​រដ្ឋបាលរាជធានីភ្នំពេញ ។

ក្រៅពីនោះ សម្រាប់រថយន្តក្រុងដឹកអ្នកដំណើរ (Bus) គ្រប់ប្រភេទ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការ ណែនាំ​អំពី​ម៉ោង​ពេល និងតម្រាយផ្លូវក្នុងរាជធានីភ្នំពេញដោយឡែក។

ចំពោះរថយន្ត ដែលត្រូវធ្វើចរាចរចូល និងឆ្លងកាត់រាជធានីភ្នំពេញ ហើយស្ថិតនៅក្នុងម៉ោង ហាមឃាត់ត្រូវ​ចូលសំចត​រង់​ចាំនៅទីតាំងសមស្របណាមួយ ឬចំណតជាយរាជធានីភ្នំពេញដែល មានស្រាប់ស្ថិតនៅគ្រប់ច្រកចេញ-ចូលផ្លូវជាតិ​ទាំង៦ (ផ្លូវជាតិលេខ១, លេខ២, លេខ៣, លេខ៤, លេខ៥ និងលេខ៦) និងហាមដាច់ខាត​ការឈប់​សំចតរង់​ចាំនៅ​តាម​​ដងផ្លូវ។ 

រដ្ឋបាលរាជធានីភ្នំពេញបានព្រមានដូច្នេះថា៖«ក្នុងករណីមិនអនុវត្តតាមខ្លឹមសារនៃសេចក្តីណែនាំនេះ រថយន្ត​នឹង​ទទួល​រងនូវការឃាត់ទុកដោយគ្មានកាលកំណត់ ដើម្បីអប់រំណែនាំម្ចាស់រថយន្ត អំពីការធ្វើចរាចរដឹកជញ្ជូនក្នុង រាជ​ធានី​ភ្នំពេញ»។

អនុរដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យ ក្រសួងសាធារណការ និង ដឹកជញ្ជូន លោក ផន រឹមបានឱ្យដឹងថា យានជំនិះ ដែលត្រូវបានចុះបញ្ជីសរុបចាប់តាំងពីឆ្នាំ១៩៩០មក មានជាង៧,៥គ្រឿង។ ក្នុងនោះរួមមានម៉ូតូចំនួន៦ ៤៤៣ ៦៩៤ រថយន្តធុនស្រាល ៨៤២ ៥៦៥ និងរថយន្តធុនធ្ងន់មានចំនួន៣០០ ២៥៣គ្រឿងផងដែរ៕