យោងតាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ បាន​បង្ហាញថា គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​ ​៩ ខែកុម្ភៈ ដែលជា​ថ្ងៃ​សែន​ចូលឆ្នាំ​ចិន បាន​កើតឡើង​ចំនួន ១១​ លើក បណ្ដាលឱ្យ​មនុស្ស​ស្លាប់ ៦​ នាក់ និង​របួសធ្ងន់​ស្រាល ១១​នាក់ ដែល​ចំនួន​ស្លាប់​នេះ​មានការ​កើនឡើង​ប្រៀបធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ខណៈ​ស្ថាប័ន​ជំនាញ និង​សង្គម​ស៊ីវិល អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​បើកបរ​ដោយ​ប្រុងប្រយ័ត្ន​ខ្ពស់​អំឡុងពេល​ពិធីបុណ្យ​ម្តងៗ​។


របាយការណ៍​ដដែល​បានបញ្ជាក់​ទៀតថា មូលហេតុ ដែល​បណ្ដាលឱ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​ថ្ងៃ​សែន​ចូលឆ្នាំ​ចិន​-​វៀតណាម ក៏​មិន​ខុស​ដូច​សព្វដង​ដែរ ពោល បើកបរ​ក្នុង​ល្បឿន​លឿន មិន​គោរព​សិទ្ធិ និង​មិន​ប្រកាន់​ស្ដាំ ជាដើម​។

ជាមួយគ្នា​នោះ ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ចៀស​ផុតពី​ការស្លាប់ របួស និង​ការខូចខាត​ទ្រព្យសម្បត្តិ​រដ្ឋ និង​ឯកជន គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក កាលពី​ថ្ងៃទី ​៨ ខែកុម្ភៈ ឆ្នាំ​ ២០២៤ បានចេញ​ផ្សាយ​នូវ​សេចក្តីអំពាវនាវ ស្តីពី​ការបង្ការ ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ចិន នៅ​ថ្ងៃទី ​៩ ដល់​ថ្ងៃទី​ ១២ ខែកុម្ភៈ ឆ្នាំ​ ២០២៤ នេះ​។


គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បានលើកឡើង​ពី​វិធី​សុវត្ថិភាព ៩​ ចំណុច​នោះ រួមមាន ១-​មិនត្រូវ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង ឬ​គ្រឿងញៀន​ជាដាច់ខាត​, ២-​ត្រូវ​ពាក់មួក​សុវត្ថិភាព​ជានិច្ច ក្នុងពេល​ធ្វើដំណើរ​តាម​ទោចក្រយានយន្ត ទោះ​ជិត ឬ​ឆ្ងាយ​គ្រប់ពេលវេលា​, ៣-​មិនត្រូវ​បើកបរ​លើស​ល្បឿន​កំណត់​ជាដាច់ខាត​, ៤-​ត្រូវគោរព​សិទ្ធិ​អាទិភាព គោរព​សញ្ញា​ចរាចរណ៍ និង​ប្រកាន់​ស្តាំ​ជានិច្ច​, ៥-​មិនត្រូវ​បត់ ឬ​វ៉ា​ជែង​ក្នុង​ភាព​ប្រថុយប្រថាន​, ៦-​មិនត្រូវ​បើកបរ​ក្នុងស្ថានភាព​ងងុយដេក​ជាដាច់ខាត​, ៧-​កុំ​ប្រើ​ទូរស័ព្ទ​ក្នុងពេល​បើកបរ ដោយ​គ្មាន​ឧបករណ៍​ភ្ជាប់​សំឡេង​ទំនាក់ទំនង​, ៨- ត្រូវ​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត មុននឹង​ចេញដំណើរ និង​៩-​ត្រូវ​បើកបរ​ក្នុង​ស្មារតី​ប្រុងប្រយ័ត្ន​ជានិច្ច ប្រកបដោយ​សីលធម៌​យោគយល់​អធ្យាស្រ័យ​។

លោក គឹម បញ្ញា នាយក​អង្គការ​បង្ការ​របួស​អា​ស៊ី បាន​លើកឡើងថា នៅ​អំឡុងពេល​បុណ្យ​ម្តងៗ មិន​ថា ចូលឆ្នាំ​ចិន​នេះ បុណ្យចូលឆ្នាំ​ខ្មែរ ឬ​បុណ្យ​ភ្ជុំបិណ្ឌ ជាដើម មាន​ទាំង​អ្នកធ្វើដំណើរ​ដើរ​កម្សាន្ត និង​មាន​អ្នក​ជួបជុំ​បរិភោគ​ស្រា ដែល​គេ​សង្កេតឃើញថា គ្រោះថ្នាក់​ចរាចរណ៍ តែង​តែងមាន​កំណើន​នៅ​អំឡុង​ពេលនេះ​។


លោក​បានបញ្ជាក់​ដូច្នេះ​ថា​៖ «​សម្រាប់​ប្រជាពលរដ្ឋ យើង​តែងតែ​អប់រំ​ដល់​គាត់​ជានិច្ចកាល តែ​គាត់​តែងតែ​ភ្លេចខ្លួន​នៅ​អំឡុង​ពេលនេះ​។ ដូច្នេះ ក្រៅពី​អំពាវនាវ​ឱ្យ​ពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ហើយ យើង​ក៏​អំពាវនាវ​ឱ្យ​សមត្ថកិច្ច​នគរ​បាលច​រាច​រណ៍ បន្ត​រឹតបន្តឹង​បន្ថែម​ផងដែរ នៅ​អំឡុងពេល​បុណ្យទាន​នេះ ទើប​អាច​កាត់បន្ថយ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​ខ្លះ​»​។

យោងតាម​ទិន្នន័យ ពី​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ កាលពី​ឆ្នាំ​២០២៣ មាន​មនុស្ស ១៨ នាក់​បាន​ស្លាប់ និង ៦៥ នាក់​ទៀត​បាន​រងរបួស​ធ្ងន់ និង​ស្រាល ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​ក្នុង​រយៈពេល ៣ ថ្ងៃ នៃ​ពិធីបុណ្យ​ចូល​ឆ្មាំ​ចិន​-​វៀតណាម​។ ក្នុងនោះ នៅ​ថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៣ ដែលជា​ថ្ងៃទី​ ១ នៃ​ពិធី​សែន​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ចិន​-​វៀតណាម មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន ៥ លើក បណ្តាលឱ្យមាន​ជនរងគ្រោះ ៣ នាក់​ស្លាប់ និង ១៤ នាក់​ទៀត​រងរបួស​។ ថ្ងៃទី​ ២ នៃ​ពិធីបុណ្យ​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង ២០ លើក​បង្ក​ឱ្យ​មនុស្ស ៥ នាក់​ស្លាប់ និង ៣៣ នាក់​ទៀត​រងរបួស និង​នៅ​ថ្ងៃទី​៣ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន ១៥ លើក បណ្តាលឱ្យមាន​ជនរងគ្រោះ ១០ នាក់​ស្លាប់ និង ១៨ នាក់​ទៀត​រងរបួស ធ្ងន់​និង​ស្រាល​៕