​ភ្នំពេញៈ គ្រោះថ្នាក់​ចរាចរណ៍​បាន​ផ្ដាច់ជីវិត​មនុស្ស​យ៉ាងហោចណាស់​ ៣៣​ នាក់ ត្រឹមតែ​រយៈ​ពេល ​១ ​សប្ដាហ៍ គិត​ចាប់ពី​ថ្ងៃទី ​២២ ដល់​ថ្ងៃទី​ ២៨ ខែមករា ឆ្នាំ ​២០២៤ ខណៈ​ស្នងការ​នគរ​​បាល​រាជធានី​ភ្នំពេញ​បាន​ក្រើន​​រំឭក​ដល់​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់​ត្រូវគោរព​ច្បាប់​ចរាចរណ៍​។​


​អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ លោក ទូច សុ​ខៈ បានឱ្យដឹងថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ពេញ​ ១ ​សប្ដាហ៍ ​ដែល​បាន​បណ្តាល​ឱ្យស្លាប់ ​៣៣​ នាក់​នោះ​មាន​ជន​រង​​គ្រោះ​ ៦៨​ នាក់​បាន​រួច​ផុតពី​មច្ចុរាជ ប៉ុន្តែ​ពួកគេ​បាន​រង​បួស​ធ្ងន់ និង​ស្រាល ដែល​មកដល់ពេលនេះ មាន​ខ្លះ​កំពុង​ទទួល​ការសង្គ្រោះ​នៅ​មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន​នៅឡើយ ហើយ​ខ្លះ​កំពុង​សម្រាក​ព្យាបាល​តាម​ផ្ទះ​។ បញ្ហា​ចរាច​រណ៍ ជា​របៀបវារៈ​ការងារ​អាទិភាព​មួយ​ក្នុងចំណោម​ទិសដៅ​អាទិ​​ភាព​ទាំង​ ៦ ​របស់​ក្រសួងមហាផ្ទៃ​។​

​លោក ទូច សុ​ខៈ បាន​លើក​​ឡើង​ថា លោ​ក ស សុខា ឧ​ប​នា​យក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហា​ផ្ទៃ​បានដាក់​បទបញ្ជា​ឱ្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​អនុវត្ត​ច្បាប់​ឱ្យបាន​តឹង​រុឺ​ង​ចំពោះ​អ្នកបើក​​បរ​បង្ក ពិសេស​អ្នកបើក​ក្នុង​ស្ថាន​ភាពស្រវឹង​, ​ពង្រឹង​ការដាក់​គោល​ដៅ​ត្រួតពិនិត្យ​លើ​អ្នក​ល្មើសច្បាប់​ចរាចរណ៍​ទូទាំងប្រទេស និង ជាពិសេស ការត្រួតពិនិត្យ​ជាតិ​អាល់កុល​នៅពេល​យប់​ជាដើម​។​


​ជាមួយគ្នានេះ ស្នងការ​នគរ​បាល​រាជធានី​ភ្នំពេញ​លោក ជួន ណា​រិន្ទ បាន​បន្ត​ក្រើនរំឭក និង​អំពាវនាវ​ទៅដល់​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់​ឱ្យ​គោរព​ច្បាប់​ច​រា​ចរណ៍ ដើម្បី​ថែរក្សា​អាយុជីវិត​ខ្លួនឯង ខណៈ​លោក​នឹងមាន​វិធាន​ការដាក់​កម្លាំង​នគរបាល​ចល័ត​ដើម្បី​រឹតបន្តឹង​ច្បាប់​ចរាច​​រណ៍​។ នេះ​បើតាម​បទសម្ភាសន៍​លោក​ ជួន ណា​រិន្ទ ជាមួយ​ទូរ​ទស្សន៍ BTV នា​ថ្ងៃទី​ ​១ កុម្ភៈ ឆ្នាំ ២០២៤​។​

​លោក​បាន​ថ្លែងថា៖ «​ការបន្ថយ​ពេលវេលា​និង​កាត់​បន្ថយ​គោលដៅ​ត្រួតពិនិត្យ​លុះ​ត្រាតែ​ប្រជាពលរដ្ឋ​គោរព​ច្បាប់​។ កុំ​គោរព កុំ​ខ្លាច​ការចុះទៅ​អនុវត្ត​នេះ អ៊ីចឹង​ខ្ញុំ​ចង់ឱ្យ​អនុវត្ត​បញ្ច្រាស​គ្នា​មកវិញ ដោយ​ទី​១ ​ពួកគាត់​ត្រូវ​បើកបរ​ដោយ​ការទទួល​ខុស​​ត្រូវ ទី​២ ពួក​ខ្ញុំ​សប្បាយចិត្ត​ក្នុង​ការដក​កម្លាំង​បន្ថយ ដោយ​មិន​ចង់​រំខាន​ពួកគាត់​ទេ មិន​ចង់​ចាប់បង្ខំ​ឱ្យ​ពួកគាត់​គោរព​ច្បាប់ ឬ​ខ្លាច​ប៉ូលិស ឬមួយ​សមត្ថកិច្ច​ទេ​»​។​


​លោក​បញ្ជាក់ថា​៖ «​ការងារ​នេះ គឺ​ខ្ញុំ​មាន​ចំណុច​មួយទៀត ប្រសិនបើ​ចំណុច​នេះ​យើង​ធ្វើ​មិន​ទទួលបាន​ជោគជ័យ​ទេ ខ្ញុំ​នឹង​ប្រើ​ក្រុមចល័ត​ក្នុងការ​អនុវត្ត​នេះ ដោយ​យើងខ្ញុំ​ត្រៀមលក្ខណៈ​រួចហើយ ហើយ​យើង​ដឹងថា ប្រភព​ហ្នឹង​ចេញ​មកពីណា​ហើយ​សម្បូរ​អ្នក​បើកបរ​ទាំង​ម៉ូតូ ទាំង​អ្នកបើកបរ​រថយន្ត​ទាំង​ស្រវឹង​នេះ គឺ​ខ្ញុំ​ស្កាត់​ចល័ត​តែម្តង​។​

​នេះ​គឺជា​គោល​ដៅ​ទី​៣​ របស់ខ្ញុំ ខ្ញុំ​ធ្វើ​រួចហើយ​ផែនការ​នេះ​»​។ លោក​សង្ឃឹមថា ប្រជាពលរដ្ឋ និង​មហាជន​នឹងចូលរួម​គាំទ្រ​ជាមួយ​ប្រមុខ​រដ្ឋា​ភិ​បាល​ដែល​តែងតែ​យកចិត្ត​ទុក​ដាក់​ជាខ្លាំង​លើ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ព្រោះថា គ្រាប់មីន គ្រាប់កាំភ្លើង​មិន​ងាយ​ស្លាប់​ទេ តែ​អត្រា​អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​មាន​ចំនួន​ច្រើន​។ 

​លោក​ថា៖ «​ការគោរព​ច្បាប់​ចរាចរណ៍ គឺជា​ការគោរព​ខ្លួនឯង​ថែរក្សា​អាយុជីវិត​ខ្លួនឯង ថែរក្សា​សម្ភារ មធ្យោបាយ​ដោយ​ខ្លួនឯង​។ យើងខ្ញុំ​គ្មាន​ចេតនា ឬ​មានបំណង​អី​ដែល​ត្រូវយក​ពេល​​វេលា និង​កម្លាំងកាយ​កម្លាំង​ចិត្ត​ចុះ​រំខាន​បងប្អូន​ប្រជាពលរដ្ឋ​ទេ តែដោយសារ​ពួកគាត់​មិនទាន់​យល់​ពី​ហានិភ័យ​ដែល​កើតឡើង​ពី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​»​។

​លោក ​គឹម បញ្ញា នាយក​អង្គ​ការ​មូលនិធិ​បង្ការ​របួស​អាស៊ី ​(AIP)​ ថ្លែងថា ការពង្រឹង​លើ​ការបើក​បរមាន​សារជាតិ​ស្រវឹង​ គឺជា​រឿង​ដែល​ល្អ​និង​ត្រូវតែ​ធ្វើ ហើយ​ជាមួយគ្នានេះ រាជរដ្ឋាភិបាល​ក៏ត្រូវ​តែ​ពង្រឹង និង​អប់រំ​ផ្សព្វផ្សាយ​បន្ថែមទៀត​ទៅលើ​ការប្រើប្រាស់​មួកសុវត្ថិភាព​។

លោក​ថា​៖ «​យើង​សុំ​ជំរុញ​ឱ្យធ្វើ​ការពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​យ៉ាងហោចណាស់​ឱ្យបាន ​៣ ​ខែ​ដំបូង ហើយ​បន្ទាប់​គឺ​ត្រូវ​រឹតបន្តឹង​ការអនុវត្ត​ដោយ​គ្មាន​ការលើកលែង​»​។​

​បើតាម​របាយការណ៍​ក្រសួងមហាផ្ទៃ ពេញ​ ១ ​ឆ្នាំ​ ២០២៣ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើង​ ៤ ៥១៥ ​ករណី កើនឡើង​ជាង​ឆ្នាំ ​២០២២ ដែលមាន​ត្រឹម ៤ ០២៦ ​ករណី​។ ចំណែក​អត្រា​អ្នកស្លាប់​វិញ មាន​ចំនួន​ ១ ៥៩០​ នាក់ ថយចុះ​ ៧ ​ភាគរយ ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២២​។ ដោយសារតែ​ដូច្នេះ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បានចាត់ទុក​ឆ្នាំ​ ២០២៤​ នេះថា ​ជា​ឆ្នាំ​គ្រោះថ្នាក់​ចរាចរណ៍​ឈានចូល​បន្ទាត់​ក្រហម ដែល​គ្រប់ភាគី ត្រូវ​រួមគ្នា​ដោះស្រាយ​៕