ក្រសួង​មហា​ផ្ទៃ​ចេញ​សារាចរ​ថ្មី​ហាម​មិន​ឲ្យ​ផលិត​រូបភាព​ វីដេអូ ​និង​មាតិកា ​ល្បែង​ស៊ី​សង​ខុស​ច្បាប់ ព្រម​ទាំង​ផ្សព្វ​ផ្សាយ​ល្បែង​ស៊ីសង​ទាំង​នេះ ដើម្បី​អូស​ទាញ​ប្រជាពលរដ្ឋ​ឱ្យ​ចូល​លេង​ល្បែង​ស៊ីសង​ខុស​ច្បាប់​ដោយ​ផ្ទាល់ ឬ​តាម​ប្រព័ន្ធ​អនឡាញ។ អ្នក​វិភាគ​យល់​ថា ការ​ណែនាំ​និង​ការ​អនុវត្ត​ជាក់​ស្ដែង​ស្ថិត​នៅ​ឆ្ងាយ​ពី​គ្នា​នៅ​ឡើយ។


នៅ​ក្នុង​សារាចរ​ណែនាំ​ដែល​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី៤ ខែ​ធ្នូ​នេះ លោក ស សុខា រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ បាន​ថ្លែង​ថា ក្រសួង​សង្កេត​ឃើញ​ថា ការ​ផ្សព្វផ្សាយ​និង​ចែក​រំលែក​អំពី​ល្បែង​ស៊ីសង​ខុស​ច្បាប់​មាន​ការ​ចូល​រួម​ពី​បុគ្គល​មាន​ប្រជាប្រិយភាព​ និង​អ្នក​ផលិត​មាតិកា​សង្គម​មួយ​ចំនួន​ផង​ដែរ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​សាធារណជន​មាន​ការ​ភាន់​ច្រឡំ ហើយ​បន្ត​ចែក​ចាយ​បន្ត។

លោក​ណែនាំ​ឲ្យ​សាធារណជន​ត្រូវ​បញ្ឈប់​ជា​បន្ទាន់​នូវ​រាល់​ការ​បង្កើត​គេហទំព័រ គណនី ឬ​ទំព័រ​ក្នុង​បណ្តាញ​ទំនាក់​ទំនង​សង្គម ​ដែល​មាន​រូបភាព និង​ខ្លឹម​សារ​ពាក់​ព័ន្ធ​នឹង​ល្បែង​ស៊ីសង​ខុស​ច្បាប់​គ្រប់​ប្រភេទ​ ទោះ​ល្បែង​ស៊ីសង​លេង​ដោយ​ផ្ទាល់​ក្តី ឬ​តាម​ប្រព័ន្ធ​អនឡាញ​ក្តី។


លោក​ថ្លែង​ថា៖ «ត្រូវ​បញ្ឈប់​ជា​បន្ទាន់​នូវ​រាល់​ការ​ផ្សព្វផ្សាយ ឬ​ចែក​រំលែក​បន្ត​អំពី​រូបភាព និង​ខ្លឹម​សារ​ពាក់​ព័ន្ធ​នឹង​ល្បែង​ស៊ី​សង​ខុស​ច្បាប់​គ្រប់​ប្រភេទ»។

អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​ចាត់​វិធានការ​តឹងរ៉ឹង​តាម​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ក្នុង​ការ​តាម​ដាន និង​ហាម​ឃាត់​ការ​ផ្សព្វផ្សាយ និង​ការ​ចែក​រំលែក​បន្ត​នូវ​រូបភាព និង​ខ្លឹមសារ​ពាក់ព័ន្ធ​ល្បែង​ស៊ីសង​ខុស​ច្បាប់​គ្រប់​ប្រភេទ។ 


រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ក៏​ត្រូវ​ជំរុញ​ការ​អប់រំ​ផ្សព្វ​ផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​យល់​ដឹង​អំពី​ផល​ប៉ះ​ពាល់​នៃ​ការ​លេង​ល្បែង​ស៊ីសង​ខុស​ច្បាប់​គ្រប់​ប្រភេទ។
លោក ស សុខា បញ្ជាក់​ថា៖ «ក្រសួង​មហា​ផ្ទៃ​នឹង​ចាត់​វិធានការ​ចំពោះ​បុគ្គល​ណា​ដែល​នៅ​តែ​បន្ត​ប្រព្រឹត្ត​សកម្មភាព​ខុស​ច្បាប់ ដូច​បាន​ណែនាំ​ខាង​លើ​នេះ»។

លោក​ក៏​បាន​បង្ហោះ​សារាចរ​ណែនាំ​នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក ដែល​ទទួល​បាន​អន្តរកម្ម​យ៉ាង​ច្រើន ក្នុង​នោះ​មាន​អ្នក​ like ជាង ៨ពាន់​នាក់​ និង​អ្នក​ចែក​រំលែក ៤,៤ពាន់​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ​យោបល់​ជាង ៦០០​មតិ ដែល​បង្ហាញ​ការ​គាំទ្រ បូក​រួម​ជាមួយ​នឹង​ការ​រិះ​គន់។

អ្នក​លេង​ហ្វេសប៊ុក​ម្នាក់​ឈ្មោះ Kannaly Phal បាន​សរសេរ​ថា៖ «ល្បែង​ស្រុក​ខ្មែរ​ច្រើន​ណាស់​លោក​បង​អើយ​ តែ​គេ​បង់​គេ​ចេះ​បង់​ឲ្យ​ប៉ូលិស​មូលដ្ឋាន»។

អ្នក​បញ្ចេញ​មតិ​យោបល់​ម្នាក់​ទៀត​ឈ្មោះ Dina S. Suos សរសេរ​ថា៖ «សូម​ក្រសួង​មហា​ផ្ទៃ​ស្រាវ​ជ្រាវ​ប្រភព​ដែល​ផ្ញើ SMS មក​លេខ​ទូរស័ព្ទ​ដៃ​មួយ​ទៀត​ វា​ក៏​ជា​ល្បែង​អន​ឡាន​ដែរ​ទាន»។

កាល​ពី​ថ្ងៃ​ទី២៣ ខែ​វិច្ឆិកា កន្លង​ទៅ បុរស​ម្នាក់​ត្រូវ​បាន​រាយការណ៍​ថា​បាន​សម្លាប់​ប្រពន្ធ និង​កូន​ពីរ​នាក់​ មុន​នឹង​សម្លាប់​ខ្លួន​ដោយសារ​តែ​ចាញ់​ល្បែង​ស៊ីសង់ និង​ជំពាក់​បំណុល​វណ្ឌ​ក។

លោក ទូច សុខៈ អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ​បាន​ថ្លែង​ថា សារាចរ​ណែនាំ​នេះ​ទុក​ពេល​៧​ថ្ងៃ គឺ​រហូត​ដល់​ថ្ងៃ​ទី១០ ខែ​ធ្នូ​នេះ ដើម្បី​បញ្ឈប់​រាល់​សកម្មភាព​ដូច​មាន​ចែង​នៅ​ក្នុង​សារាចរ​នេះ។

លោក​ថា៖ «ចាប់​ពី​ថ្ងៃ​ទី១១​តទៅ សមត្ថកិច្ច​ពាក់​ព័ន្ធ​នៃ​ក្រសួង​មហា​ផ្ទៃ​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់»។លោក យង់ គឹមអេង ប្រធាន​មជ្ឍមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព ថ្លែង​ថា សារាចរ​នេះ​ជា​មូល​ដ្ឋាន​មួយ​សម្រាប់​អនុវត្ត​ទៅ​លើ​ការ​ទប់ស្កាត់​ការ​ផ្សព្វផ្សាយ​ល្បែង​ស៊ីសង​ខុស​ច្បាប់។ ប៉ុន្តែ ការ​អនុវត្ត​ជាក់​ស្ដែង​មាន​ការ​ពិបាក។

លោក​លើក​ឡើង​ថា៖ «កន្លង​មក ហាក់​ដូចជា​ចេញ​ការ​ណែនាំ​ទៅ​អត់​ខ្លាច​យ៉ាង​ម៉េច។ នៅ​តែ​មាន​ការ​លេង​យ៉ាង​គគ្រឹក​គគ្រេង​ដដែល។ យើង​ឃើញ​ថា អ្នក​ដែល​ផ្សាយ​នៅ​តែ​ផ្សាយ អ្នក​ដែល​លេង​នៅ​តែ​លេង ហាក់​ដូចជា​ប្រសិទ្ធភាព​មិន​ទាន់​ខិត​ចូល​មក​ជិត ដែល​អាច​ធ្វើ​ឲ្យ​សកម្មភាព​ទាំង​នេះ​ត្រូវ​បាន​បញ្ឈប់។ ខ្ញុំ​យល់​ថា ទាល់តែ​មាន​សកម្មភាព​ជាក់​លាក់​ ការ​អនុវត្ត​ច្បាស់​លាស់ ទើប​អាច​ឲ្យ​សារាចរ​ណែនាំ​នេះ​ក្លាយ​ជា​ការ​ពិត និង​ជា​វិធានការ​ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់»៕