ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ បានចាប់ផ្តើម​ប្រគល់​លិខិតឆ្លងដែន​ជូន​ពលករ​ខ្មែរ​នៅ​កូរ៉េ ចាប់ពី​ខែកុម្ភៈ ឆ្នាំ  ២០២៤ ​នេះ​តទៅ បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បានអនុញ្ញាត​ឱ្យ​ប្រតិបត្តិការ​ធ្វើលិខិត​ឆ្លងដែន ​(Passport) ឬ​ពន្យារ​លិខិត និង​ការធ្វើ​លិខិត​ថ្កោលទោស​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ពី​ប្រទេស​កូរ៉េខាងត្បូង​ផ្ទាល់​ ដោយ​មិនចាំបាច់​ធ្វើដំណើរ​មក​កម្ពុជា​ដូច​មុន​ទៀត​នោះទេ​។


តាមរយៈ​វីដេអូ​ឃ្លី​ប​សម្ភាស​ជាមួយ​ពលករ​ខ្មែរ​នៅ​កូរ៉េ ដែល​មក​ទទួល​លិខិតឆ្លងដែន ត្រូវបាន​ផ្សព្វផ្សាយ​នៅលើ​ហ្វេ​ស​ប៊ុ​កលោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត កាលពី​ថ្ងៃទី​ ៩ ខែកុម្ភៈ ឆ្នាំ ២០២៤, ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​សាធារណរដ្ឋ​កូរ៉េ​លោកស្រី ជ្រឹង បទុម​រង្សី បាន​ថ្លែងថា នេះ​ជា​លើក​ទី​១​ ហើយ​ដែល​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​កូរ៉េ បានប្រគល់​លិខិតឆ្លងដែន​ជូន​ដល់​ពលរដ្ឋ​ខ្មែរ​។

នៅក្នុង​វីដេអូ​ឃ្លី​ប​នេះ ពលករ​ជាច្រើន​នាក់​ដែល​បានមក​ទទួល​លិខិតឆ្លងដែន បានបង្ហាញ​ក្តីសប្បាយ​រីករាយ និង​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​គិតគូរ និង​យកចិត្តទុកដាក់​ដល់​ពួកគាត់​ដែល​កំពុង​បម្រើ​ការងារ​នៅ​សាធារណរដ្ឋ​កូរ៉េ​។


ពលករ​មួយរូប​បាន​ថ្លែងថា៖ «​ខ្ញុំ​សប្បាយចិត្ត​ដែល​បានធ្វើ​លិខិតឆ្លងដែន​ថ្មី​នៅទីនេះ​ដោយផ្ទាល់ តាមពិត​ខ្ញុំ​មាន​គម្រោង​ទៅ​ខ្មែរ​ធ្វើលិខិត​ឆ្លងដែន​ថ្មី​។ ប៉ុន្តែ​ថ្មីៗ​នេះ ខ្ញុំ​ទទួលដំណឹង​ថា​អាចធ្វើ​នៅ​កូរ៉េ​បាន ខ្ញុំ​ក៏​មក​ធ្វើ​ហើយ​វា​ពិត​ជាមាន​ភាពងាយស្រួល មិនសូវ​ចំណាយពេល​ច្រើន និង​ថវិកា​ទៅវិញទៅមក​»​។

ចំណែក​ពលរដ្ឋ​ខ្មែរ​ម្នាក់ទៀត បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​ដែល​បាន​បង្កលក្ខណៈ​ងាយស្រួល​ដល់​ពលរដ្ឋ​កម្ពុជា​ដែល​ធ្វើការ​នៅ​កូរ៉េ​។


លោក​ថ្លែងថា​៖ «​ខ្ញុំ​មក​ស្នើ​ធ្វើលិខិត​ឆ្លងដែន កាលពី​ថ្ងៃទី​ ១០ ខែមករា ហើយ​ថ្ងៃទី​ ៩ ខែកុម្ភៈ ខ្ញុំ​បានទទួល​លិខិតឆ្លងដែន ពិតជា​លឿន​ណាស់​។ ហើយ​ការចំណាយ​តិច ព្រោះ​ខ្ញុំ​ឆ្លៀតពេល​ពី​ឈប់សម្រាក​ការងារ ហើយ​ជិះ​រថភ្លើង​អស់​តែ​ប៉ុន្មាន​ពាន់​វ៉ុ​ន​(​លុយ​កូរ៉េ​) និង​ចំណាយពេល​ខ្លី​»​។

ពាក់ព័ន្ធ​នឹង​ការដាក់ឱ្យ​ប្រតិបត្តិការ​នេះដែរ លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា បាន​គាំទ្រ​ចំពោះ​គោលនយោបាយ​ថ្មី​របស់​រាជរដ្ឋាភិបាល និង​ចាត់ទុកថា​គោលនយោបាយ​នេះ នឹង​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​ពលករ​ខ្មែរ និង​ពលរដ្ឋ ដែល​កំពុង​រស់នៅ​ប្រទេស​កូរ៉េខាងត្បូង​។

លោក​មានប្រសាសន៍ថា​៖ «​ពីមុន​ពេលដែល​ពលក​រ​ចង់​បន្ត​លិខិតឆ្លងដែន ឬ​ពន្យារ​លិខិត​ផ្សេងៗ គឺ​ពិបាក​ណាស់ ពួកគេ​ត្រូវ​ចំណាយពេល​មក​ខ្មែរ និង​ចំណាយ​ថវិកា​ច្រើន​។ តែបើ​មាន​សេវា​បែបនេះ ​ខ្ញុំ​គិតថា​ជា​រឿង​មួយ​ល្អ ហើយ​ខ្ញុំ​គិតថា​ គួរតែមាន​សេវា​ស្រដៀង​គ្នា​នេះដែរ នៅ​ប្រទេស​ថៃ ម៉ាឡេស៊ី ឬ​ប្រទេស​ផ្សេងៗ​ទៀត ដែលមាន​ពលករ​ខ្មែរ​ចង់​ធ្វើការ​ពន្យារ​លិខិតឆ្លងដែន​ ឬ​ពន្យារ​លិខិត​និង​ការធ្វើ​លិខិត​ថ្កោលទោស​ផ្សេងៗ​»​។

បើតាម​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ បាន​ជូនដំណឹង​ដល់​បងប្អូន​ខ្មែរ​ដែល​បានមក​ដាក់ពាក្យ​ស្នើសុំ​លិខិតឆ្លងដែន​តាំងពី​ថ្ងៃទី ​១០ ដល់​ថ្ងៃទី​ ១៤ ខែមករា ឆ្នាំ​ ២០២៤ សូម​អញ្ជើញ​មក​ទទួលយក​លិខិតឆ្លងដែន​ច្បាប់​ថ្មី​ដោយផ្ទាល់ ចាប់ពី​ថ្ងៃទី​ ៩ ខែកុម្ភៈ ឆ្នាំ ​២០២៤ នេះ​តទៅ​។ សូមមេត្តា​កុំ​ភ្លេច​ភ្ជាប់​មកជា​មួយ​នូវ​លិខិតឆ្លងដែន​ចាស់ និង​បង្កាន់ដៃ​នៃ​ពាក្យស្នើសុំ​មកជា​មួយ​៕