ភ្នំពេញៈលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រាប់គណៈប្រតិភូជប៉ុនថា កម្ពុជាបានត្រៀមខ្លួនជានិច្ចក្នុងការសម្របសម្រួល និងសហការជាមួយនឹងវិនិយោគិនជប៉ុន ក្នុងវត្ថុបំណងប្រែក្លាយកម្ពុជាជាទិសដៅវិនិយោគចម្បង និងជាមជ្ឈមណ្ឌលតំបន់។
លោក ហ៊ុន ម៉ាណែត ថ្លែងដូចនេះ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក Yoshihisa Suzuki ប្រធានគណៈកម្មាធិការកិច្ចសហប្រតិបត្តិការធុរកិច្ចមេគង្គ-ជប៉ុន នៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន នៅវិមានសន្តិភាព។
នៅក្នុងជំនួបនោះ សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុនបង្ហាញពីចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគលើវិស័យវាយនភណ្ឌ ក្នុងទម្រង់ជា OEM លើសម្ភារវាយនភណ្ឌដែលបង្ហាញថា ផលិតផលផលិតនៅកម្ពុជា (Made In Cambodia)។ នេះបើយោងតាមខ្លឹមសារនៃជំនួបដែលបានផ្សាយតាមរយៈតេឡេក្រាមរបស់លោក ហ៊ុន ម៉ាណែត។
រីឯ លោក Yoshihisa Suzuki បានលើកឡើងពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែបានយកចិត្តទុកដាក់ក្នុងការគាំទ្រចំពោះការវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅក្នុងប្រទេសកម្ពុជា។
ជាមួយគ្នានោះលោកក៏បានលើកឡើងគោលបំណងនៃដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជានេះ ក្នុងការស្វែងយល់ពីការអភិវឌ្ឍសេដ្ឋកិច្ច និងកាលានុវត្តភាពសម្រាប់ការវិនិយោគនៅកម្ពុជា ជាពិសេសការពង្រីកការវិនិយោគលើវិស័យវាយនភណ្ឌ ក្នុងទម្រង់ជាOriginal Equipment Manufacturer ឬហៅថា OEM(ផលិតផលដើម)លើសម្ភារវាយនភណ្ឌ ដែលបង្ហាញថា ផលិតផលផលិតនៅកម្ពុជា(Made In Cambodia)។
លោកYoshihisa Suzukiក៏បានថ្លែងប្រាប់លោក ហ៊ុន ម៉ាណែត ពីសកម្មភាពរបស់សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ដែលជាស្ថាប័នសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏ធំនៅក្នុងប្រទេសជប៉ុន ដែលបច្ចុប្បន្នមានការិយាល័យចំនួន៥១៥និងមានសមាជិកសរុបប្រមាណជាង១,២៥លាននាក់ ដែលផ្តោតសំខាន់លើវិស័យវាយនភណ្ឌ គ្រឿងម៉ាស៊ីន និងលោហធាតុ ថាមពល សារធាតុគីមី អាហារ លំនៅឋាន បច្ចេកវិទ្យាព័ត៌មាន និងហិរញ្ញវត្ថុ។
ខ្លឹមសារនៃជំនួបបានបញ្ជាក់ថា៖«លោកប្រធានគណៈកម្មាធិការ បានជម្រាបពីសកម្មភាពវិនិយោគដែលមានស្រាប់នៅកម្ពុជា លើវិស័យវាយនភណ្ឌ ការផ្គត់ផ្គង់ឧស្ម័ននិងលើវិស័យកសិកម្ម ដែលផ្តោតសំខាន់លើដំណាំល្ង»។
គណៈកម្មាធិការកិច្ចសហប្រតិបត្តិការធុរកិច្ចមេគង្គ-ជប៉ុនគឺជាគណៈកម្មាធិការអន្តរជាតិមួយនៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ដែលទទួលបន្ទុកក្នុងការប្រមូលព័ត៌មាន ធ្វើការស្ទង់មតិ និងសិក្សាស្រាវជ្រាវអំពីបរិយាកាសវិនិយោគនិងធុរកិច្ចនៅក្នុងប្រទេសតំបន់មេគង្គ រួមទាំងប្រទេសកម្ពុជាផងដែរ។
ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះលោក Yoshihisa Suzuki និងគណៈប្រតិភូ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពអាជីវកម្មរបស់សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន នៅកម្ពុជានាពេលកន្លងមក។
ទន្ទឹមនឹងនោះដែរលោកក៏ស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុននៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ដែលមានបំណងចង់ពង្រីក សកម្មភាពវិនិយោគរបស់ខ្លួនបន្ថែមទៀត។
លោក ហ៊ុន ម៉ាណែត បានលើកឡើងពីភាពទាក់ទាញនៃច្បាប់ស្តីពីវិនិយោគកម្ពុជា និងគោលនយោបាយលើកទឹកចិត្តសម្រាប់វិនិយោគិន និងធុរជន ដែលធានាបាននូវភាពប្រាកដនិយមចំពោះបរិយាកាសវិនិយោគប្រកបដោយភាពអនុគ្រោះ និងភាពបត់បែន។
លោកបានបង្ហាញក្តីសង្ឃឹមថា ៖ «ដំណើរទស្សនកិច្ចរបស់លោក Yoshihisa Suzuki និងគណៈប្រតិភូនាឱកាសនេះ សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុននឹងកាន់តែបង្កើននូវលទ្ធភាព និងការពង្រីកនូវសក្តានុពលវិនិយោគបន្ថែមទៀត នៅកម្ពុជា ជាមួយនឹងភាពជឿជាក់ និងប្រាកដនិយម»។
លោកបានបន្ថែមថា៖«រាជរដ្ឋាភិបាលត្រៀមខ្លួនជានិច្ចក្នុងការសម្របសម្រួលនិងសហការជាមួយវិនិយោគិនជប៉ុន ក្នុងវត្ថុបំណងប្រែក្លាយកម្ពុជា ជាទិសដៅវិនិយោគចម្បង និងជាមជ្ឈមណ្ឌលតំបន់»។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានបង្ហាញពីទំហំពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុនក្នុងរយៈពេល១២ខែ ឆ្នាំ ២០២៣ មានចំនួនជាង១ ៧៩៩លានដុល្លារអាមេរិក ក្នុងនោះការនាំចេញមានទំហំទឹកប្រាក់ជាង១ ១៧៥លានដុល្លារអាមេរិក និងការនាំចូលពីជប៉ុនមកកម្ពុជា មានទំហំទឹកប្រាក់ជាង ៦២៣លានដុល្លារ។
របាយការណ៍ដដែលបានបន្តថាសម្រាប់ទំហំទឹកប្រាក់រយៈពេល១២ខែ ឆ្នាំ២០២៣ មានការធ្លាក់ចុះ៧,២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២៕