ស្ត្រី​ជនជាតិ​ហ្វីលីពីន ១៣ នាក់​ដែល​ត្រូវ​បាន​កាត់​ទោស​ពាក់​ព័ន្ធ​រឿង​ស៊ីឈ្នួល​ពពោះ​នៅ​កម្ពុជា បាន​ត្រឡប់​ទៅ​ដល់​ហ្វីលីពីន​វិញ​ហើយ​កាល​ពី​ថ្ងៃ​ទី២៩ ខែ​ធ្នូ  ក្រោយ​ពេល​ព្រះ​មហា​ក្សត្រ​ បាន​លើក​លែង​ទោស​តាម​ការ​ស្នើ​សុំ។ ស្ត្រី​ ៣​នាក់​ក្នុង​ចំណោម​ពួក​គេ​បាន​សម្រាល​កូន​រួចហើយ។


យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សង្គមកិច្ច​និង​អភិវឌ្ឍន៍​ហ្វីលីពីន ស្ត្រី​ទាំង​ ១៣ ​រូប​ កំពុង​ស្ថិត​នៅ​ក្នុង​មជ្ឈមណ្ឌល​សង្គ្រោះ​អ្នក​រងគ្រោះ​ដោយ​អំពើ​ជួញ​ដូរ​មនុស្ស ដើម្បី​ទទួល​បាន​ការ​ថែ​ទាំ។

ស្ត្រី​ទាំង ១៣ រូប​ ត្រូវ​បាន​ឃាត់​ខ្លួន​កាល​ពី​ដើម​ខែ​តុលា នៅ​ឃុំ​ព្រែក​អញ្ចាញ​ ស្រុក​មុខ​កំពូល ខេត្ត​កណ្ដាល ហើយ​ត្រូវ​បាន​តុលាការ​កាត់​ទោស​កាល​ពី​ដើម​ខែ​ធ្នូ ដោយ​ដាក់​ពន្ធនាគារ​កំណត់​ពេល ៤​ឆ្នាំ ប៉ុន្តែ ត្រូវ​អនុវត្ត​ទោស​ ២ ឆ្នាំ ខណៈ​ទោស ២​ឆ្នាំ​ទៀត ត្រូវ​បាន​ព្យួរ ពាក់​ព័ន្ធ​នឹង​ការ​ប៉ុន​ប៉ង​ជួញ​ដូរ​មនុស្ស​ឆ្លង​ដែន ដែល​ជា​អំពើ​ល្មើស​ច្បាប់​កម្ពុជា។


ពួក​គេ​ត្រូវ​បាន​លើក​លែង​ទោស​ដោយ​ព្រះ​មហាក្សត្រ តាម​ការ​ស្នើ​សុំ​របស់​ស្ថានទូត​ហ្វីលីពីន​នៅ កម្ពុជា តាម​រយៈ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស។

ក្រសួង​ការបរទេស​ហ្វីលីពីន បាន​ថ្លែង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី២៩ ខែ​ធ្នូ​ថា៖ «ការ​ត្រឡប់​មក​ដល់​ផ្ទះ​វិញ​ដោយ​សុវត្ថិភាព​របស់​ពួក​គេ​បង្ហាញ​ពី​សក្ខីភាព​នៃ​ទំនាក់ទំនង​មិត្តភាព​យូរ​អង្វែង​រវាង​ហ្វីលីពីន​ និង​កម្ពុជា និង​ការ​ប្ដេជ្ញាចិត្ត​យ៉ាង​មុតមាំ​នៃ​រដ្ឋាភិបាល​ទាំង​ពីរ​ក្នុង​ករ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន»។


ក្រសួង​ដដែល​ក៏​បាន​ក្រើន​រំលឹក​ដល់​ពលរដ្ឋ​ហ្វីលីពីន​ទាំង​អស់​ថា «អំពើ​​ស៊ីឈ្នួល​ពពោះ គឺ​ជា​អំពើ​ខុស​ច្បាប់​នៅ​កម្ពុជា ហើយ​សកម្មភាព​នេះ​អាច​នឹង​ត្រូវ​កាត់​ទោស​តាម​ច្បាប់​កម្ពុជា»៕