ភ្នំពេញៈ ក្នុងរដូវប្រាំង នៅពេលការប្រមូលផលទឹកឃ្មុំព្រៃកំពុងតែឈានចូលមកដល់​ មន្រ្តីបរិស្ថាន និង​ដៃគូ​អភិរក្ស​បាន​អំពាវនាវឱ្យមានការដក​ហូត​ទឹក​ឃ្មុំ​ប្រកប​ដោយ​និរន្តរភាព ហើយថែរក្សាព្រៃឈើ ដែល​ជាជម្រកសត្វឃ្មុំ ជា​ពិស​សគឺ​ប្រភេទរុក្ខជាតិ ដែលទាក់​ទាញ​សត្វ​ឃ្មុំ ដូចជាផ្កាអរគីដេ និងប្រទាលព្រៃជាដើម។


នាយកដែនជម្រកភ្នំពេ្រច-លំផាត់ ក្នុងខេត្តមណ្ឌលគិរី លោកព្រំ វិបុលរតនៈបានសង្កេតឃើញថា ប្រជាសហគមន៍​ស្ទើ​​​តែគ្រប់ផ្ទះ​តែង​​តែ​ចេញ​ទៅរ​កឃ្មុំព្រៃ នៅក្នុងរដូវប្រាំង ដើម្បីរកប្រាក់ចំណូលបន្ថែម។ 

លោកបន្តថា ទឹកឃ្មុំនៅដើមរដូវប្រាំង ដែលចាប់ពីខែកុម្ភៈ ដល់ខែឧសភា វាខាប់ និងមានគុណភាពល្អ ដែល​មាន​តម្លៃ យ៉ាងហោចណាស់៥​ម៉ឺន​រៀ​ល​ ក្នុង១លីត្រ ប៉ុន្តែនៅពេលចុងរដូវប្រាំង ដែលចាប់ផ្តើមមានភ្លៀងធ្លាក់ប្រហែលជាខែមិថុនា តម្លៃ​ទឹក​ឃ្មុំបានធ្លាក់​មកនៅ ប្រហែលជា៣៥ ០០០ ទៅ៤០ ០០០រៀលវិញ។    


លោកបញ្ជាក់ថា៖«ទឹកឃ្មុំ នៅមណ្ឌលគិរីខុសគ្នា ដោយតំបន់ដែរ។ នៅមេម៉ង់ វាសម្បូរ​ ដោយព្រៃស្រោង ដែល​មាន​​ប្រ​ទាល​ជា​ច្រើន​ប្រភេទ។ អញ្ជឹងទឹកឃ្មុំ ពណ៌រាងក្រម៉ៅ ហើយឆ្ងុយប្រទាល។ ដោយឡែកនៅខាង​ពូជ្រៃ វាសម្បូរដើមជ័រ​ទឹក ឈើទាល អញ្ជឹង​ទឹកឃ្មុំពណ៌រាងលឿង ដូចសាច់ល្ពៅ។ វាឆ្ងុយ ផ្អែមជាង។ នៅ ដាក់ដាំ មានជ្រោះ និងប្រទាល​ច្រើន វាបឺតលំអងផ្កា​។ ចាស់ៗ គេ​ចង់​ប្រើ​តែទឹកឃ្មុំ ដែលបឺតពីប្រទាល ផ្កាឈើគ្រប់ប្រភេទហ្នឹង»។

តំបន់​ការពារ​តំបន់​ធនធាន​ធម្មជាតិក្នុងខេត្តមណ្ឌលគិរី ​មាន​ទំហំ​ជាង ១​លាន​ហិកតា ​ដូចជាដែន​ជម្រក​សត្វព្រៃ​កែវសី​មា ស្រែពក ភ្នំព្រេច ភ្នំណាមលៀ និង ដែន​ជម្រក​សត្វ​ព្រៃលំផាត់។


ដើម្បីរក្សាប្រព័ន្ធអេកូឡូស៊ី ជម្រកសត្វឃ្មុំ ក៏ដូចជាសត្វព្រៃផ្សេងៗទៀត លោកវិបុលរតនៈ បាន​អំពា​វនា​វ​ឱ្យ​មា​ន​ការ​ចូល​រួម​ការពារព្រៃឈើ ជាពិសេស ការពារកុំឱ្យភ្លៀងឆេះព្រៃ នៅក្នុងរដូវប្រាំងនេះ និង​មិនត្រូវ​ធ្វើការ​ដក​ហូត​ប្រភេទផ្កា និងរុក្ខជាតិ ​ដែលទាក់ទាញសត្វឃ្មុំ ដូចជាផ្កាអរគីដេ និង​ប្រភេទប្រទាលផ្សេងៗជាដើម។ 

លោកថ្លែងថា៖«សូមលើកទឹកចិត្តឱ្យ​រក្សា​ឱ្យ​បាននូវ​ប្រព័ន្ធ​អេកូ​ឡូស៊ី ដូចជាផ្កានៅក្នុងតំបន់ទាំងអស់មិនឱ្យយកចេញទេ ដូចផ្កាអរគីដេជាដើម ទប់ស្កាត់កុំឱ្យយកចេញ ព្រោះអរគីដេច្រើនទៅ ធ្វើឱ្យមានឃ្មុំ និងទឹកឃ្មុំច្រើនដែរ។ ផ្កា្ក​ក្នុង​ព្រៃធ​ម្ម​ជាតិ​ហ្នឹ​ងទាក់​ទាញច្រើន»។ 

អង្គការកម្មវិធីផ្លាស់ប្តូរបទពិសោធន៍អនុផលព្រៃឈើកម្ពុជា (NTFP- EP Cambodia)ក៏បានអំពាវនាវឱ្យមានការប្រមូលផ​ល​​ទឹកឃ្មុំប្របកដោយនិរន្តរភាពផងដែរ។ 

ក្នុងនោះ គឺការប្រមូលទឹកឃ្មុំទៅតាមរដូវ និងពេលវេលា ដែលសមស្រប ដោយ​ការយកទឹកឃ្មុំ ត្រឹមតែ៧០ភាគរយប៉ុណ្ណោះ ហើយត្រូវរក្សាទុក៣០ ភាគរយ ដើម្បីទុកចិញ្ចឹមកូនរបស់វា។ ការ​ធ្វើបែ​បនេះ អាច​មានលទ្ធភាពប្រមូលទឹកឃ្មុំ បានពី២ទៅ៣ដង និងរក្សាឃ្មុំឱ្យនៅគង់វង្សផងដែរ។

អង្គការបានលើកឡើងថា សត្វឃ្មុំ និងទឹកឃ្មុំផ្តល់​ផល​ប្រ​យោជន៍​ជា​ច្រើនដល់​មនុស្ស សត្វ រុក្ខជាតិ និង ជីវ​ចម្រុះ​ផ្សេង​ៗនៅលើផែនដី ស្ទើគ្រប់វិស័យ។​ 

ក្នុងនោះ ក្នុងវិស័យកសិកម្ម វាជួយរួមចំណែក ក្នុងការផលិតបន្លែ ផ្លែ​ឈើ តា​មរយៈការនាំ​យក​លំអង​ផ្កាមួយ ទៅប៉ះគ្នានឹងលំអងផ្កាមួយទៀត​ ដែលបង្កើតបានជាផ្លែ និងគ្រាប់ពូជនានា សម្រាប់ធ្វើស្បៀង។

ក្នុងវិស័យសេដ្ឋកិច្ចវិញ សត្វឃ្មុំ​បានចូល​រួមចំណែកយ៉ាងសកម្ម​ក្នុងការ​លើកស្ទួយ​ជីវភាព​របស់​ប្រជាជន​នៅ​ក្នុង​សហ​គមន៍​តាមរយៈការលក់ទឹកឃ្មុំ និងសំបុកឃ្មុំ ហើយនិងចូលរួមក្នុងការទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិផងដែរ។

ម្យ៉ាងវិញទៀត ទឹកឃ្មុំត្រូវបានគេយកទៅប្រើប្រាស់ជាឱសថសម្រាប់ជួយដល់សុខភាព និង​សម្រស់​របស់​ម​នុស្សផ​ងដែរ។

អង្គការក៏បានអំពាវនាវឱ្យពលរដ្ឋចូលរួមការពារឃ្មុំព្រៃ តាមរយៈការអភិរក្ស និងស្ដារព្រៃឈើឡើងវិញ ដែលជា ជម្រក អាហារ និងទឹកសម្រាប់ពពួកឃ្មុំព្រៃត្រូវការជាចាំបាច់។ 

លើសពីនោះ ក៏ត្រូវកាត់បន្ថយការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត និងចូលរួមដាំដំណាំចម្រុះនៅក្នុងចំការ ដើម្បីបង្កើននូវចំនួនឃ្មុំព្រៃឡើងវិញជាដើម។

​អង្គការ WWF-កម្ពុជាបាន​ប៉ាន់​ស្មានថា ព្រៃឈើ​ទំហំ​តែជាង៩ម៉ឺន​ហិកតា​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ចំនួន២​ក្នុង​ខេត្ត​មណ្ឌលគិរី អាច​ផ្តល់​ទិន្នផល​ទឹកឃ្មុំ​ព្រៃ​រហូត​ដល់ ១៥០​តោន ដែល​អាច​ផ្តល់​ជា​ចំណូល​រហូត​ដល់​ទៅ ៣,៦​លាន​ដុល្លារ​អាមេរិក​សម្រាប់​សហគមន៍​មូលដ្ឋាន​ក្នុង​មួយ​ឆ្នាំៗ។ 

អង្គការ WWF-កម្ពុជា និងដៃគូកំពុងតែជួយ​សមាគមអភិរក្សឃ្មុំ​ព្រៃ​ខេត្តម​ណ្ឌល​គិរី​ ដើម្បីលើក​កម្ពស់​ការ​ប្រមូ​លទឹ​កឃ្មុំ​ប្រក​បដោយនិរន្តរភាព តាមរយៈម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនៃ "ទឹកឃ្មុំព្រៃមណ្ឌលគិរី"។ 

គំនិត​ផ្តួច​ផ្តើមនេះ​ជួយ​លើក​កម្ពស់ជីវភាពពលរដ្ឋមូលដ្ឋាន ហើយក៏ជួយការពារព្រៃឈើសម្រាប់អនាគតមនុស្សទាំងគ្នាផងដែរ៕