ភ្នំពេញៈ អង្គការសហប្រជាជាតិ (UN) បានអនុម័តឯកសារ UNDP ឆ្នាំ ២០២៤-២០២៨ សម្រាប់អនុវត្តនៅកម្ពុជា ដែលឯកសារទាំងនេះ គឺឆ្លើយតបទៅនឹងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងការកសាងធនធានមនុស្សសុខុមាលភាព និងដំណោះស្រាយពាក់ព័ន្ធនឹងអាកាសធាតុ ស្របទៅតាមការស្នើរបស់កម្ពុជា។
យោងហ្វេសប៊ុករបស់ UNDP បានឱ្យដឹងកាលពីថ្ងៃទី ៣១ ខែមករាឆ្នាំ ២០២៤ ថា៖ «ឯកសារកម្មវិធីប្រចាំប្រទេសរបស់ UNDP ២០២៤-២០២៨ ត្រូវបានអនុម័តនៅថ្ងៃនេះ (៣១ មករា) ដោយក្រុមប្រឹក្សាប្រតិបត្តិរបស់ UNDP នៅទីក្រុងញូវយ៉ក។ អាទិភាពរបស់យើងក្នុងរយៈពេល ៥ ឆ្នាំទៅមុខ រួមមាន កំណើនប្រកបដោយបរិយាបន្ន ការអភិវឌ្ឍធនធានមនុស្ស សកម្មភាពអាកាសធាតុ និងស្ថាប័នរឹងមាំ»។
ជាមួយនឹងដំណឹងនេះ UNDP ប្រចាំកម្ពុជាបានលើកឡើងតាមរយៈហ្វេសប៊ុករបស់ខ្លួនថា៖ «យើងនឹងបន្តធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរៀបចំប្រទេសសម្រាប់ការត្រៀមខ្លួនងើបចេញ (ចាកចេញ) ពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ពន្លឿនគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងអនុវត្តរបៀបវារៈសកម្មភាពអាកាសធាតុជាតិ»។
កម្ពុជាតាមរយៈលោក ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី ២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក) និងជាតំណាងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូ ទៅចូលរួមកិច្ចប្រជុំ (First Regular Session 2024 of the Executive Board of UNDP) នាថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៤ នៅទីស្តីការអង្គការសហប្រជាជាតិនាទីក្រុងញូវយ៉កសហរដ្ឋអាមេរិក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
សេចក្តីប្រកាសនេះបានឱ្យដឹងថា គោលដៅចម្បងនៃកិច្ចប្រជុំគឺដើម្បីពិចារណាអនុម័តឯកសារកម្មវិធីប្រចាំប្រទេសរបស់ UNDP ឆ្នាំ ២០២៤-២០២៨ (UNDP Country Programme Document CPD 2024-2028) សម្រាប់អនុវត្តនៅកម្ពុជា។ កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំដែលជាគណៈប្រតិភូជាន់ខ្ពស់នៃបណ្តាប្រទេសជាសមាជិកប្រទេសសង្កេតការណ៍ និងគណៈកម្មាធិការប្រតិបត្តិ។ តាំងនាមឱ្យរាជរដ្ឋាភិបាលលោកឈៀង យ៉ាណារ៉ាបានចូលរួមថ្លែងការណ៍គាំទ្រជាផ្លូវការលើឯកសារកម្មវិធីប្រចាំប្រទេសរបស់ UNDP ឆ្នាំ ២០២៤-២០២៨ ដោយបានបង្ហាញអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ រវាងរដ្ឋាភិបាលកម្ពុជា និង UNDP។
លោកបានមានប្រសាសន៍ថា៖ «ឯកសារកម្មវិធីប្រចាំប្រទេសខាងលើនេះត្រូវបានរៀបចំឡើងដោយបានតម្រឹមគោលដៅអាទិភាពនៃឯកសារកម្មវិធី ជាមួយនឹងគោលនយោបាយអភិវឌ្ឍន៍តាមវិស័យរបស់កម្ពុជា និងវិស័យអាទិភាពនៃក្របខ័ណ្ឌសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្នាំ ២០២៤-២០២៨»។
លើមូលដ្ឋាននេះ តំណាងកម្ពុជា បានគូសបញ្ជាក់ថា គោលដៅអាទិភាព ទាំងនេះនឹងឆ្លើយតបទៅនឹងវិស័យអាទិភាពកម្ពុជា ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីរួមចំណែកដល់ការអនុវត្តគោលដៅអភិវឌ្ឍន៍កម្ពុជា។
គោលដៅអាទិភាពទាំងនោះរួមមាន៖ ១ ការពន្លឿនកំណើនប្រកបដោយបរិយាបន្នពិពិធកម្មសេដ្ឋកិច្ច និងការអភិវឌ្ឍធនធានមនុស្ស។ ២ សកម្មភាព និងដំណោះស្រាយ ពាក់ព័ន្ធនឹងអាកាសធាតុសម្រាប់កំណើន និងសុខុមាលភាព និង ៣ ការអភិវឌ្ឍសង្គមដោយផ្តោតលើការពង្រឹង សា្ថប័ន លម្ហសង្គម និងការចូលរួម និងបរិវត្តកម្មឌីជីថល។
ទន្ទឹមនឹងនេះ លោក ឈៀង យ៉ាណារ៉ា បានស្នើសុំគណៈកម្មាធិការប្រតិបត្តិឱ្យពិចារណាអនុម័តឯកសារកម្មវិធីប្រចាំប្រទេសរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ឆ្នាំ ២០២៤-២០២៨សម្រាប់អនុវត្តនៅកម្ពុជា។ លោកក៏បានថ្លែងអំណរគុណចំពោះ UNDP ដែលបានផ្តល់កិច្ចសហការដ៏ជិតស្និទ្ធ និងចូលរួមយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា។
គួរជម្រាបថា UNDP ប្រចាំកម្ពុជា គឺជាទីភ្នាក់ងារបណ្តាញអភិវឌ្ឍន៍សកលលោក របស់អង្គការសហប្រជាជាតិមានគោលបំណងជួយប្រជាជនកម្ពុជា ស្វែងរកដំណោះស្រាយបញ្ហានៃការអភិវឌ្ឍនានាដោយខ្លួនគេផ្ទាល់។
អង្គការនេះ ផ្តោតការយកចិត្តទុកដាក់ជាសំខាន់លើការសម្រេចបានជាទូទៅនៃគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជា គាំទ្រកម្មវិធីជាតិផ្សេងៗ ដែលមានគោលបំណងកាត់បន្ថយភាពក្រីក្រ លើកស្ទួយអភិបាលកិច្ចបែបប្រជាធិបតេយ្យ ធានានិរន្តរភាពបរិស្ថាន គាំទ្រការសម្អាតមីន ជំរុញសមភាពយេនឌ័រ និងប្រយុទ្ធប្រឆាំងមេរោគអេដស៍និងជំងឺអេដស៍ជាដើម៕