ភ្នំពេញៈ អ​ង្គការ WFP ប្រចាំ​នៅអា​ស៊ី និង​ប៉ាស៊ីហ្វិក នឹងព​ង្រឹង​កិច្ច​សហការ​ជា​មួយក​ម្ពុជា ដើម្បី​គាំ​ទ្រ​​លើ​ការងា​រ​គ្រប់​គ្រង​ហានិភ័យគ្រោះ​​មហន្តរាយទាំងថ្នា​ក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ក្នុង​គោល​បំណង​​រួម​ចំណែក​កាត់​បន្ថយ​ហានិភ័យ​នៃ​​គ្រោះ​​មហន្តរាយ និង​ផ្ដល់​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​​។


ការបង្ហ្រាញជំហរគាំទ្រនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាង​លោក គន់ គីម អនុ​ប្រធាន​ទី​១ នៃ​គណៈក​ម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ ​ជា​មួយ​លោក ចន អាយលីហ្វ (John Ay​lie​f​f​) នាយកក​ម្មវិធី​ស្បៀង​អាហារ​ពិភព​លោកនៃអ​ង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​អាស៊ី និងប៉ា​ស៊ីហ្វិក កាល​ពីថ្ងៃ​​ទី៣​១ ខែ​មករា ឆ្នាំ​២០២៤​។

ក្នុងជំ​នួប​ពិភាក្សា​នេះ ភាគីទាំង២ បានលើកឡើង​ពី​ការ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​ឱ្យ​កាន់​តែរឹ​ងមាំ និង​ស៊ីជ​ម្រៅ​រវាង​​គណៈ​កម្មាធិការជា​តិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ និង​កម្មវិធី​ស្បៀង​អាហារ​ពិភព​លោក នៃ​អង្គការ​សហ​ប្រ​ជាជាតិ ដែលបា​ន​ចាប់​ផ្ដើម​អនុវត្ត​សកម្មភាព​ការងា​រ​នៅក​ម្ពុជា​ចាប់តាំ​ង​ពីឆ្នាំ​១៩៩៥​កន្លង​មក​។ នេះ​បើ​យោង​ហ្វេស​ប៊ុករ​បស់​គណៈក​ម្មាធិការជា​តិគ្រ​ប់​គ្រង​គ្រោះ​មហន្តរាយ​។


ក្នុងជំនួបនោះលោក ​គន់ គីម បាន​បញ្ជាក់​ថា តាមរយៈ​កិច្ច​សហ​ប្រតិបត្តិ​ការ​ជាមួ​យក​ម្មវិធី​ស្បៀង​អាហារ​ពិភព​លោក គឺ​បាន​​គាំ​ទ្រ​ដល់​គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ ទាំងផ្នែ​ក​ធន​ធាន និង​បច្ចេក​ទេស បាន​ធ្វើ​ឱ្យ​​សមត្ថភាព​ក្នុង​ការ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ទាំងនៅ​ថ្នា​ក់ជា​តិ និង​ថ្នាក់​ក្រោម​ជាតិ មានកា​រ​រីក​ចម្រើន​គួរ​ជាទី​​មោទន​ភាព​។

លោក​បន្ត​ថា ជាពិសេស​ការអ​នុវត្ត​សកម្មភាព​ដែល​ស្ថិត​ក្នុង​កិច្ច​ព្រម​ព្រៀងក​ម្រិត​យុទ្ធសាស្ត្រ​រយៈ​ពេល ​៥​ឆ្នាំ ក្នុង​ភាពជា​ដៃ​គូ​លើ​ការ​គ្រប់គ្រ​ង​ហានិភ័យ គ្រោះ​មហន្តរាយ​នៅ​កម្ពុជា​។ 


លោក​បាន​ថ្លែង​ថា​៖ «​ក្នុងនា​ម​រាជ​រដ្ឋាភិបាល​កម្ពុជា បាននិង​កំពុងបំ​ពេញ​ការ​ងារ​បានយ៉ា​ង​ល្អ​ក្នុង​ការ​គ្រប់​គ្រង​ហានិភ័យ​គ្រោះ​មហន្តរាយ​។ ជាពិសេស​ការ​ដឹក​នាំស​ម្រប​សម្រួល និងអ​នុវត្តកិ​ច្ច​សហ​ប្រតិបត្តិ​ការ​ជា​មួយ​ដៃ​គូ​អភិវឌ្ឍន៍ អង្គការ​ដៃ​គូ និងវិ​ស័យ​ឯកជន ដោយយ​ល់​ច្បាស់​ថា ការ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ គឺ​ជាកា​រ​ចូល​រួម​ចំណែក​ពីវិ​ស័យ​ប្រទាក់​ក្រឡាក្នុង​ការ​បំពេញដើ​ម្បី​សុវត្ថិភាព​ប្រជាពលរដ្ឋ​»​។

បើ​​តាម​លោក គន់ គីម ការងារអាទិភាព​របស់ គ​.​ជ​.​គ​.​ម​.រួមមា​នការស​ម្រប​សម្រួល ក្នុង​ចំណោម​ក្រសួង​ស្ថាប័ន ផ្នែក​មនុស្ស​ធម៌ ការ​គ្រប់​គ្រង​ព័ត៌មាន ការ​វិភាគ​ហានិភ័យអា​កាស​ធាតុ និង​ប្រព័ន្ធ​ប្រកាស​ព័ត៌មាន​ឱ្យ​ដឹង​មុន ដើម្បីធា​នា​បាន​ដល់កា​រ​អនុវត្ត​គោលនយោបាយ និងល​ទ្ធផល​នៃ​ការត្រួ​ត​ពិនិត្យប្រ​កប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់​។ 

បើ​យោង​តាម គ​.ជ​​.​គ​.​ម​ ក្នុង​កិច្ច​ជំនួប​នេះ​ដែរ លោក ចន អាយលីហ្វ ក៏បា​ន​ឆ្លើយ​តប​ថា តាម​រយៈ​កិច្ច​សហ​ប្រតិបត្តិ​ការ រវាង​កម្មវិធី​ស្បៀង​អាហារ​ពិភព​លោក និង​គណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រ​ង​គ្រោះ​មហន្តរាយ  គឺ​កន្លង​មកបា​ន​គាំ​ទ្រ​ទៅ​លើ​វិស័យ​ការ​ងារ​របស់​គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ ដើម្បី​ធ្វើ​សកម្មភាព​ទាំង​ថ្នាក់ជា​តិ រហូត​ដល់​ថ្នាក់ក្រោ​ម​ជាតិ​ផង​ដែរ​។

លោក​បាន​ថ្លែង​បញ្ជាក់​ថា៖​ «​ក្នុង​ភាពជា​ដៃ​​គូ​ជា​មួយ​កម្ពុជា ការ​ងារ​អាទិភាព​របស់ក​ម្មវិធី​ស្បៀង​អាហារ​ពិភពលោ​ក នឹង​ត្រូវ​ចាប់​ផ្តើម​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ថ្មី​របស់ក​ម្មវិធី​ស្បៀង​អាហារ​ពិភព​លោក​សម្រាប់​កម្ពុជា ឆ្នាំ២០២៤​-២​០២៨ នា​ពេល​អនាគត​»​។

សូម​រំឭក​​ផ​ង​​ដែរ​ថា ការ​អនុវត្ត​ក្រប​ខ័ណ្ឌ​ការ​ងារ​សេនដាយ សម្រាប់​ការ​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ ឆ្នាំ២០១៥​-២​០៣០ គ​.ជ​​.​គ​.​ម​.មាន​ផែនការស​កម្មភាព​ជាតិ​សម្រាប់​ការ​កាត់​បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ ឆ្នាំ២០២៤​-២​០២៨ និង​កំពុង​ដំណើរ​ការ​កសាង​ដោយ​ស្រប​តាម​ក្រប​ខ័ណ្ឌកា​រ​ងារ​សេន​ដាយ សម្រាប់កា​រ​កាត់​បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ និង​កម្មវិធី​នយោបាយ​របស់រា​ជ​រដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី៧​ នៃ​រដ្ឋសភា ២០២៣​-២​០២៨​​៕