ភ្នំពេញៈ ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ម៉ា​ណែ​ត បាន​សាទរ​ចំពោះ​កិច្ច​សហប្រតិ​បត្តិការ​ល្អ​រវាង​រដ្ឋាភិ​បាល​កម្ពុ​ជា​ និង​សភា​ពាណិជ្ជ​កម្ម​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ​(AmCham Cambodia) ព្រម​ទាំង​បង្ហាញ​ការថ្លែងអំណរ​គុណ​ចំពោះ​ ក្រុម​ហ៊ុន​អាមេរិក​​ដែល​បាន​ជឿ​ទុក​ចិត្ត​ និង​បណ្តាក់​ទុន​វិនិយោគ​នៅ​កម្ពុជា​នា​ពេល​កន្លង​មក​ដែលបាន​ចូល​រួម​ចំណែក​អភិ​វឌ្ឍ​សង្គម​-​សេដ្ឋ​កិច្ច​កម្ពុជា​។​


​ការ​សាទរ​របស់​ប្រមុខ​រដ្ឋាភិ​បាល​នេះ​បាន​ធ្វើ​ឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការ​ងារ​រវាងរូប​​លោក ​និង​លោក​ Devin Barta​ប្រធាន​សភា​ពាណិជ្ជ​កម្ម​អាមេរិក​ប្រចាំ​នៅ​កម្ពុជានៅ​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២៤ នៅ​វិមាន​សន្តិ​ភាព​។ នៅ​ក្នុង​ឱកាស​នោះ​លោក ហ៊ុន ម៉ា​ណែ​ត ក៏បាន​លើក​ទឹក​ចិត្ត​ឱ្យ​ស្ថា​ប័ន​នេះ​បន្ត​ពង្រឹង និ​ង​ពង្រីក​កិច្ច​សហ​ប្រតិ​បត្តិ​ការ​បន្ថែម​ទៀត​ជា​មួយ​ក្រសួង​-​ស្ថា​ប័ន​របស់​កម្ពុជា​។​នេះ​បើតាម​តេ​ឡេ​ក្រាម​របស់​លោក ​ហ៊ុន ម៉ា​ណែ​ត​ ដែល​បាន​បង្ហាញ​ពី​ខ្លឹម​សារ​នៃ​ជំនួប​នោះ​។​

លោក​នាយក​រដ្ឋ​មន្ត្រី​បាន​លើក​ឡើង​ថា​៖«​អរ​គុណ​ចំពោះ​ក្រុម​ហ៊ុន​អាមេរិក​ដែល​តែង​តែ​ជឿ​ជាក់​ និង​បាន​បណ្ដាក់​ទុន​វិនិយោគ​នៅ​កម្ពុជា​ដែល​នេះ​គឺជា​ការ​ចូ​លរួមចំណែក​មួយ​យ៉ាង​សំខាន់​ដល់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋ​កិច្ច​នៅ​កម្ពុជា​»​។
 
​ទន្ទឹម​នឹង​នេះ ​ លោក​ហ៊ុន​ ម៉ាណែត ​បាន​បញ្ជាក់​ប្រាប់​ភាគី​សភាពា​ណិ​ជ្ជ​កម្ម​អា​មេរិក​ប្រចាំ​កម្ពុជា​ថា ​រដ្ឋាភិ​បាល​ប្តេជ្ញា​យក​ចិត្ត​ទុកដា​ក់​ធានា​បរិយា​កាស​វិនិ​យោគ​ល្អ​នៅ​កម្ពុជា​​ជាមួយ​នឹង​ការ​ពង្រឹង​ភាព​ធន់​នូវ​ប្រព័ន្ធ​សេដ្ឋ​កិច្ច​-​ហិរញ្ញ​វត្ថុ ​ការ​ពង្រីក​ការ​ទូទាត់​តាម ​QR-Code កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​ជា​ច្រើន​ ព្រម​ទាំង​ច្បាប់​វិនិយោគ និង​គោល​នយោ​បាយ​លើក​ទឹក​ចិត្ត​ដល់​វិនិ​យោគិ​ន​នានា​ផង​ដែរ​។​


​បន្ថែម​ពីនេះ​លោក​ថា​ រដ្ឋាភិ​បាល​កម្ពុជា​កំពុង​ពិនិត្យ​ឱកាស​នៃ​កា​រវិ​និយោគ​លើ​សួន​ឧស្សាហ​កម្ម​បច្ចេក​វិទ្យា​ជាន់​ខ្ពស់​(High Tech Industrial Park) ខណៈ​រដ្ឋាភិ​បាល​កំពុង​យក​ចិត្ត​ទុកដាក់​លើ​ទិស​ដៅ​អភិ​វឌ្ឍន៍​វិស័យ​ឌីជី​ថល​។​

ជា​មួ​យគ្នានេះ ​លោក Devin Barta បាន​ថ្លែង​អំណរគុណ​ដល់​រដ្ឋាភិ​បាល​កម្ពុជា​ដែល​តែង​បង្ក​ភាព​ងាយ​ស្រួល​ផ្តល់​បរិយា​កាស​វិ​និយោគ​ល្អ​ចំពោះ​ធុរ​កិច្ច​អាមេរិក​នៅ​កម្ពុជា​ ហើយ​កិច្ច​សហ​ប្រតិ​បត្តិ​ការរវាង​ AmCham Cam​bodia និង​រដ្ឋាភិ​បាល​វិញ​ក៏មាន​ភាព​ល្អ​ប្រសើរ​ផង​ដែរ​។

​ប្រភព​​ពី​តេ​ឡេ​ក្រាម​ដដែល​បាន​ឱ្យ​ដឹង​ថា​៖«​លោក​ប្រធាន​សភា​ពាណិជ្ជ​កម្ម​បា​នបង្ហាញ​ពី​ជំហរ​នៃ​កា​របន្ត​ការ​ពង្រឹង ​និង​ពង្រីក​កិច្ច​សហ​ប្រតិ​បត្តិ​ការ​លើ​ការ​ទាក់​ទាញ​វិនិ​យោគ​ផ្ទាល់​ពី​បរទេស​ (FDI)​មក​កម្ពុជា ​ វិស័យ​ធុរកិច្ច អចលន​ទ្រព្យ ​និងការ​គាំទ្រ​ដល់​ស្ត្រីលើ​ផ្នែក​ភាព​ជា​ម្ចាស់​នៃ​សហ​គ្រាស​ធុន​តូច​ កា​របណ្តុះប​ណ្តាល​ និង​អភិវឌ្ឍ​ជំនាញ ​និង​ផ្នែក​ហិរញ្ញ​វត្ថុ​ជា​ដើម​»​។​


ក្រៅ​ពីនេះ​ លោក​បាន​ប្រាប់​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ​ពី​សកម្ម​ភាព​ការ​ងារ​មួយ​ចំនួន​របស់​ AmCham Cambodia តួ​យ៉ាង ​ការ​លើក​កម្ពស់​ទំនាក់​ទំនង​​វិនិ​យោគ និង​ពាណិជ្ជ​កម្ម​រវាង​កម្ពុ​ជា និង​សហ​រដ្ឋ​អាមេ​រិក ​ការ​ជំរុញ​ការ​ផ្សព្វ​ផ្សាយ​អំពី​សក្តានុ​ពល និ​ង​ឱកាស​វិនិ​យោគ​របស់​កម្ពុជា​ដល់​វិនិ​យោគិ​ន​អា​មេរិ​ក និង​ការ​ជួយ​កសាង​សមត្ថ​ភាព និង​ភាព​ជា​អ្នក​ដឹក​នាំ​ស្ត្រី​ជា​សហ​គ្រិន​។​

​ជុំវិញ​រឿង​នេះ ​លោក​ លឹម ​ហេង ​អនុ​ប្រធាន​សភា​ពាណិជ្ជ​កម្ម​កម្ពុជា​ បាន​ថ្លែង​ថា​ តាម​ការ​កត់​សម្គាល់​សភា​ពា​ណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា ​តែង​ធ្វើការ​ជិត​ស្និទ្ធ​ជាមួយ​កម្ពុជា​ក្នុង​ការ​រៀ​បចំ​វេទិកា​ធុរ​កិច្ច​ ជំនួប​វិនិយោ​គិន​នានា ​ខណៈ​សមា​ជិក​របស់​ស្ថាប័​ន​នេះ​ក៏​មាន​ការ​កើន​ឡើង​ផងដែរ​ដែល​ជា​រួម AmCham Cambodia បាន​អនុវត្ត​ការងារ​របស់​ខ្លួន​បាន​យ៉ាង​ល្អ​។ 

ជាក់​ស្តែង​នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​របស់​លោក​ហ៊ុន​ ម៉ា​ណែ​ត ទៅ​កាន់​ទីក្រុង​ញូ​វ​យ៉ក​ សហរ​ដ្ឋអាមេរិកកាល​ពី​ខែ​កញ្ញា​ ឆ្នាំ​២០២៣ ​​ ស្ថា​ប័ន​នេះ​បាន​ជួយ​សម្រប​សម្រួល​ជា​មួយ​សភា​ពាណិជ្ជ​កម្ម​អាមេ​រិក​ដែល​បង្កើត​វេទិ​កា​ធុរ​កិច្ច​អាមេ​រិក​-​កម្ពុជា​ប្រកប​ដោយ​ជោគ​ជ័យ​។​

​លោក​បាន​បញ្ជាក់​ថា​៖«​អ្នកវិ​និយោគ​សុទ្ធ​តែ​សំខាន់​ទាំង​អស់​ មិន​ថា​អ្នកវិ​និយោគ​អាមេ​រិក​នោះ​ទេ ​ប៉ុន្តែ​កន្លង​មក​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អា​មេរិក​មាន​ទំហំ​ធំ ​ខណៈ​មាន​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ GSP MSM ដែល​អំណោយ​ផល​ច្រើន​សម្រាប់​កម្ពុជា ​ក្រុម​ហ៊ុន​ខ្មែរ​យើង ​ក្រុម​ហ៊ុន​បរ​ទេស ​ទាំង​ក្រុម​ហ៊ុន​អាមេរិក ​ក្នុង​ការ​វិនិ​យោគ កែ​ច្នៃនាំ​ចេញ​ទីផ្សារ​ទៅ​អាមេ​រិក​»​។​

​លោក​បន្ថែម​ថា ​AmCham Cambodia​ ដើរ​តួនាទី​សំខាន់​សម្រាប់​សម្រប​សម្រួល​និង​ការ​ទាក់​ទាញ​វិនិយោ​គិន​អា​មេ​រិក​មក​បណ្តាក់​ទុន​នៅ​កម្ពុជាតាម​រយៈ​ការ​ធ្វើ​ទំនាក់​ទំនង​ល្អ​ជាមួយ​ស្ថាន​ទូត​អាមេ​រិក កា​រិយា​ល័យ​ពាណិជ្ជ​កម្ម​អាមេ​រិក ​សភា​ពាណិជ្ជ​កម្ម​អាមេរិក​ ជាដើ​ម ​ដែល​ជាការ​ជួយ​​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិការ​​។​ 

លើស​ពីនេះ ​លោក​ក៏បាន​សាទរ​ផងដែរ​ចំពោះ​ការ​ចាប់​អា​រម្មណ៍​របស់​ប្រមុខ​រដ្ឋាភិ​បាល​ដែល​ចង់​ឱ្យ​ក្រុម​ហ៊ុន​អាមេ​រិក​វិ​និយោគ​លើ​សួន​ឧស្សាហ​កម្ម​បច្ចេក​វិទ្យា​ជាន់​ខ្ពស់​ផ្នែក​ឌីជី​ថលដែល​សហ​រដ្ឋ​អាមេរិក​មាន​សក្តានុ​ពល​ស្រាប់​។​


​គួរ​ជម្រាប​ជូន​ថា សភា​ពាណិជ្ជ​កម្ម​អាមេរិ​ក​នៅ​កម្ពុជា ​(AmCham Cambodia) ជា​អង្គការ​ឯ​ករាជ្យ​មិន​ស្វែង​រក​ប្រាក់​ចំណេញ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​១៩៩៦​ ដោយ​មាន​សមាជិ​ក​ពី​បណ្តា​ក្រុម​ហ៊ុន​អា​មេរិ​កនិង​កម្ពុជាសហ​ការគ្នា​​ក្នុង​គោ​លដៅ​លើកក​ម្ពស់​កាលានុ​វត្តភា​ព​ធុរ​កិច្ច​វិនិយោគនិងពាណិជ្ជ​កម្ម​ក៏ដូច​ជា​ការព​ង្រឹង​ទំនាក់​ទំនង​សេដ្ឋ​កិច្ច​រវាង​កម្ពុជា ​និង​សហ​រដ្ឋ​អាមេ​រិក​​៕