លោក​ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​ស្នើ​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង ​ឲ្យ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ​ ការ​ឆបោក ល្បែង​អនឡាញ,​ ពង្រឹង​ទំនាក់​ទំនង​បក្ស​និង​បក្ស និង​ទំនាក់​ទំនង​កិច្ច​ការបរទេស​ ខណៈ​ប្រទេស​ទាំង​ពីរ​ប្ដេជ្ញា​ពង្រឹង​មិត្តភាព​ដែកថែប។


លោក​ ហ៊ុន សែន បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក ស៊ី ជីនពីង នៅ​ទីក្រុង​ប៉េកាំង កាល​ពី​ថ្ងៃ​ទី៣ ខែ​ធ្នូ ក្នុង​ដំណើរ​ទស្សនកិច្ច​៣​ថ្ងៃ​របស់​លោក​ទៅ​កាន់​ប្រទេស​ចិន ដើម្បី​ពង្រឹង​ទំនាក់​ទំនង​មិត្តភាព​ដែក​ថែប និង​កិច្ច​សហប្រតិបត្តិការ។

ទំព័រ​ហ្វេសប៊ុក​របស់​លោក បាន​បញ្ជាក់​ថា ក្រៅ​ពី​ការ​ស្នើ​សុំ​ចិន​បន្ត​ផ្តល់​ជំនួយ​ឥត​សំណង និង​កម្ចី​ឥណទាន​សម្រាប់​ជំរុញ​ការ​វិនិយោគ លោក ហ៊ុន សែន បាន​ស្នើ​សុំ​ចិន​​ពង្រឹង​សហប្រតិបត្តិការ​​សន្តិសុខ​ ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ​ការឆបោក ការ​បង្ក្រាប​បទ​ល្មើស​ល្បែង​អនឡាញ។


លោក​ស្នើ​ឲ្យ​ភាគី​ទាំង​ពីរ​បន្ត​ពង្រឹង​ទំនាក់​ទំនង​រវាង​បក្ស ​និងបក្ស ​ជាពិសេស​ទំនាក់​ទំនង​រវាង​ចលនា​មហាជន និង​គណៈ​ទាក់ទង​បរទេស និង​ពង្រឹង​ទំនាក់​ទំនង​កិច្ចការ​បរទេស ជាពិសេស​ក្នុង​វេទិកា​តំបន់ និង​អន្តរជាតិ។

ទោះ​បី​ជា​មិន​មាន​ការ​លើក​ឡើង​លម្អិត​អំពី​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ ក៏​ដោយ ទំព័រ​ហ្វេសប៊ុក​របស់​លោក​បាន​បញ្ជាក់​ថា លោក ហ៊ុន សែន ក៏​បាន​ថ្លែង​អំណរគុណ​ដល់ លោក ស៊ី ជីនពីង ផង​ដែរ​ចំពោះ​ការ​គាំទ្រ​របស់​លោក​លើ​គម្រោង​ព្រែក​ជីក​នេះ។


លោក ស៊ី ជីនពីង លើក​ឡើង​ថា ចិន​និង​កម្ពុជា តែង​តែ​រួម​គ្នា​ការពារ​ផលប្រយោជន៍​រួម ក្នុង​ស្ថានការណ៍​អន្តរជាតិ​ដែល​មាន​ការ​ប្រែ​ប្រួល​យ៉ាង​លឿន​និង​ស្មុគស្មាញ។ ចិន​នឹង​បន្ត​គាំទ្រ​កម្ពុជា កសាង​សហគមន៍​ជោគ​វាសនា​រួម​ចិន-កម្ពុជា ក្នុង​យុគ​សម័យ​ថ្មី ប្រកប​ដោយ​គុណភាព​ខ្ពស់ កម្រិត​ខ្ពស់ និង ស្តង់ដា​ខ្ពស់។

លោក​បន្ត​ថា ប្រទេស​ទាំង​ពីរ​ «ត្រូវ​ចាប់​យក​ឱកាស​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ឈ្នះ-ឈ្នះ​ថ្មី នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​កំណែទម្រង់ និង​អភិវឌ្ឍ​បែប​ថ្មី​នៃ​ការ​សម្រេច​ការ​កសាង​សហគមន៍​ជោគ​វាសនា​រួម ការអនុវត្ត កិច្ច​សហប្រតិបត្តិការ​ត្បូងពេជ្រ ការ​កសាង​ច្រក​របៀង​ឧស្សាហកម្ម និង​បច្ចេកវិទ្យា និង​ច្រក​របៀង​មច្ឆា​និង​អង្ករ»។

ប្រធានាធិបតី​ចិន ក៏​បាន​ជំរុញ​ការ​បន្ស៊ី​គ្នា​រវាង​គំនិត​ផ្តួច​ផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ និង​យុទ្ធសាស្ត្រ​បញ្ចកោណ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី។

ទំព័រ​ហ្វេសប៊ុក​លោក ហ៊ុន សែន បញ្ជាក់​ថា៖ «លោក​ស៊ី ជីនពីង ​មាន​ក្តី​សប្បាយ​រីករាយ ដែល​កម្ពុជា​សម្រេច​បាន​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន។ ជាមួយ​គ្នា​នេះ​ដែរ កម្ពុជា-ចិន នឹង​បន្ត​ការ​ផ្លាស់​ប្តូរ​ប្រជាជន​ឱ្យ​កាន់​តែ​ជិត​ស្និទ្ធ ដោយ​កម្ពុជា​ជា​គោលដៅ​ពេញនិយម​សម្រាប់​ទេសចរ​ចិន»

លោក ហ៊ុន សែន បាន​ថ្លែង​អំណរ​គុណ​ចិន​ដែល​បាន​ធ្លាប់​បាន​ជួយ​ដល់​កម្ពុជា​កាល​ពី​កន្លង​ទៅ ដូចជា អំណោយ​ពហុ​កីឡដ្ឋាន​មរតក​តេជោ ការ​ផ្ដល់​វ៉ាក់សាំង​កាល​ពី​ពេល​រីករាល​ដាល​នៃ​ជំងឺ​កូវីដ១៩ និង​ជំនួយ​ផ្សេងៗ​ទៀត៕