ភ្នំពេញ៖ នាយកដ្ឋាន​ប្រយុទ្ធប្រឆាំង​ជំងឺឆ្លង​ (CDC) បាន​ឱ្យ​ដឹងកាល​ពីថ្ងៃ​ទី២៨ ខែធ្នូ​កន្លងទៅនេះថា ប្រទេស​ចិន​បាននិងកំពុង​ប្រយុទ្ធ​ប្រឆាំងការផ្ទុះ​ឡើង​នៃ​មេរោគ human metapneumovirus (HMPV) ដែល​មាន​រោគសញ្ញា​ស្រដៀង​ទៅនឹង​ជំងឺ​ផ្តាសាយធំ និង​​កូវីដ ១៩​។​


​យោងតាម​ (CDC) បាន​ឱ្យដឹងថា​៖ «វេជ្ជបណ្ឌិត Chen Chih-jung នៃ​មន្ទីរពេទ្យ Linkou Chang Gung Memorial Hospital បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា hMPV គឺ​ស្រដៀង​ទៅនឹង​មេរោគ​ផ្លូវដង្ហើម RSV (​ជា​មេរោគ​បង្ក​ជំងឺ​ផ្លូវ​ដ​ង្ហើ​ម​ដែរ​) ដែល​ភាគច្រើន​ឆ្លង​ដល់​កុមារ​អាយុ​ក្រោម ២ ឆ្នាំ ខណៈដែល hMPV មាន​និន្នាការ​ឆ្លង​កុមារ​ធំ»​។

លោក​បាន​ពន្យល់ថា កុមារ​ខ្លះ​ដែល​ឆ្លង​មេរោគ​អាច​តម្រូវ​ឱ្យចូល​មន្ទីរ​ពេទ្យ ប៉ុន្តែ​ជំងឺ​នេះ​មិនសូវ​ធ្ងន់ធ្ងរ​ដូច​ជំងឺ​គ្រុន​ផ្តាសាយធំ​ទេ ហើ​យ​កុមារ​ភាគច្រើន​បានជា​សះស្បើយ​ឡើងវិញ​។​


ករណី​កុមារ​មួយចំនួន​តម្រូវឱ្យ​សម្រាក​នៅ​មន្ទីរពេទ្យ ទោះបីជា​ជំងឺ​នេះ​ជាទូទៅ​មាន​លទ្ធផល​ធ្ងន់ធ្ងរ​តិចជាង​ជំងឺ​ផ្តាសាយ​ធម្មតា​ក៏ដោយ ដោយ​កុមារ​ភាគច្រើន​បានជា​សះស្បើយ​ដោយ​គ្មាន​ផលវិបាក​។​

បើ​យោងតាម​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ការពារ​ជំងឺ​របស់​ចិន (CDC China)​ បាន​បង្ហាញថា​៖ «​រោគសញ្ញា ​រួមមាន ក្អក ក្តៅខ្លួន តឹង​ច្រមុះ និងពិបាក​​ដកដង្ហើម​។ ករណី​ធ្ងន់ធ្ងរ​អាច​បណ្តាលឱ្យមាន​ជំងឺ​រលាក​ទងសួត ឬ​រលាក​សួត ជាពិសេស​ក្នុងចំណោម​ទារក ចាស់ជរា និង​បុគ្គល​ដែលមាន​ភាពស៊ាំ​ខ្សោយ»។​


អ្នក​ដែលមាន​ស្ថានភាព​សួត​ពីមុន​ដូចជា​ជំងឺហឺត COPD ឬ emphysema មាន​ហានិភ័យ​ខ្ពស់​នៃ​លទ្ធផល​ធ្ងន់ធ្ងរ​។​

(CDC China) បាន​បន្ដ​ថា មេរោគ​នេះ​រីក​រាលដាល​ជា​ចម្បង​តាមរយៈ​ដំណក់ទឹក ឬចំហាយទឹក​ចេញ​ពី​ការ​ក្អក ឬ​កណ្តាស់ ក៏ដូចជា​ការទំនាក់ទំនង​ជិតស្និទ្ធ ឬ​ការប៉ះពាល់​ទៅនឹង​បរិស្ថាន​ដែលមាន​មេរោគ​។ រយៈពេល​នៃការ​ចេញរោគ​សញ្ញា​​មាន​ចាប់ពី ៣ ទៅ ៥ ថ្ងៃ​។​

យោងតាម Reuters បាន​ផ្សាយថា​៖ «​ទិន្នន័យ​ចាប់ពី​ថ្ងៃទី ១៦ ដល់​ថ្ងៃទី ២២ ខែធ្នូ​ បង្ហាញ​ពី​ការកើនឡើង​នៃ​ការឆ្លង​មេរោគ​ផ្លូវដង្ហើម​ស្រួចស្រាវ រួមទាំង hMPV ជាពិសេស​នៅក្នុង​ខេត្ត​ភាគ​ខាងជើង​។ ករណី​ថ្មីៗ​នេះ​មាន​ជាប់​ពាក់ព័ន្ធ​ភាគច្រើន​លើ​បុគ្គល​ដែលមាន​អាយុ​ក្រោម ១៤ ឆ្នាំ​»។​

ទូរទស្សន៍​រដ្ឋ CCTV បាន​បញ្ជាក់ថា ការឆ្លង​មេរោគ​ផ្លូវដង្ហើម​ក្នុង​រដូវរងារ​នេះ ភាគច្រើន​ត្រូវបាន​សន្មត​ថា​ជា​មេរោគ​គ្រុនផ្តាសាយ ដោយ hMPV ក៏​រួមចំណែក​ផងដែរ​។​
​ទោះបី​ជាមាន​ករណី​កើនឡើង​ក៏ដោយ អ្នកជំនាញ​បាន​សង្កត់ធ្ងន់​លើ​ការប្រុងប្រយ័ត្ន​ក្នុងការ​ប្រើប្រាស់​ថ្នាំ​ប្រឆាំង​មេរោគ​ដោយ​មិន​រើសអើង​ចំពោះ hMPV ព្រោះថា​មិនមាន​វ៉ាក់សាំង​ជាក់លាក់ ឬ​ការព្យាបាល​ប្រឆាំង​មេរោគ​ណាមួយ​ឡើយ​។ ការគ្រប់គ្រង​ផ្តោតលើ​ការបន្ថយ​រោគសញ្ញា​។​

ក្នុង​ឆ្នាំ ២០០១​ អ្នកប្រាជ្ញ​ហូ​ឡង់បាន​​រកឃើញ hMPV ​ជា​លើកដំបូង​​ក្នុង​សំណាក​​​​សំបោរ​របស់​កុមារ​ដែលមាន​ការឆ្លង​មេរោគ​ផ្លូវដង្ហើម​កពី​ភ្នាក់ងារ​បង្ក​រោគ​ដែល​មិន​ស្គាល់​។​

នាយកដ្ឋាន​ប្រយុទ្ធប្រឆាំង​ជំងឺឆ្លង CDC បានណែនាំ​​ជួយ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​មេរោគ metapneumovirus របស់​មនុស្ស (hMPV) និង​ជំងឺ​ផ្លូវដង្ហើម​ផ្សេងទៀត​។

​ដើម្បី​បង្ការ​ចម្លង​មេរោគ​ផ្តាសាយ និង​មេរោគ​ផ្លូវ​ដ​ង្ហើ​ម​ផ្សេងៗ សូម​ពាក់​ម៉ាស់ រក្សា​គម្លាត ឧស្សា​ហ៏​លាងដៃ​ញឹក​ញ​ប់ ចៀសវាង​កន្លែង​មាន​មនុស្ស​ច្រើន ដើម្បី​កាត់បន្ថយ​ការឆ្លង​រាលដាល​។​

គួរ​បញ្ជាក់ថា ក្នុង​រដូវរងារ​នេះ អ្នកមាន​រោគ​ផ្តាសាយ និង​រលាក​ផ្លូវ​ដ​ង្ហើម គឺ​ភាគ​ច្រើន​បង្ក​ឡើ​ង​ដោយ​មេរោគ​ផ្តាសាយធំ Influenza​។

ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​លេខ​ទូរស័ព្ទ ១១៥​៕