​ភ្នំពេញៈ លោ​ក ស ថេត អគ្គ​ស្នងការ​នគរបាលជាតិបានឱ្យដឹងថា ក្រុមការងារ Hotline Scam ដែលមាន​មន្ត្រី​ជំនាញ​ប្រចាំការ​ ២៤​ ម៉ោង​លើ ​២៤ ​ម៉ោង​ កំពុង​រង់ចាំ​ទទួល​ព័ត៌មាន​ពី​ពលរដ្ឋ​ដែល​ចាញ់បោក​ឧក្រិដ្ឋ​ជន​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដើម្បី​ជួយ​អន្តរាគមន៍​ឱ្យបាន​ទាន់ពេល​ពី​ករណី​ឆបោក​ទាំងនេះ​។​


​លោក​ថ្លែង​បែបនេះ​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​ក្រុមការងារ​ «​ង​» ផ្នែក​សេវា​ធនាគារ និង​ហិរញ្ញវត្ថុ ដើម្បី​ពង្រឹង​សុវត្ថិភាព​ទប់ស្កាត់​បទ​ល្មើស​ហិរញ្ញវត្ថុ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​បទល្មើស​សម្អាត​ប្រាក់​កាលពី​ថ្ងៃទី​ ៣១ ខែមករា ឆ្នាំ​ ២០២៤​។ នេះ​បើ​យោងតាម​ហ្វេ​ស​ប៊ុ​ក​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​។​

​ក្នុង​កិច្ចប្រជុំ​នោះ លោក ស​ ថេត បាន​លើកឡើងថា ក្នុង​យុគសម័យ​ទំនើប​នេះ ពលរដ្ឋ​ជាច្រើន​បាន​ធ្លាក់​ក្នុង​អន្ទាក់​របស់​ក្រុម​ឧក្រិដ្ឋជន​តាម​ប្រព័ន្ធ​បច្ចេក​​វិទ្យា ហើយ​បទល្មើស​ឆបោក​នេះ​ក៏បាន​កើតឡើង​ស្ទើរ​រាល់ថ្ងៃ​នៅតាម​មូលដ្ឋាន​។​


​លោក​បាន​បន្តថា ដូច្នេះហើយ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​បង្កើត​ក្រុមការងារ​ Hotline Scam នេះ​បន្ថែម​លើ​យន្ដការ​ដែលមាន​ស្រាប់​ដើម្បី​ជួយ​អន្តរាគមន៍​និង​ជួយ​សម្រួល​ដល់​ពលរដ្ឋ​ក្នុងការ​ដាក់ពាក្យ​បណ្ដឹង​និង​ផ្ដល់ព័ត៌មាន​តាម​ប្រព័ន្ធ​អន​ឡាញ​។​

​ក្រៅពីនេះ លោក​ក៏បាន​ស្នើសុំ​ការគាំទ្រ​បន្ថែម​ពី​សំណាក់​វិស័យ​ឯកជន ពិសេស​ធនាគារ គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ ដោយ​ត្រូវ​សហការ​ឱ្យបាន​ល្អជា​មួយ​សមត្ថកិច្ច ពិសេស​ក្រុម​ការងារ Hotline Scam ដើម្បី​ជួយ​អន្ដរាគមន៍​បាន​ទាន់ពេល​និង​ដើម្បី​ធានា​ដល់​ប្រសិទ្ធភាព​នៃ​ការបង្ក្រាប​។​


​លោក​បាន​បញ្ជាក់ថា​៖ «​នៅក្នុង​យុគសម័យ​ថ្មី​នេះ ការរង​នូវ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ទោះបីជា​មិនមែន​បទល្មើស​ប្រពៃណី ប៉ុន្ដែ​ឈានទៅដល់​ការ​បោក​ប្រជាពលរដ្ឋ​នៅតាម​មូល​​ដ្ឋា​ន​។​ដូច្នេះ​វិស័យ​ធនាគារ ត្រូវ​សហការគ្នាជាមួយ​ក្រុមការងា​រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដើម្បី​បង្ការ​ទប់ស្កាត់​រាល់​បទ​ល្មើស​ទាំងអស់នេះ​»​។​

​ជាមួយគ្នានេះ លោក ស ថេត ក៏បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ក្នុងករណី​ចាញ់បោក​ឧក្រិដ្ឋជន​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា សូម​ផ្ដល់ព័ត៌មាន​ឱ្យបាន​លឿន​មកកាន់​ក្រុម​ការ​ងារ​ Hotline Scam ​ដែលមាន​មន្ត្រី​ជំនាញ​ប្រចាំការ​ ២៤ ​ម៉ោង​លើ ​២៤​ ម៉ោង ឬ​ចូលទៅ​កាន់​តំណ​ភ្ជាប់​ hotline.police.gov.kh ក៏ដូចជា អាច​ឆាត​ទៅ​ផេ​ក​ហ្វេ​ស​ប៊ុ​ករប​ស់អគ្គ​ស្នង​ការដ្ឋាន​នគរបាលជាតិ​។​

​ជុំវិញ​រឿងនេះ លោក អំ​ សំអាត នាយក​ទទួលបន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​ប្រាប់​នៅ​ថ្ងៃទី​ ១ ខែកុម្ភៈ​ថា បច្ចុប្បន្ន​ទម្រង់​នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ភាគច្រើន​ជនល្មើស​បន្លំ​ជា​រូបភាព​ផ្ដល់​ជា​រង្វាន់ និង​ទ្រព្យ​សម្បត្តិ​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ដែលមាន​ចំណេះដឹង​តិចតួច​ផ្ញើ​លុយ​ទៅឱ្យ​ជនល្មើស​ដើម្បី​ទទួលបាន​រង្វាន់ និង​ទ្រព្យសម្បត្តិ​ទាំងនោះ​។

លោក​បន្តថា បន្ថែម​ពីនេះ​ការ​ឆបោក​ក៏មាន​ទម្រង់​ជា​លក្ខណៈ​ផ្ដល់​កម្ចី​ប្រាក់ ដែលមាន​អត្រា​ការប្រាក់​ទាប មាន​ភាពងាយស្រួល​ក្នុង​ការខ្ចី ប៉ុន្តែ​បន្ទាប់មក​អ្នក​ដែល​បាន​ខ្ចីប្រាក់​ទាំងនោះ នឹង​ក្លាយទៅជា​ជន​​រងគ្រោះ ដោយសារ​ត្រូវបាន​ជនល្មើស​បង្ខំ​ឱ្យ​ថតរូប​អាក្រាតកាយ​ដើម្បី​ផ្ញើ​ជាការ​ដោះដូរ​ជាមួយ​ការបង់​កម្ចី​ជាដើម​។​

​លោក​បាន​ឱ្យដឹងទៀតថា ចំពោះ​ការ​ឆបោក​នេះដែរ គឺ​ច្រើនតែ​កើតឡើង​នៅតាម​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ ហេតុនេះ​នៅពេល​មាន​ក្រុមការងារ Hotline​ សម្រាប់​ជួយ​អន្តរាគមន៍​បន្ថែម​ជួយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​គឺជា​រឿង​មួយ​ល្អ ខណៈដែល​កន្លងមក​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​មានការ​លំបាក​ក្នុងការ​ស្វែងរក​សេវា​អន្តរាគមន៍​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ទន្ទឹម​នឹងមាន​ក្រុមការងារ​នេះ​កំពុងដំណើរការ ប៉ុន្តែ​យើង​ក៏មាន​ក្ដី​បារម្ភ​ខ្លះ​ដែរ​លើ​សុវត្ថិភាព និង​សន្តិសុខ​របស់​ប្រជាពលរដ្ឋ​នៅពេល​បានដាក់​ពាក្យ​តាមរយៈ​អន​ឡាញ ហើយ​អាជ្ញាធរ​ដែល​ទទួល​បណ្ដឹង​តាម​អន​ឡាញ​នេះ ក៏ត្រូវ​មាន​ចំណាត់ការ​បង្ក្រាប​លើ​ការ​ឆបោក​តាម​អន​ឡាញ ជាពិសេស​គឺ​ការពារ​សុវត្ថិភាព​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​»​។​

​យ៉ាងណាក្ដី លោក អំ សំអាត ទទួលស្គាល់ថា ការចាប់​ជន​ល្មើស​ដែល​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ទៅ​ប្រព្រឹត្ត​បទល្មើស​ឆបោក​ផ្សេងៗ​គឺមាន​ភាព​លំ​បាក​ខ្លះ​សម្រាប់​អាជ្ញាធរ ប៉ុន្តែ​លោក​ជឿថា តាមរយៈ​សមត្ថ​ភាព​របស់​អាជ្ញាធរ​ប​ច្ចុ​ប្បន្ន ប្រាកដជា​ស្រាវជ្រាវ​រកឃើញ​ក្រុម​ជន​​ល្មើស​ទាំងនោះ​។​

​លោក​ថា​៖ «​ដូច្នេះ​បញ្ហា​ទាំង​អស់នេះ​គឺ​វា​អាស្រ័យទៅលើ​ឆន្ទៈ​និង​ការតាំង​ចិត្ត​ស្វែងរក​របស់​អាជ្ញាធរ ដើម្បី​កុំឱ្យ​មាន​ពលរដ្ឋ​យើង​រងគ្រោះ​បន្តទៀត​លើ​ការ​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ​នេះ​»៕