ភ្នំពេញៈ ក្រសួងសុខាភិបាលបានអំពាវនាវឱ្យសាធារណជនប្រុងប្រយ័ត្នចំពោះ ជំងឺផ្លូវដង្ហើមគ្រប់ប្រភេទ ក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់នេះ ជាពិសេសវីរុស យូមិនមេតាភ្នឺម៉ូវីរុស (Muman Metapneumovirus-HMPV)។
សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី៣០ ខែធ្នូនេះ បានឱ្យដឹងថា ថ្មីៗនេះបណ្តាញផ្សព្វផ្សាយព័ត៌មានមួយចំនួន បានផ្សាយព័ត៌មានពីការផ្ទុះឡើងនៃយូមិនមេតាភ្នឺម៉ូវីរុស បង្កឱ្យមានជំងឺផ្លូវដង្ហើម។
ការបង្កឱ្យមានជំងឺផ្លូវដង្ហើមនេះ មានរោគសញ្ញាស្រដៀង ទៅនឹងជំងឺផ្តាសាយធំ ដូចជា គ្រុនផ្តាសាយ ហូរសំបោរ រលាកបំពង់ក ក្អក កណ្តាស់។
ក្រសួងបញ្ជាក់ថា៖«យូមិនមេតាភ្នឺម៉ូវីរុស អាច បណ្តាលជាជំងឺធ្ងន់ធ្ងរលើទារក កុមារ មនុស្សវ័យចំណាស់លើសពី៦៥ឆ្នាំ ឬអ្នកមានប្រព័ន្ធការពាររាងកាយខ្សោយ»។
យូមិនមេតាភ្នឺម៉ូវីរុស ត្រូវបានរកឃើញដំបូងក្នុងឆ្នាំ២០០១ នៅប្រទេសហូឡង់។ ប្រទេសកម្ពុជាក៏ធ្លាប់រកឃើញ ជំងឺនេះលើកុមារ ក្នុងអំឡុងឆ្នាំ២០០៧ ដល់ឆ្នាំ២០០៩។ ទោះយ៉ាងណា នៅកម្ពុជា ដោយសារអាកាសធាតុមិនត្រជាក់ខ្លាំង ជំងឺ នេះ មិនសូវធ្ងន់ធ្ងរ ដូចជំងឺគ្រុនផ្តាសាយធំទេ ហើយកុមារភាគច្រើនបានជាសះស្បើយឡើងវិញ។
អ្នកវិទ្យាសាស្ត្រ បានប៉ាន់ស្មានថាប្រហែលពី១០ ទៅ ១២ភាគរយ នៃជំងឺផ្លូវដង្ហើមចំពោះកុមារ គឺបណ្តាលមកពីយូមិនមេតាភ្នឺម៉ូវីរុស ។ ករណីភាគច្រើនគឺស្រាល ប៉ុន្តែប្រហែលពី ៦ ទៅ ១៦ភាគរយ នៃកុមារនឹងវិវត្តទៅជាជំងឺរលាកទងសួត រលាកសួត។
ក្រសួងបានលើកឡើងថា វីរុសនេះឆ្លងតាមការក្អក និងកណ្តាស់ ឬ ការប៉ះពាល់ជិតស្និទ្ធ ដូចជាការប៉ះ ឬចាប់ដៃគ្នា ឱប ថើប ប៉ះវត្ថុ ឬផ្ទៃដែលមានមេរោគ បន្ទាប់មកប៉ះ មាត់ ច្រមុះ ឬភ្នែក។
រោគសញ្ញានៃជំងឺនេះ រួមមាន ក្អក គ្រុនក្តៅ តឹងច្រមុះ ហូរសំបោរ និងហត់ (ដង្ហើមខ្លី) អាចវិវត្តទៅជាជំងឺ រលាកទងសួត ឬជំងឺរលាកសួត ហើយស្រដៀងគ្នាទៅនឹងរោគសញ្ញា នៃជំងឺផ្លូវដង្ហើមដែលបណ្តាលមកពីមេរោគផ្សេងទៀត។ រយៈពេលពីការឆ្លងទៅដល់ចេញរោគសញ្ញា (រយៈពេលសំងំ) គឺពី៣ ទៅ ៦ថ្ងៃ។
ក្រសួងបានណែនាំថា ដើម្បីការពារពីការឆ្លងវីរុសនេះ និងមេរោគបង្កជំងឺផ្លូវដង្ហើមផ្សេងទៀត គឺត្រូវប្រកាន់ភ្ជាប់អនាម័យ លាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ ឬទឹកអាល់កុលលាងដៃ ហើយចៀសវាង យកដៃលោកអ្នកទៅប៉ះពាល់ភ្នែក ច្រមុះនិង មាត់ ប្រសិនបើមិនទាន់បានលាងសម្អាតទេនោះ។
ក្រៅពីនោះ នៅពេលក្អក ឬ កណ្តាស់ ត្រូវខ្ទប់មាត់ជាមួយក្រដាស ក្រណាត់ ឬកន្សែងស្អាត ប្រើផ្នត់កែងដៃអាវខ្ទប់មាត់ និង ពាក់ម៉ាស់ ដើម្បីបង្ការការចម្លងទៅអ្នកដទៃ។
បន្ថែមពីនោះ គឺមិនត្រូវប្រើបាតដៃខ្ទប់មាត់របស់អ្នកផ្ទាល់ទេ។ បើប្រាស្រ័យទាក់ទងជាមួយអ្នកឈឺ ត្រូវចេះការពារខ្លួនកុំឱ្យមានការចម្លងរោគ ដោយត្រូវពាក់ម៉ាស់ និង អនុវត្តវិធាន ការ បង្ការការ ចម្លងដូចរៀបរាប់ខាងលើ។ ហើយត្រូវចៀសវាង ការចែករំលែកកែវទឹក និងបរិក្ខារបរិភោគជាមួយអ្នកដទៃ។
លើសពីនោះ នៅពេលអាកាសធាតុចុះត្រជាក់ សូមស្លៀកពាក់សម្លៀកបំពាក់ក្រាស់សមស្រប ដើម្បីបង្ការភាពត្រជាក់ ជា ពិសេសទារក កុមារនិង មនុស្សវ័យចំណាស់ ដែលងាយនឹងឈឺដោយសារអាកាសធាតុត្រជាក់។
ក្រសួងបានណែនាំឱ្យស្វែងរកការពិគ្រោះជំងឺនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ប្រសិនបើមានរោគសញ្ញា ពិបាកដក ដង្ហើម គ្រុនក្តៅ ក្អក ឈឺក និងឈឺសាច់ដុំ ឬមានបញ្ហាសុខភាពផ្សេងទៀត។ក្នុងករណីឃើញមានជំងឺផ្តាសាយកើតឡើងច្រើនក្នុងសហគមន៍ សូមរាយការណ៍ជាបន្ទាន់ទៅលេខ ១១៥៕