ព្រះវិហារៈ ក្រុមការងារចម្រុះបានចុះទៅពិនិត្យសកម្មភាពក្រុមហ៊ុន សុវណ្ណភូមិ វិនិយោគ កសិឧស្សាហកម្ម របស់លោកឧកញ៉ា អានម៉ាឌី កាលពីចុងសប្តាហ៍មុន បន្ទាប់ពីមានការចោទប្រកាន់ និងរិះគន់ពីភាពមិនប្រក្រតី រឿងឈូសឆាយដីព្រៃ ដែលបំពានការណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ការចុះទៅពិនិត្យនេះត្រូវបានធ្វើឡើងកាលពីថ្ងៃសៅរ៍ ទី២៨ ខែធ្នូ ដោយមន្រ្តីជំនាញកសិកម្ម, មន្រ្តីបរិស្ថាន អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ និង សមាគមនយុវជនស្រលាញធម្មជាតិជាដើម នៅទីតាំងរបស់ក្រុមហ៊ុន ស្ថិតក្នុងឃុំរម្មណីយ៍ ស្រុករវៀង។
លោកពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារបានឱ្យដឹងថា មន្រ្តីកំពុងតែធ្វើការលើករណីនេះ ហើយនិងធ្វើការដោះស្រាយ ប្រសិនបើរកឃើញថា មានភាពមិនប្រក្រតីណាមួយកើតឡើង។
លោកបញ្ជាក់ថា៖«កំពុងតែធ្វើការលើករណីនេះ រៀបចំផែនការបន្តទៀត។ ប្រសិន បើមានករណីខុសបន្តិចបន្តួច យើងពិភាក្សា ហើយឱ្យដំណោះស្រាយធ្វើការទៅទាំងអស់គ្នា»។
រដ្ឋបាលភិបាលកាលពីខែឧសភា ឆ្នាំ២០១១ បានផ្តល់ដីទំហំ៩ ៩១៣ ហិកតា ស្ថិតនៅក្នុឃុំរម្មណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ នៃដែនជម្រកសត្វព្រៃបឹងពែរ ដល់ក្រុមហ៊ុន សុវណ្ណភូមិ វិនិយោគកសិ-ឧស្សាហកម្ម ដើម្បី ធ្វើការវិនិយោគអភិវឌ្ឍន៍លើវិស័យកសិ-ឧស្សាហកម្ម ដាំដំណាំកៅស៊ូ និងចិញ្ចឹមសត្វ។
ប្រធានសមាគមយុវជនស្រលាញធម្មជាតិ លោកតាន់ គឹមសួរ ដែលចូលរួមនៅក្នុងការចុះទៅពិនិត្យនោះបានអះអាងថា ក្រុមហ៊ុនសុវណ្ណភូមិរបស់លោកឧកញ៉ាអានម៉ាឌី បានបំពាននូវលក្ខខណ្ឌ ដែលរដ្ឋបានដាក់ជូនស្ទើរតែទាំងស្រុង។
លោកបានបញ្ជាក់ថា៖«ក្រសួងកសិកម្មបានចេញគោលការណ៍ប៉ុន្មានចំណុច ឱ្យក្រុមហ៊ុនអនុវត តែក្រុមហ៊ុនមិនបានអនុវត្តតាមទេ»។
លោកបន្តថា មុនចាប់ផ្ដើមការឈូសឆាយដីព្រៃ ក្រុមហ៊ុនមិនបានសហការជាមួយមន្ទីរកសិកម្ម ដើម្បីធ្វើការកំណត់នូវតំបន់ឈូសឆាយ ហើយក្រុមហ៊ុនបានធ្វើការឈូសឆាយប៉ះពាល់នូវតំបន់ទ្រនាប់ដងអូរ ដែលក្រសួងមានការហាមឃាត់ ជាដាច់ខាត។
លោកថ្លែងថា៖«ក្រសួងហាមមិនឱ្យឈូសតំបន់ទ្រនាប់ដងអូរ តែ ក្រុមហ៊ុនបានឈូស។ ឈូសបំផ្លាញដីព្រៃរក្សាទុករបស់រដ្ឋអស់ជាច្រើនហិកតា»។
លោកបានអះអាងបន្តថា ក្រុមហ៊ុន ក៏មិនមានបិទឡូហ្គូ(logo) លើគ្រឿងចក្រ-យានយន្តរបស់ខ្លួន និងមិនបានអនុវត្តតាមវិធានបច្ចេកទេសជាធរមាន។
ម្យ៉ាងវិញទៀត ក្រុមហ៊ុនមិនបានធ្វើការឈូសឆាយក្នុងមួយអនុតំបន់ម្ដងៗ ហើយធ្វើការដាំដុះភ្លាមតាមលក្ខខណ្ឌ ដែលក្រសួងបានណែនាំនោះទេ។
លោកគឹមសួរបានលើកឡើងថា បើរដ្ឋាភិបាលមិនមានវិធានការសមស្របណាមួយទៅលើក្រុមហ៊ុនទាំងឡាយណា ដែលមានការឈូសបំពានទៅលើដីព្រៃរដ្ឋ ឬបំផ្លាញធនធានធម្មជាតិយ៉ាងសន្ធឹកសន្ធាប់ និងមិនគោរពតាមលក្ខខណ្ឌដែលរដ្ឋដាក់ឱ្យនោះទេ មហាជននឹងមិនមានការសប្បាយចិត្តទេនោះទេ។
លោកបានយល់ឃើញថា៖«មហាជនអាចគិតថា នេះគឺជារឿង ដែលអយុត្តិធម៌បំផុត ដែលប្រជាជនធម្មតាប្រព្រឹត្តិបទល្មើសព្រៃឈើបន្តិចបន្តួច មានការចាប់ចង ដាក់ទោស ដោយមិនមានការលើកលែង រីឯក្រុមហ៊ុនឈូសបំពានរាប់រយហិកតា បែរជាមិនមានចំណាត់ការអ្វីទៅវិញ ឬមានចំណាត់ការដែរ តែចំណាត់ការដែលមានការយោគយល់ទៅវិញ។ ហើយករណីត្រីងៀតឆ្លៀតពង ឬកន្ទេលធំបន្លំដេកនឹងកើតមានឡើងជាបន្តបន្ទាប់»។
ឆ្លើយតបទៅនឹងសំណើសុំធ្វើការឈូសឆាយរបស់ក្រុមហ៊ុន, ក្រសួងកសិកម្ម កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យក្រុមហ៊ុន សុវណ្ណភូមិ វិនិយោគ កសិ-ឧស្សាហកម្ម ធ្វើការឈូសឆាយក្នុងអនុតំបន់ VII, VIII និង X នៃគម្រោងសម្បទានដីសេដ្ឋកិច្ចរបស់ខ្លួន សម្រាប់ធ្វើការ ដាំដុះ និងការពារដីរដ្ឋ មិនឱ្យជនខិលខូចទន្ទ្រានកាន់កាប់ចាប់យកដីនេះធ្វើជាកម្មសិទ្ធិ។
មុនពេលឈូសឆាយ ក្រសួងបានណែនាំឱ្យក្រុមហ៊ុន ត្រូវសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ដើម្បី ធ្វើការកំណត់តំបន់ឈូសឆាយ ជៀសវាងប៉ះពាល់តំបន់ទ្រនាប់ដងអូរ ព្រៃរក្សាទុក និងផ្ទៃដីរបស់ ប្រជាពលរដ្ឋ។
ក្រៅពីនោះ ក្នុងពេលឈូសឆាយត្រូវបិទ Logo លើគ្រឿងចក្រ-យានយន្ត និងត្រូវអនុវត្តតាមវិធានបច្ចេកទេស ជាធរមាន ដោយមានមន្ទីរកសិកម្ម ខេត្តព្រះវិហារ ធ្វើការតាមដានលើ ដំណើរការនៃការឈូសឆាយរបស់ក្រុមហ៊ុន។
បន្ថែមពីនោះ ក្រុមហ៊ុន ក៏ត្រូវធ្វើការឈូសឆាយក្នុងមួយអនុតំបន់ម្តង ហើយត្រូវធ្វើការដាំដុះភ្លាម ក្រោយពេលឈូសឆាយរួច ជៀសវាងទុកដីទំនេរចោលធ្វើឱ្យមានការហូរច្រោះដី និងត្រូវរាយការណ៍លទ្ធផលនៃការឈូសឆាយ ដាំដុះជូនក្រសួងកសិកម្ម ដើម្បីមានអនុសាសន៍ណែនាំ។
លោកឧកញ៉ា អានម៉ាឌី សុំមិនធ្វើការអត្ថាធិប្បាយបកស្រាយចំពោះបញ្ហានេះនោះទេ ដោយលោកបានសុំឱ្យភ្នំពេញប៉ុស្តិ៍ទាក់ទងសួរទៅមន្រ្តីជំនាញវិញ។
លោកមានប្រសាសន៍ដូច្នេះថា៖«សួរទៅមន្រ្តីរដ្ឋបាលព្រៃឈើ ដែលពាក់ព័ន្ធហ្នឹងទៅ គេដឹងរឿងហើយ។ ខ្ញុំមិនថាអីដែរទេ ព្រោះអ្វី ដែលមន្រ្តីរាជការចុះទៅត្រួតពិនិត្យហ្នឹង គាត់ដឹងហើយ។ ទុកឱ្យមន្រ្តីជំនាញ ដែលដឹងរឿងបកស្រាយវិញ កុំឱ្យខុស សុំអធ្យាស្រ័យ»។
ប្រធានមន្ទីរកសិកម្ម លោកពឹង ទ្រីដាបានបញ្ជាក់ថា៖ «ឡូហ្គូ គេបិទក្នុងកញ្ចក់ [គ្រឿងចក្រ-យានយន្ត] តែមើលមិនឃើញ វាបាំងវាំងនន វាំងអីអញ្ជឹង។ គេមានទាំងអស់តា ថាគេអត់ម៉េច? យើងកំពុងតែធ្វើការហ្នឹង»។
អនុប្រធានមន្ទីរបរិស្ថាន ខេត្តព្រះវិហារ លោកមាស ញឹមមិនអាចទាក់ទងបានទេនាថ្ងៃចន្ទទី៣០ ខែធ្នូនេះ៕