ភ្នំពេញៈ​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ ​និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ​លោក ​កត្តា អ៊​ន បាន​ឱ្យដឹង​ថា ​ក្នុង​ឆ្នាំ ២០២៣ ​ទីភ្នាក់​ងារ​ជាតិ​មុខ​រប​រ និង​ការ​ងារ (NEA) នៃ​ក្រសួង​ការងារ​ទទួល​បាន​អ្នក​មក​ចុះ​ឈ្មោះ​ស្វែង​រក​ការ​ងារ​ជិត ​៤ ​ម៉ឺន​នាក់​។​


​លោក​បាន​លើក​ឡើង​កាលពី​ថ្ងៃទី​ ៣១ ​ខែមករា​ ឆ្នាំ​២០២៤​ ថា ​ពេញ​ ១​ ឆ្នាំ​ ២០២៣ ​ទីភ្នាក់ងារ​ជាតិ​មុខ​របរ និង​ការ​ងារសម្រេចបា​ន​សមិទ្ធ​ផល​គួរ​ឱ្យកត់​សម្គាល់​លើ​កិច្ចការ​ស្វែង​រក​ឱកាស​ការ​ងារ​ជូន​ពលរដ្ឋ​កម្ពុជា ​ក្នុង​នោះ​ក្រសួង​ទទួល​បាន​អ្នក​មក​ចុះ​ឈ្មោះ​ស្វែងរក​ការងារ​មាន​ចំនួន ៣០ ​៨៩៧​ នាក់​ក្នុង​ឆ្នាំ​ ២០២៣​។ 

​លោក​បាន​បន្ត​ថា ក្នុង​នោះដែ​រ​ទីភ្នាក់ងា​រ​ជាតិ​មុខ​របរ ​និង​ការងារក៏បាន​ផ្គូ​ផ្គង និង​បញ្ជូន​អ្នកស្វែ​ងរក​ការងារ​ទៅឱ្យ​និយោ​ជក​ចំនួន​ ២៩​ ៥៩០​ នាក់ និង​ជួយ​អ្នក​ស្វែងរ​ក​ការ​ងារ​ទទួល​បាន​ការ​ងារ​ធ្វើ​ចំនួន ​៦ ៥៤៧​ នាក់​ ផង​ដែរ​ ក្នុង​ឆ្នាំ​២០២៣​ ។


លោក ​កត្តា អ៊​ន បាន​បញ្ជាក់​ថា៖ «NEA បាន​រៀប​ចំ​កម្មវិធី​ជា​ច្រើន ​ដើម្បី​ផ្តល់​ព័ត៌​មាន​ពី​ឱកាស​ការ​ងារ​ទៅ​ដល់​ពល​រដ្ឋ​ ក្នុង​នោះ មាន​ទាំង​ពិព័​រណ៍​ការងារ​ កម្ម​វិធី​ពិព័រ​ណ៍​ការងារ​ចល័ត ​សិក្ខា​សាលា​ស្តីពី​ការ​ណែ​នាំ​អាជីព​ការ​ងារ​ និង​វិជ្ជា​ជីវៈ​សម្រាប់​សិស្ស​និស្សិត នៅ​គ្រឹះ​ស្ថាន​អប់រំ​បណ្តុះ​បណ្តាល​បច្ចេក​ទេស​ និង​វិជ្ជា​ជីវៈ ​និង​សា​កល​វិទ្យា​ល័យ​ផង​ដែរ​»​។​

​ទាក់​ទង​នឹង​ការ​ងារ​នេះ​ដែរ​ លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ម៉ា​ណែត​ ក៏បាន​លើក​ឡើង​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​កាល​ពី​ថ្ងៃទី​៣០ ​ខែមករា​ ឆ្នាំ​២០២៤​ ថា ​មូល​ធន​មនុស្សគឺជា​អាទិ​ភាព​គន្លឹះ​ ក្នុង​ការ​ជំរុញ​សេដ្ឋ​កិច្ច ឱ្យ​សម្រេច​បាន​គោល​ដៅ​របស់​កម្ពុជា​នៅ​ឆ្នាំ​២០៣០និង​ធ្វើឱ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។ 


​លោក​បាន​បន្ត​ថា ផ្តោត​លើ​ចក្ខុ​វិស័យ​ដ៏​វែង​ឆ្ងាយ​នេះ ​រាជ​រដ្ឋាភិ​បាលនីតិកា​ល​ទី​៦​ដែល​ដឹកនាំ​ដោយ​អតីត​នា​យក​រដ្ឋ​មន្ត្រីលោក ហ៊ុន សែន បាន​ផ្តួច​ផ្តើម​រៀបចំ​ការ​បណ្តុះ​បណ្តាល​កម្លាំង​ពល​កម្ម​ជំនាញ​ដល់​យុវ​ជន​មកពី​គ្រួសារ​ក្រីក្រ ​និង​ងាយ​រង​គ្រោះ​ចំនួន១​លាន​៥​សែន​នាក់​។

​គោល​នយោបា​យ​នេះ​ត្រូវ​បាន​ប្រកាស​ឱ្យ​អនុ​វត្ត​ជា​ផ្លូវការ​ដោយ​លោ​ក ហ៊ុន ​ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នីតិ​កាល​ទី​៧ ​កាល​ពី​ថ្ងៃទី​១៤​ ខែវិច្ឆិកា​ ២០២៣  ដោយ​សារមើល​ឃើញ​ពី​តម្រូវការ​ទីផ្សារ​នា​ពេល​បច្ចុប្បន្ន ក៏​ដូច​ជា​ផ្តល់ឱ​កាស​ដល់​យុវជ​ន​មក​ពី​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ​ក្នុង​ការ​កសាង​មូល​ដ្ឋាន​សេដ្ឋ​កិច្ច​គ្រួសារ​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​ដើម្បី​រួមគ្នា​ជា​មួយ​រដ្ឋាភិ​បា​ល​សម្រេច​ឱ្យ​បាន​ម​ហិ​ច្ឆ​តា​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ក្នុង​ឆ្នាំ​២០៥០ ។​

​លោក​បាន​បញ្ជាក់​ថា ​ផ្អែក​លើ​តម្រូវកា​រ​កម្លាំង​ពល​កម្ម​ជំនាញ​នៅ​ក្នុង​ទីផ្សារ ​ទីភ្នាក់​ងារ​ជាតិ​មុខរ​បរ​ និង​ការ​ងារ​បាន​រៀប​ចំ​ឱកាស​ការងារ​ក្នុង​ស្រុក​ចំនួន ​៣៤ ​៧១៣ ​កន្លែង​ ក្នុង​វិស័យ​សំខាន់ៗ​ចំនួន​ ៣ ​ក្នុង​រាជធានី​-ខេត្ត​ចំនួន ​១០​ សម្រាប់​សា​ធារណ​ជន​ងាយ​ស្រួល​ជ្រើសរើ​ស​ចូល​បម្រើ​ការងារ​តាម​ជំនាញ​ដែល​ខ្លួន​មាន​។​

​វិស័យ​ទាំង​នោះ​មាន​ដូច​ជា ​វិស័យ​ឧស្សាហ​កម្ម ចំ​នួន ១៩ ​៧៧១ ​កន្លែង​,​វិស័យ​កសិ​កម្មចំនួន ​១០ ៨៨៦ ​កន្លែង ​និង​វិស័យ​សេវា​ក​ម្មចំនួន​ ៤ ០៥៦​ កន្លែង ​ដែល​មាន​នៅ​ក្នុង​រាជ​ធានី​ ខេត្ត​ចំនួន ១០ ​ដូចជា ខេត្ត​កំពង់​ស្ពឺ រ​តនគិ​រី រាជធា​នី​ភ្នំពេញ ​កំពង់​ឆ្នាំង​ ក្រចេះ ​ស្វាយ​រៀង ​ពោធិ៍​សាត់ ​កោះកុង ​កណ្តាល ​និង​ខេត្ត​កំពង់​ចាម​។​

​យុវ​ជន​ គោត សា​មាន ជា​និស្សិត​នៃ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ​ផ្នែក ​IT បាន​និយាយ​ថា លោក​ទទួល​បាន​ការងា​រ​នៅ​ក្រុម​អ៊ី​អន ​បន្ទាប់​ពី​បាន​ចូល​រួម​វេទិកាការ​ងារ​ជា​មួយនឹ​ង​ភ្នាក់​ងារ​ជាតិ​មុខរ​បរ និង​ការងារ (NEA) និង​បាន​សម្ភាស​ជាប់​ការ​ងារ​មួយ​នេះ​។​

​លោក​​ប្រាប់​ថា៖ «​និស្សិត ​ដែល​មិនទា​ន់មាន​កា​រងារ​ធ្វើ​អាច​ដាក់​ពាក្យ​ស្វែងរ​ក​ការងារ​បាន​ជា​មួយ​នឹង​ទីភ្នាក់​ងារ​ជាតិ​មុខ​របរ​និង​ការ​ងារ (NEA)បាន​ដោយ​សារ​មាន​សេវា​កម្ម​លឿន និ​ង​មាន​ការ​ងារ​ច្រើន​ សម្រាប់​ដាក់​ជ្រើស​រើស​ផង​ដែរ​»៕