ភ្នំពេញ៖ កម្ពុជាទទួលបានគម្រោងចំនួន៣ ដែលគាំទ្រដោយសាធារណរដ្ឋឥណ្ឌា តាមរយៈស្ថានទូតឥណ្ឌាប្រចាំកម្ពុជា។
អនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី ៣ ខែវិច្ឆិកា ផ្តោតលើជំនួយឥតសំណងរបស់ឥណ្ឌា ដើម្បីអនុវត្តគម្រោងផលប៉ះពាល់រហ័ស (QIP) ចំនួនបី ដើម្បីលើកកម្ពស់ការអប់រំ និងជីវភាពរស់នៅក្នុងសហគមន៍កម្ពុជា។
កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា ក្នុងទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា។
លោក ជួន ណារ៉ុន បានឱ្យដឹងថា៖ «រដ្ឋាភិបាលឥណ្ឌាក្នុងការបន្តពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរលើវិស័យអប់រំ តាមរយៈកម្មវិធីអាហារូបករណ៍ ការសាងសង់សាលារៀនមិត្តភាពកម្ពុជា-ឥណ្ឌា ក៏ដូចជាការបន្តជួយគាំទ្រលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជាដែលរស់នៅតំបន់ដាច់ស្រយាល»។
លោកបានបន្ដថា ការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នានេះ គឺជាសក្ខីភាពមួយទៀតនៃការប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសក្នុងការលើកកម្ពស់ការអប់រំ និងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជននៅក្នុងតំបន់ដែលខ្វះខាតបំផុត។
លោក ជួន ណារ៉ុន បានថ្លែងថា ប្រទេសឥណ្ឌាបានពង្រឹងបន្ថែមទៀតនូវការគាំទ្ររបស់ខ្លួនសម្រាប់ការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជាជាមួយនឹងការចុះហត្ថលេខាលើ MoU សម្រាប់គម្រោងផលប៉ះពាល់រហ័ស (QIPs) ចំនួនបី។
គម្រោងទី១ ទឹកស្អាត និងអនាម័យ ឆ្នាំ ២០២៤-២០២៥ នៅក្នុងស្រុកកងមាស ខេត្តកំពង់ចាម ដោយគ្រោងនឹងសាងសង់បង្គន់អនាម័យ ដែលមានកន្លែងលាងដៃចំនួន៤ នៅក្នុងសាលាចំនួន៤ គ្រោងផ្តល់ច្រាសដុសធ្មេញ និងថ្នាំដុសធ្មេញសម្រាប់សិស្ស និងគ្រូទាំងអស់នៃសាលា បឋមសិក្សាទាំង៤ និងសាប៊ូលាងដៃសម្រាប់ប្រើប្រាស់រយៈពេលមួយឆ្នាំ។
គម្រោងទីពីរ ជាការរៀបចំប្រព័ន្ធទឹកនៅក្នុងសាលារៀនឆ្លើយតបទៅនឹងភាពធន់នៃអាកាសធាតុ ឆ្នាំ២០២៤-២០២៥ នៅក្នុងខេត្តព្រៃវែង ដោយគ្រោងសាងសង់ប្រព័ន្ធទឹកដែលប្រើប្រាស់ថាមពលព្រះអាទិត្យនៅក្នុងសាលាចំនួន៥។
គម្រោងទី៣ គឺជាការអភិវឌ្ឍសាលាស្តង់ដាគំរូនៅសាលាបឋមសិក្សាមិត្តភាព កម្ពុជា-ឥណ្ឌា ឆ្នាំ ២០២៤-២០២៥ នៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលគ្រោងសាងសង់បង្គន់អនាម័យដែលមានកន្លែងលាងសម្អាតដៃចំនួន១បង្គន់ សាងសង់ក្លោងទ្វារសាលារៀន សាងសង់របងសាលារៀន រៀបចំឡើងវិញនូវប្រព័ន្ធទឹកស្អាតនៅក្នុងសាលារៀន និងកែលម្អបរិស្ថានសាលារៀន។
គម្រោងទាំងនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តបន្តរបស់ឥណ្ឌាក្នុងការដោះស្រាយតម្រូវការអភិវឌ្ឍន៍ជាបន្ទាន់របស់កម្ពុជា។
ស្ថានទូតឥណ្ឌាបានឱ្យដឹងនៅលើទំព័រ Facebook ផ្លូវការរបស់ខ្លួនថា៖ «គម្រោងទាំងនេះគឺជាជំហានដ៏ធំមួយឆ្ពោះទៅមុខក្នុងបរិប័ទ្មនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា និងគោលនយោបាយ Act East របស់ឥណ្ឌា»។
គំនិតផ្តួចផ្តើមនេះត្រូវបានរៀបចំឡើងដើម្បីគាំទ្រដល់គោលដៅទូលំទូលាយរបស់កម្ពុជាក្នុងការកែលម្អសុខភាពសាធារណៈ ការអប់រំ និងភាពធន់ទ្រាំនឹងអាកាសធាតុ។
ប៉ុន្មានឆ្នាំមកនេះ ប្រទេសឥណ្ឌាបានរួមចំណែកដល់គម្រោងដែលមានឥទ្ធិពលជាច្រើន រួមទាំងការផ្តល់ឧបករណ៍វេជ្ជសាស្ត្រដល់មន្ទីរពេទ្យ ការសាងសង់សាលារៀន និងការលើកកម្ពស់កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ។
លើសពីនេះទៀត ឥណ្ឌាបានផ្តល់មូលនិធិដល់គំនិតផ្តួចផ្តើមទឹកស្អាត និងអនាម័យ ដើម្បីកែលម្អលទ្ធភាពទទួលបានទឹកស្អាតនៅក្នុងសហគមន៍ជនបទ។
កិច្ចខិតខំប្រឹងប្រែងនាពេលថ្មីៗនេះក៏បានផ្តោតទៅលើការកសាងមជ្ឈមណ្ឌលសហគមន៍នៅក្នុងខេត្តផ្សេងៗ គាំទ្រដល់ការអភិវឌ្ឍន៍កសិកម្មតាមរយៈការបណ្តុះបណ្តាល និងការផ្ទេរបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការជាមួយក្រសួងនានាក្នុងប្រទេសកម្ពុជា ដើម្បីអនុវត្តគម្រោងស្របតាមតម្រូវការ។
លោក ជួន ណារ៉ុន ក៏បានជូនពរលោកស្រីឯកអគ្គរដ្ឋទូត ទទួលបានជោគជ័យក្នុងការខិតខំនាពេលខាងមុខ ខណៈដែលលោកស្រីត្រៀមបញ្ចប់បេសកកម្មការទូតនៅកម្ពុជា៕