ទោះបីជា​រាជរដ្ឋាភិបាល​បញ្ចុះ​តម្លៃ​ទិដ្ឋាការ​ប្រភេទ​ទេសចរណ៍​និង​ធម្មតា វិស័យ​ឯកជន​យល់​ឃើញ​ថា ការ​ដក​តម្លៃ​ទិដ្ឋាការ​ទាំង​ស្រុង​សម្រាប់​គ្រប់​ប្រទេស ឬ​សម្រាប់​គោល​ដៅ​ទេសចរណ៍​សំខាន់ៗ​​នឹង​ជំរុញ​ដល់​កំណើន​ភ្ញៀវ​ទេសចរ​មក​កម្ពុជា។

កាល​ពី​ថ្ងៃ​ទី២៨ ខែធ្នូ កន្លង​ទៅ រាជរដ្ឋាភិបាល​កម្ពុជា​​បាន​ប្រកាស​ថា ចាប់​ពី​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ​២០២៥​ តទៅ ​កម្ពុជា​នឹង​ការ​បញ្ចុះ​​តម្លៃ​ទិដ្ឋាការ ប្រភេទ​ e-Visa T (ទេសចរណ៍) ពី ៣៦ ដុល្លារ មក​នៅ​ត្រឹម ៣០ ដុល្លារ ខណៈ​ដែល​ e-Visa E (ធម្មតា) នឹង​ត្រូវ​បញ្ចុះ​ពី ៤២ ដុល្លារ មក​នៅ​ត្រឹម ៣៥ ដុល្លារ។


ទោះបី​ជា​នេះ​ជា​ការ​លើក​ទឹក​ចិត្ត​មួយ​ក៏​ដោយ ក៏​វិស័យ​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍​នៅ​តែ​លើក​ទឹក​ចិត្ត​ឲ្យ​រដ្ឋាភិបាល​ពិចារណា​លើក​លែង​ទិដ្ឋាការ​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ដូច​នៅ​ប្រទេស​ជិត​ខាង​ខ្លះ ដើម្បី​លើក​កម្ពស់​ភាព​ប្រកួត​ប្រជែង និង​ជំរុញ​កំណើន​ភ្ញៀវ​ទេសចរ​អន្តរជាតិ។

ទិន្នន័យ​របស់​ក្រសួង​ទេសចរណ៍​ដែល​ទើប​ចេញ​ផ្សាយ បាន​បង្ហាញ​ថា ​ពី​ខែ​មករា-ខែ​វិច្ឆិកា ឆ្នាំ ២០២៤ ភ្ញៀវ​បរទេស​ដែល​ចូល​មក​ប្រទេស​កម្ពុជា មាន​ចំនួន​សរុប ៦ លាន​នាក់​ កើន​ឡើង ២២​ ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ឆ្នាំ​ ២០២៣ ដែល​មាន ៤, ៩២ លាន​នាក់។


នៅ​ប្រទេស​ថៃ ចំនួន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ បាន​កើន​លើស​ពី​​គោលដៅ ៣៥​លាន​នាក់​នៅ​ឆ្នាំ​២០២៤​ដែល​អាជ្ញាធរ​ថៃ​បាន​ដាក់​ចេញ បង្កើត​ប្រាក់​ចំណូល​ជាង ៥២​ពាន់​លាន​ដុល្លារ។ 

ប្រទេស​ថៃ បាន​លើក​លែង​ទិដ្ឋាការ​សម្រាប់​ប្រទេស​សរុប​ចំនួន ៩៣ ដែល​អញ្ញាត​ឲ្យ​ទេសចរ​បរទេស​ស្នាក់​នៅ​រហូត​ដល់​រយៈ​ពេល ៦០​ថ្ងៃ។ នេះ​បើ​តាម​អាជ្ញាធរ​ទេសចរណ៍​ថៃ ដោយ​បាន​បញ្ជាក់​ថា ការ​លើក​លែង​ទិដ្ឋាការ​នេះ​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ជំរុញ​កំណើន​ភ្ញៀវ​ទេសចរ​នេះ។

នៅ​ប្រទេស​វៀតណាម ភ្ញៀវ​ទេសចរណ៍​ត្រឹម​១១​ខែ​ឆ្នាំ​២០២៤​នេះ មាន​ចំនួន​ជាង ១៥,៨​លាន​នាក់ កើន​ឡើង​ជាង ៤១​ភាគរយ​ប្រៀបធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​២០២៣។ វៀតណាម​រំពឹង​ថា នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ពី​១៧ ទៅ​១៨​លាន​នាក់​តាម​ផែន​ការ​នៅ​ឆ្នាំ​២០២៤​នេះ។ 

ការ​កើន​ឡើង​នេះ ក៏​រួម​ចំណែក​ពី​ការ​លើក​លែង​ទិដ្ឋាការ​ផង​ដែរ ដែល​ក្រៅ​ពី​ការ​លើក​លែង​ទិដ្ឋាការ​សម្រាប់​ប្រទេស​អាស៊ាន វៀតណាម​ក៏​លើក​លែង​ទិដ្ឋាការ​សម្រាប់​ភ្ញៀវ​ទេសចរ​ពី​តំបន់​អឺរ៉ុប​រយៈ​ពេល ៤៥​ថ្ងៃ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន VnEconomy។

លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ីប៉ាស៊ីហ្វិក PATA យល់​ឃើញ​ថា ការ​បញ្ចុះ​ថ្លៃ​ទិដ្ឋាការ​របស់​កម្ពុជា គឺជា​តថភាព​សាមញ្ញ ហើយ​មិន​អាច​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​នោះ​ទេ។

លោក​លើក​ទឹក​ចិត្ត​ឲ្យ​រដ្ឋាភិបាល​លើក​លែង​តម្លៃ​ទិដ្ឋាការ​សម្រាប់​ភ្ញៀវ​ទេសចរ​អន្តរជាតិ យ៉ាង​ហោច​ណាស់​សម្រាប់​ប្រភព​ទេសចរណ៍​សំខាន់ៗ ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត។

លោក​ទទួល​ស្គាល់​ថា ស្ថានភាព​សេដ្ឋកិច្ច​ប្រទេស​ជិត​ខាង​ពិត​ជា​ប្រសើរ​ជាង​កម្ពុជា ដែល​ពួក​គេ​អាច​លើក​លែង​ទិដ្ឋាការ​បែប​នេះ​បាន ប៉ុន្តែ វា​ជា​រឿង​ចាំ​បាច់​ដែល​កម្ពុជា​គួរ​ពិចារណា​ធ្វើ​អ្វី​ដែល​អាច​ធ្វើ​បាន​ដើម្បី​បង្កើន​ការ​ប្រកួត​ប្រជែង។ លោក​រំពឹង​ថា ការ​បញ្ចុះ​តម្លៃ​ខាង​លើ​នេះ​គ្រាន់​តែ​ជា​ការ​អនុវត្ត​ដំណាក់​កាល​ដំបូង​ប៉ុណ្ណោះ។

លោ​ស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បាន​យល់​ឃើញ​ថា ការ​បញ្ចុះ​តម្លៃ​ទិដ្ឋាការ​នេះ​អាច​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​តិច​តួច​ដែរ​ពី​សំណាក់​ភ្ញៀវ​ទេសចរ​អន្តរជាតិ។

លោកស្រី​ថ្លែង​ថា៖ «ការ​បញ្ចុះ​តម្លៃ​នេះ​វា​ទាក់​ទាញ​ដែរ តែ​ទាក់​ទាញ​តិច​តួច បើ​បញ្ចុះ​ឲ្យ​អស់​តែ​ម្ដង វា​អាច​ទាក់ទាញ​ខ្លាំង​ ព្រោះអី​សម័យ​នេះ គេ​ចង់​ធ្វើ​អ្វី​ដែល​ងាយ​ស្រួល មិន​ត្រឹមតែ​លុយ​ប៉ុណ្ណោះ​ទេ វា​បូក​រួម​ទាំង​ពេល​វេលា​ និង​ការងារ​បន្ថែម​ដែល​ពួក​គេ​ត្រូវ​ចំណាយ​ក្នុង​ការ​សុំ​ទិដ្ឋាការ»។

កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០២៣ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​បញ្ជាក់​ថា វា​មិន​ទាល់​ដល់​ពេល​វេលា​សម​ស្រប​ដែល​កម្ពុជា​​អាច​លើក​លែង​ទិដ្ឋាការ​ទាំង​ស្រុង​បាន​ទេ ពីព្រោះ​កម្រៃ​ទទួល​បាន​ពី​ទិដ្ឋាការ​គឺ​ជា​ប្រភព​ចំណូល​ចម្បង​មួយ​របស់​កម្ពុជា។

បុគ្គលិក​បម្រើ​ការ​នៅ​ភ្នាក់ងារ​ទេសចរណ៍​ម្នាក់​នៅ​ខេត្ត​សៀមរាប ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​ឲ្យ​ដឹង​ថា កន្លង​មក​លោក​មិន​បាន​សួរ​ពី​ចំណាប់​អារម្មណ៍​របស់​ភ្ញៀវ​ទេសចរ​អន្តរជាតិ​អំពី​តម្លៃ​ទិដ្ឋាការ​ព្រោះ​ជា​ការ​រៀបចំ​ពី​ក្រៅ​ប្រទេស ហើយ​ភ្ញៀវ​ក៏​មិន​ដែល​បង្ហាញ​ការ​ត្អូញត្អែរ​ពី​តម្លៃ​ទិដ្ឋាការ​ដែរ។

យ៉ាងណា​ក៏​ដោយ លោក​បាន​លើក​ឡើង​ពី​ការ​មិន​ពេញ​ចិត្ត​របស់​ភ្ញៀវ​អន្តរជាតិ​ដែល​ចូល​មក​កម្ពុជា​តាម​ច្រក​ផ្លូវ​គោក ដោយសារ​តែ​ការ​ធ្វើ​ប្រតិបត្តិការ​យឺតយ៉ាវ​នៅ​ពេល​ចូល​មក​កម្ពុជា ដែល​ពេល​ខ្លះ​រហូត​ដល់​ទៅ​២​ម៉ោង។ 

លោក​បន្ត​ថា ដើម្បី​ឲ្យ​ការ​ឆ្លង​កាត់​ព្រំដែន​មក​កម្ពុជា​បាន​លឿន​ ជាពិសេស​នៅ​ច្រក​ទ្វារ​ជាមួយ​ប្រទេស​ថៃ ដូចជា​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត និង​តាម​ច្រក​នៅ​ខេត្ត​ប៉ៃលិន និង​ច្រក​បាវិត ខេត្ត​ស្វាយ​រៀង លោក​ត្រូវ​បង់​ប្រាក់​បន្ថែម​ទៅ​មន្ត្រី​ច្រក​ព្រំដែន ដែល​ក្នុង​ភ្ញៀវ​ម្នាក់​ត្រូវ​ចំណាយ ៥​ដុល្លារ។

លោក​និយាយ​ថា៖ «សម្រាប់​ខ្ញុំ យើង​មាន​ភ្ញៀវ​ច្រើន​ មួយ​ក្រុម​ពី ២០ ទៅ ៣០​នាក់។ យើង​មិន​អាច​ឲ្យ​ភ្ញៀវ​យើង​ដែល​ចាស់ៗ​ឈរ​ចាំ​ តម្រង់​ជួរ យូរ​បាន​ទេ។ អីចឹង យើង​ត្រូវ​បង្ខំ​ចិត្ត​ដាក់​លុយ​ថែម​ទៅ​ខាង​ប៉ូលិស​ច្រក​ឲ្យ​គាត់​ជួយ​សម្រួល​ធ្វើ​ម៉េច​ឲ្យ​បាន​លឿន។ ខាង​ខ្ញុំ​ ច្រក​ចេញ​ចូល​សំខាន់​ជាង​គេ គឺ​បាវិត និង​ប៉ៃលិន។ សម្រាប់​ប៉ោយប៉ែត យើង​ព្យាយាម​ពង្វាង​ភ្ញៀវ​មិន​ឲ្យ​ចូល​ប៉ោយប៉ែត​ទេ ដោយសារ​តែ​ស្មុគ​ស្មាញ​ពេក»។

លោក​ស្នើ​ឲ្យ​ក្រសួង​ពាក់​ព័ន្ធ​ពិនិត្យ​មើល​លើ​ករណី​នេះ ដើម្បី​សម្រួល​ដល់​ភ្ញៀវ​ទេសចរ​អន្តរជាតិ ដែល​ចូល​រួម​ដល់​ការ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ទស្សនា​ប្រទេស​កម្ពុជា​កាន់​តែ​ច្រើន។

ភ្នំពេញ​ប៉ុស្តិ៍​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក ទូច សុខៈ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ ពាក់​ព័ន្ធ​នឹង​ការ​លើក​ឡើង​ពី​ដំណើរ​ការ​យឺតយ៉ាវ​នៃ​​ការ​ឆ្លង​កាត់​ច្រក​ព្រំដែន​គោក​សម្រាប់​ភ្ញៀវ​ទេសចរ​អន្តរជាតិ ដូច​ការ​លើក​ឡើង​ទេ នៅ​ថ្ងៃ​ទី៣០ ខែធ្នូ​ ឆ្នាំ​២០២៥​នេះ៕