ភ្នំពេញ៖ លោក​នាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត បានចេញសារលិខិត និង​បានថ្លែងសារជាភាសា​អង់គ្លេស​អបអរ​សាទរ​ការ​​ចុះ «​ក្រមា​» ក្នុង​បញ្ជី​តំណាង​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ មនុស្សជាតិ​របស់​អង្គការ​យូណេស្កូដោយ​គណៈកម្មការ​អន្តររដ្ឋាភិបាល​ដើម្បី​ការការពារ​បេតិកភណ្ឌ​វប្បធម៌​អរូបី របស់​អង្គការ​យូណេស្កូតាមរយៈ សេចក្តីសម្រេច 19.COM 7.5.27​។


ការ​ចុះបញ្ជីនេះ​ត្រូវបាន​ធ្វើ​ឡើង​នៅថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០២៤ នៅ​ទីក្រុង អា​សង់​ស្យុ​ង (Asunción) សាធារណរដ្ឋ​ប៉ា​រ៉ា​ហ្គា​យ (Republic of Paraguay) ដែល​បាន​ក្លាយជា​ទិវា​ប្រវត្តិសាស្ត្រ ដ៏​សំខាន់​របស់​ជាតិ​កម្ពុជា​ទាំងមូល។​

យោងតាមសារលិខិតរបស់លោកនាយករដ្ឋមន្ដ្រី​បាន​ឱ្យដឹងថា​៖ «​នេះ​គឺជា​មោទនភាព​ថ្មី​មួយទៀត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧ ដែល​បានសម្រេច​នូវ​សមិទ្ធផល សម្រាប់​ប្រជាជាតិ និង​ប្រជាជន​កម្ពុជា​ទាំងមូល​។ 


ការចុះបញ្ជី​នេះ​បានផ្តល់​នូវ​តម្លៃ​ដូចគ្នា​ចំពោះ​កម្ពុជា និង សហគមន៍​អន្តរជាតិ នូវ​កាតព្វកិច្ច​នៃ​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​ក្នុងការ​ថែរក្សា ការពារ និង​លើកតម្កើង គុណ​តម្លៃ «​ក្រមា​» ទុកជា​កេរ​មរតក​សម្រាប់​មនុ​ស្ស​ជាតិ​ជំនាន់​ក្រោយ​តរៀង​ទៅ»​។​

ទិដ្ឋភាពនៃការចូលរួមរបស់លោកស្រី ភឿង សកុណា រដ្ឋមន្ដ្រីក្រួសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅទីក្រុង អាសង់ស្យុង (Asunción) សាធារណរដ្ឋប៉ារ៉ាហ្គាយ (Republic of Paraguay)។ រូបថត UNESCO


លោក​បាន​បញ្ជាក់ថា ​ដើម្បី​អបអរសាទរ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ លោក​នាយករដ្ឋមន្ដ្រី​បាន​​អំពាវនាវ​ចំពោះ​ស្ថានីយ៍​វិទ្យុ ទូរទស្សន៍ និង បណ្តាញ​ព័ត៌មាន​ទាំងអស់ ​​ចូលរួម​សហការ​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​ដែលជា​មោទនភាព​ជាតិ​ដ៏​មាន សារៈសំខាន់​នេះ​ឱ្យបាន​ទូលំទូលាយ​បំផុត​៕