សៀមរាបៈ កម្ពុជា​បានជំរុញ​ដល់ថ្នាក់​ដឹកនាំ នៃ​ប្រទេសអនុ​តំបន់មេគង្គ​ទាំងអស់ ឱ្យរួមគ្នា រក​ដំ​ណោះ​ស្រា​យ ចំពោះ ការបំពុល​ឆ្លងដែន និងបញ្ហា​បំរែ​បម្រួល​អាកាសធាតុ​ផ្សេងៗ​ទៀត ដើម្បី​ការពារ​សុខភាព​របស់​ពលរដ្ឋ ភាព​រស់រវើក​នៃសេដ្ឋកិច្ច​និង​ភាពធន់​នៃប្រព័ន្ធ​អេកូឡូស៊ី​ក្នុងតំបន់។


ការជំរុញនេះត្រូវបានធ្វើឡើង ដោយរដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន តំណាង រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត នៅពេលដែល លោកធ្វើអធិបតីភាព ក្នុងកិច្ចប្រជុំលើកទី​១៣ នៃគណៈកម្មាធិការ​តម្រង់ទិស​ ថ្នាក់​រដ្ឋមន្ត្រី​អនុតំបន់​មេគង្គស្តី​ពី​ការ​បំពុលអ័ព្ទឆ្លងដែន ក្នុងអនុតំបន់ទន្លេមេគង្គ (13th MSC Mekong) ដែល ប្រ ព្រឹត្ត ទៅ នៅថ្ងៃទី៤ ខែធ្នូ​នេះ ក្នុង​ ខេត្ត​សៀម​រាប។

កិច្ចប្រជុំនេះមានការចូលរួមពីរដ្ឋលេខាធិការអចិន្ត្រៃយ៍ និងតំណាងជាន់ខ្ពស់ទទួលបន្ទុកដីធ្លី ភ្លើងឆេះព្រៃ និង​​​​អ័ព្ទពីប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ព្រមទាំង​អគ្គលេខាធិការ​រងអា​ស៊ាន​សម្រា​ប់ស​ហគមន៍សង្គមវប្បធម៌អាស៊ាន។


លោករដ្ឋលេខាធិកាប្រចាំការ សាន វណ្ណទី បានលើកឡើងថា អនុតំបន់ទន្លេមេគង្គ ដែលល្បីល្បាញខាងជីវចម្រុះ និង​ភាព​សម្បូរបែបនៃប្រព័ន្ធអេកូឡូស៊ី បានទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាជនរាប់លាននាក់។ 

ទោះ​ជា​យ៉ាង​ណាក៏​ដោយ​ ធនធានដ៏មាន​តម្លៃទាំងនេះ​ប្រ​ឈម​នឹងការគំរាមកំហែងកាន់តែខ្លាំងឡើងៗ ពីបញ្ហា ភ្លើងឆេះព្រៃ ការបំពុលផ្សែងអ័ព្ទឆ្លងដែន និង​ផល​ប៉ះពា​ល់ធ្ង​ន់ធ្ងរ​កាន់តែខ្លាំងឡើង នៃការប្រែប្រួលអាកាសធាតុ។


លោកមានប្រសាសន៍ថា៖«បញ្ហាប្រឈមទាំងនេះធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ រំខានដល់​សកម្មភាព​សេដ្ឋ​កិច្ច និងដាក់សម្ពាធយ៉ាងខ្លាំងលើបរិស្ថាន។ ការបំពុលឆ្លងដែន ទាមទារឱ្យមានកិច្ចសហការឆ្លងកាត់ព្រំដែន»។

លោកបន្តថា កិច្ចប្រជុំនេះផ្តល់នូវវេទិកាដ៏សំខាន់មួយ ដើម្បីតម្រង់ទិសសម្រាប់ផែនការយុទ្ធសាស្ត្រជាតិ និងតំបន់ ស្រប​​ជាមួយនឹងគោលការណ៍ ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងអាស៊ានស្តីពីការបំពុលផ្សែងអ័ព្ទឆ្លងដែន។ លើស​ពីនោះ វាក៏ជា ឱកាសមួយ ដែលផ្តល់មូលដ្ឋានគ្រឹះ នៃការប្តេជ្ញាចិត្តរួម ស​ម្រាប់​និរ​ន្តរភាពបរិស្ថានផងដែរ។

សេចក្តីប្រកាសព័ត៌មានពីកិច្ចប្រជុំបានឱ្យដឹងថា អង្គប្រជុំ​ក៏បា​នទទួល​ស្គាល់​ពីផល​ប៉ះ​ពាល់​នៃ​កា​រប្រែ​ប្រួល​អា​កាសធាតុ ដូចជាការរាំងស្ងួតញឹកញាប់ជាងមុន និងបញ្ហាកាសធាតុកាន់តែអាក្រក់ខ្លាំងផ្សេងៗទៀត ដែល​អាចបង្កើនហានិភ័យ នៃកំដៅ និង​ផ្សែង​អ័ព្ទ​ឆ្លង​ដែន ដែលបានកើតឡើងតាំងពីឆ្នាំ២០១៩មក។​

លើសពីនោះ អនុតំបន់ទន្លេមេគង្គបានជួបប្រទះនូវការកើនឡើងកម្តៅ និង​ផ្សែង​អ័ព្ទ​ក្នុងរដូវ​ប្រាំង​ ចន្លោះខែធ្នូ ឆ្នាំ ២០២៣ ដល់ខែឧសភា ឆ្នាំ ២០២៤ ដែលប៉ះពាល់ដល់ប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃ ក៏ដូចជា​ផ្នែក​ភាគខាង​ជើងនៃ​ប្រទេស​ឡាវ និងប្រទេសវៀតណាមជាច្រើនថ្ងៃ។

សេចក្តីប្រកាសបានសរសេរថា៖«ខណៈដែលប្រទេសអនុតំបន់កំពុងឈានចូលដល់រដូវប្រាំង អង្គប្រជុំបាន​រំ​លឹក​​​ឡើង​​វិញ​​នូវ​ការ​ប្តេជ្ញាចិត្ត​របស់ខ្លួន​ក្នុងការពង្រឹងសកម្មភាពក្នុងប្រទេសនីមួយៗ តាមរយៈ​ផែនការ​សកម្ម​ភាពជាតិរៀងៗខ្លួន និង​ផ្តល់​អាទិភាព ដល់ការបង្ការអគ្គិភ័យ ការព្រមានជាមុន ការត្រួតពិនិត្យ និងការពន្លត់​អគ្គិភ័យ ដើម្បី​កាត់​បន្ថយ​ការ​កើត​ឡើង​ នៃអ័ព្ទឆ្លងដែនក្នុងអំឡុងពេលនៃអាកាសធាតុកាន់តែស្ងួត»។

កិច្ចប្រជុំលើកទី​១៤ នៃគណៈកម្មាធិការ​តម្រង់ទិស​ ថ្នាក់​រដ្ឋមន្ត្រី​អនុតំបន់​មេគង្គនឹងធ្វើឡើងក្នុងប្រទសឡាវ នា​ឆ្នាំ​២០២៥ខាងមុខ។

ក្រសួងបរិស្ថានបានឱ្យដឹងថា ដើម្បីដោះស្រាយការបំពុលផ្សែងអ័ព្ទឆ្លងដែន និងបញ្ហាប្រឈមដែលពាក់ព័ន្ធ កម្ពុជា​បាន​បោះជំហានយ៉ាងសំខាន់ក្នុងនិរន្តរភាពបរិស្ថាន និងសកម្មភាពអាកាសធាតុ។ 

ក្នុងនោះបានគូសបញ្ជាក់​ពី​ការប្តេជ្ញា​ចិត្តរ​បស់ខ្លួន ក្នុងការដោះស្រាយបញ្ហាបំពុលអ័ព្ទឆ្លងដែន និងបញ្ហាប្រឈមបរិស្ថានកាន់តែទូលំទូលាយ។

ក្រសួងបរិស្ថាន បានដាក់ចេញ យុទ្ធនាការ Blue Skies & Net Zero ២០៥០ ស្របតាម ការធ្វើបច្ចុប្បន្នភាព នៃ​កា​ររួម​ចំ​ណែក ដែលបានកំ​ណត់កម្រិតថ្នាក់ជាតិរបស់ខ្លួន (NDCs) និងយុទ្ធសាស្ត្ររយៈពេលវែងសម្រាប់អព្យាក្រឹតកាបូន (LTS4CN) ។ យុទ្ធ​នាការ​នេះប្រមូលផ្តុំកិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិ ដើម្បីសម្រេចបានការបំភាយឧស្ម័នសុទ្ធត្រឹមឆ្នាំ ២០៥០។

លើសពីនេះ ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធសាស្រ្តចក្រា ដោះស្រាយការបំពុលប្លាស្ទិក តាមរយៈគំនិតផ្តួច​ផ្តើមដូចជាយុទ្ធនាការ "ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិក" និង "កម្ពុជាស្អាត ខ្មែរអាចធ្វើបាន" យើងបានចូលរួមជាមួយ​ប្រ​ជាពលរដ្ឋជាង ៩,៧ លាននាក់ ដើម្បីកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិក និងទទួលយកជម្រើស​ប្រកបដោយ​និរន្តរភាព។

ក្រសួងបរិស្ថានបាននិងកំពុងយកចិត្តទុកដាក់ការលើកកម្ពស់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព និងការ​គ្រប់​គ្រង​កាកសំណល់។ ក្រសួងមានគោលបំណងកាត់បន្ថយការបញ្ចេញជាតិពុល ដែលធ្វើឱ្យបញ្ហា​គុណភាពខ្យល់កាន់​តែ​ធ្ងន់​ធ្ងរ ដែលបានបំពេញបន្ថែម ដល់កិច្ចខិតខំប្រឹងប្រែងដ៏ទូលំទូលាយ របស់កម្ពុជាក្នុង​ការប្រយុទ្ធ​ប្រឆាំងនឹង​ការ​បំ​ពុល​ឆ្លងដែន៕