សីតុណ្ហភាព​នៅ​រដូវ​ប្រាំង​ឆ្នាំ​២០២៥​ ខាង​មុខ​នេះ មិន​សូវ​ក្ដៅ​ខ្លាំង​ដូច​ឆ្នាំ​២០២៤​ទេ ពោល​គឺ​សីតុណ្ហភាព​មធ្យម​អប្បបរមា និង​អតិបរមា​នឹង​ទាប​ជាង​មធ្យម​ភាគ​ច្រើន​ឆ្នាំ។ នេះ​បើ​យោង​តាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម។


សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ធនធាន​ទឹក​នៅ​ថ្ងៃ​ទី៣០ ខែ​ធ្នូ​នេះ ស្តីពី​ការ​ព្យាករ​អាកាសធាតុ​លើក​ទី១ បញ្ជាក់​ថា ក្រសួង​បាន​ធ្វើការ​តាមដាន និង​ព្យាករណ៍​ស្ថានភាព​អាកាសធាតុ​ទៅ​លើ​បាតុភូត​សកល ហើយ​បើ​យោង​តាម​ការ​ព្យាករ​ស្តីពី​ស្ថានភាព​វិវត្ត​នៃ​សីតុណ្ហភាព​នៅ​លើ​ផ្ទៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ខាងលិច និង ​តំបន់​អេក្វាទ័រ​បង្ហាញ​ឱ្យ​ឃើញ​ថា ចាប់​ពី​ខែមករា ដល់​ខែ​ឧសភា បាតុភូត​ឡានីណា​នឹង​ថយ​ចុះពី​ ៦០ភាគរយ មក ៤០ភាគរយ ដោយ​ជំនួស​មក​វិញ​នូវ​បាតុភូត​អែនសូ​អព្យាក្រឹត (ENSO-Neutral) ដែល​នឹង​កើន​ឡើង​ពី ៦០ភាគរយ ​ទៅ ​៨០ភាគរយ។

ក្រសួង​បន្ត​បញ្ជាក់​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ​រដូវ​ប្រាំង មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា និង​អតិបរមា​​ទាប​ជាង​មធ្យមភាគ​ច្រើន​ឆ្នាំ។ កម្រិត​ភ្លៀង​កក់​ខែ​ក៏​មាន​ច្រើនជាង​ឆ្នាំ​២០២៤ ជាមួយ​បាតុភូត​រន្ទះ និង​ខ្យល់​កន្ត្រាក់​កើត​ច្រើន។


រដូវវស្សា​ក៏​អាច​នឹង​ចាប់​ផ្តើម​លឿន​ជាង​នៅ​ឆ្នាំ​២០២៤ ផង​ដែរ គឺ​នៅ​ក្នុង​សប្តាហ៍​ទី១ ឬ​​ទី២ នៃ​ខែ​ឧសភា ហើយ​សីតុណ្ហភាព​នៅ​រដូវ​វស្សា ក៏​មាន​ទាប​ជាង​មធ្យម​ភាគ​ច្រើន​ឆ្នាំ ផង​ដែរ។

ក្រសួង​បញ្ជាក់​ថា៖ «បរិមាណ​ទឹក​ភ្លៀង​[នៅ​រដូវ​វស្សា] មាន​កម្រិត​ខ្ពស់​ជាង​មធ្យមភាគ​ច្រើន​ឆ្នាំ។ កម្រិត​បរិមាណ​ទឹក​ភ្លៀង ពី​មធ្យម​ទៅ​បង្គួរ ជាមួយ​នឹង​របាយ​ទឹក​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​បាន​ល្អ។ បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​កើត​ច្រើន»។


ក្រសួង​អំពាវ​នាវ​ឲ្យ​ពលរដ្ឋ​មាន​ការ​ប្រើប្រាស់​ទឹក​នៅ​ក្នុង​រយៈ​ពេល ៣ ខែ​ដំបូង  ជាពិសេស​តំបន់​ជនបទ​ដែល​នៅ​ឆ្ងាយ​ពី​ប្រភព​ទឹក និង​រំឭក​ឲ្យ​មាន​ប្រុង​ប្រយ័ត្ន​ចំពោះ​អាកាសធាតុ ដែល​មាន​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ដែល​អាច​កើត​មាន​ច្រើន​នៅ​ក្នុង​ខែ​មេសា និង​ខែឧសភា»៕