​ភ្នំពេញៈ​ ក្រសួង​អប់រំ​យុវ​ជន ​និង​កីឡា ​បានបន្ត​រៀប​ចំ​វគ្គ​បណ្ដុះ​បណ្ដាល​ស្ដីពី​គោល​ការណ៍​បែប​បទ​និង​នីតិ​វិធី​នៃ​ការ​អនុវត្ត​មុខ​ងារ​អប់រំ​ដល់​ថ្នាក់​ដឹក​នាំ​និង​មន្ត្រី​ជំនាញ​នៃ​រដ្ឋ​បាល​ក្រុង ​ស្រុក​ខណ្ឌ​​ ក្នុងខេត្ដ​ចំនួន​ ៤ ​ផ្សេង​ទៀត​ ដើម្បី​ជំរុញ​គុណ​ភាព​អប់រំ​ឱ្យ​កាន់​តែ​ប្រសើរ​ បន្ទាប់​ពី​បាន​អនុវត្ដ​ចប់​នៅ​ក្នុង​ខេត្ដ​ ៤ ​កាល​ពី​សប្ដាហ៍​មុន។​


វគ្គ​បណ្ដុះ​បណ្តាល​នេះ​មាន​រយៈ​ពេល​ ៣​ ថ្ងៃ​ ចា​ប់ពីថ្ងៃ​ទី​ ៣០ ​ខែមក​រា ដល់​ថ្ងៃទី​ ១ ខែកុម្ភៈ​ ឆ្នាំ​ ២០២៤ ដោយ​មាន​ការ​ចូល​រួម​ពី​តំណាង​លេខា​ធិការ​ដ្ឋាន​នៃ​គណៈ​កម្មាធិ​ការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិប​តេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញ​វត្ថុ​រដ្ឋបា​លខេ​ត្ត​មន្ត្រី​ជំនាញ​និង​អ្នក​ពាក់​ព័ន្ធ​មកពី​ខេត្ត​ចំនួន​ ៤ ​រួម​មាន​ខេត្ត​បាត់​ដំបង​ ពោធិ៍​សាត់ ​បន្ទាយ​មានជ័​យ​ និង​ខេត្ត​ប៉ៃលិន សរុប​ ១៧០ ​នាក់​។ ​នេះ​បើ​យោង​តាម​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួង​អប់រំ​។​

បើ​តា​មក្រសួង​អប់រំ​ នៅ​ក្នុង​ពិធី​បើក​វគ្គនោះ​ លោក ​សេរី​ ជំនះ​ រដ្ឋ​លេខា​ធិការ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ បាន​លើក​ឡើង​ថា ​វគ្គប​ណ្ដុះ​បណ្ដាល​នេះ​គឺជា​ជំហាន​ថ្មី​មួយ​ទៀត​នៅ​ក្នុង​ការ​អនុវត្ត​កម្មវិធី​កំណែទ​ម្រង់​វិមជ្ឈ​ការ​វិសហ​មជ្ឈ​ការ​កំណែ​ទម្រង់​វិស័យ​អប់រំ​ព្រម​ទាំង​បាន​បង្ហាញ​អំពី​ឆន្ទៈ​ និង​ការ​ប្ដេជ្ញា​ចិត្ត​ដ៏​មុត​មាំ​របស់​រាជរ​ដ្ឋាភិបា​ល​កម្ពុជា​ក្នុងការ​ផ្ដល់​អាទិ​ភាព​ និង​ការ​គាំទ្រ​ដល់​វិស័យ​អប់រំ​ផង​ដែរ​។​


លោក​បញ្ជាក់​ថា ​ការផ្ទេ​រ​មុខងារ​អប់រំ​ទៅ​ថ្នាក់​ក្រោម​ជាតិ​នេះ​ គឺ​ដើម្បី​លើក​កម្ពស់​ប្រសិទ្ធ​ភាព​នៃ​ការ​គ្រប់​គ្រង​និង​បង្កើន​គុណ​ភាព​នៃ​សេវា​អប់រំ​ជូន​ដល់​ប្រជា​ជន​គ្រប់​រូប​។​

ជុំវិញ​រឿង​នេះ ​លោក​ គង់ ​សំនៀង ​ប្រធាន​សហព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា ​បាន​ថ្លែង​ថា​ការ​រៀបចំ​នីតិ​វិធី​តម្រង់ទិ​ស​នានា​ ដើម្បី​អភិ​វឌ្ឍ​មន្ត្រី​ជំនាញ​ពាក់​ព័ន្ធ​ក្នុង​វិស័យ​អប់រំ​នៅ​កម្ពុជា​ជា​រឿង​ល្អ​មួយផ្នែ​ក។


លោក​ថា​​ វិស័យ​អប់រំ​ទាំង​រដ្ឋ​និង​ឯក​ជន​នៅតែ​ត្រូវការ​គ្រូ វិ​ធីសាស្ត្រ​បង្រៀន​និង​ការពង្រឹង​ជំនាញ​បន្ថែម​ ហើយ​លោក​ក៏​រំពឹង​ដែរ​ថា​ តាមរយៈ​ការ​រៀបចំ​​វគ្គ​បណ្តុះបណ្តាល​​នេះ នឹ​ងធ្វើ​ឱ្យ​គ្រូ​នៅ​កម្ពុជា​កាន់តែ​មានគុ​ណ​ភាព​ប្រសើរ​ឡើ​ង​។​

លោកបាន​បញ្ជាក់ថា​​៖ «​ជា​ការ​ពិត​ដើម្បី​ឱ្យ​គុណ​ភាព​បង្រៀន​បានល្អ​ប្រសើរ​ គឺ​ទាម​ទារ​ឱ្យមាន​ការ​កែល​ម្អ​នៅ​វិធីសា​ស្ត្រ​បណ្តុះ​បណ្តា​ល​ល្អៗ​ និង​ថ្មីៗ​ដើម្បី​ដើរ​ទាន់​សម័យ​កាល​​បច្ចុប្បន្ន ​ហើយ​ខ្ញុំ​ស្នើ​ឱ្យ​យក​ចិត្ត​ទុក​ដាក់​លើ​កម្រិត​ជីវ​ភាព​គ្រូ​បង្រៀន​បន្ថែម​ទៀត​ ដើម្បី​ជា​កាតា​លីករ​ជំរុញ​វិស័យ​អប់រំ​របស់​យើង​កាន់តែ​ប្រសើរ​»​។

យ៉ាង​ណាក្ដី​ លោក​បាន​អំពាវ​នាវ​ឱ្យ​ក្រសួង​អប់រំ​រា​ប់បញ្ចូល​គ្រូ​មក​ពី​វិស័យ​ឯក​ជន​និង​សា​លា​រៀន​ឯក​ជន​ ដើម្បី​ឱ្យ​មាន​លទ្ធ​ភាព​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ជំនាញ​ឬ​វិធី​សាស្ត្រ​ថ្មីៗ​ដូច​គ្រូ​មកពី​សាលា​រដ្ឋ​ដែរ​។​

គួរ​រំឭក​ដែរ​ថា វគ្គ​បណ្តុះ​បណ្តាល​នេះ​ក៏​ធ្លាប់​បា​ន​ធ្វើ​អស់​រយៈ​ពេល ​៣ ថ្ងៃ​ផងដែ​រ នៅ​សាល​មហោ​ស្រព​ខេត្ត​ក្រចេះចាប់​ពី​ថ្ងៃ​ទី​ ២៤ ដល់​ថ្ងៃទី ២​៦ ខែម​ករា ឆ្នាំ ២០២៤ ​ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​ពាក់​ព័ន្ធ​មក​ពី​ខេត្ត​ក្រចេះ ស្ទឹង​ត្រែង ​រតន​គិរី ​និង​ខេត្ត​មណ្ឌល​គិរី​ជាង ​១៥០​ នាក់ ។

សូម​ជម្រា​បថា ការ​រៀបចំ​វគ្គ​បណ្តុះ​បណ្តាល​នេះ​ផ្តោត​លើ​ការប្រ​គល់​មុខ​ងារ​គ្រប់​គ្រង​ចំនួន​ ៣ ​រួម​មាន​ការ​អប់រំ​កុមារ​តូច​ការ​អប់រំ​បឋម​សិក្សា ​និង​ការ​អប់រំ​ក្រៅ​ប្រព័ន្ធ​ ព្រមទាំង​ការធ្វើ​ប្រតិ​ភូកម្ម​មុខងារ​គាំទ្រ​ផ្នែក​រដ្ឋបាល​ចំនួន​ ៣ ​ដល់​គ្រឹះ​ស្ថាន​មធ្យម​សិក្សា​ចំណេះ​ទូទៅ​ការងារ​អភិវ​ឌ្ឍ​ន៍យុវ​ជន​ និង​ការងារ​អប់រំ​កាយ​និង​កីឡា​ទៅ​ឱ្យ​រដ្ឋ​បាល​ក្រុង​ស្រុក​ខណ្ឌ​ ដែល​ត្រូវ​ធ្វើ​នៅ​ទូទាំង​ប្រទេស​៕